ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គម្រោងវិនិយោគមកពីមជ្ឈឹមបូព៌ា ពុំទាន់មានរូបរាង


គម្រោងវិនិយោគនៅក្នុងប្រទេសកម្ពុជារបស់ប្រទេសមជ្ឈឹមបូព៌ា នៅពុំទាន់លេច
ចេញជារូបរាងនៅឡើយ ក្នុងខណៈពេលដែលសហគមន៍ខ្មែរអ៊ីស្លាមក្នុងប្រទេស
កំពុងទន្ទឹងរង់ចាំវិនិយោគទុនទាំងនោះអស់រយៈពេលជាង១ឆ្នាំមកហើយ។

ក្រុមមន្រ្តីរដ្ឋាភិបាលកម្ពុជាបានថ្លែងឱ្យដឹងនៅក្នុងសប្តាហ៍នេះថា រហូតមកដល់
ពេលនេះ រដ្ឋាភិបាលពុំទាន់ទទួលបានគម្រោងជាក់លាក់ណាមួយពីវិនិយោគិន
មកពីប្រទេសមជ្ឈឹមបូព៌ានោះទេ បន្ទាប់ពីប្រទេសកាន់សាសនាឥស្លាមទាំងនោះ បានសន្យាធ្វើវិនិយោគនៅក្នុងប្រទេសកម្ពុជា កាលពីមួយឆ្នាំមុននេះ។

ការសន្យានោះរួមមានគម្រោងអភិវឌ្ឍន៍វិស័យថាមពលនិងកសិកម្មក្នុងតម្លៃជា
ទឹកប្រាក់រាប់រាយលានដុល្លារអាមេរិកាំង។

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានថ្លែងប្រាប់ VOAតាម
ទូរស័ព្ទថា ពេលនេះគម្រោងវិនិយោគទាំងនោះកំពុងស្ថិតក្នុងការសិក្សានៅឡើយ
ពោល គឺ ពុំទាន់មានកិច្ចព្រមព្រៀងណាមួយទៅលើគម្រោងវិនិយោគទុនរបស់
ប្រទេសមជ្ឈឹមបូព៌ានៅក្នុងប្រទេសកម្ពុជានេះទេ។

“បាទ កំពុងតែស្ថិតនៅក្នុងការសិក្សានៅឡើយទេ គឺថា កំពុងតែធ្វើការសិក្សា
ហៅថា feasibility study ណា៎។ គេសិក្សាជាបឋមសិន នៅពេលដែលការ
សិក្សានេះចប់ហើយ នោះអាចនឹងមានកិច្ចព្រមព្រៀងហើយ បាទ”។

នៅក្នុងដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជាកាលពីខែមេសានិងសីហាឆ្នាំ
មុន មេដឹកនាំប្រទេសកាតា និងគុយវ៉ែត បានសន្យាជួយប្រទេសកម្ពុជាជាទឹក
ប្រាក់សរុបប្រមាណ៧០០លានដុល្លារអាមេរិកាំង ជាកញ្ចប់ប្រាក់កម្ចីនិងគម្រោង
វិនិយោគដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេស ដែលខ្ទេចខ្ទីដោយសារ
សង្រ្គាមមួយនេះ។

កាលពីខែមីនាកន្លងទៅនេះ ក្រុមហ៊ុនធំៗមួយចំនួនរបស់ប្រទេសអ៊ីស្រាអែល
ក៏បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនក្នុងការធ្វើវិនិយោគទៅលើវិស័យ
កសិកម្មនៅក្នុងប្រទេសនេះផងដែរ។

