ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ហុងកុងរកឱកាសពាណិជ្ជកម្មជាមួយ កម្ពុជា ប៉ុន្តែកម្ពុជាពុំមានជំនឿ


ដើម្បីស្តាប់ព័ត៌មាននេះ

ទីក្រុងហុងកុងកំពុងសម្លឹងរកឱកាសបង្កើនបណ្តូរពាណិជ្ជកម្មជាមួយកម្ពុជាក៏
ប៉ុន្តែមន្ត្រីរដ្ឋាភិបាលខ្មែរពុំទាន់ ជឿជាក់លើឆន្ទៈរបស់ក្រុងហុងកុងនៅឡើយ។

នាង រស់ សុធា សូមជូនសេចក្តីរាយការណ៍ពិស្តារអំពីរឿងនេះ៖

គណៈប្រតិភូនៃក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុងដែលជាភ្នាក់ងារពាណិជ្ជ
កម្មពិសេសរបស់រដ្ឋាភិបាលក្រុងហុងកុង បានមកបំពេញទស្សនកិច្ចនៅរាជធានី
ភ្នំពេញរយៈពេល៣ថ្ងៃ។ ដំណើរទស្សនកិច្ច ដែលបានបញ្ចប់ទៅកាលពីថ្ងៃព្រហ-
ស្បតិ៍សប្តាហ៍នេះ គឺដើម្បីជំរុញឲ្យមានកំណើនបណ្តូរទឹកប្រាក់ពាណិជ្ជកម្មរវាងទី
ក្រុងហុងកុង និងប្រទេសកម្ពុជា។ ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីនៃទឹកដី ទាំង
ពីរនេះកំពុងស្ថិតក្នុងកម្រិតតិចតួចបំផុត។

យោងតាមតួលេខចេញផ្សាយ ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង
កាលពីថ្ងៃអង្គារ បានបង្ហាញថា ទំហំប្រាក់ពាណិជ្ជកម្មទ្វេភាគីរវាងក្រុងហុងកុង
និងកម្ពុជាក្នុងឆ្នាំ២០០៨ មានចំនួនតែ៦១៨លានដុល្លារអាមេរិកប៉ុណ្ណោះ។ ក្នុង
នោះ កម្ពុជានាំចេញទៅហុងកុងមានចំនួន១០លានដុល្លារ ខណៈដែលហុងកុង
នាំចូលទំនិញមកកម្ពុជា មានចំនួនរហូតដល់ទៅ៦០៨លានដុល្លារ។ ធៀបនឹង
ឆ្នាំ២០០៧ បណ្តូរពាណិជ្ជកម្មនេះធ្លាក់ចុះអស់១៣លានដុល្លារ។

របាយការណ៍ដដែលនេះបានបង្ហាញថា ក្នុងចំណោមដៃគូពាណិជ្ជកម្មទាំង៥០
របស់ទីក្រុងហុងកុង កម្ពុជាជាដៃគូពាណិជ្ជកម្មទី៤២ ដែលជាលំដាប់ទាបបំផុត
មួយ។

លោកស្រី Tina Phan នាយកនៃក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុងប្រចាំ
តំបន់ឥណ្ឌូចិននិងជាអ្នកទទួលបន្ទុកលើបណ្តូរពាណិជ្ជកម្មជាមួយកម្ពុជា។លោក
ស្រី បានថ្លែងប្រាប់ VOA សម្លេងសហរដ្ឋអាមេរិកថា តាមរយៈតួលេខ ពាណិជ្ជ
កម្មដ៏ស្តួចស្តើងនេះ កម្ពុជានិងហុងកុងមានឱកាសច្រើនក្នុងការពង្រីកទំនាក់
ទំនងពាណិជ្ជកម្មឲ្យកាន់តែធំទូលាយ។

លោកស្រី Tina និយាយថា នៅពេលដែលតម្រូវការទីផ្សារនៅទ្វីបអឺរ៉ុប និងអា-
មេរិកបានប្រែតូចចង្អៀតដោយសារវិបត្តិសេដ្ឋកិច្ចដ៏កាចសាហាវនោះ រដ្ឋាភិបាល
ហុងកុងកំពុងសម្លឹងឃើញសក្តានុពលទីផ្សារនៅទ្វីបអាស៊ី ជាពិសេសគឺកម្ពុជា។

“ដោយសារតែវិបត្តិហិរញ្ញវត្ថុពិភពលោក យើងត្រូវតែចេញស្វែងរកអ្វីដែលថ្មីនិង
ទីផ្សារថ្មី។ ហើយទីផ្សារកម្ពុជាគឺជាទីផ្សារមួយដែលយើងសម្លឹងឃើញនាពេល
នេះ។ យើងចង់ជំរុញពាណិជ្ជកម្មរវាងកម្ពុជានិងហុងកុង”។

