ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យុទ្ធសាស្ត្រពង្រីកទីផ្សារឥណទាន មីក្រូហិរញ្ញវត្ថុ


គ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុនានានៅប្រទេសកម្ពុជា កំពុងចាប់ផ្តើមទម្លាក់អត្រាការ
ប្រាក់ និងសម្រួលដល់ការស្នើសុំប្រាក់កម្ចីដើម្បីប្រកួតប្រជែងពង្រីកទីផ្សារប្រាក់
កម្ចីឡើងវិញ។ យុទ្ធសាស្ត្រនេះធ្វើឡើងក្នុងពេលការបញ្ចេញប្រាក់កម្ចីកំពុងដាំ
ក្បាលចុះ។

គ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុនានានៅកម្ពុជាកំពុងប្រកួតប្រជែងគ្នា ដាក់ចេញនូវយុទ្ធ
សាស្ត្រថ្មីៗមិនធ្លាប់មានពីមុនមក ដើម្បីគៀងគរអតិថិជន និងពង្រីកទីផ្សារឥណ
ទាន។ យុទ្ធសាស្ត្រទាំងនេះធ្វើឡើងបន្ទាប់ពីប្រាក់កម្ចីនៅក្នុងដៃអតិថិជនរបស់
គ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុបានថយចុះយ៉ាងហោចណាស់ ២០លានដុល្លានៅពាក់
កណ្តាលឆ្នាំ ២០០៩នេះ។ គឺជាការធ្លាក់ចុះលើកដំបូងក្នុងរយៈពេលជិត ១០ឆ្នាំ
កន្លងទៅ។

លោក ស៊ឹម សេនាជាតិ អគ្គនាយកគ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ និយាយថា
អស់រយៈពេល២ខែហើយ ដែលគ្រឹៈស្ថានរបស់លោកបញ្ចេញផែនការសំខាន់ៗ
ចំនួន ៣ដំណាលគ្នា នោះ គឺការបញ្ចុះការប្រាក់ឥណទានពី 0.3 ភាគរយ ទៅ
0.6 ភាគរយ ការបន្ធូរបន្ថយលក្ខខណ្ឌក្នុងការសុំកម្ចីដែលមិនតម្រូវឲ្យមានអ្នក
ធានាដូចមុន និងការបង្កើនការផ្សព្វ ផ្សាយតាមប៉ុស្តិវិទ្យុជាដើម។

“យុទ្ធសាស្ត្រដែលយើងធ្វើនឹងគឺ ដើម្បីបង្កើនការឲ្យខ្ចីហ្នឹងឡើងវិញ។ ក្រោយពេល
ដែលយើងបានដាក់យុទ្ធសាស្ត្រហ្នឹងចេញទៅ ខ្ញុំឃើញថាការផ្តល់កម្ចីហ្នឹងវាកើន
ប្រហែលជា ៤ ទៅ ៥ភាគរយ”។

អត្រាការប្រាក់កម្ចីរបស់គ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុជាទូទៅ ស្ថិតក្នុងចន្លោះពី ២ភាគ
រយទៅ ៣ភាគរយក្នុងមួយខែ ដែលអ្នកជំនាញចាត់ទុកថា ជាអត្រាខ្ពស់បំផុត
មួយ។ ក្រៅពីនោះ ការខ្ចីបុលទាមទារឲ្យមានរបស់បញ្ចាំដែលមានតម្លៃស្មើ និង
អ្នកចេញមុខធានាក្នុងករណីសាច់ប្រាក់ត្រូវបាត់បង់។

ដោយឡែក គ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុស្ថាបនាក៏បានចាប់ផ្តើមបញ្ចុះអត្រាការប្រាក់
ចាប់ពីខែសីហានេះតទៅដែរ គឺបញ្ចុះ 0.2 ភាគរយ។ លោក ប៊ុន មុន្នី ប្រធាន
គ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុស្ថាបនា និយាយថា លោកបានបង្កើតក្រុមការងារស្រាវ
ជ្រាវពិសេសជាលើកទី១ដើម្បីធ្វើការស្ទាបស្ទង់ពីតម្រូវការរបស់អតិថិជននៅគ្រប់
ទិសទី ទូទាំងប្រទេស។