ប៉ុន្តែមន្ត្រីនៃក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជាCDCដែលទទួលបន្ទុកខាងកិច្ចការវិនិ-
យោគក៏បានថ្លែងក្នុងលក្ខខ័ណ្ឌមិនឱ្យបញ្ចេញឈ្មោះនិងសម្លេងដោយអះអាង
បញ្ជាក់ដែរថា រហូតមកដល់ពេលនេះ CDC ពុំទាន់ទទួលបានពាក្យស្នើសុំធ្វើ
វិនិយោគពីបណ្តាប្រទេសមជ្ឈឹមបូព៌ាទាំងអស់នោះនៅឡើយទេ។

ប្រទេសកម្ពុជាកន្លងមកធ្លាប់តែទទួលបានជំនួយមនុស្សធម៌រួមមានការជួយ
សាងសង់សាលារៀននិងវិហារអ៊ីស្លាមប៉ុណ្ណោះពីសំណាក់ប្រទេសមជ្ឈឹមបូព៌ា
ទាំងនេះដូចជាគុយវ៉ែត អារ៉ាប់ប៊ីសាអូឌិត ហើយនិង ប្រទេសកាន់សាសនា
អ៊ីស្លាមក្នុងទ្វីបអាស៊ីមួយចំនួនទៀតដូចជាម៉ាឡេស៊ី និងឥណ្ឌូណេស៊ីជាដើម។

ដូច្នេះ លោក អូស្មាន់ ហាស់សាន់ រដ្ឋលេខាធិការក្រសួងការងារបានចាត់ទុក
គម្រោងវិនិយោគថ្មីៗពីបណ្តាប្រទេសមជ្ឈឹមបូព៌ានេះថា ជាការវិនិយោគលើក
ទីមួយហើយនៅក្នុងប្រទេសកម្ពុជាសម្រាប់បណ្តាប្រទេសមកពីឈូងសមុទ្រ
ពែក្សទាំងនេះ។

លោក អូស្មាន់ ហាស់សាន់ បានលើកឡើងថា ការដែលគម្រោងវិនិយោគទាំង
នោះនៅមិនទាន់លេច ចេញជារូបរាងនៅឡើយនេះគឺដោយសារក្រុមហ៊ុនវិនិ-
យោគនៃបណ្តាប្រទេសដែលសម្បូរប្រេងនៅមជ្ឈឹមបូព៌ាទាំងនោះ ត្រូវការពេល
ដើម្បីសិក្សាអំពីគម្រោងរបស់ពួកគេឱ្យបានល្អិតល្អន់ជាមុនសិន។

“ខ្ញុំពិនិត្យមើលនៅតំបន់ជុំវិញយើងដូចជាប្រទេសម៉ាឡេស៊ី វៀតណាម ស៊ឹង្ហបុរី
ជាដើមហ្នឹងគឺឃើញ បណ្តាប្រទេសនៅមជ្ឈឹមបូព៌ាហ្នឹងបានមកបោះទុនច្រើន។
ខ្ញុំឧទាហរណ៍ដូចជាម៉ាឡេស៊ី មានពេល ខ្លះគឺថា គេទិញជាអាគារធំៗខ្ពស់ៗ
ដែលមានតម្លៃរាប់រយលានដុល្លារដើម្បីដំណើរការធ្វើអាជីវកម្មរបស់គេ។ អញ្ចឹង
ពាណិជ្ជកររបស់គេដែលបានចុះមកកម្ពុជាធ្វើការសិក្សានេះ គេកំពុងតែពិនិត្យ
មើលថា តើអ្វីដែលជាសក្តានុពលសំរាប់គេធ្វើវិនិយោគដែលមានភាពយូរអង្វែង
ទៅអនាគត”។

ប៉ុន្តែកញ្ញាទលស់ ហ្វាអ៊ីសះ ដែលនៅលើក្បាលមានរុំកន្សែងពណ៌ខ្មៅមួយតាម
របៀបអ្នកកាន់សាសនាអ៊ីស្លាមនោះបានប្រាប់ឱ្យដឹងថា កញ្ញាបានទន្ទឹងរង់ចាំ
ក្រុមហ៊ុនវិនិយោគទុនពីបណ្តាប្រទេសមជ្ឈឹមបូព៌ាទាំងនោះអស់រយៈពេលជាង
១ឆ្នាំមកហើយ។

