ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការជួញដូរមនុស្សនៅកម្ពុជាប្តូររូបភាព


ដើម្បីស្តាប់ព័ត៌
មាននេះ

ក្រុមទប់ស្កាត់ការជួញដូរមនុស្សនៅ
ប្រទេសកម្ពុជាបានឲ្យដឹងថា បើទោះ
បីអាជ្ញាធរបានបិទផ្ទះបនមួយចំនួនក្នុង
ទីក្រុងភ្នំពេញឬនៅជាយក្រុងក៏ដោយ
ក៏អំពើរកស៊ីផ្លូវភេទនៅកំពុងកើតឡើង
យ៉ាងច្រើនតាមរយៈការបើកកន្លែងខា-
រ៉ាអូខេ ក្លឹបម៉ាស្សា ឬក្លឹបរាត្រីជាដើម។
ប៉ុន្តែអាជ្ញាធរសច្ចាថា គេនៅតែបន្តការងារបង្រ្កាបរបស់គេតទៅមុខ បើទោះបី
ជនល្មើសខិតខំរកស៊ីផ្លូវភេទដោយលួចលាក់ ឬដោយរូបភាពផ្សេងក៏ដោយ។

លោកតាំងសារ៉ាដា មានព័ត៌មានលំអិតអំពីរឿងនេះពីរដ្ឋធានី Washington។

មន្ត្រីឃ្លាំមើលការជួញដូរមនុស្សរបស់មូលនិធិ ម៉មសុមាលី បានថ្លែងថា បើទោះ
បីកម្ពុជាមានច្បាប់ប្រឆាំងការជួញដូរមនុស្ស និងបង្រ្កាបផ្ទះបនក៏ដោយ ក៏អំពើ
រកស៊ីផ្លូវភេទនៅកំពុងកើតឡើងយ៉ាងគគ្រឹកគគ្រេងតាមរយៈការប្តូររូបភាពពីផ្ទះ
បនទៅជាកន្លែងខារ៉ាអូខេ ក្លឹបម៉ាស្សាឬក្លឹបរាត្រីជាដើម។នេះបើតាមសម្តីរបស់
កញ្ញា វាន់ ស៊ីណា ដែលជាបុគ្គលិកផ្នែកទប់ស្កាត់ការជួញដូរស្រ្តីនិងកុមាររបស់
មូលនីធិ ម៉មសុមាលី និយាយនៅក្រោយបទបង្ហាញអំពីបញ្ហាពេស្យាចារនិងការ
ជួញដូរមនុស្សនៅក្នុងសកលវិទ្យាល័យ George Washington កាលពីថ្ងៃព្រ-
ហស្បតិ៍ក្នុងរដ្ឋធានី Washington ក្រោមការសម្របសម្រួលដោយអង្គការ Free
The Slave។

“ចា៎ដូចខ្ញុំបានប្រាប់លោកអម្បាញ់មិញហើយថា វាបិទមែន ប៉ុន្តែមេបនក៏គាត់
មិនចាញ់ដែរ គឺគាត់ប្តូរមុខ មានន័យថា គាត់ប្រែជាស្អីផ្សេងទៅ តែនៅរកស៊ីផ្លូវ
ភេទដដែល ។ គេប្រែជាផ្ទះសំណាក់ ហាងចាប់ហួយលក់ដូរតូចៗ ខារ៉ាអូខេ
តូចៗ ហាងកាហ្វេ ម៉ាស្សា ភោជនីយដ្ឋាន តាមសួន បើនិយាយទៅសឹងតែ
គ្រប់”។

កញ្ញាបន្ថែមថា ផ្ទះបនជាច្រើនក្នុងទីក្រុងភ្នំពេញនៅតែបន្តរកស៊ីផ្លូវភេទលួច
លាក់ដោយយកក្មេងពីអាយុ ៥ឆ្នាំទៅ ៦ឆ្នាំមកបម្រើភ្ញៀវ ។ កញ្ញានិយាយថា
អាជ្ញាធរហាក់ដូចបិទភ្នែកព្រងើយកន្តើយនឹងពាណិជ្ជកម្មផ្លូវភេទដ៏ឧក្រិដ្ឋនេះ។

