ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជាចាប់ផ្តើមដាំល្ហុងខ្វងសម្រាប់ ផលិតប្រេងជីវម៉ាស៊ូត


ដើម្បីស្តាប់ព័ត៌មាននេះ

ស្របពេល ដែលក្រុមហ៊ុនវិនិយោគដំណាំល្ហុងខ្វងជាច្រើននៅប្រទេសកម្ពុជា
កំពុងស្ថិតក្នុងដំណាក់កាលសិក្សា និងពិសោធន៍នៅក្នុងការចម្រាញ់យកប្រេង
ជីវម៉ាស៊ូតនៅឡើយ ក្រុមហ៊ុនខ្មែរជប៉ុនមួយកំពុងត្រៀមផលិតប្រេងជីវម៉ាស៊ូត
នេះ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស។

ក្រុមហ៊ុន NCT Jacam Energy Limited ដែលជាក្រុមហ៊ុនចម្រុះខ្មែរ-ជប៉ុន
នឹងចាប់ផ្ដើមផលិតប្រេងជីវម៉ាស៊ូត ពីគ្រាប់ល្ហុងខ្វងចាប់ពីខែតុលាខាងមុខនេះ
តទៅ។ ក្រុមហ៊ុននេះនឹងក្លាយជាក្រុមហ៊ុនដំបូងបំផុតដែលធ្វើការផលិតប្រេង
ម៉ាស៊ូតពីគ្រាប់ល្ហុងខ្វងសម្រាប់ផ្គត់ផ្គង់ទីផ្សារនៅក្នុងប្រទេសកម្ពុជា ខណៈដែល
ប្រេងឥន្ធនៈមានតម្លៃយ៉ាងខ្ពស់បំផុត បើធៀបជាមួយប្រទេសជិតខាង។

លោកឈឺយ សុភ័ស ប្រធានក្រុមហ៊ុន NCT Jacam Energy បាននិយាយថា
ក្រុមហ៊ុនរបស់លោកនឹងចាប់ផ្ដើមផលិតប្រេងជីវម៉ាស៊ូត ចាប់ពីខែតុលាខាង
មុខនេះតទៅ ដោយផលិតត្រឹមតែ១០០លីត្រប៉ុណ្ណោះក្នុងមួយថ្ងៃ សម្រាប់ជា
ជំហានសាកល្បង មុននឹងបង្កើនការផលិតរហូតដល់៥.០០០លីត្រក្នុងមួយថ្ងៃ
សម្រាប់ទីផ្សារចាំបាច់មួយចំនួន។

“ខែមួយ ខែពីរឆ្នាំក្រោយផលិតមួយថ្ងៃឲ្យបាន៥.០០០លីត្រសម្រាប់ផ្គត់ផ្គង់ទី
ផ្សារក្នុងស្រុក ដូចថា អាជីវកម្មអគ្គិសនីនៅជនបទ សាឡាង គ្រឿងចក្រ
កសិកម្ម គ្រឿងចក្រសម្រាប់ឆូសឆាយដី អីចឹងទៅ”។

ចាប់តាំងពីខែសីហា ឆ្នាំ២០០៩មក ក្រុមហ៊ុន NCT Jacam Energy បានបោះ
ទុនអស់ជិត៤០ម៉ឺនដុល្លារសម្រាប់បើកសិប្បកម្មចម្រាញ់ប្រេងល្ហុងខ្វងមួយនៅ
ខេត្តកំពង់ស្ពឺ បន្ទាប់ពីបានចំណាយអស់រយៈពេលបីឆ្នាំក្នុងការធ្វើពិសោធន៍។
ពេលនេះក្រុមហ៊ុន NCT ដែលមិនបានដាំល្ហុងខ្វងដោយខ្លួនឯងនោះ ត្រូវការ
ទិញគ្រាប់ល្ហុងខ្វងជាង៥.០០០តោនក្នុងមួយឆ្នាំ ដើម្បីផលិតប្រេងជីវម៉ាស៊ូត
ជាង១៨លានលីត្ររៀងរាល់ឆ្នាំ។ គេត្រូវការគ្រាប់ល្ហុងខ្វងចំនួនពី៣ទៅ៤គីឡូ
ក្រាម ដើម្បីចម្រាញ់បានប្រេងជីវៈម៉ាស៊ូតមួយលីត្រ។

