ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ច្បាប់អត់ធ្មេញក្នុងការគ្រប់គ្រង ធនធានធម្មជាតិ


ដើម្បីស្តាប់ព័ត៌មាននេះ

រដ្ឋាភិបាលកម្ពុជាគ្មានប្រវត្តិល្អទេក្នុងការគ្រប់គ្រងធនធានធម្មជាតិ ។ បច្ចុប្បន្ន
កម្ពុជាមានច្បាប់ និង បទបញ្ញត្តិនានាសម្រាប់ការគ្រប់គ្រងធនធានធម្មជាតិ
ប្រកបដោយបច្ចុប្បន្នភាព។ប៉ុន្តែច្បាប់និងបទបញ្ញត្តិទាំងនេះមិនត្រូវបានអនុវត្ត
ឱ្យបានល្អឬមិនបានអនុវត្តទាល់តែសោះ។នេះបើតាមសម្តីរបស់លោកRobert
Julian Mather តំណាងតំបន់នៃអង្គការសហគមន៍អន្តរជាតិសម្រាប់អភិរក្ស
ធម្មជាតិ ហៅកាត់ថា IUCN ដែលមានគម្រោងជាមួយក្រសួងបរិស្ថាននៅខេត្ត
ស្ទឹងត្រែង និងកោះកុង ។ លោកសង្កត់ធ្ងន់ថា រដ្ឋាភិបាលយកចិត្តទុកដាក់តិច
តួចបំផុត ក្នុងការផ្តល់ថវិកា និងធនធានមនុស្សក្នុងការធ្វើកិច្ចការ និងការអនុ-
វត្តច្បាប់ ។

លោកបន្តថា៖ “ប្រសិនបើអ្នកមើលទៅការអនុវត្តច្បាប់ជាក់លាក់នោះ វាច្បាស់
ណាស់ថា ការចាត់ចែងធនធានមនុស្ស និងថវិកាគឺមិនគ្រប់គ្រាន់ទេ សូម្បីតែ
ក្បែរ ក៏មិនក្បែរផងសម្រាប់សម្រេចកិច្ចការនោះ។ ធនធានមនុស្សមានកំណត់
គេមានថវិកាតិចតួច ឬ មិនមានទាល់តែសោះ សម្រាប់ការអនុវត្តសកម្មភាព
សម្រាប់ការយាមល្បាត និង ការអនុវត្តច្បាប់ ។ គ្មានយុទ្ធសាស្រ្តយូរអង្វែង
សម្រាប់ការគ្រប់គ្រងតំបន់ ហើយគ្មានផែនការ និងទិសដៅគ្រប់គ្រងច្បាស់
លាស់” ។

គំនិតនេះត្រូវបានបញ្ជាក់ដោយលោកJacob Kahl Jepson អនុប្រធានបេស-
កកម្មនៃស្ថានទូតរាជាណាចក្រដាណឺម៉ាក និងទីភ្នាក់អភិវឌ្ឍន៍អន្តរជាតិដាណឺ-
ម៉ាកដែលមានគម្រោងជាច្រើនជួយរដ្ឋាភិបាលកម្ពុជាក្នុងការគ្រប់គ្រងធនធាន
ធម្មជាតិ ។ លោកមានប្រសាសន៍ថា តាមរយៈបទពិសោធន៍ធ្វើការជាមួយភ្នាក់
ងាររដ្ឋាភិបាលមួយចំនួន លោកទទួលស្គាល់ថា មានការកែលម្អវិជ្ជមាន ហើយ
មានធនធានមនុស្សខ្លាំងនៅក្នុងរដ្ឋាភិបាល ប៉ុន្តែវាច្បាស់ណាស់ថា មានការ
ខ្វះខាតប្រព័ន្ធដែលអាចដំណើរការបាននិងខ្វះផែនការយុទ្ធសាស្រ្ត។

