ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទុនវិនិយោគបរទេសធ្លាក់ចុះនៅ៦ខែដើមឆ្នាំ២០០៩


ប្រាក់ទុនបរទេសសម្រាប់ធ្វើការវិនិយោគនៅប្រទេសកម្ពុជា បានដំាក្បាលចុះ
យ៉ាងខ្លាំងនៅពាក់កណ្តាលឆ្នាំ ២០០៩នេះ។ នេះបើយោងតាមស្ថិតិវិនិយោគ
របស់ក្រុមប្រឹក្សាអភិវឌ្ឍន៌កម្ពុជា CDC។

តួលេខចុងក្រោយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាCDCបង្ហាញថា គម្រោង
ទុនវិនិយោគសរុបរបស់ វិនិយោគគិន មកពីប្រទេសចំនួន១៣ បានធ្លាក់ចុះ
យ៉ាងហោចណាស់ 3.2 ពាន់លានដុល្លា នៅពាក់កណ្តាលឆ្នាំ ២០០៩នេះ បើ
ធៀបទៅនឹងពាក់កណ្តាលឆ្នាំ២០០៨។ គឺថយចុះពី 4.42 ពាន់លានដុល្លា មក
ត្រឹម1.22ពាន់លានដុល្លា។ ការធ្លាក់ចុះនេះកើតឡើងបន្ទាប់ពីសេដ្ឋកិច្ចសាកល
លោកត្រូវស្រុតចុះដុនដាបដោយសារវិបត្តិហិរញ្ញវត្ថុ ដែលផ្ទុះឡើងចាប់តាំង
ពីខែសីហាឆ្នាំមុនមក។

លោក យន់ ហេង អនុប្រធាននាយកដ្ឋានវាយតម្លៃ និងលើកទឹកចិត្តនៃគណៈ
កម្មាធិការវិនិយោគកម្ពុជា មាន ប្រសាសន៌ថា មានគម្រោងវិនិយោគធំៗច្រើន
នៅឆ្នាំ២០០៨ ប៉ុន្តែ នៅឆ្នាំ ២០០៩នេះ គម្រោងវិនិយោគទ្រង់ទ្រាយធំ មាន
តិចតួចដែលធ្វើឲ្យតួលេខប្រាក់វិនិយោគស្រកចុះ។

ការធ្លាក់ចុះនេះមួយផ្នែកថាដោយសារវិបត្តិហិរញ្ញវត្ថុ។ ប៉ុន្តែរឿងដែលធំជាងគេ
មកពី ឆ្នាំ ២០០៨ហ្នឹង វាមាន ទុនធំៗមកវិនិយោគច្រើន។ ហើយទន់ធំៗអីចឹង
យូរៗមានម្តង ដល់ពេលអាមានមួយហ្នឹងមកបុកចំឆ្នាំណា ឆ្នាំហ្នឹងលោតខ្ពស់។
ដល់ពេលក្នុងឆ្នាំ២០០៩ រហូតដល់ ឆមាសទី១ហ្នឹង យើងអត់មានគម្រោងធំ
អីចឹងមក ធ្វើឲ្យតួលេខហ្នឹង វាធ្លាក់។

គម្រោងវិនិយោគធំៗរបស់ក្រុមហ៊ុនបរទេស ដែលបោះទុនធ្វើអាជីវកម្មនៅ
កម្ពុជាកាលពីឆ្នាំ ២០០៨ មានដូចជា ការ វិនិយោគកសាងទីក្រុងរណប ការ
វិនិយោគលើឧស្សាហកម្មកាត់ដេរ និងទេសចរណ៌ជាដើម។ ភាគច្រើននៃការ
វិនិយោគទាំងនេះ គឺមកពីប្រទេសកូរ៉េខាងត្បូង និងចិនដែលធ្វើឲ្យប្រទេស
ទាំងពីរនេះក្លាយជាដៃគូវិនិយោគដ៏សំខាន់ លំដាប់លេខ ១និងលេខ២របស់
ខ្មែរ។

