ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្សនយោបាយវាយតម្លៃខុសគ្នា អំពីប្រជាធិបតេយ្យ


ជម្លោះអំពីដំណើរការលទ្ធិប្រជាធិបតេយ្យរវាងគណបក្សប្រឆាំង និងគណបក្ស
កាន់អំណាច បានបង្កភាពស្មុគ្រស្មាញ ប៉ុន្តែមន្ត្រីសិទ្ធិមនុស្សបានអះអាងថាទង្វើ
នេះជាជំហានវិជ្ជមានឆ្ពោះទៅរកការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។

តំណាងរាស្ត្រគណបក្សប្រឆាំង និង គណបក្សគ្រប់គ្រងអំណាចនៅថ្ងៃអង្គារនេះ
បានរិះគន់ប្រឆាំងនឹងគ្នាទៅវិញទៅមក អំពីការមិនយល់ស្របគ្នាលើដំណើរការ
លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា។

សមាជិករដ្ឋសភា និងព្រឹទ្ធសភាពីគណបក្សប្រជាជនកម្ពុជា គណបក្សសម រង្សី
គណបក្សសិទ្ធិមនុស្ស គណបក្សហ៊្វុនស៊ិនប៉ិច និង គណបក្សនរោត្តមរណឫទ្ធិ
បានប្រមូលផ្តុំគ្នាប្រារព្ធទិវាប្រជាធិបតេយ្យអន្តរជាតិឆ្នាំ ២០០៩ ក្រោមការជួយ
ឧបត្ថម្ភដោយកម្មវិធីអង្គការសហប្រជាជាតិ UNDP ដែលមានតំណាងរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាលចូលរួមនៅក្នុងការពិភាក្សាអំពីប្រធានបទអំពីប្រជា
ធិបតេយ្យ និងការអត់ឱនខាងនយោបាយ។

លោកសម រង្សី ប្រធានគណបក្សប្រឆាំង បានថ្លែងនៅក្នុងពិធីនេះថា លទ្ធិប្រជា
ធិបតេយ្យនៅក្នុងប្រទេសកម្ពុជា គឺមានតែរូបភាព និងដើរថយក្រោយ។

"ខ្ញុំយកឱកាសនេះដើម្បីសម្តែងការកោតសរសើរចំពោះរដ្ឋាភិបាលនិងគណបក្ស
កាន់អំណាច ។ កោតសរសើរអំពីរឿងខំកសាងរូបភាពប្រជាធិបតេយ្យ។ គណ
បក្សកាន់អំណាច និង រដ្ឋាភិបាលបានសម្រេចជោគជ័យមួយក្នុងការកសាងរូប
ភាពប្រជាធិបតេយ្យ"។

លោក សម រង្សី បានបញ្ជាក់ថា " ប្រជារាស្ត្ររាប់រយរាប់សែននាក់បានប្រឈម
មុខនឹងការបាត់បង់សិទ្ធិមានដីស្រែចម្ការ សិទ្ធិមានផ្ទះសម្បែងសមរម្យ សិទ្ធិមាន
ការងារធ្វើ សិទ្ធិមានប្រាក់ខែសមរម្យ សិទ្ធិទទួលការព្យាបាលជំងឺសិទ្ធិទទួលប្រាក់
សោធននិវឌ្ឍន៍សមរម្យ។ លទ្ធិប្រជាធិបតេយ្យក្នុងរយៈពេល ១៦ឆ្នាំកន្លងមកនេះ
មានទិដ្ឋភាពខ្លះឈានទៅមុខ មានទិដ្ឋភាពខ្លះដើរថយក្រោយដូចជាកាលពីមុខ
បើយើងហ៊ានប្រឆាំងតវ៉ា គេនឹងសម្លាប់ តែឥឡូវយ៉ាងច្រើនគ្រាន់តែដកអភ័យ
ឯកសិទ្ធិ ជាប់ពន្ធនាគារនិងពិន័យជាប្រាក់ ។ វាគ្រាន់បើជាងមុន ។ វាមិនមាន
ស្លាប់ណា។ កាលមុន ខ្ញុំដឹកនាំធ្វើបាតុកម្មនៅមុខរដ្ឋសភា គឺស្លាប់ដោយការគប់
គ្រាប់បែក។ អ្វីដែលដើរថយក្រោយ ដូចជាសិទ្ធិ និងសេរីភាពក្នុងការសម្តែងមតិ
ការជួបប្រជុំ ការដង្ហែរក្បួនបាតុកម្ម មិនបានសោះ"។