លោកបន្តថា៖“ដូចដែលខ្ញុំបាននិយាយអញ្ចឹង យើងឃើញថា មានការខ្វះខាត
សមត្ថភាពក្នុងការធ្វើកិច្ចការ ប៉ុន្តែវាក៏មានការខ្វះខាតប្រព័ន្ធដើម្បីស្វែងយល់
ហើយនិងតួនាទីនៃស្ថាប័នផ្សេងៗនិងអ្នកផ្តល់សេវាផ្សេងៗដែលមានជាប់ពាក់
ព័ន្ធ។ ប្រសិនបើយើងក្រឡេកមើលទៅស្ថាប័ន និងរដ្ឋបាលរបស់គេ ដូចជារដ្ឋ
បាលព្រៃឈើ យើងឃើញថា បុគ្គលិករដ្ឋាភិបាលពិតជាមានសមត្ថភាព ដែល
នោះត្រូវបានទទួលស្គាល់។ប៉ុន្តែមានការខ្វះខាតប្រព័ន្ធនិងរចនាសម្ព័ន្ធដើម្បីចាត់
ចែងមនុស្សឱ្យធ្វើការនៅកន្លែងជាក់លាក់ក្នុងការគ្រប់គ្រងធនធានធម្មជាតិ”។

ប៉ុន្តែមានអង្គការអន្តរជាតិមួយចំនួនបានប្រាប់វីអូអេផ្នែកខេមរភាសាថា កម្ពុជា
កំពុងធ្វើដំណើរសន្សឹមៗទៅរកភាពវិជ្ជមាននៃការប្រតិបត្តិច្បាប់នៅលើមាគ៌ាដ៏
រដឹបរដុប ដោយសារតែ យ៉ាងហោចណាស់រដ្ឋាភិបាលមានបំណងសហការជា
មួយដៃគូក្នុងការគ្រប់គ្រងធនធានធម្មជាតិ ។ លោកMark Gately នាយកអង្គ
ការសង្គមអភិរក្សជីវិតសត្វព្រៃ ដែលហៅកាត់ថា WCS ប្រចាំនៅកម្ពុជា មាន
ប្រសាសន៍ថា ទោះបីជាលោកទទួលស្គាល់ថា ការអនុវត្តច្បាប់នៅក្នុងប្រទេស
កម្ពុជាពេលនេះមានកំណត់ ពីព្រោះប្រទេសទើបនឹងងើបពីសង្គ្រាមដែលមាន
រយៈពេលជាច្រើនទសវត្សរ៍ក្តី ក៏លោកមានគំនិតវិជ្ជមានចំពោះការអនុវត្តច្បាប់
ក្នុងប្រទេសកម្ពុជានាពេលអនាគតដែរ ដោយយោងទៅលើការរីកចម្រើន ការ
តាំងចិត្ត និងសមត្ថភាពរបស់បុគ្គលិករដ្ឋាភិបាល ដែលមានស្រាប់ ។

លោកបន្តទៀតថា៖“ត្រឡប់ទៅបញ្ហានៃសង្គមដែលជាមូលដ្ឋាន ក្នុងរយៈពេល
៣០ឆ្នាំ ស្ថិតក្នុងស្ថានភាពនៃការបះបោរស៊ីវិលដែលស្ទើរតែមានជាអចិន្ត្រៃយ៍។
ដូច្នេះក្រោយពីមានបញ្ហាទាំងនោះ វានឹងត្រូវការពេលវេលាមួយដើម្បីអភិវឌ្ឍ
ប្រព័ន្ធមួយសម្រាប់ការអនុវត្តច្បាប់ និងបទបញ្ញតិ្ត។ បទពិសោធន៍របស់យើង
នោះ គឺមានភាពវិជ្ជមានក្នុងការធ្វើការជាមួយរដ្ឋាភិបាលនៅក្នុងតំបន់ត្រូវការ
ពារដែលយើងផ្តោតការយកចិត្តទុកដាក់។ អ្នកដឹងទេយើងមានបុគ្គលិករដ្ឋាភិ
បាលប្រកបដោយសមត្ថភាព ដែលធ្វើការជាមួយយើងអស់រយៈពេលជាច្រើន
ឆ្នាំ ហើយខ្ញុំមានទំនុកចិត្តថា បុគ្គលិកទាំងនោះនឹងធ្វើឱ្យការអនុវត្តច្បាប់ដំណើរ
ការទៅ” ។

ទោះបីជាប្រទេសកម្ពុជាត្រូវបានដឹងថា ជាប្រទេសដែលប្តូររបបនយោបាយពី
សង្គមនិយមមកប្រជាធិបតេយ្យនៅដើមទសវត្សរ៍១៩៩០ ក្រោយពីការដួលរលំ
នៃប្លុកកុម្មុយនីស្តក៏ដោយ ក៏ប្រទេសកម្ពុជាត្រូវបានរិះគន់ថា កំពុងស្ថិតនៅ
កណ្តាលផ្លូវ មិនទាន់ទៅដល់លទ្ធិប្រជាធិបតេយ្យនៅឡើយ ដោយហេតុថា
កម្ពុជាមានតែការបោះឆ្នោតដែលគ្មានប្រព័ន្ធត្រួតពិនិត្យតុល្យភាពរឹងមាំ។

