ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលាឧទ្ធរណ៍កាត់ទោសអ្នកកាសែត ជាប់ពន្ធាគារ១ឆ្នាំ


សាលាឧទ្ធរណ៍បានបដិសេធការលើកលែងបទចោទប្រកាន់ប្រឆាំងនឹងនិពន្ធ
នាយកកាសែតគាំទ្រគណបក្សប្រឆាំង ដែលបានផ្សាយព័ត៌មានមិនពិតអំពី
អំពើពុករលួយរបស់ក្រុមមន្ត្រីរដ្ឋាភិបាល។

សាលាឧទ្ធរណ៍នៃប្រទេសកម្ពុជា នៅថ្ងៃអង្គារនេះបានតម្កល់ការកាត់ទោសឱ្យ
ជាប់ពន្ធនាគារចំនួន ១ ឆ្នាំ និងពិន័យជាប្រាក់ជាង ២,០០០ ដុល្លាអាមេរិកាំង
ប្រឆាំងនឹងនិពន្ធនាយកកាសែតគាំទ្រគណបក្សប្រឆាំង ដែលបានរិះគន់អំពើ
ពុករលួយរបស់ក្រុមមន្ត្រីរដ្ឋាភិបាល។

តុលាការក្រុងភ្នំពេញ កាលពីថ្ងៃទី ២៦ ខែ មិថុនា បានកាត់ទោសលោក ហង្ស
ចក្រា និពន្ធនាយកកាសែតខ្មែរម្ចាស់ស្រុកដែលគាំទ្រគណបក្សប្រឆាំង ឱ្យជាប់
ពន្ធនាគារចំនួន១ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៩ លានរៀល ស្មើនិង ២,២៥០
ដុល្លារអាមេរិកាំងចំពោះការផ្សាយព័ត៌មានមិនពិតចោទប្រកាន់ប្រឆាំងនឹងក្រុម
មន្ត្រីនៅជុំវិញលោកឧបនាយករដ្ឋមន្ត្រី សុខ អាន អំពីការប្រព្រឹត្តអំពើពុក
រលួយ។

លោក ហង្ស ចក្រា ត្រូវបានចាប់ខ្លួនភ្លាមៗនៅក្នុងទីក្រុងបាត់ដំបង ក្រោយពី
តុលាការបានប្រកាសសាលក្រមដាក់ទោសលើរូបលោក។

លោក សេង ស៊ីវុត្ថា ប្រធានចៅក្រមជំនុំជម្រះសាលាឧទ្ទរណ៍ដែលមានចៅក្រម
៣រូប បានអានសាលដីកាថា សាលឧទ្ទរណ៍ បានសម្រេចតម្កល់សាលក្រម
របស់សាលាដំបូងរាជធានីភ្នំពេញចុះនៅថ្ងៃទី២៦ខែមថុនា ឆ្នាំ២០០៩និងបាន
សម្រេចបន្តឃុំឃាំងលោកហង្ស ចក្រានៅក្នុងពន្ធនាគារ។

លោក សួន ចាន់ថន មេធាវីរបស់រដ្ឋាភិបាល បានថ្លែងប្រាប់ក្រុមអ្នករាយ
ការណ៍ព័ត៌មាន ក្រោយពីការប្រកាសសាលដីកាថា សេចក្តីសម្រេចរបស់
សាលាឧទ្ធរណ៍នេះ គឺសមស្របនឹងសំណូរពរបស់យើង ហើយយើងទទួល
យកបាននូវសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍នេះ។

លោកជួង ជូងី មេធាវីរបស់លោកហង្ស ចក្រា បានថ្លែងថា សេចក្តីសម្រេច
របស់សាលាឧទ្ធរណ៍នេះគឺមានភាពអយុត្តិធម៌សម្រាប់កូនក្តីរបស់លោក ពី
ព្រោះគ្មានកាឡាហល់បានកើតចេញពីការចោទប្រកាន់អំពីបទល្មើសព្រហ្ម
ទណ្ឌទាក់ទងនឹងការផ្សាយព័ត៌មានមិនពិតនេះទេ។

“ការយល់ឃើញរបស់ខ្ញុំនៅតែអត់មានបទល្មើសព្រហ្មទណ្ឌទាក់ទងនឹងការ
ផ្សាយព័ត៌មានមិនពិត ដូចការចោទប្រកាន់នោះទេ។ ដូច្នេះ ការតម្កល់សាល
ក្រមរបស់សាលាឧទ្ធរណ៍នេះអត់ត្រឹមត្រូវទេ។ ក្នុងក្រមខ័ណ្ឌច្បាប់ កូនក្តីរបស់
ខ្ញុំ ត្រូវតែដោះលែង១០០ ភាគរយ ។ ខ្ញុំជឿថា សេចក្តីសម្រេចនេះគឺមិន
ពិចារណាក្នុងក្រមខ័ណ្ឌច្បាប់ទេ”។

លោក ហង្ស ចក្រា បានថ្លែងប្រាប់ចៅក្រមនៅក្នុងសវនាការថាលោកសូម
ទទួលស្គាល់អត្ថបទនៃការចុះផ្សាយ និងបានសម្តែងការសោកស្តាយចំពោះ
អត្ថបទនោះ។

លោក ហង្ស ចក្រា បានបន្តថាលោកបានស្នើសុំឱ្យតុលាការលើកលែងការចោទ
ប្រកាន់ទាំងអស់ប្រឆាំងនឹងរូបលោក និងដោះលែងឱ្យលោកមានសេរីភាព។

លោកស្រី ពង្ស ឈីវកេក នាយីកាអង្គការសិទ្ធិមនុស្ស Licadho បានថ្លែងថា
លោកស្រីបានសម្តែងការសោកស្តាយចំពោះការសម្រេចក្តីរបស់សាលឧទ្ធរណ៍
នេះ ពីព្រោះលោកស្រីមិនចង់ឃើញមានការចោទប្រកាន់ព្រហ្មទណ្ឌប្រឆាំង
នឹងអ្នកកាសែតទេ។

មេធាវីរបស់លោក ហង្ស ចក្រា បានថ្លែងថាលោកនឹងប្តឹងឧទ្ធរណ៍ទៅតុលាការ
កំពូលទៀត៕ ចប់

XS
SM
MD
LG