ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ.ស.ប្រ.:ការប្រែប្រួលអាកាស ធាតុនឹងប៉ះពាល់សេដ្ឋកិច្ចកម្ពុជា


ដើម្បីស្តាប់ព័ត៌មាននេះ

អង្គការសហប្រជាជាតិព្រមានថា បញ្ហាប្រែប្រួលអាកាសធាតុនឹងបង្កឱ្យមានផល
ប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចនិងសង្គមរបស់ប្រទេសកម្ពុជា ប្រសិនបើប្រទេស
នេះខកខានមិនបានដោះស្រាយ បញ្ហានេះឱ្យសមស្របទេនោះ។

លោក ពេជ្រ សំណាង រាយការណ៍ពិស្តារអំពីរឿងនេះពីរាជធានីភ្នំពេញ៖

លោក Douglas Broderick អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំ
នៅកម្ពុជា បានថ្លែងថា ឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុនឹងធ្វើឱ្យប៉ះពាល់
ក្នុងកម្រិតធ្ងន់ធ្ងរបំផុតដល់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាភាគច្រើន ជា
ពិសេសគឺប្រជាកសិករដែលរស់នៅតាមទីជនបទ។

ការថ្លែងរបស់តំណាងអង្គការសហប្រជាជាតិនៅកម្ពុជានេះបានធ្វើឡើងនៅក្នុង
វេទិកាជាតិលើកដំបូងរបស់កម្ពុជាស្តីពីការប្រែប្រួលអាកាសធាតុ ដែលបានប្រ-
ព្រឹត្តទៅក្នុងរាជធានីភ្នំពេញនៅថ្ងៃអង្គារនេះ។

“៨០%នៃកសិករធ្វើស្រែតែមួយដងគត់ក្នុងមួយឆ្នាំ។មានតែដីដាំដំណាំតិចជាង
៧%ប៉ុណ្ណោះដែលមានប្រព័ន្ធស្រោចស្រព។ជាលទ្ធផលការប្រែប្រួលរបាយទឹក
ភ្លៀងអាចមានឥទ្ធិពលដ៏មហន្តរាយមកលើការចិញ្ចឹមជីវិត។ ប្រការនេះមិនត្រឹម
បង្កឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរមកលើសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែក៏មានការពាក់
ព័ន្ធដល់សន្តិសុខស្បៀង និងការកាត់បន្ថយភាពក្រីក្រជារួមផងដែរ”។

គួរបញ្ជាក់ថា ការប្រែប្រួលអាកាសធាតុមិនត្រឹមធ្វើឱ្យសីតុណ្ហភាពពិភពលោក
កើនឡើងប៉ុណ្ណោះទេ វាក៏ថែមទាំងបង្កឱ្យមានកំណើនកម្ពស់ទឹកសមុទ្រនិងការ
ប្រែប្រួលរបបទឹកភ្លៀងទៀតផង។

ការប្រែប្រួលរបបទឹកភ្លៀងនិងកំណើនកម្ពស់ទឹកសមុទ្រនេះហើយដែលធ្វើឱ្យ
សេដ្ឋកិច្ចកម្ពុជាងាយរងគ្រោះបំផុតនោះ។ ងាយរងគ្រោះដោយសារកម្ពុជាពឹង
ផ្អែកជាសំខាន់ទៅលើវិស័យកសិកម្ម ដែលមានប្រជាជនខ្មែរប្រមាណ៨០%គឺ
ជាកសិករ ហើយឆ្នេរសមុទ្រដែលមានប្រវែង ៤៣៥គ.ម.របស់កម្ពុជាក៏ជាប្រ-ភពចំណូលដ៏សំខាន់មួយផងដែរសំរាប់វិស័យទេសចរណ៍។

លោក Douglas Broderick បានលើកឡើងនូវឧទាហរណ៍ជាក់ស្តែងមួយថា
ការរិចរិលតំបន់ឆ្នេរ នៅក្នុងខេត្តកោះកុង ដោយសារឥទ្ធិពលនៃការប្រែប្រួល
អាកាសធាតុនេះអាចនឹងធ្វើឱ្យប្រជាជនមិនអាចបន្តរស់នៅក្នុងតំបន់នោះតទៅ
ទៀតបាន។

លើសពីនេះទៀតនោះ លោក Douglas Broderick បានបន្ថែមថា ដោយសារ
បញ្ហាប្រែប្រួលអាកាសធាតុនេះ ប្រទេសកម្ពុជាក៏អាចរងគ្រោះពីផលវិបាកនៃ
ផលប៉ះពាល់ដែលកើតមាននៅក្នុងប្រទេសជិតខាងផងដែរ។ ផលប៉ះពាល់ទាំង
នោះ រួមមាន ការធ្វើចំណាកស្រុកពីសហគមន៍នៅក្នុងដែនដីសណ្តទន្លេមេគង្គ
ឬផលប៉ះពាល់នៅតំបន់ខ្សែទឹកខាងលើ មកលើប្រព័ន្ធអេកូឡូស៊ីនៃទន្លេនៅ
កម្ពុជាជាដើម។

ដូច្នេះលោក Douglas Broderick បានមានប្រសាសន៍ថា"ប្រទេសកម្ពុជាត្រូវ
មានផែនការ គោលនយោបាយនិងក្របខណ្ឌស្ថាប័នដែលរឹងមាំនៅនឹងកន្លែង
ជាស្រេច ហើយក៏ត្រូវមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ដើម្បីតស៊ូនឹងផលប៉ះ
ពាល់ដែលអាចកើតមាននៅក្នុងរយៈពេលខ្លីនិងរយៈពេលវែងខាងមុខផងដែរ"។

កាលពីថ្ងៃច័ន្ទ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានអំពាវនាវឱ្យប្រទេសអ្នកមាន
ផ្តល់ជំនួយដល់ ប្រទេសអ្នកក្រ ដូចជាកម្ពុជាជាដើម ដើម្បីចូលរួមចំណែកក្នុង
ការកាត់បន្ថយបញ្ហានៃការប្រែប្រួល អាកាសធាតុ។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី ម៉ុក ម៉ារ៉េត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និង ជា
ប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងការប្រែប្រួលអាកាសធាតុ បានមានប្រ-
សាសន៍នៅថ្ងៃអង្គារនេះថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការបន្តបន្ទាប់
កន្លងមកហើយក្នុងផ្នែកប្រែប្រួលអាកាសធាតុនេះ។

ពីរាជធានីភ្នំពេញ ខ្ញុំ ពេជ្រ សំណាង VOA សម្លេងសហរដ្ឋអាមេរិក៕

XS
SM
MD
LG