បណ្ឌិតPaul Collierដែលជាសាស្ត្រាចារ្យសេដ្ឋកិច្ចសាកលវិទ្យាល័យ Oxford
និងជាអ្នកនិពន្ធសៀវភៅឈ្នះពានរង្វាន់ ដែលមានចំណងជើងថា “អ្នកក្ររាប់
កោដិ” មានប្រសាសន៍ថា ប្រព័ន្ធត្រួតពិនិត្យតុល្យភាព ដែលមិនដែលមាននៅ
ក្នុងប្រទេសក្រីក្របំផុត ដូចកម្ពុជានេះ មានតួនាទីសំខាន់ណាស់ក្នុងការគ្រប់
គ្រងធនធានធម្មជាតិ ហើយវាជាផ្នែកមួយក្នុងការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធិ-
ភាព។វាជាទិដ្ឋភាពមួយក្នុងចំណោមទិដ្ឋភាពខុសគ្នាពីរនៃលទ្ធិប្រជាធិបតេយ្យ
ដែលទិដ្ឋភាពទាំងពីរនេះមានផលប៉ះពាល់វិជ្ជមាន និង អវិជ្ជមានក្នុងការគ្រប់
គ្រងធនធានធម្មជាតិ។

លោកមានប្រសាសន៍ថា “ការប្រកួតប្រជែងយកសន្លឹកឆ្នោតគឺជាការកំណត់
របៀបចាប់យកអំណាច ហើយប្រព័ន្ធត្រួតពិនិត្យតុល្យភាពកំណត់របៀបប្រើ
ប្រាស់អំណាច។ វាបែរជាការប្រកួតប្រជែងយកសន្លឹកឆ្នោតគឺជាអ្វី ដែលធ្វើឱ្យ
មានការខូតខាតជាមួយនិងលទ្ធិប្រជាធិបតេយ្យ ខណៈដែលប្រព័ន្ធត្រួតពិនិត្យ
តុល្យភាពធ្វើឱ្យភាពសម្បូរនៃធនធានដំណើរការបានល្អ។ដូច្នេះអ្វីដែលប្រទេស
ក្រីក្របំផុតត្រូវការនោះគឺប្រព័ន្ធត្រួតពិនិត្យតុល្យភាពខ្លាំង។ ប្រទេសក្រីក្រទាំង
នោះមិនធ្លាប់មានប្រព័ន្ធនេះទេ ។ គេមានលទ្ធិប្រជាធិបតេយ្យមានតែឈ្មោះ
នៅទសវត្សរ៍១៩៩០ ដែលមានការបោះឆ្នោត ដោយគ្មានប្រព័ន្ធត្រួតពិនិត្យ
តុល្យភាព” ។

អវត្តមាននៃប្រព័ន្ធត្រួតពិនិត្យតុល្យភាព នៅក្នុងការគ្រប់គ្រងធនធានធម្មជាតិ
ត្រូវបានមើលឃើញនៅក្នុងប្រទេសកម្ពុជា ។ អនុវត្តមាននេះត្រូវបានបញ្ជាក់
បន្ថែមដោយបណ្ឌិត ឡៅ ម៉ុងហៃ អ្នកស្រាវជ្រាវជាន់ខ្ពស់នៃគណៈកម្មការសិទ្ធិ
មនុស្សអាស៊ីប្រចាំទីក្រុងហុងកុង។ លោកបានប្រាប់វីអូអេតាមទូរស័ព្ទថា លោក
ទទួលស្គាល់ថា មានច្បាប់គ្រប់គ្រងធនធានធម្មជាតិមួយចំនួនត្រូវបានតាក់តែង
ឡើង ប៉ុន្តែប្រសិទ្ធិភាពនៃការអនុវត្តច្បាស់នៅមានភាពមិនច្បាស់លាស់ ដែល
ការខ្វះខាតក្នុងការអនុវត្តច្បាប់គឺបណ្តាលមកពីអវត្តមាននៃប្រព័ន្ធត្រួតពិនិត្យ
តុល្យភាព ។

