ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បាតុករថៃបិទច្រកព្រំដែន កសិករខ្មែរខូចដំឡូងមី


ការធ្វើបាតុកម្មបិទច្រកព្រំដែនបឹងត្រកួនរបស់អ្នកភូមិថៃ បានធ្វើឱ្យមានការខាត
បង់ប្រាក់ច្រើនរាប់លានដុល្លារអាមេរិកសម្រាប់ការនាំចេញដំឡូងមីពីប្រទេស
កម្ពុជា។

ក្រុមមន្ត្រីខ្មែរបានថ្លែងនៅថ្ងៃសុក្រនេះថា ការនាំចេញដំឡូងរបស់ប្រទេសកម្ពុជា
បានបាត់បង់ទឹកប្រាក់រហូតដល់ជាង ៣ លានដុល្លារសហរដ្ឋអាមេរិក នៅក្នុង
អំឡុងខែកញ្ញានេះ ដោយសារតែការធ្វើបាតុកម្មរបស់អ្នកភូមិថៃបិទច្រកព្រំដែន
មិនអនុញ្ញាតឱ្យការនាំដំឡូងមីចូលក្នុងប្រទេសថៃ។

អ្នកភូមិថៃច្រើនរាប់សិបនាក់បានធ្វើបាតុកម្មរាំងខ្ទប់ច្រកផ្លូវព្រំដែនបឹងត្រកួនតាំង
ពីដើមខែកញ្ញា ដើម្បីប្រឆាំងនឹងអាជ្ញាធរកម្ពុជា មិនអនុញ្ញាតឱ្យគោយន្តរបស់ជន
ជាតិថៃ ចូលមកដឹកដំឡូងមីនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីរថយន្តធំៗរបស់ក្រុម
ហ៊ុនថៃប្រមាណ ២០០គ្រឿង បានដឹកដំឡូងមីប្រមាណ៤.០០០តោនក្នុង១ថ្ងៃៗ
ចេញពីខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ។

លោក នូ យ៉ត ប្រធានច្រកព្រំដែនបឹងត្រកួននៅក្នុងស្រុកថ្មពួក ខេត្តបន្ទាយមាន
ជ័យបានថ្លែងប្រាប់ VOA ថា ការរាំងស្ទះការនាំចេញដំឡូងមីនេះ បានធ្វើឱ្យប៉ះ
ពាល់តម្លៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ
នៅតំបន់ព្រំដែនជាប់ជាមួយប្រទេសថៃ ។

"យើងខកចិត្តនេះ ដោយសារការបិទច្រកនេះគឺដោយបាតុករធ្វើបាតុកម្មរបស់
ប្រជាពលរដ្ឋថៃ។ អាជ្ញាធរថៃឃើញហ្វូងបាតុករមកធ្វើបាតុកម្មនៅមុខច្រកនេះ
ហើយ ហេតុអ្វីបានជាសមត្ថកិច្ច និងអាជ្ញាធរថៃមិនបង្គ្រាប ហើយបើមានបាតុ
កម្មហើយ អាជ្ញាធរមិនដោះស្រាយជាបន្ទាន់។ ប្រជាពលរដ្ឋយើងខំប្រឹងប្រែងដាំ
កសិផលបានហើយ បែរជាអត់មានការនាំចេញទៅវិញ ដោយប្រជាពលរដ្ឋថៃមក
ធ្វើបាតុកម្ម (បិទផ្លូវច្រកព្រំដែន) នៅខាងមុខទៀត"។

ដំឡូងមីប្រមាណ៤.០០០តោនត្រូវបានដឹកចេញពីប្រទេសកម្ពុជាទៅប្រទេសថៃ
តាមច្រកព្រំដែនជារៀងរាល់ថ្ងៃ ពីស្រុកថ្មពួក ស្រុកស្វាយចេក ស្រុកភ្នំស្រុកស្រុក
ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ និងតំបន់នានានៅក្នុងខេត្តឧត្តរមានជ័យ។