“សព្វថ្ងៃយើងមានយុទ្ធសាស្ត្រថ្មី យើងមានក្រុមពិសេសរបស់យើង ដែលមាន
ជំនាញខាងធ្វើការសិក្សាស្រាវជ្រាវតែម្តង ។ គេនឹងចុះទៅសួរសម្ភាសអតិថិជន
ផ្ទាល់ៗតែម្តង តើគាត់ចង់បានផលិតផលហ្នឹងរបៀបណា ហើយបើសិនណាជា
យើងមើលឃើញថា យើងមានលទ្ធភាពនឹងរៀបចំឲ្យគាត់ យើងនិងបង្កើតផលិត
ផលថ្មីហ្នឹង ឆ្លើយតបនឹងតម្រូវការរបស់គាត់”។

ដំណាលគ្នានោះដែរ លោក ហួត អៀងតុង អគ្គនាយកគ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុ
ហត្ថាកសិករ លើកឡើងថា គ្រឹៈស្ថានរបស់លោកនឹងកាត់បន្ថយរយៈពេលរង់ចាំ
ទទួលកម្ចី ពី៣ទៅ៤ ថ្ងៃ មកត្រឹម ១ទៅ២ ថ្ងៃវិញ ជាគន្លឹៈទាក់ទាញអតិថិជនឲ្យ
មកខ្ចីប្រាក់។

គួរបញ្ជាក់ថា ចាប់តាំងពីចុងឆ្នាំ ២០០៨មក នៅពេលដែលកំសួលនៃវិបត្តិហិរញ្ញ
វត្ថុកំពុងបោកបក់យ៉ាងសាហាវនោះ គ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុជាច្រើនបានរឹតបណ្តឹង
ការផ្តល់កម្ចី កាត់បន្ថយទំហំប្រាក់កម្ចី និងខ្លះទៀតតម្លើងអត្រាការប្រាក់ ចំពោះ
ប្រភេទ ប្រាក់កម្ចីដែលមានហានិភ័យខ្ពស់ជាដើម។ ដំណាលគ្នានោះ ប្រជាជនខ្មែរ
ជាច្រើនក៏ស្ទាក់ស្ទើរមិនហ៊ានបោះទុនបង្កើតនិងពង្រីកអាជីវកម្មដែរ ដោយសារ
ស្ថានភាពសេដ្ឋកិច្ចលែងមានអំណោយផលដូចមុន។

កត្តាទាំងនេះបានធ្វើឲ្យបរិវេណប្រាក់កម្ចីរបស់បណ្តាគ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុធ្លាក់
ចុះ។ របាយការណ៍ឥណទានរបស់សមាគមគ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុបានបង្ហាញ
ថា នៅត្រីមាសទី២ឆ្នាំ ២០០៩ ប្រាក់កម្ចីក្នុងដៃអតិថិជនមានចំនួន ៤២៦ លាន
ដុល្លារ គឺស្រុតចុះ ៤.៤០ភាគរយបើធៀបនឹងត្រីមាសទី១ឆ្នាំ ២០០៩។

លោក ចាន់ ម៉ាច ប្រធានគ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុក្រេឌីត និយាយថា គ្រឹៈស្ថាន
របស់លោកកំពុងពិចារណាលើការពង្រីកទំហំឥណទានឲ្យបានខ្ពស់ជាង ១ម៉ឺន
ដុល្លា ទៅដល់សហគ្រាសខា្នតតូចនិងមធ្យម ហើយគ្រោងបង្កើតអនុសាខា ៣
ទៅ៥ បន្ថែមទៀតនៅតាមបណ្តាខេត្តផ្សេងៗ ដើម្បីបង្កើនបរិមាណប្រាក់កម្ចី។
ម្យ៉ាងវិញទៀត ដើម្បីប្រកួត ប្រជែងជាមួយបណ្តាគ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុនានា
គ្រឹះស្ថានក្រេឌីតក៏នឹងធ្វើការបញ្ចុះអត្រាការប្រាក់ដែរ។