លោកបន្តទៀតថា៖ “រដ្ឋាភិបាលត្រូវរាយការណ៍ជូនសភាម្តងម្កាល។ ដូចថា ការ
អនុវត្តច្បាប់ ការគ្រប់គ្រងធម្មជាតិ ដូចជាព្រៃឈើ ឬ រ៉ែឬប្រេងកាតឬឧស្ម័ន។
អាហ្នឹងត្រូវរាយការណ៍ជូនសភា ហើយសភាក៏ត្រូវតែតាមដានដែរ ។ យន្តការ
មានប៉ុន្តែយើងអត់អនុវត្ត ។ ហើយច្រើនតែចាត់ចែងតាមគណបក្សគ្រប់គ្រង
អំណាច”។

លោកឈិត សំអាត នាយកប្រតិបត្តិអង្គការវេទិកាអង្គការមិនមែនរដ្ឋាភិបាល
NGO Forum បានទទួលស្គាល់ថា រដ្ឋាភិបាលកម្ពុជាបានអនុម័តច្បាប់គ្រប់
គ្រងធនធានធម្មជាតិមួយចំនួន ប៉ុន្តែការអនុវត្តច្បាប់មិនទាន់ឈានដល់បទ
ដ្ឋានទទួលយកបាននៅឡើយ ។

លោកបន្តថា៖“ជាក់ស្តែងការអនុវត្តច្បាប់ ឃើញថា នៅពុំទាន់ដល់កម្រិតនៅ
ឡើយទេ។ នៅមានចន្លោះប្រហោងមួយចំនួន។ ដូចជាបញ្ហាដីធ្លីនិងបញ្ហាព្រៃ
ឈើហ្នឹងក៏នៅមានការខ្វះខាតមួយចំនួនដែរ។ ការកាប់ឈើអាណាធិបតេយ្យ
ការទន្ទ្រានយកដីនៅមាន ដែលវាអាចប៉ះពាល់ទៅដល់ការគ្រប់គ្រងធនធាន
ធម្មជាតិយើងទាំងមូលដែរ” ។

ប៉ុន្តែលោក ងួន ញ៉ិលនៃគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានរដ្ឋសភា
ជាតិកម្ពុជាបានប្រាប់វីអូអេផ្នែកខេមរភាសាតាមទូរស័ព្ទថា រដ្ឋសភាបានជំរុញឱ្យ
រដ្ឋាភិបាលអនុវត្តច្បាប់ ហើយប្រទេសកម្ពុជាមានច្បាប់គ្រប់គ្រាន់ដើម្បីអនុវត្ត។

“យើងមានច្បាប់ទម្លាប់ត្រឹមត្រូវដើម្បីការពារធនធាន ដែលជាភោគទ្រព្យរបស់
ប្រជាជាតិនិងប្រជាជនកម្ពុជាយើង។យើងនឹងដាក់វិន័យដល់ជនដែលប្រព្រឹត្ត
ខុសច្បាប់” ។

លោកទី សុគន្ធ ប្រធានរដ្ឋបាលព្រៃឈើដែលជាភ្នាក់ងាររដ្ឋាភិបាលមួយអនុវត្ត
ការគ្រប់គ្រងព្រៃឈើ ដែលជាផ្នែកមួយនៃធនធានធម្មជាតិរបស់ជាតិ បានប្រាប់
វីអូអេផ្នែកខេមរភាសាតាមទូស័ព្ទថា រដ្ឋបាលព្រៃឈើខិតខំអនុវត្តច្បាប់ ដោយ
បញ្ឈប់ការនាំឈើហ៊ុបចេញ ហើយដាំដើមឈើជំនួសវិញ ។

“យើងបានអនុវត្តការងារ ដូចជាការអនុវត្តច្បាប់ ការពង្រឹងការអនុវត្តក្រមបច្ចេក
ទេសនិងមានការអនុវត្តរបបគ្រប់គ្រងព្រៃឈើអន្តរជាតិសម្រាប់ក្នុងតំបន់អាស៊ាន
ផងដែរ” ។

ប៉ុន្តែលោក ហ៊ុំ សាគន្ធ នាយកអង្គការសហគមន៍អភិវឌ្ឍកម្ពុជា ហៅកាត់ថា
CCD ដែលជាអ្នកចុះធ្វើកិច្ចការគ្រប់គ្រងធនធានធម្មជាតិនេះនៅក្នុងមូលដ្ឋាន
ផ្ទាល់នាខេត្តក្រចេះ បានសំដែងការខកចិត្តជាខ្លាំងចំពោះប្រសិទ្ធិភាពនៃការ
អនុវត្តច្បាប់របស់អាជ្ញាធរអ្នកទទួលខុសត្រូវ ។