លោកឈឺយ សុភ័ស បញ្ជាក់ថា ប្រេងជីវម៉ាស៊ូតចម្រាញ់ពីគ្រាប់ល្ហុងខ្វងនេះ
អាចមានតម្លៃដល់ប្រមាណ៣.៤០០រៀលក្នុងមួយលីត្រគឺប្រហាក់ប្រហែលនឹង
តម្លៃប្រេងម៉ាស៊ូតនៅលើទីផ្សារបច្ចុប្បន្ននេះដែរ។ ក៏ប៉ុន្ដែលោកមានប្រសាសន៍
ថា ប្រេងជីវឧស្ម័នផលិតពីគ្រាប់ល្ហុងខ្វងនេះមានលក្ខណៈសន្សំសំចៃនៅក្នុង
ការប្រើប្រាស់ ជាងប្រេងម៉ាស៊ូតដែលមានលក់នៅលើទីផ្សារបច្ចុប្បន្ន។

ប្រសិនបើប្រេងជីវម៉ាស៊ូតនេះនឹងត្រូវផលិត វានឹងក្លាយទៅជាប្រភេទប្រេងជីវ
ឥន្ធនៈទី២ បន្ទាប់ពីប្រេងជីវអេតាណុលដែលផលិតពីដំឡូងមីនៅស្រុកខ្មែរ។
គេអាចប្រើប្រេងជីវអេតាណុលលាយជាមួយប្រេងសាំង ដើម្បីកាត់បន្ថយការ
ចំណាយទៅលើប្រេងឥន្ធនៈ ដែលចេះតែឡើងថ្លៃឥតឈប់ឈរ។

លោក សាត សាមី រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល បានស្វា-
គមន៍ចំពោះគម្រោងផ្គត់ផ្គត់ជីវម៉ាស៊ូត ជាលើកទី១នៅកម្ពុជា។ លោកមានប្រ-
សាសន៍ថា វានឹងផ្តល់ផលចំណេញផ្នែកសេដ្ឋកិច្ចដល់សង្គមគ្រួសារនិងប្រទេស
ជាតិទាំងមូល តាមរយៈការបង្កើនការងារនិងកាត់បន្ថយការនាំចូលប្រេងម៉ាស៊ូត
ពីបរទេស។

“បើសិនយើងផលិតបាន ជាពិសេសផ្គត់ផ្គង់នៅតំបន់ជនបទ ទី១ប្រជាពលរដ្ឋ
យើងមានការងារធ្វើ ហើយប្រទេសយើងមិនបាច់នាំចូលប្រេងពីក្រៅ ឬ មួយ
កាត់បន្ថយការនាំចូលប្រេងដោយសារយើងផលិតប្រេងបានពីល្ហុងខ្វង”។

សូមបញ្ជាក់ថា ប្រេងម៉ាស៊ូតចម្រាញ់ពីល្ហុងខ្វងឬហៅថា ប្រេងជីវម៉ាស៊ូតអាច
ប្រើប្រាស់ជាមួយគ្រឿងចក្រគ្រប់ប្រភេទដែលប្រើម៉ាស៊ូត។

