ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការសង្គមស៊ីវិលរិះគន់ ច្បាប់ក្រមព្រហ្មទណ្ឌ


ដើម្បីស្តាប់ព័ត៌មាននេះ

ក្រុមអង្គការសង្គមស៊ីវិល នៅក្នុងប្រទេសកម្ពុជា បានរិះគន់មាត្រាមួយចំនួននៃ
ច្បាប់ក្រមព្រហ្មទណ្ឌដែលរដ្ឋសភាកំពុងពិភាក្សានិងអនុម័តនេះថា បានរំលោភ
លើសិទ្ធិសេរីភាពនៃការបញ្ចេញមតិ។

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកចំនួន៣០បានផ្តល់អនុសាសន៍ដល់រដ្ឋសភា
នៅថ្ងៃព្រហស្បត៍នេះថា មាត្រាមួយចំនួននៃក្រមព្រហ្មទណ្ឌថ្មីបានធ្វើឱ្យប៉ះពាល់
យ៉ាងធ្ងន់ធ្ងរដល់សេរីភាពនៃការបញ្ចេញមតិ ដែលបានធានាដោយរដ្ឋធម្មនុញ្ញ។

រដ្ឋសភាបានអនុម័តមាត្រាជាង៤០០ នៃសេចក្តីព្រាងច្បាប់ក្រមព្រហ្មទណ្ឌដែល
មានមាត្រាសរុប៦៧២ និងកំពុងបន្តពិភាក្សាមាត្រាជាង២០០ទៀត។ ច្បាប់ក្រម
ព្រហ្មទណ្ឌនេះ បានគ្រប់ដណ្តប់លើបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ។

ច្បាប់ក្រមព្រហ្មទណ្ឌនេះ ដែលបានព្រាងឡើងដោយមានការជួយពីរដ្ឋាភិបាល
បារាំង សំដៅធ្វើឱ្យទំនើបដល់ច្បាប់ព្រហ្មទណ្ឌកម្ពុជា ប្រពៃណី រដ្ឋធម្មនុញ្ញនិង
គោលការណ៍នានានៃច្បាប់អន្តរជាតិ។

គណៈកម្មាធិការប្រតិកម្ម និងអង្គការសង្គមស៊ីវិល បានបញ្ជាក់នៅក្នុងអនុសា-
សន៍សំខាន់ៗទៅលើមាត្រាមួយនៃច្បាប់ក្រមព្រហ្មទណ្ឌថា "យើងបានផ្តោត
ទៅលើចំណុចជាច្រើននៃច្បាប់ ដែលយើងបានពិចារណាថា វាបានធ្វើឱ្យប៉ះ
ពាល់ដល់សេរីភាពបញ្ចេញមតិ និងចំណុចជាច្រើនទៀតដែលគ្មាននិយមន័យ
និងគ្មានការចង្អុលបង្ហាញច្បាស់លាស់អំពីបទល្មើស"។

អង្គការមិនមែនរដ្ឋាភិបាលទាំងនេះបានបញ្ជាក់ថា " អ្នកនយោបាយអាចនឹង
ប្រើមាត្រានៅក្នុងច្បាប់ក្រមព្រហ្មទណ្ឌនេះ ដើម្បីបំបិទសិទ្ធិសេរីភាពក្នុងការធ្វើ
បាតុកម្ម និងការប្រជុំធម្មតា"។

លោក យឹម សុវណ្ណ តំណាងរាស្ត្រ និង ជាអ្នកនាំពាក្យគណបក្សសម រង្សីបាន
ហៅអនុសាសន៍របស់អង្គការមិនមែនរដ្ឋាភិបាលនេះថា " ជាការត្រឹមត្រូវ"។

លោកយឹម សុវណ្ណ បានថ្លែងថា "សេចក្តីព្រាងច្បាប់ក្រមព្រហ្មទណ្ឌនេះមាន
ចំណុចល្អខ្លះ ប៉ុន្តែចំណុចមួយចំនួន គឺជាឧបសគ្គធ្ងន់ធ្ងរតែម្តង ទៅដល់សិទ្ធិ
សេរីភាពនៃការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ។"

"បើគាត់បញ្ចេញមតិមិនស្រួល គាត់ត្រូវជាប់ទោសពីបទបរិហារកេរ្តិ៍ បទជេរ
ប្រមាថ បទញុះញង់ និងបទក្លែងព័ត៌មាន។ ធ្ងន់ធ្ងរជាងនេះទៅទៀត បើគាត់
ហ៊ានប្តឹងបុគ្គលពុករលួយណាម្នាក់ ហើយបើគាត់មិនអាចរកភស្តុតាងបានហើយ
បើតុលាការយល់ឃើញថា ពាក្យបណ្តឹងមិនពិត គាត់នឹងត្រូវទទួលទោស"។

លោកជាម យៀប ប្រធានគណៈកម្មការហិរញ្ញវត្ថុនៃរដ្ឋសភាខាងគណបក្សប្រ
ជាជនកម្ពុជា បានថ្លែងថា "ក្រមព្រហ្មទណ្ឌនេះគោរពសិទ្ធិសេរីភាពបញ្ចេញមតិ
និងគោលការណ៍សិទ្ធិមនុស្សជាមូលដ្ឋានរបស់អង្គការសហប្រជាជាតិ"។

លោកជាម យៀបបានបន្តថា "បើយើងចង់បានច្បាប់មួយធូររលុង វាក្លាយទៅ
ជាច្បាប់អនាធិបតេយ្យ។ យើងទទួលរក្សាទុកអនុសាសន៍របស់អង្គការមិនមែន
រដ្ឋាភិបាលជាឯកសារនៅក្នុងគណៈកម្មការនីតិកម្មរបស់រដ្ឋសភា ដើម្បីបញ្ចូល
ទៅក្នុងក្រមព្រហ្មទណ្ឌ បើច្បាប់មិនអាចអនុវត្តបាននិងមានការខ្វះខាតចំណុច
ណាមួយនោះ"។

កាលពីសប្តាហ៍មុន រដ្ឋសភាបានបោះឆ្នោតប្រឆាំងនឹងសំណើសុំធ្វើវិសោធនកម្ម
ច្បាប់ក្រមព្រហ្មទណ្ឌថ្មីនេះ ដែលក្រុមប្រឆាំងបាននិយាយថា សំណើរបស់ខ្លួន
នឹងបង្កើនសេរីភាពនៃការបញ្ចេញមតិ ហើយធ្វើឱ្យតុលាការ និងប្រជាធិបតេយ្យ
ប្រសើរឡើង៕

XS
SM
MD
LG