“ប្លុកដែលគេរកស៊ីនោះមានច្រើនកន្លែង ដូចជានៅលើផ្លូវ៦៣ បូដិញ ផ្សារស៊ី
ឡិប ចន្លោះផ្សារកណ្តាល និងផ្សារចាស់ ទួលគោក ហើយនិងហាងធំៗដែល
គេបើកមកធ្វើជាម៉ាស្សា ខារ៉ាអូខេរធំៗ ។ ប៉ុន្តែខាងក្នុងវាជារឿងផ្សេង ក្មេង
តូចៗនោះផ្សេង។ អញ្ចឹងទៅវាមានច្រើនណាស់ដែលវាកម្បាំងមុខយើង”។

កញ្ញា វ៉ាន់ ស៊ីណា បានជំរុញឲ្យអាជ្ញាធរកម្ពុជារឹតបន្តឹងច្បាប់ឲ្យបានខ្លាំងថែម
ទៀត ជាពិសេសនៅតាមព្រំដែន ផ្សព្វផ្សាយអំពីបញ្ហាការជួញដូរមនុស្សទៅ
ដល់សហគមន៍ឲ្យបានញឹកញាប់ និង ពង្រឹងការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធិ
ភាព។

វ៉ាន់ ស៊ីណាក៏ជាអតីតជនរងគ្រោះពីអំពើជួញដូរមនុស្សផងដែរ។កាលពីអាយុ
១៣ឆ្នាំ នាងធ្លាប់ត្រូវបានគេជួញដូរពីប្រទេសវៀតណាមមកកម្ពុជាដើម្បីលក់
ព្រហ្មចារីយ៍ឲ្យភ្ញៀវបរទេសសែ្បកសម្នាក់។ស៊ីណាក៏ធ្លាប់ត្រូវបានគេធ្វើទារុណ
កម្មយ៉ាងអាណោចអធម ដោយសាកញ្ញាមិនព្រមទទួលភ្ញៀវ។មុនពេលមេបន
លក់ស៊ីណាទៅឲ្យភ្ញៀវបរទេសរូបនោះ ជនអន្ធពាលរបស់មេបនពីរនាក់បាន
វាយធ្វើបាបស៊ីណាយ៉ាងដំណំ ហើយបន្ទាប់មកគេបញ្ច្រកថ្នាំញៀនដែលធ្វើឲ្យ
នាងបាត់បង់ស្មារតី។ លុះពេលនាងភ្ញាក់ដឹងខ្លួនឡើងអ្វីៗបានហួសពេលទៅ
ហើយ។ ក្រោយមកស៊ីណាត្រូវបានអង្គការ Afesip ជាអង្គការរបស់លោកស្រី
ម៉ម សុមាលី ជួយសង្រ្គោះចេញពីផ្ទះបន ហើយនាងបានក្លាយជាបុគ្គលិក
របស់ Afesip តាំងពីពេលនោះមក។

លោកស្រី Laura Lederer អនុប្រធានខាងគោលនយោបាយ និងផែនការរបស់
អង្គការ Global Centurion ជាអង្គការប្រឆាំងអំពើទាសភាពផ្លូវភេទលើកុមារ
ដែលបានចូលរួមសា្តប់ការបង្ហាញរបស់កញ្ញាវ៉ាន់ ស៊ីណានៅសកលវិទ្យាល័យ
George Washington មានប្រសាសន៍ថា ការបង្ហាញរបស់កញ្ញាវ៉ាន់ ស៊ីណា
មានសារៈសំខាន់ណាស់ក្នុងការបង្ហាញពិភពលោកឱ្យបានដឹងអំពីទុក្ខវេទនានៃ
ជនរងគ្រោះពីអំពើជួញដូរមនុស្សដើម្បីឲ្យមានការធ្វើអន្តរាគមន៍។

“ខ្ញុំគិតថា បទបង្ហាញនោះពិតជាល្អមែនទែន ហើយមានសារៈសំខាន់ខ្លាំងណាស់
ដែលឮរឿងរ៉ាវរបស់ជនរងគ្រោះចេញពីសម្តីរបស់គេផ្ទាល់ ពីព្រោះវាធ្វើឱ្យការឈឺ
ចាប់ទាំងនោះលេចចេញជារូបរាងឱ្យគេដឹងឮ ។ នេះជាអ្វីមួយដែលមានសារៈ
សំខាន់ខ្លាំងណាស់ដើម្បីឲ្យមនុស្សយល់ ថា តើការជួញដូរមនុស្សវាព្រៃផ្សៃយ៉ាង
ណានោះ”។