ល្ហុងខ្វងមានផ្លែពណ៌បៃតង ប៉ុនមេដៃ ត្រូវបានដាំដុះយ៉ាងផុសផុលនៅប្រទេស
ជាច្រើនក្នុងទ្វីបអាស៊ី ដើម្បីផលិតជាប្រេងម៉ាស៊ូតសម្រាប់នាំចេញទៅកាន់ទីផ្សារ
អឺរ៉ុបនិងអាមេរិក ។ គេនិយមប្រើប្រាស់ជីវប្រេងឥន្ធនៈនេះនៅក្នុងទ្វីបទាំងពីរ
ព្រោះវាមិនប៉ះពាល់ដល់បរិស្ថាន និងអាចចូលរួមកាត់បន្ថយកំណើនកំដៅភព
ផែនដី។

ប៉ុន្តែការដាំដុះល្ហុងខ្វងនៅប្រទេសកម្ពុជានៅមានទ្រង់ទ្រាយតូចឬភាគច្រើនមាន
លក្ខណៈជាគ្រួសារ ហើយប្រជាជនភាគច្រើននៅទីជនបទតែងតែដាំល្ហុងខ្វង
នៅតាមរបងផ្ទះ តែការដាំដុះបែបនេះមិនអាចប្រមូលផលសម្រាប់ធ្វើពាណិជ្ជ
កម្មទ្រង់ទ្រាយធំបានទេ។

បច្ចុប្បន្នមានក្រុមហ៊ុនជាង ១០ មកពីប្រទេសជប៉ុន ម៉ាឡេស៊ី និងចិន កំពុង
វិនិយោគលើការដាំល្ហុងខ្វងនៅក្នុងប្រទេសកម្ពុជា ដើម្បីផលិតប្រេងម៉ាស៊ូត។
ការដាំដុះល្ហុងខ្វងមាននៅខេត្តបន្ទាយមានជ័យ កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ចាម
ព្រៃវែង និង កោះកុងជាដើម ដែលមានផ្ទៃដីសរុបចំនួនប្រមាណជា ៣.០០០
ទៅ៤.០០០ហិចតា។ រហូតមកទល់ពេលនេះ ក្រុមហ៊ុនភាគច្រើនសុទ្ធតែកំពុង
ស្ថិតក្នុងដំណាក់កាលពិសោធន៍នៅឡើយ ។

លោកទុំ ប៉ែនវីរៈវិទូ ប្រធានក្រុមហ៊ុនចម្រុះកម្ពុជា ជប៉ុន Eco-Agro Japan
Cambodia Energyដែលទើបនឹងចាប់ផ្តើមដាំល្ហុងខ្វងលើផ្ទៃដី១០០ហិចតា
នៅខេត្តព្រះសីហនុ បាននិយាយថា ក្រុមហ៊ុនរបស់លោកកំពុងដាំល្ហុងខ្វងយក
គ្រាប់ធ្វើពូជនិងពិសោធន៍។ ចំណែកការធ្វើអាជីវកម្មចម្រាញ់ជាប្រេងនោះទំនង
ជាឆ្នាំក្រោយទើបចេញជារូបរាង។

“ឥឡូវគឺជាដំណាក់កាលដែលយើងផលិតគ្រាប់ដើម្បីធ្វើពូជខ្លួនឯង ហើយសល់
ពីការដាំដុះ យើងនឹងផ្ញើរទៅឲ្យដៃគូយើងនៅជប៉ុនដើម្បីធ្វើពិសោធន៍ ។ ឆ្នាំ
ក្រោយហ្នឹងគឺយើងចាប់ផ្តើមធ្វើអាជីវកម្មហើយ”។

ព្រមគ្នានេះ លោកសាន់ យូ តំណាងរបស់ក្រុមហ៊ុនសិង្ហបុរីGreen Acresដែល
បានដាំល្ហុងខ្វងលើផ្ទៃដី១០០ហិចតាដែរនៅខេត្តកំពង់ឆ្នាំង ចាប់ពីឆ្នាំ២០០៧
មកនោះ បាននិយាយថា ក្រុមហ៊ុនរបស់លោកត្រូវការរយៈពេល២ ឬ៣ឆ្នាំទៀត
ដើម្បីធ្វើការសិក្សាបន្ត មុនឈានដល់ការផលិតប្រេងម៉ាស៊ូតបាន។