ជាក់ស្តែង ការកាត់បន្ថយគម្រោងវិនិយោគនៃប្រទេសទាំងពីរបានបង្ហាញយ៉ាង
ច្បាស់ពីការធ្លាក់ចុះនូវទឹកប្រាក់ វិនិយោគជាទូទៅ។ ស្ថិតិ របស់ CDCបង្ហាញ
ថា គម្រោងទុនវិនិយោគរបស់ចិនបានធ្លាក់ចុះពី 3.86ពាន់លានដុល្លានៅពាក់
កណ្តាលឆ្នាំ២០០៨មកត្រឹមតែ 242.43 លានដុល្លាប៉ុណ្ណោះនៅពាក់កណ្តាល
ឆ្នាំ ២០០៩នេះ។ ក្នុងរយៈពេល ដូចគ្នានេះ ទុនវិនិយោគពី ប្រទេសកូរ៉េខាង
ត្បូង បានថយចុះពី 258.09 លានដុល្លា មកត្រឹម 109.25 លានដុល្លា។ ទន្ទឹម
នឹងនោះ ការវិនិយោគរបស់កោះតៃវ៉ាន់ក៏បានធ្លាក់ចុះ 6.8លានដុល្លាដែរ ខណៈ
ដែលការវិនិយោគរបស់ប្រទេស អង់គ្លេសបានស្រុតចុះ 4.02លានដុល្លា។

លោកលី យ៉ុងសឿក អគ្គនាយករងនៃទីភ្នាក់ងារជម្រុញពាណិជ្ជកម្មវិនិយោគ
កូរ៉េ បាននិយាយថា នេះគឺជាការធ្លាក់ចុះ លើកដំបូងបំផុតសម្រាប់ការវិនិយោគ
របស់កូរ៉េ នៅកម្ពុជា។

ដោយសារតែឳនភាពនៃសេដ្ឋកិច្ច ការវិនិយោគរបស់កូរ៉េនៅកម្ពុជានឹងធ្លាក់
ចុះ។ ដូចដែលអ្នកបានដឹងថា នៅមុន ពេលវិបត្តិសេដ្ឋកិច្ចមកដល់ ការវិនិ-
យោគបានកើនឡើងយ៉ាងខ្លាំង។ ប៉ុន្តែ បន្ទាប់ពីវិបត្តិនេះ ការវិនិយោគចាប់
ផ្តើមធ្លាក់ ចុះ មិនត្រឹមតែនៅប្រទេសកម្ពុជាទេ តែនៅគ្រប់បណ្តាប្រទេសទាំង
អស់។

លោក លី យ៉ុងសឿក ជឿជាក់ថា ការវិនិយោគរបស់កូរ៉េខាងត្បូងនៅកម្ពុជា
នឹងបន្តធ្លាក់ចុះរហូតដល់មួយឆ្នាំ ឬ២ឆ្នាំ ក្រោយ។

គួរបញ្ជាក់ថា ការធ្លាក់ចុះនូវប្រាក់ទុនវិនិយោគនេះគឺបង្ហាញពីការចុះអន់ថយ
លើភាពរីកចំរើនរបស់វិស័យនានាដែល ទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា ជាពិសេសគឺ
វិស័យកាត់ដេរទេសចរ និងសំណង់។គម្រោងទុនវិនិយោគលើវិស័យទេចរណ៍
បានថយចុះខ្លាំងជាងគេ គឺថយពី 4.1ពាន់លានដុល្លា មកត្រឹម3 54លាន
ដុល្លា។ ប្រាក់វិនិយោគលើវិស័យឧស្សាហកម្ម ដោយរួមបញ្ជូលទាំងឧស្សាហ
កម្មកាត់ដេរ ផងនោះ បានស្រុតចុះអស់ 152.17 លានដុល្លា។ ចំណែកការ
វិនិយោគ លើសេវាកម្មនិងទូរគមនាគម នោះក៏បានថយថុះអស់ជាង137
លានដុល្លាដែរ។

របាយការណ៌របស់ CDC បានឲ្យដឹងថា មានតែការវិនិយោគលើវិស័យកសិកម្ម
មួយប៉ុណ្ណោះដែលមាន សន្ទុះកើនឡើង រហូតដល់ទៅ 260.46 លានដុល្លា
នៅពាក់កណ្តាលឆ្នាំ ២០០៩។

បើទោះជាគម្រោងវិនិយោគធំៗមានការធ្លាក់ចុះ ក៏ប៉ុន្តែ ការវិនិយោគតូចៗ
ជាច្រើនទៀតបានចាប់ផ្តើមឡើងនៅពេល ដំណាលគ្នានោះ។ ជាក់ស្តែងការ
វិនិយោគពីប្រទេសរុស្ស៊ី វៀតណាម ថៃ និងសិង្ហបុរី មានការកើនឡើងគួរឲ្យ
កត់សម្គាល់។ ស្ថិតិដដែលនេះបានបង្ហាញថា រុស្ស៊ីបានក្លាយទៅជាប្រទេស
វិនិយោគធំជាងគេនៅស្រុកខ្មែរ។ គម្រោងទុន វិនិយោគរបស់រុស្ស៊ីបានកើន
ឡើង 225.15លានដុល្លា គឺឡើងពី 9.5 លានដុល្លានៅពាក់កណ្តាលឆ្នាំ
២០០៨ រហូត ដល់234.65ដុល្លានៅពាក់កណ្តាលឆ្នាំ ២០០៩។