ក្រុមអង្គការអន្តរជាតិប្រឆាំងការជួញដូរមនុស្ស និង អំពើទាសភាព និយាយថា
កម្ពុជានៅពុំទាន់មានយន្តការដ៏ប្រសិទ្ធិភាពក្នុងការវាស់ភាពកើនឡើង ឬ ភាព
ធា្លក់ចុះនៃការជួញដូរមនុស្សនៅឡើយទេដោយសារប្រព័ន្ធច្បាប់នៅកម្ពុជាមាន
ការអនុវត្តតិចតួច។

លោកស្រី Betsy Bramon ជាមន្រ្តីរបស់អង្គការ Free The Slave ប្រចាំរដ្ឋធានី
Washington បានផ្តល់បទសម្ភាសន៍ជាមួយ VOA សម្លេងសហរដ្ឋអាមេរិកថា
ដើម្បីឲ្យការប្រឆាំងអំពើជួញដូរមនុស្សអាចទទួលបានជោគជ័យ លុះត្រាមាន
ការផ្តន្ទាទោសជនល្មើសឱ្យបានច្រើនថែមទៀត។

“ប្រហែលជាច្បាប់នៅកម្ពុជាគ្មានប្រសិទ្ធិភាព ឬមិនបានអនុវត្តឱ្យបានល្អ ដោយ
សារប្រព័ន្ធនៅទីនោះពោរពេញទៅដោយអំពើពុករលួយ ដែលវាជាបញ្ហាដ៍ធ្ងន់ធ្ងរ
មួយក្នុងប្រទេសកម្ពុជា ។ ដូច្នេះតាមពិតទៅ ប្រសិនបើមានការផ្តន្ទាទោសជន
ល្មើស ដែលជួញដូរមនុស្សឱ្យបានច្រើន ហើយករណីជាច្រើនត្រូវបានគេចាត់
វិធានការ នោះហើយវាជាសញ្ញាជោគជ័យដ៏ធំមួយ”។

ប្រធានមជ្ឈមណ្ឌល Sigur សម្រាប់ការសិក្សាកិច្ចការអាស៊ីនៃសកលវិទ្យាល័យ
George Washington លោកសាស្រ្តាចារ្យShawn McHale មានប្រសាសន៍ថា
ដើម្បីអនុវត្តច្បាប់ឱ្យមានប្រសិទ្ធិភាពកម្ពុជាត្រូវតែកែទំរង់ច្បាប់របស់ខ្លួន ហើយ
ចាត់វិធានការលើមន្ត្រីអាជ្ញាធរណាដែលស៊ីសំណូកនិងជនល្មើស។

“កេរ្តិ៍ឈ្មោះរបស់កម្ពុជាត្រូវគេដឹងថា មានអំពើពុករលួយដ៍សម្បើមក្នុងចំណោម
មន្រ្តីរដ្ឋាភិបាល។ បញ្ហាតែមួយនោះ ថាតើយើងត្រូវលាតត្រដាងអំពើពុករលួយ
យ៉ាងដូចម្តេច? ជំនឿតែមួយគត់របស់ខ្ញុំគឺថា ប្រសិនបើអ្នកមិនជឿប៉ូលិសក្នុង
ការអនុវត្តច្បាប់ អ្នកត្រូវរិះរកវិធីណាមួយដើម្បីផ្លាស់ប្តូរស្ថានភាពនោះ”។

ទោះជាយ៉ាងណាក៏ដោយ មន្ត្រីអនុវត្តន៍ច្បាប់ក្នុងប្រទេសកម្ពុជានិយាយថា ក្រ-
សួងមហាផ្ទៃ និងអាជ្ញាធរមូលដ្ឋានកន្លងមកបានចុះបង្រ្កាបបទល្មើសជួញដូរ
បានជោគជ័យដ៏ល្អប្រសើរហើយថា ការងារនេះអាចធ្វើទៅបានដោយសារមាន
ការសហការល្អជាមួយប្រជាពលរដ្ឋ។

អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិលោកគៀត ចន្ថារិទ្ធមានប្រសាសន៍
ថា នគរបាលកម្ពុជាមិនអាចអនុគ្រោះបានទេចំពោះអំពើជួញដូរស្រ្តី និង កុមារ
ដែលជាអំពើមួយប្រាស់ចាកប្រពៃណីយ៍ និងវប្បធម៌ដ៏ថ្លៃថ្នូររបស់ខែ្មរ ។ លោក
ក៏បានអំពាវនាវឲ្យពលរដ្ឋខ្មែរទាំងអស់រាយការណ៍អំពីករណីជួញដូរមនុស្សតាម
ប្រអប់សបុត្រនគរបាលខេត្ត-ក្រុង ឬតាមរយៈទូរស័ព្ទទាន់ហេតុការណ៍ ដែល
ហៅចេញដោយឥតគិតថ្លៃលេខ ១១៧ និង១១៨។