លោកសាន់ យូ ក៏ជាប្រធានអង្គការអភិវឌ្ឍន៍ និងបច្ចេកទេសសមស្រប ដែល
ផ្តល់ជំនួយបច្ចេកទេសក្នុងការដាំល្ហុងខ្វងផងដែរ។ លោកពន្យល់ថា ការអូស
បន្លាយពេលវេលាដ៏យូរនេះ ដោយសារបរិមាណគ្រាប់ល្ហុងខ្វង ដែលអាចប្រ-
មូលទិញបានមានកម្រិតតិចតួច ដែលមិនគ្រប់គ្រាន់សម្រាប់ការផលិត ហើយ
ការដាំដុះល្ហុងខ្វងនៅកម្ពុជានៅមានឧបសគ្គច្រើនទៀតនៅឡើយ។

“ប្រព័ន្ធទឹក ដីមួយចំនួនដ៏មិនអាចដាំបានដោយសារមានទំនាបទាបពេក។ ជួល
ដីពីប្រជាជនហ្នឹង ត្រូវមានការចរចាប្រើពេលវេលាយូរជាងគេ។ បទពិសោធន៍
ក៏ដូចជាចំណេះដឹងរបស់សហគមន៍យើងហ្នឹង ក៏នៅមិនទាន់ដល់កម្រិតដែល
យើងធ្វើអ្វីបានលឿនទៅតាមតម្រូវការ”។

ល្ហុងខ្វងជាប្រភេទដំណាំ ដែលអាចលូតលាស់បានងាយស្រួល និង មិនរើស
សណ្ឋានដី ។ ក្រោយពីការដាំអស់រយៈពេល ៩ខែ ដំណាំនេះនឹងផ្តល់ផលបាន
ប្រមាណ១គីឡូក្រាម ទៅ២គីឡូក្រាមក្នុងមួយដើម។ សព្វថ្ងៃនេះ គ្រាប់ល្ហុងខ្វង
មួយគីឡូក្រាមមានតម្លៃ ៥០០រៀល។ ទិន្នផលនឹងបន្តកើនឡើងរហូតដល់ ២០
គីឡូក្រាមក្នុងមួយដើម ក្រោយពីវាបានលូតលាស់អស់ពេល១០ទៅ១៥ឆ្នាំ ។
រុក្ខជាតិនេះអាចមានអាយុរហូតដល់ ៥០ឆ្នាំ និងអាចផ្តល់ផលជាប់ពេញមួយ
ឆ្នាំ ប្រសិនបើវាទទួលបានការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់ ជាប្រចាំ។

លោក សាន់ យូ មានប្រសាសន៍ថា ការវិនិយោគទៅលើដំណាំល្ហុងខ្វងនៅមិន
ទាន់មានការរីកចម្រើននៅឡើយ ដោយសារតែក្នុងពេលនេះ ប្រជាជនកម្ពុជា
មិនទាន់នាំគ្នាដាំល្ហុងខ្វងសម្រាប់ផ្គត់ផ្គង់ការផលិតឲ្យបានច្រើនទេ ត្បិតពួក
គាត់កំពុងរង់ចាំមើលការវិវឌ្ឍរបស់ទីផ្សារល្ហុងខ្វង ជាមុនសិន ។ ចំណែកឯ
ក្រុមហ៊ុនវិនិយោគវិញ ក៏កំពុងរង់ចាំឲ្យបរិមាណគ្រាប់ល្ហុងខ្វងសម្បូរហូរហៀរ
ជាមុនសិនដែរ ទើបចាប់ផ្ដើមបើកអាជីវកម្មផលិតប្រេងរបស់ខ្លួន ៕ ចប់

XS
SM
MD
LG