ក្នុងរយៈពេលដូចគ្នានេះ គម្រោងទុនវិនិយោគរបស់ប្រទេសថៃ បានកើនឡើង
155.3លានដុល្លា គឺកើនពី22.79លាន ដុល្លា រហូតដល់ 178.09លានដុល្លា។ ប្រាក់វិនិយោគរបស់ប្រទេសវៀតណាម បានកើនឡើង 97.52 លានដុល្លា
ខណៈដែលការវិនិយោគពី ប្រទេសសិង្ហបុរីបានកើនឡើង41.84លាន ដុល្លា។

លោក យន់ ហេង ថ្លែងថា រុស្ស៊ីបានបោះទុនវិនិយោគក្នុងទំហំសាច់ប្រាក់ច្រើន
ទៅលើការអភិវឌ្ឍន៌កោះនានានៅ ប្រទេសកម្ពុជា។ ដោយឡែកប្រទេសថៃ
បានបញ្ចេញទុនបន្ថែមលើការវិនិយោគបើករោងចក្រស្ករស ខណៈដែល
ប្រទេសវៀតណាមបានវិនិយោគច្រើនលើប្រព័ន្ធទូរគមនាគម។

លោក លី បៀនជុង ទីប្រឹក្សាពាណិជ្ជកម្មនៃស្ថានទូតវៀតណាមប្រចាំកម្ពុជា
និយាយថា បើទោះជាសេដ្ចកិច្ចជួបវិបត្តិ ប៉ុន្តែ មានក្រុមហ៊ុនវៀតណាមកាន់
តែច្រើនឡើងបានចាប់ផ្តើមបើកការវិនិយោគនៅកម្ពុជា។

ទំនាក់ទំនងវៀតណាមកម្ពុជា កាន់តែល្អហ្នឹង មានក្រុមហ៊ុនវៀតណាមមក
វិនិយោគជាមួយកម្ពុជាកាន់តែច្រើន។

ដំណាលគ្នានោះដែរ របាយការណ៌របស់ក្រុមប្រឹក្សាអភិវឌ្ឍន៌កម្ពុជា បាន
បង្ហាញថា មានក្រុមហ៊ុនមួយចំនួនដែល មិនបានធ្វើការវិនិយោគនៅកម្ពុជា
កាលពីឆ្នាំមុននោះ បានចាប់ផ្តើមបោះទុនវិនិយោគនៅកម្ពុជា។ ក្រុមហ៊ុន
ទាំងនោះ មានមកពីប្រទេស បារំាង អេស្ប៉ាញ ជប៉ុន ឥណ្ឌូនេស៊ី និងទីក្រុង
ហុងកុង ដែលវិនិយោគលើគម្រោងតូចៗមានទំហំ ទឹកប្រាក់ចន្លោះពី២លាន
ទៅ៥លានដុល្លា។
ដោយឡែក ប្រទេស កាណាដា សហរដ្ឋ អាមេរិក ម៉ាឡេស៊ី និងអូស្ត្រាលី
ដែលបានបោះទុនវិនិយោគនៅប្រទេសកម្ពុជាកាលពីឆ្នាំមុននោះ មិនមាន
គម្រោងវិនិយោគថ្មីទេ នៅពាក់កណ្តាលឆ្នាំ ២០០៩នេះ។

លោក យន់ ហេង អនុប្រធាននាយកដ្ឋានវាយតម្លៃ និងលើកទឹកចិត្តនៃគណៈ
កម្មាធិការវិនិយោគកម្ពុជា អះអាងថា តួលេខ វិនិយោគដែលធ្លាក់ចុះនៅពាក់
កណ្តាលឆ្នាំនេះ មិនមែនជាសញ្ញាណអវិជ្ជមាននោះទេ ហើយលោកជឿជាក់
ថា ការ បោះទុនវិនិយោគនឹងល្អប្រសើរឡើងវិញនៅឆ្នាំក្រោយ៕ ចប់

XS
SM
MD
LG