ជារៀងរាល់ឆ្នាំ ទីក្រុងហុងកុងដែលជាទឹកដីកោះដ៏តូចមួយប្រមូលផ្តុំដោយប្រ-
ជាជនត្រឹម៧លាននាក់នេះ បាននាំចូលទំនិញជាង៣០មកប្រទេសកម្ពុជា។ ក្នុង
នោះភាគច្រើនជាសម្ភារៈកាត់ដេរ រួមមានក្រណាត់ សរសៃអំបោះ ស្បៃជាដើម
និងឧបករណ៍សម្រាប់តម្លើងប្រព័ន្ធទូរគមនាគមន៍ជាដើម។ ដោយឡែក ទំនិញ
ដ៏តិចតួចប៉ុណ្ណោះដែលកម្ពុជានាំចេញទៅទីក្រុងហុងកុង មានជាសម្លៀកបំពាក់
បុរសនារី និងកុមារ។

អ្នកស្រី Tina Phan និយាយថា ដើម្បីជួយឲ្យកម្ពុជាមានឱកាសពង្រីកទីផ្សារ
នាំចេញរបស់ខ្លួន អ្នកស្រីបានស្នើឲ្យក្រុមហ៊ុន និង គ្រឹះស្ថាននានារបស់កម្ពុជា
ចូលរួមក្នុងការតាំងពិព័រណ៍ផលិតផលរបស់ខ្លួន ជាលក្ខណៈអន្តរជាតិ នៅទី
ក្រុងហុងកុងនៅខែតុលានិងខែវិច្ឆិកានេះ ដែលនឹងប្រមូលផ្តុំទៅដោយអ្នកទិញ
ដុំមកពីក្រុងហុងកុង និងគ្រប់ប្រទេសទាំងអស់ រួមបញ្ជូលទាំងសហគមន៍អឺរ៉ុប
ផងដែរ។

សំណើឲ្យចូលរួមការតាំងពិព័រណ៍នេះត្រូវបានលើកឡើងនៅពេលគណៈប្រតិភូ
នៃក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង បានជួបជាមួយមន្ត្រីក្រុមប្រឹក្សាអភិ-
វឌ្ឍន៍កម្ពុជាសភាពាណិជ្ជកម្ម គ្រឹះស្ថានធនាគារ ក្រុមហ៊ុន និងសមាគមសិប្ប
កម្មនានា។

ទោះយ៉ាងណា មន្ត្រីរដ្ឋាភិបាលខ្មែរនិងសហគ្រាសឯកជន មិនមានសុទិដ្ឋិនិយម
ចំពោះទំនាក់ទំនងពាណិជ្ជកម្មជាមួយ ក្រុងហុងកុងឡើយ។

លោកកែវ និមិត្ត ប្រធានគ្រប់គ្រងទំនាក់ទំនងអន្តរជាតិនៃសហភាពាណិជ្ជកម្ម
កម្ពុជាមានប្រសាសន៍ថា លោកមិនមានជំនឿថា បណ្តូរពាណិជ្ជកម្មរវាងកម្ពុជា
និងក្រុងហុងកុងអាចកើនឡើងនោះទេ មួយផ្នែកធំគឺដោយសារតែហុងកុង
មិន មានការប្តេជ្ញាចិត្តដ៏ពិតប្រាកដណាមួយក្នុងការជួយជំរុញបណ្តូរពាណិជ្ជ
កម្មទ្វេភាគីជាមួយកម្ពុជាឡើយ។

“ខាងហុងកុងក៏មិនបានចាប់អារម្មណ៍នឹងទីផ្សារយើងប៉ុន្មានដែរ ព្រោះពីមុន
មកយើងធ្លាប់ទទួលភ្ញៀវហុងកុងមកមើលសក្តានុពលរកស៊ី ហើយបោះពុម្ពជា
សៀវភៅចែកជូនពាណិជ្ជករគេដែរ តែតាំងពីហ្នឹងមក មិនដែលឃើញហុងកុង
ណាចុះមករកស៊ីអីនៅទីនេះទេ ។ ដូចមិនមានឆន្ទៈចង់មកប៉ុន្មានទេ គ្រាន់តែ
និយាយរបៀបយកតាមគួរសមទេ”។

លោក និមិត្ត និយាយបន្តថា លក្ខណៈទីផ្សារខុសគ្នាគឺជាឧបសគ្គដែលរាំងខ្ទប់
មិនឲ្យទឹកប្រាក់ពាណិជ្ជកម្មរវាងកម្ពុជា និង ហុងកុងងើបក្បាលរួច ពោលគឺ
ផលិតផលតែមួយគត់ដែលកម្ពុជាអាចនាំចេញបានច្រើនបំផុតគឺផលិតផលកាត់
ដេរនោះ មិនអាចជ្រៀតចូលទីផ្សារក្រុង ហុងកុងបានទេ ដោយសារហុងកុង
ជាប្រទេសនាំចេញសម្លៀកបំពាក់លំដាប់ពិភពលោកប្រកបដោយគុណភាព
និងសោភ័ណភាពខ្ពស់បំផុត។