លោកបន្តថា៖ “បើយើងមើលសកម្មភាព ការដែលគាត់ចុះទៅធ្វើកិច្ចការហ្នឹង
ហាក់ដូចជាក្រិតក្រមដែរ តែយើងឆ្ងល់ថា ហេតុអ្វីបានជាការលបចូលកាប់ ឬ
ការទន្រ្ទានចូលកាប់ ឬ ការដឹកចេញហាក់ដូចជាមិនខ្លាចរអាអីសោះ ។ យើង
មិនយល់ដែរចំណុចហ្នឹង។បើនិយាយអំពីមេព្រៃវិញ យើងឃើញថា គ្រប់ច្រក
ទាំងផ្លូវទឹក ផ្លូវគោក មានមេព្រៃចាំចាប់ឡានដែលប្រព្រឹត្តបទល្មើសហ្នឹងគ្រប់
កន្លែងទាំងអស់ តែឡានហ្នឹងនៅតែរត់ទៅដល់ទិសដៅអញ្ចឹង ។

ចំណែកប្រជាពលរដ្ឋម្នាក់រស់នៅភូមិស្រែថ្មី ឃុំខ្ទឹម ស្រុកស្នួល ខេត្តក្រចេះដែល
ភូមិរបស់លោកទទួលរងការកាប់បំផ្លាញព្រៃឈើអាណាធិបតេយ្យ មានការអស់
សង្ឃឹមជាខ្លាំងចំពោះវិធានការរបស់អាជ្ញាធរមូលដ្ឋាន ហើយអំពាវនាវសុំអន្តរា
គមន៍ជាបន្ទាន់ពីរាជរដ្ឋាភិបាលកម្ពុជា ។

លោកមានប្រសាសន៍ថា៖“ដូចជារណារយន្ត ដូចជាការកាប់ឈើអញ្ចឹង មានអ្នក
ណាទប់ស្កាត់?ដូចជាផ្លូវដូចអីហ្នឹង ខូចអស់រលីងហើយ។ គា្រន់តែរទេះគោ រទេះ
ក្របី រទេះកង់ឡានមករាប់រយ ។ រណារយន្តមករាល់ថ្ងៃ ។ អត់មានអ្នកណាទប់
ស្កាត់ទេ។ ព្រៃឈើហិនហោចអស់ហើយរាល់ថ្ងៃនេះ អត់សល់ទេ ។ សូមវីអូអេ
ជួយមកមើល ជួយផ្សព្វផ្សាយទៅខាងលើផង ។ សូមឱ្យរដ្ឋាភិបាលចុះមកត្រួត
ពិនិត្យមើល ថាតើប្រជាជនពិបាកយ៉ាងម៉េចទៅ” ។

រដ្ឋសភាជាតិកម្ពុជាបានអនុម័តនិងផ្សព្វផ្សាយច្បាប់ការពារបរិស្ថាន និងការគ្រប់
គ្រងធនធានធម្មជាតិនៅឆ្នាំ១៩៩៦ ច្បាប់គ្រប់គ្រង និងការរុករកធនធានរ៉ែនៅ
ឆ្នាំ២០០១ ច្បាប់ព្រៃឈើនៅឆ្នាំ២០០២និងច្បាប់នេសាទនៅឆ្នាំ២០០៦។

លោកRobert Julian Matherទទួលស្គាល់ថា ប្រទេសកម្ពុជាមានច្បាប់ប្រកប
ដោយបច្ចុប្បន្នភាពបំផុត ស្តីអំពីការគ្រប់គ្រងធនធានធម្មជាតិ ដែលអាចចាត់
ចំណាត់ថ្នាក់លេខមួយលើសគេបំផុត ក្នុងចំណោមប្រទេសនៅក្នុងតំបន់ទន្លេ
មេគង្គ ប៉ុន្តែការអនុវត្តច្បាប់វិញអាចចាត់ចំណាត់ថា្នក់លេខពីរ រាប់ពីក្រោមមក
វិញ។

រាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោន ខ្ញុំ អ៊ឹម សុធារិទ្ធ វីអូអេផ្នែកខេមរភាសា។

អត្ថបទ​ទាក់ទង

XS
SM
MD
LG