“អ្នកណាក៏ដោយ បើបានដឹងសកម្មភាពល្មើសច្បាប់ទាក់ទងនឹងការជួញដូរ
ស្រ្តីនិងកុមារ ឬក៏បទល្មើសអ្វីផ្សេងៗទៀត សូមមេត្តារាយការណ៍មក ទូរស័ព្ទ
មកទូរសព្ទទាន់ហេតុការណ៍របស់យើង។ យើងមានទូរស័ព្ទហត់ឡាញពីរខែ្ស
មួយខ្សែលេខ១១៧ ហើយមួយខ្សែទៀតលេខ១១៨។ សូមឲ្យគាត់រាយការណ៍
មកចុះ យើងនឹងរក្សាការណ៍សម្ងាត់ឱ្យគាត់ ដោយសារអ្នកខ្លះ គាត់ខ្លាចមាន
គ្រោះថា្នក់ពេលរាយការណ៍មកយើង។ គាត់ខ្លាចគេតាមធ្វើបាបគាត់។ ដូច្នេះ
អត់អីទេ សូមប្រជាពលរដ្ឋមេត្តា។ កុំព្រួយអី។ រឿងនេះយើងដឹងហើយ ព្រោះ
វាជាវិជ្ជាជីវរបស់នគរបាល ហើយ កន្លងមកអរគុណហើយដែលមានព័ត៌មាន
ច្រើនណាស់បានរាយការណ៍”។

កម្ពុជាជាប្រទេសគោលដៅនៃការជួញដូរស្រ្តីនិងកុមារដែលត្រូវបានគេជួញដូរ
ពីប្រទេសវៀតណាម និង ប្រទេសចិនសម្រាប់ការកេងប្រវ័ញ្ចផ្លូវភេទ។ កន្លែង
រកស៊ីផ្លូវភេទច្រើនជាងគេនោះ គេឃើញមាននៅក្នុងទីក្រុងភ្នំពេញ សៀមរាប
ខេត្តព្រះសីហនុ ។ អង្គការបញ្ចប់ពេស្យាចារកុមារ ការរំលោភសេព្វសន្ទវៈ និង
ការជួញដូរមនុស្ស ECPAT ដែលមានមូលដ្ឋានក្នុងប្រទេសកម្ពុជា បានបញ្ចេញ
របាយការណ៍របស់ខ្លួនក្នុងឆ្នាំង២០០៥រកឃើញថា ជនរងគ្រោះចំនួន២.០០០
នាក់ ដែលត្រូវបានគេជួញដូរផ្លូវភេទមកក្នុងប្រទេសកម្ពុជា ចំនួន៨០ភាគរយ
ជាស្រ្តីនិងក្មេង ស្រីជាតិវៀតណាម។ ហើយមួយភាគបីនៃជនរងគ្រោះជាពេស្យា
ចារកុមារ។

ក្រៅពីការជួញដូរមនុស្សពីតាមបណ្តាប្រទេសជិតខាង កម្ពុជាក៏មានការជួញដូរ
ស្រ្តី និងកុមារក្នុងស្រុកផងដែរ ដូចជាជួញដូរមនុស្សឬការបោកបញ្ឆោតមនុស្ស
ពីជនបទមកទីក្រុងដើម្បីរកស៊ីរបរផ្លូវភេទ ។ ជនរងគ្រោះជាច្រើនត្រូវគេជឿថា
ជាកម្មករដែលកំពុងធ្វើការក្នុងស្រុកជាច្រើនក៏បានបង្ខំចិត្តរកស៊ីផ្លូវភេទដែរ។

ប៉ុន្តែលោក គៀត ចន្ថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា
និយាយថា ក្រុមការងារប្រឆាំងការជួយដូរមនុស្សរបស់ក្រសួងមហាផ្ទៃនៅតែ
ពុះពារទៅមុខដើម្បីបង្រ្កាបបទល្មើសពេស្យាចារកុមារ និងស្រ្តីដែលមិនអាចត្រា
ប្រណីនោះរហូតដល់បានជោគជ័យ។

ខ្ញុំ តាំងសារ៉ាដា VOA, Washington៕

XS
SM
MD
LG