ចំណែកផលិតផលកសិកម្មវិញ ជាពិសេសស្រូវអង្ករ ដែលកម្ពុជាមានសក្តានុ-
ពលសម្រាប់នាំចេញដែរនោះ លោកឈាវ ផា ប្រធានការិយាល័យគ្រប់គ្រងនិង
អភិវឌ្ឍន៍ទីផ្សារនៃក្រសួងពាណិជ្ជកម្ម បានលើកឡើងថា កន្លងមកធ្លាប់មាន
ឈ្មួញហុងកុងសន្យាទិញអង្ករកម្ពុជា ប៉ុន្តែមិនដែលលេចចេញជាផ្លែផ្កាអ្វីនោះ
ទេ។

លោក ម៉ែន ស៊ីនឿន ប្រធានសមាគមសិប្បករកម្ពុជា ដែលបាននាំចេញផលិត
ផលច្នៃពីសូត្រទៅហុងកុង សរុបទឹក ប្រាក់តិចជាង១ម៉ឺនដុល្លារក្នុងមួយឆ្នាំបាន
និយាយថា ផលិតផលកម្ពុជាពិបាកជ្រៀតចូលទីផ្សារក្រុងហុងកុងខ្លាំងណាស់
ព្រោះប្រទេសនេះត្រូវការតែផលិតផលណាដែលគេមិនអាចផលិតបានប៉ុណ្ណោះ។

“ហុងកុង គាត់រកតែរបស់ណាដែលវាអត់មាន ហើយវាប្លែក ដូចជាវត្ថុអនុស្សាវ-
រីយ៍ធ្វើពីសូត្រអីចឹង វាអត់មាននៅហុងកុងអីចឹង វាត្រូវការនាំចូល”។

ក្រៅពីបណ្តូរពាណិជ្ជកម្មដែលមានសក្តានុពលដ៏ស្តួចស្តើងនេះ ទីក្រុងហុងកុង
បានបោះទុនវិនិយោគតិចតួចបំផុតនៅកម្ពុជា។

តួលេខវិនិយោគប្រចាំខែសីហារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញថា
ចាប់ពីខែមករា រហូតដល់ខែសីហាឆ្នាំ២០០៩នេះ ការវិនិយោគរបស់ហុងកុង
នៅកម្ពុជា មានតែមួយគម្រោងប៉ុណ្ណោះគឺការបើករោងចក្រកាត់ដេរដែលមាន
ទំហំទឹកប្រាក់ជាង៤លានដុល្លារអាមេរិក ។ ធៀបប្រៀបទៅនឹងប្រទេសចិន
មានចំនួន៣៣២លានដុល្លារ ថៃ សិង្ហបុរី វៀតណាមនិងកូរ៉េដែលមានគម្រោង
ប្រាក់វិនិយោគពីជាង១០០លានដុល្លារដល់ជិត២០០លានដុល្លារ។

ផ្ទុយទៅវិញ ទីក្រុងហុងកុង បានបោះពួយវិនិយោគយ៉ាងច្រើនសន្ធឹកនៅប្រទេស
វៀតណាម ដែលជាប្រទេសជិតខាងរបស់កម្ពុជា។ រហូតមកដល់ពេលនេះ ក្រុង
ហុងកុងគឺជាអ្នកវិនិយោគធំលំដាប់ទី៧របស់វៀតណាម ហើយបណ្តូរពាណិជ្ជ
កម្មរវាងទឹកដីទាំងពីរបានកើនដល់៤ពាន់លានដុល្លារកាលពីឆ្នាំ២០០៨។

លោក កែវ និមិត្ត នៃសភាពាណិជ្ជកម្មកម្ពុជា និយាយថា វៀតណាមមានមូល
ដ្ឋានឧស្សាហកម្មល្អប្រសើរជាងកម្ពុជា ដែលអាចទាក់ទាញការវិនិយោគច្រើន
ពីហុងកុង ជាពិសេសគឺឧស្សាហកម្មកាត់ដេរ ពោលគឺគេមានប្រភពធនធាន
នៅជុំវិញកន្លែងផលិតដែលមិនចាំបាច់បញ្ជាទិញពីបរទេសដូចកម្ពុជា។

លោក និមិត្ត ប៉ាន់ប្រមាណថា បណ្តូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងក្រុង
ហុងកុងនិងការវិនិយោគរបស់ក្រុងហុងកុងនៅកម្ពុជា អាចនឹងកើនឡើងក្នុង
រយៈពេល៥ឬ៦ឆ្នាំខាងមុខ ប្រសិនបើមានការជួយជំរុញពីរដ្ឋាភិបាលក្រុង
ប៉េកាំង ដែលជាអាណាព្យាបាលរបស់ទីក្រុងហុងកុង។

រាយការណ៍ពីរាជធានីភ្នំពេញ ខ្ញុំ រស់ សុធា វិទ្យុសម្លេងសហរដ្ឋអាមេរិក៕

XS
SM
MD
LG