ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាដកាខ្មែរបានរង្វាន់សិល្បៈខ្ពស់បំផុតនៅអាមេរិក


នាដកាខ្មែរម្នាក់បានទទួលរង្វាន់សិល្បៈខ្ពស់បំផុតពីភា្នក់ងារផ្តល់រង្វាន់ជាតិសម្រាប់
សិល្បៈ (National Endowment for the Arts) ។ ពិធីប្រគល់នេះត្រូវបានធ្វើ
ឡើងនៅ កាពីតូល ហ៊ីល (Capital Hill) វិមានរដ្ឋសភាសហរដ្ឋអាមេរិក នាថ្ងៃទី
២២ ខែកញ្ញា ឆ្នាំ ២០០៩ ។

លោកស្រី សូភីលីន ជាមសាភារ៉ូ ជាបេក្ខនារីមួយរូបក្នុងចំណោមបេក្ខជន ១១រូប
ដែលត្រូវបានជ្រើសរើសឱ្យទទួលរង្វាន់សិល្បៈនៃភា្នក់ងារផ្តល់រង្វាន់ជាតិសម្រាប់
សិល្បៈ ដែលជារង្វាន់ខ្ពស់បំផុតក្នុងវិស័យសិល្បៈប្រពៃណីនិងប្រជាប្រីយ៍ ដែល
មានការទទួលស្គាល់ពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ។ លោកស្រី សូភីលីន គឺជា
អ្នករបាំ និងជានាដកា ឬ អ្នកតាក់តែងក្បាច់របាំ និង បង្រៀនរបាំខ្មែរម្នាក់ ដែល
បានចាប់ផ្តើមហ្វឹកហាត់សិល្បៈបូរាណខ្មែរនៅឆ្នាំ១៩៨១។ នៅឆ្នាំ២០០៤ ពីរឆ្នាំ
ក្រោយពីមកស្នាក់នៅទីក្រុងឡងប៊ិចជាមួយស្វាមី លោកស្រីបានបង្កើតអង្គការ
ក្រៅរដ្ឋាភិបាលមួយឈ្មោះថា “សិល្បៈខ្មែរ” ដើម្បីចូលរួមចំណែកក្នុងការអភិរក្ស
របាំបូរាណខ្មែរ ។ មជ្ឈមណ្ឌលសិល្បៈខ្មែរនេះមានអ្នកប្រគុំដន្រ្តី និង អ្នករាំដែល
មានការប្តេជ្ញាចិត្តខ្ពស់៣០នាក់ សម្តែងរបាំខ្មែរជិត១០០មុខ ។

លោកស្រីសមាជិកសភា ឡរ៉ា រីឈតសាន់(Laura Richardson)តំណាងទីក្រុង
ឡងប៊ិច បានប្រាប់វីអូអេខែ្មរនៅពិធីប្រគល់រង្វាន់ នាវិមានរដ្ឋសភាសហរដ្ឋអាមេរិក
ថា លោកស្រីបានស្គាល់លោកស្រី សូភីលីនរយៈ១០ឆ្នាំមកហើយ ។ លោកស្រី
ឡរ៉ារីឈតសាន់ បានឱ្យតម្លៃដ៏ខ្ពង់ខ្ពស់ចំពោះអ្វីដែលលោកស្រីសូភីលីនបាន និង
កំពុងធ្វើ និងមានមោទនភាព ដែលមានប្រជាពលរដ្ឋដ៏ល្អ ដូចជាលោកស្រីសូភី
លីននេះនៅក្នុងមណ្ឌលរបស់លោកស្រី ។

“មូលហេតុដែលខ្ញុំយល់ថា រង្វាន់នេះសំខាន់នោះគឺថា វាផ្តល់ឱ្យគាត់នូវលទ្ធភាព
បន្តកិច្ចការសិល្បៈរបស់គាត់ ។ សិល្បៈមានឥទ្ធិពលណាស់ ពីព្រោះវាមិនវាយ
តម្លៃបុរស ស្រ្តី កុមារា កុមារីទេ។ វាជួយអភិរក្សវប្បធម៌របស់យើង។ ការមានលទ្ធ
ភាពបង្ហាញកិច្ចការសិល្បៈ គឺបង្រៀនក្មេង ឱ្យចេះគោរពចាស់ទុំ បង្រៀនក្មេងៗ
អំពីលក្ខណៈពិសេសដែលគេមាន ហើយអ្នកដទៃទៀតគ្មាន។ ខ្ញុំសង្ឃឹមថា ការ
ដែលគាត់បន្តការបង្រៀនសិល្បៈ យើងអាចមានក្មេងៗថែមទៀតមកសិក្សាអ្វី
ដែលវិជ្ជមាន ជាជាងដើរលេងទៅធ្វើអ្វីៗអវិជ្ជមាន ។ គាត់ធ្វើកិច្ចការទាំងនេះយូរ
មកហើយ ហើយយើងស្រឡាញ់គាត់ និងឱ្យតម្លៃគាត់” ។