និស្សិតចាមវ័យ២៥ឆ្នាំរូបនេះដែលកំពុងត្រៀមខ្លួនឡើងការពារសារណាបញ្ចប់
ការសិក្សាថ្នាក់បរិញ្ញាប័ត្រផ្នែកវិទ្យាសាស្រ្តកំព្យូទ័ររបស់នាងនោះ បាននិយាយ
នៅក្នុងអន្តេវាសិកដ្ឋានរបស់នាងក្នុងក្រុងភ្នំពេញថា គម្រោងវិនិយោគពីប្រទេស
មជ្ឈឹមបូព៌ាទាំងនោះនឹងផ្តល់ឱកាសការងារកាន់តែច្រើនសំរាប់រូបនាង និងជន
ជាតិចាមដទៃទៀតនៅក្នុងប្រទេស។

“ដោយសារតែប្រទេសនោះជាប្រទេសអ៊ីស្លាមហើយគាត់មកវិនិយោគនៅក្នុងប្រ-
ទេសកម្ពុជា គាត់ដឹងថា ជាអ៊ីស្លាមអញ្ចឹង ធម្មតាគាត់ត្រូវមានចេះភាសាអារ៉ាប់
ម៉ាឡេ ឬ ក៏អង់គ្លេស ដល់អញ្ចឹងវាជាឱកាសការងារដល់អ៊ីស្លាមនៅក្នុងប្រទេស
កម្ពុជា ដោយសារពួកយើងអ្នកខ្លះអាចចេះភាសាម៉ាឡេ ឬភាសាអារ៉ាប់ អាចធ្វើ
ការនៅក្រុមហ៊ុនអ៊ីស្លាមដូចគ្នា” ។

ទលស់ ហ្វាអ៊ីសះ បន្ថែមថា លក្ខណៈល្អប្រសើរមួយទៀតសំរាប់សាសនិកខ្មែរ
អ៊ីស្លាមចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុនមកពីប្រទេសមជ្ឈឹមបូព៌ាទាំងនោះ
គឺទំនៀមទម្លាប់និងការប្រតិបត្តិសាសនាដូចគ្នា។

“យើងជាអ៊ីស្លាមដូចគ្នា អញ្ចឹងអាចថា ក្រុមហ៊ុនអាចមានពេលវេលាសម្រាប់ឱ្យ
អ៊ីស្លាមដូចគ្នាក្នុងការធ្វើទំនៀមទម្លាប់ប្រពៃណីរបស់អ៊ីស្លាម ជាពិសេស គឺថា
អាចឱ្យអ៊ីស្លាមយើងស្លៀកពាក់បែបជាទំនៀមទំលាប់ប្រពៃណីអ៊ីស្លាមបាន”។

ជាងនេះទៀតនោះ បើផ្អែកតាមលោក អូស្មាន់ ហាស់សាន់សហគមខ្មែរអ៊ីស្លាម
នឹងទទួលបាននូវការអភិវឌ្ឈន៍មួយកម្រិតទៀតប្រសិនបើក្រុមហ៊ុនដែលមកធ្វើ
វិនិយោគទាំងនោះគោរពនិងប្រតិបត្តិតាមច្បាប់នៃសាសនាអ៊ីស្លាមនោះ។ ច្បាប់
សាសនាអ៊ីស្លាមដែលតម្រូវឱ្យក្រុមហ៊ុនវិនិយោគទាំងនោះបង់ជាវិភាគទានចំនួន
២,៥%នៃប្រាក់ចំណេញរបស់ខ្លួនទៅដល់សហគមន៍ខ្មែរអ៊ីស្លាមនៅក្នុងប្រទេស
កម្ពុជានេះ៕ ចប់

XS
SM
MD
LG