ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ កម្ពុជាសុំឱ្យបញ្ចូលបញ្ហាទំនាស់កម្ពុជា និងថៃក្នុងរបៀបវារៈកិច្ចប្រជុំអាស៊ាន


ដើម្បីស្តាប់ព័ត៌មាននេះ

កម្ពុជាស្នើសុំឱ្យមានការដាក់បញ្ចូលបញ្ហាទំនាស់រវាងប្រទេសកម្ពុជា និងថៃនៅ
តំបន់ប្រាសាទព្រះវិហារចូលក្នុងរបៀបវារៈនៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំនេះ។

លោក ជៀប មុនី សូមជូនសេចក្តីរាយការណ៍ពិស្តារ៖

រដ្ឋាភិបាលកម្ពុជា នៅថ្ងៃច័ន្ទនេះ ស្នើសុំឱ្យមានការពិភាក្សាអំពី បញ្ហាទំនាស់រឿង
ប្រាសាទព្រះវិហារជាមួយប្រទេសថៃនៅក្នុងអំឡុងកិច្ចប្រជុំកំពូលសមាគមប្រជា-
ជាតិអាស៊ីអគ្នេយ៍ ហៅកាត់ថា អាស៊ាន នៅសប្តាហ៍ក្រោយនេះ ក្នុងប្រទេសថៃ។

ក្នុងលិខិតមួយច្បាប់ផ្ញើជូនលោក កាស៊ីត ភីរម្យយ៉ា រដ្ឋមន្ត្រី ក្រសួងការបរទេស
ថៃ នៅថ្ងៃនេះ លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការ
បរទេសកម្ពុជា បានមានប្រសាសន៍យោងទៅលើអត្ថបទក្រោមចំណងជើងថា
‘កាស៊ីតស្នើឱ្យមានមជ្ឈត្តិកម្មអាស៊ាន’ ចុះផ្សាយតាមអ៊ីនធឺណេតរបស់កាសែត
BangkokPostនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០០៩ ។ កាសែត Bangkok Post បាន
ស្រង់សម្តីលោកកាស៊ីត ភីរម្យយ៉ាថា លោកនឹងស្នើសុំការយល់ព្រមពីកិច្ចប្រជុំ
កំពូលអាស៊ានឱ្យមានការបង្កើត“អង្គការអព្យាក្រឹតមួយដែលអាចផ្តល់ផ្លូវសម្រាប់
ប្រទេសថៃ និងកម្ពុជាដោះស្រាយទំនាស់របស់ខ្លួន”។

ពាក់ព័ន្ធនឹងបញ្ហានេះ លោកហោ ណាំហុងសូមស្នើឱ្យដាក់បញ្ហាទំនាស់រវាងប្រ-
ទេសកម្ពុជានិងថៃនៅតំបន់ប្រាសាទព្រះវិហារចូលទៅក្នុងរបៀបវារៈនៃកិច្ចប្រជុំ
កំពូលអាស៊ាន ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៣ ដល់២៥ ខែតុលា ឆ្នាំ២០០៩ នៅ
ហួរហ៊ីន នេះបើយោងតាមលិខិតរបស់លោកហោ ណាំហុង ដដែល។

មន្ត្រីក្រសួងការបរទេសពុំអាចទំនាក់ទំនងសុំអត្ថាធិប្បាយបន្ថែមបានទេ រហូត
មកដល់ល្ងាចថ្ងៃច័ន្ទនេះ។

លោក ស៊ូវ៉ាត់ កែវស៊ុ មន្ត្រីអមស្ថានទូតថៃប្រចាំកម្ពុជា ដែលចេះនិយាយភាសា
ខ្មែរ បានបដិសេធមិនផ្តល់អត្ថាធិប្បាយណាមួយទេ ទាក់ទិននឹងបញ្ហានេះ។

"ខ្ញុំមិនបានទទួលខុសត្រូវអារឿងនេះទេ" ។

លោកឧត្តមសេនីយ៍ ជា តារា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មាន
ប្រសាសន៍ថា សភាពការណ៍នៅតាមតំបន់ប្រាសាទព្រះវិហារនៅថ្ងៃនេះមាន
សភាពស្ងប់ស្ងាត់។

"កងកម្លាំងរបស់កងយោធពលខេមរភូមិន្ទនៅតែអនុវត្តខ្ជាប់ខ្ជួននូវបទបញ្ជារបស់
សម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចការពារសិទ្ធិស្វ័យការពារបូរណភាពដែនដី" ។

ក្រោយពេលដែលអង្គការយូណេស្កូបានសម្រេចដាក់បញ្ចូលប្រាសាទព្រះវិហារ
ទៅជាបេតិកភ័ណ្ឌពិភពលោកក្នុងខែកក្កដា ឆ្នាំ២០០៨មក កងទ័ពនៃប្រទេស
កម្ពុជានិងប្រទេសថៃធ្លាប់បានប៉ះទង្គិចគ្នាដោយអាវុធចំនួន៤លើកដែលបណ្តាល
ឱ្យ ភាគីទាំងសងខាងស្លាប់បាត់បង់ជីវិត និងរងរបួស។

រាយការណ៍ពីទីក្រុងភ្នំពេញ ខ្ញុំ ជៀប មុនី VOA សម្លេងសហរដ្ឋអាមេរិក៕

XS
SM
MD
LG