លោកស្រី សូភីលីន ជាម សាភារ៉ូ ដែលកំពុងដើរចេញពីពិធីប្រគល់រង្វាន់នោះ
បានប្រាប់ វីអូអេ ផ្នែកខេមរភាសាថា លោកស្រីរីករាយ និង មានកិត្តិយស ដែល
បានទទួលរង្វាន់ថ្នាក់កំពូលនេះ ។ អ្វីដែលលោកស្រីសប្បាយចិត្តបំផុតនោះគឺ
ថា ការខិតខំប្រឹងប្រែងរបស់លោកស្រីត្រូវបានទទួលស្គាល់ ហើយរង្វាន់នេះគឺជា
ការលើកទឹកចិត្តប្រកបដោយប្រសិទ្ធិភាពមួយសម្រាប់លោកស្រីដើម្បីព្យាយាម
បន្តកិច្ចការរបស់លោកស្រីតទៅទៀត។

“ពានរង្វាន់ដែលបានមកនេះ យើងឃើញថា គឺជាពានរង្វាន់ដែលទទួលស្គាល់
ដោយ National Heritage Fellow សម្រាប់ការងារក្នុងផ្នែកសិល្បៈ ។ បើអញ្ចឹង
ខ្ញុំគិតថា ជាការប្រសើរណាស់ ដែលយើងខ្ញុំយកថវិកានេះមកផ្គត់ផ្គង់ ក្នុងការធ្វើ
ការងារផ្នែកសិល្បៈក្នុងវិទ្យាស្ថានសិល្បៈខ្មែរ Academy យើង” ។

លោក ប៊ែរី ប៊័រជី (Barry Bergey) នាយកសិល្បៈប្រពៃណី និងប្រជាប្រីយ៍នៃភា្នក់
ងារផ្តល់រង្វាន់ជាតិសម្រាប់សិល្បៈមានប្រសាសន៍ថា ជារៀងរាល់ឆ្នាំ ភ្នាក់ងារទទួល
បានបេក្ខជនប្រហែល២៥០នាក់ ហើយត្រូវជ្រើសយក១០ ឬ១១រូប ដោយក្រុម
ជំនាញខាងផ្នែកសិល្បៈវប្បធម៌មួយក្រុម។ លោកស្រីសូភីលីនត្រូវបានជ្រើសរើស
ដោយសារលោកស្រីមានស្នាដៃសិល្បៈដ៏អស្ចារ្យ។

“លោកស្រី សូភីលីន ត្រូវបានទទួលស្គាល់ មិនមែនដោយសារតែជំនាញសិល្បៈ
និងនាដកម្មរបស់គាត់ប៉ុណ្ណោះទេ តែថែមទាំងដោយសារលោកស្រីបានបង្រៀន
និងប្តូរផ្តាច់ចំពោះសិល្បៈ ហើយក្រុមអ្នកជ្រើសរើសទទួលស្គាល់ស្នាដៃទាំងនោះ។ គ្មានលក្ខខណ្ឌអ្វីទេចំពោះការប្រើប្រាក់រង្វាន់នោះ តែយើងដឹងថា អ្នកសិល្បៈទាំង
នេះប្តូរផ្តាច់ចំពោះប្រពៃណី ដែលគេពិតជានឹងបន្តធ្វើនូវអ្វីដែលគេកំពុងធ្វើ ។ នេះ
គឺជាអ្វី ដែលយើងចង់ឱ្យពួកគេធ្វើ គឺថា សម្តែងសិល្បៈ ធ្វើវត្ថុសិល្បៈ បង្រៀន
សិល្បៈ និងធ្វើទំនាក់ទំនងជាមួយសាធារណជន។ លោកស្រីសូភីលីន ធ្វើកិច្ចការ
នេះទាំងក្នុងសហរដ្ឋអាមេរិកនិងប្រទេសកម្ពុជាដែលនេះធ្វើឱ្យលោកស្រីជាមនុស្ស
ពិសេសហើយលោកស្រីធ្វើកិច្ចការនៅក្នុងពហុវប្បធម៌ ចំណាយពេល និងប្តូរផ្តាច់
ដើម្បីបុព្វហេតុនោះ” ។

រង្វាន់នេះរួមមានទឹកប្រាក់ចំនួន២៥.០០០ដុល្លារ ប្រគល់ទៅឱ្យជ័យលាភីម្នាក់ៗ។
ឆ្នាំ២០០៩នេះ អ្នកទទួលរង្វាន់១១រូបនេះត្រូវបានជ្រើសចេញពីបេក្ខជនចំនួន២៤០
នាក់ទូទាំងសហរដ្ឋអាមេរិក ។ អ្នកទទួលរង្វាន់នេះគឺជាការផ្តល់កិត្តិយសថ្នាក់ជាតិ
ដែលលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ាក៏បានផ្ញើលិខិតអបអរសាទរជ័យភីទាំង
នេះដែរ៕

XS
SM
MD
LG