ក្រុមឈ្មួញកណ្តាលដែលបានប្រមូលទិញដំឡូងសម្រាប់ក្រុមហ៊ុនថៃនាំចេញបាន
និយាយថា ក្រុមហ៊ុនថៃបានផ្អាកការទិញ និងការនាំចេញដំឡូងមីពីកម្ពុជាដោយ
សារបាតុកម្ម ហើយក្រុមហ៊ុនថៃចំនួន ៦ បានខាតបង់យ៉ាងធ្ងន់ធ្ងរនៅក្នុងការនាំ
ចេញដំឡូងមីនេះ ដោយសារក្រុមហ៊ុនទាំងនេះបានចំណាយប្រាក់ភ្លាមៗសម្រាប់
ការទិញដំឡូងមីពីកសិករខ្មែរ និងការស្អុយរលួយដោយសារទុករយៈពេលលើស
ពី ៧ ថ្ងៃ។

លោក ចូវ តាវ សមាជិកក្រុមប្រឹក្សាស្រុកថ្មពួក និង ជាឈ្មួញកណ្តាលសម្រាប់
ដំឡូងមីបានបញ្ជាក់ថា លោកបានបាត់បង់មុខរបរទិញដំឡូងនិងប្រាក់ចំណូល
ដែលប៉ះពាល់ដល់ជីវភាពរស់នៅរបស់លោក។ បើអាជ្ញាធរនៃខេត្តស្រះកែវ និង
ខេត្តបន្ទាយមានជ័យមិនរកដំណោះស្រាយសម្រាប់ការនាំចេញដំឡូងនេះ។

"ខ្ញុំឈប់ទិញដំឡូងមីនេះ។ វាជាបញ្ហាផ្ទាល់របស់ខ្ញុំ ប៉ុន្តែសំខាន់ វាប៉ះពាល់ដល់
កសិករខ្មែរ ។ ខ្ញុំមិនអាចរកប្រាក់ចំណូលបានទៀតទេ បើគេអត់ទិញដំឡូងមី
ទៀតនោះ។ គិតជាប្រាក់ចំណូលក្នុង ១ខែ ដំឡូងដែលយើងទិញបានច្រើនខាត
ប្រហែល ២៥០.០០០ បាត ស្មើនឹង ៧.៣៥៣ ដុល្លារអាមេរិក"។

លោក ក ដាំ អាយុ ៤៩ឆ្នាំ អ្នកដាំដំឡូងមីនៅក្នុងភូមិលូ ឃុំគំរូ ស្រុកថ្មពួក ខេត្ត
បន្ទាយមានជ័យ បានថ្លែងថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីជីវភាព
រស់នៅរបស់លោក ពីព្រោះលោកអាចប្រឈមមុខនឹងការខាតបង់ប្រាក់ប្រមាណ
៣០.០០០ ដុល្លាអាមេរិក។

"យើងដាំដំឡូងមី យើងសង្ឃឹមថា យើងនឹងប្រមូលផលពីការដាំដំឡូងមី។ បើ
ដំឡូងរបស់យើងមិនអាចលក់ចេញ យើងជួបផលវិបាកផ្នែកថវិកា។ យើងដាំ
ដំឡូងមីក្នុង១ ហិចតា ដើមទុនផលិតរបស់យើងជិត ២០.០០០បាត ហើយខ្ញុំ
ដាំដំឡូងមីបានប្រហែល៥០ ហិចតា"។

លោកនូ យ៉តបានបញ្ជាក់ថា អាជ្ញាធរខេត្តស្រះកែវរបស់ប្រទេសថៃនិងអាជ្ញាធរ
ប្រទេសកម្ពុជា បានព្រមព្រៀងគ្នាដោះស្រាយបញ្ចប់បាតុកម្មរបស់អ្នកភូមិថៃ
ដែលជាហេតុនាំឱ្យរាំងស្ទះដល់ការនាំចេញដំឡូងមីពីកម្ពុជានេះ៕

XS
SM
MD
LG