ការលើកឡើងរបស់លោកសម រង្សីបែបនេះបានធ្វើឱ្យតំណាងរាស្ត្រគណបក្ស
គ្រប់គ្រងអំណាច ក្តៅក្រហាយយ៉ាងខ្លាំង និងប្រតិកម្មតបភ្លាមៗ។

លោកឈាន វុន ប្រធានគណៈកម្មការទទួលបន្ទុកកិច្ចការបរទេសនៃរដ្ឋសភាខាង
គណបក្សប្រជាជនកម្ពុជា បានឆ្លើយបដិសេធដោយកំហឹងត្រជាក់ចំពោះការកត់
សម្គាល់របស់លោក សម រង្សីនេះ ដោយបញ្ជាក់ថា "យើងមានការសោកស្តាយ
យ៉ាងខ្លាំងចំពោះការបន្ទាបបន្ថោកដំណើរការប្រជាធិបតេយ្យនៅកម្ពុជារបស់លោក
សម រង្សីនេះ និងបានធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍របស់យើងយ៉ាងច្រើនដែល
ជាសមាជិកគណបក្សកាន់អំណាច។ ផ្លូវដែលយើងកំពុងតែដើរ យើងជឿទុកចិត្ត
ថា យើងកំពុងតែដើរផ្លូវត្រូវ។ ប្រជាធិបតេយ្យមានផ្លូវវែងណាស់ដែលត្រូវដើរមួយ
ថ្ងៃពីរថ្ងៃមិនអាចធ្វើបាននោះទេ។ការលើកឡើងរបស់លោកសម រង្សី ប្រហែល
ជាមិនចំទិសដៅទេ"។

លោកអ៊ូ វិរៈប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានពិពណ៌នាមតិផ្ទុយគ្នាអំពី
លទ្ធិប្រជាធិបតេយ្យរវាងគណបក្សប្រឆាំង និងគណបក្សកាន់អំណាចនេះថា ជា
ជំហានឆ្ពោះទៅរកការគោរពលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។

"នេះគឺជាការសម្តែងនូវមតិផ្ទុយគ្នា។ ការសម្តែងមតិផ្ទុយគ្នានៅក្នុងពេលជាមួយ
គ្នានិងកន្លែងតែមួយបែបនេះ គឺជាជំហានវិជ្ជមាន។ ប៉ុន្តែយើងគួរតែមានការបើក
ចំហការជជែកគ្នាបែបនេះតទៅទៀត និង តាមប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ
និងកាសែត"។

លោកឱម យិនទៀង ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល និងជា
ទីប្រឹក្សាជាន់ខ្ពស់របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងនៅក្នុងទិវាប្រជា
ធិបតេយ្យអន្តរជាតិឆ្នាំ ២០០៩ នេះថា វប្បធម៌ និង សង្គមកម្ពុជា មិនដែលមាន
ចំណុចអ្វីបដិបក្ខទៅនឹងការអភិវឌ្ឍន៍នៃសិទ្ធិមនុស្ស និង លទ្ធិប្រជាធិបតេយ្យទេ
ហើយការអត់ឱនគឺជាការយោគយល់គ្នា និងរួមគ្នា ដើម្បីជៀសវាងការអន្តរាយ
ដល់រដ្ឋធម្មនុញ្ញ និងលទ្ធិប្រជាធិបតេយ្យ៕

XS
SM
MD
LG