ដើម្បីស្តាប់ព័ត៌មាននេះ
ក្រុមអង្គការសង្គមស៊ីវិល បានទាមទារឱ្យរដ្ឋាភិបាលបញ្ចប់បញ្ហាបណ្តេញចេញ
ដោយបង្ខំនៅក្នុងប្រទេសកម្ពុជា ដែលកំពុងតែបង្កភាពភ័យខ្លាចនិងទុក្ខវេទនា
ដល់ក្រុមជនរងគ្រោះ។
តំណាងអង្គការសង្គមស៊ីវិលនិងជនរងគ្រោះនៃការបណ្តេញចេញដោយបង្ខំជាង
៣០០នាក់ បានប្រមូលផ្តុំគ្នាប្រារព្ធទិវាលំនៅដ្ឋានពិពភលោក ថ្ងៃច័ន្ទនេះដើម្បី
អំពាវនាវដល់រដ្ឋាភិបាលកម្ពុជា ឱ្យដាក់ទោសពួកមន្ត្រីមានអំណាចនិងក្រុមហ៊ុន
ចំពោះការរំលោភលើសិទ្ធិលំនៅដ្ឋានរបស់ប្រជាពលរដ្ឋក្រីក្រ។
ទិវាលំនៅដ្ឋានពិភពលោកនេះបានចូលរួមដោយមន្ត្រីអង្គការសហប្រជាជាតិនិង
ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា។
លោកនី ចរិយា ប្រធានផ្នែកស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្ស ADHOC
បានថ្លែងនៅក្នុងទិវាលំនៅដ្ឋានពិភពលោក ថា រដ្ឋាភិបាលគប្បីបញ្ចប់ការអនុវត្ត
ខុសច្បាប់ក្នុងការរុះរើលំនៅដ្ឋានដោយបង្ខំ ហើយគប្បីផ្អាករាល់ការរុះរើដោយបង្ខំ
ទាំងអស់ ជាបណ្តោះអាសន្នសិន រហូតដល់មានប្រព័ន្ធគតិយុត្តិសម្រាប់ប្រតិបត្តិ
ផ្នែកសិទ្ធិមនុស្ស និងយន្តការសម្រាប់ត្រួតពិនិត្យតាមដានការអនុវត្ត ដើម្បីធានា
នូវការទទួលខុសត្រូវខាងសង្គមដោយតម្លាភាព។
“រដ្ឋាភិបាលគប្បីធានាឱ្យមានដំណោះស្រាយតាមផ្លូវច្បាប់ប្រកបដោយប្រសិទ្ធិភាព
យុត្តិធម៌ សមធម៌ និងទាន់ពេល ជូនជនរងគ្រោះដោយសារការរំលោភលើសិទ្ធិលំ
នៅដ្ឋាន ដីធ្លី និងធនធានធម្មជាតិ។ លើសពីនេះទៅ ទៀត រដ្ឋាភិបាលគប្បីបញ្ចប់
វប្បធម៌គ្មានទោសពៃរ៍ ចំពោះអ្នកទាំងឡាយ ដែលរួមមានមន្ត្រីរដ្ឋាភិបាល យោធា
ប៉ូលិសបុគ្គល ឬក្រុមហ៊ុនមួយចំនួនដែលបានចូលរួមប្រព្រឹត្តអំពើរំលោភសិទ្ធិលំ
នៅដ្ឋាន"។
លោក អំ សំអាត មន្ត្រីគ្រប់គ្រងការិយាល័យស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្ស
លីកាដូ បានបញ្ជាក់ថា ប្រជាពលរដ្ឋបានទទួលរងគ្រោះដោយសារការបណ្តេញ
ចេញខ្លាំងជាងគេ ចាប់តាំងពីឆ្នាំ២០០៦ ហើយអាជ្ញាធរ និងក្រុមហ៊ុនតែងតែគាប
សង្កត់ប្រជាពលរដ្ឋតាមវិធីផ្សេងៗ ឱ្យគាត់ចាកចេញ ។
"ការបណ្តេញចេញដោយបង្ខំនេះ មានគន្លាតគ្នាឆ្ងាយណាស់រវាងការផ្តល់ផលប្រ-
យោជន៍ទៅឱ្យក្រុមហ៊ុននិងប្រជាពលរដ្ឋ ។ អញ្ចឹងយើងឃើញថា រដ្ឋាភិបាល ឬ
អាជ្ញាធរ ភាគច្រើនផ្តល់ផលប្រយោជន៍ឱ្យក្រុមហ៊ុនច្រើនជាងប្រជាពលរដ្ឋ"។
លោកស្រី ប៉េ ផារ៉ុម តំណាងសហគមន៍បឹងកក់ បានពណ៌នាអំពីទុក្ខព្រួយនិងការ
ភ័យខ្លាចចំពោះការបណ្តេញចេញដោយបង្ខំ។ ចំណែកឯលោក ឡឹក សំបូរ អតីត
តំណាងក្រុម ៧៨ បាននិយាយរៀបរាប់អំពីផលប៉ះពាល់ និងការលំបាក ក្រោយ
ការបណ្តេញចេញដោយបង្ខំ។
លោក ផៃ ស៊ីផាន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យប្រចាំទីស្តីការគណៈរដ្ឋមន្រ្តី
បានថ្លែងថា រដ្ឋាភិបាលមិនមែនបង្កើតនិងលើកទឹកចិត្តដល់ជនទាំងឡាយណា
ក្នុងឯកសណ្ឋានឬក្រៅឯកសណ្ឋានឱ្យធ្វើការបំពានលើសិទ្ឋិសេរីភាពរបស់ប្រជា
ពលរដ្ឋនោះទេ។
“គ្មានច្បាប់ណាអនុញ្ញាតឲ្យពួកនោះនៅពីលើច្បាប់ទេ ហើយយើងកំពុងតែធ្វើ
កំណែទម្រង់ប្រព័ន្ធច្បាប់និងយុត្តិធម៌ រហូតដល់គោលការណ៍ដីធ្លី ។ ជនដែល
ប្រព្រឹត្តបទល្មើស មិនថាថ្នាក់ណាទេ គ្រាន់តែយូរ និងឆាប់ នឹងទទួលទណ្ឌកម្ម
ឬ ការផ្តន្ទាទោស"។
លោក អំ សំអាត បានបញ្ជាក់ថា អង្គការសិទ្ធិមនុស្សលីកាដូ ទទួលបានករណី
បណ្តេញចេញដោយបង្ខំនៅ ក្នុងឆ្នាំ២០០៩ ចំនួន ១៣ករណី ជាពិសេសតំបន់
អភិវឌ្ឍន៍នៅក្នុងទីក្រុងភ្នំពេញ ភូមិដីក្រហម ក្រុម៧៨ ភូមិរីករាយ តំបន់បឹងកក់
ផ្លូវហាណូយ តំបន់ជ្រោយចង្វា តំបន់រទេះភ្លើងA-B និងភាគខ្លះនៃបូរីកីឡា ហើយ
នៅក្នុងឆ្នាំ ២០០៨ មាន១០ករណី៕ ចប់