“ខ្ញុំគិតថា វានឹងអាចធ្វើឲ្យការរស់រៀនរបស់យើងនៅតែមាន យើងអាចប្រកួត
ប្រជែងជាមួយគេបាន”។

នៅប្រទេសកម្ពុជា មានគ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុសរុបចំនួន ២០គ្រឹៈស្ថាន។ គ្រឹៈ
ស្ថានទាំងនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយកសាងកំណើនសេដ្ឋកិច្ច
ជាតិ តាមរយៈការផ្តល់កម្ចីតូចៗឲ្យប្រជាជនតាមតំបន់ជាយក្រុង និងទីជនបទ
នានាសម្រាប់ពង្រីកផែនការអាជីវកម្មរបស់ពួកគេ។ ការស្វះស្វែងរកប្រាក់កម្ចី
ពីគ្រឹៈស្ថានទាំងនេះមានការពេញនិយមខ្លាំងឡើងក្នុងរយៈពេល៤ ឬ ៥ឆ្នាំចុង
ក្រោយនេះ។

លោក ហួត អៀងតុង អគ្គនាយកគ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ និងជា
ប្រធានសមាគមគ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជាដែរនោះ និយាយថា គ្រប់យុទ្ធ
សាស្ត្រទាំងអស់ដែលលើកឡើងដោយបណ្តាស្ថាប័នមីក្រូហិរញ្ញវត្ថុទាំងឡាយ
ត្រឹមតែអាចរួមចំណែកមួយផ្នែកប៉ុណ្ណោះក្នុងការពង្រីកទីផ្សារផ្តល់កម្ចី។ ហើយ
អ្វីដែលសំខាន់ជាងនេះ គឺវាអាស្រ័យលើភាពល្អប្រសើរនៃសេដ្ឋកិច្ចជាតិ។

“អ្វីដែលគេធ្វើអាចជួយបានមួយផ្នែកតូចជួយលើការពង្រីកប្រាក់កម្ចី។ ខ្ញុំយល់
ថា លុះត្រាតែស្ថានភាពសេដ្ឋកិច្ចទាំងមូលល្អប្រសើរ ទើបប្រជាជនមានមុខ
របររកស៊ី។ នៅពេលនោះ គាត់នឹងត្រូវការដើមទុនឡើងវិញ”។

យ៉ាងណាក៏ដោយ លោក ហង្ស ជួនណារ៉ុន អគ្គលេខាធិការនៃក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ មានប្រសាសន៌ថា រដ្ឋាភិបាលបានគំាទ្រឲ្យមានយុទ្ធសាស្ត្រប្រកួត
ប្រជែងក្នុងចំណោមគ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុ ជាពិសេស គឺ ការបញ្ចុះអត្រាការ
ប្រាក់ដើម្បីដណ្តើមទីផ្សារ ដែលនឹងផ្តល់ផលល្អដល់ប្រជាកសិករខ្មែរដែលភាគ
ច្រើនបានខ្ចីបុលប្រាក់ពីគ្រឹៈស្ថាន ក្នុងអត្រាការប្រាក់ខ្ពស់។

លោកហង្ស ជួនណារ៉ុន បន្ថែមថា ការទម្លាក់អត្រាការប្រាក់នាពេលនេះមិនទាន់
គ្រប់គ្រាន់នៅឡើយទេ ហើយក្រសួងបានរៀបចំគោលនយោបាយជម្រុញឲ្យគ្រឹៈ
ស្ថានមីក្រូហិរញ្ញវត្ថុបញ្ចុះអត្រាការប្រាក់ពី ៣០ភាគរយក្នុងមួយឆ្នាំមកត្រឹម ១៦
ភាគរយក្នុងមួយឆ្នាំ ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន
ខ្មែរ៕ ចប់

XS
SM
MD
LG