ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល: Human Rights Watchមិនយល់អំពីកម្ពុជា


រដ្ឋាភិបាលបានចាត់ទុកថា អ្នកធ្វើសេចក្ដីថ្លែងការណ៍របស់អង្គការ Human
Rights Watchមិនបានយល់ពីបញ្ហារបស់ប្រទេសកម្ពុជា។ ការអះអាងយ៉ាង
ដូច្នេះបន្ទាប់ពីអង្គការ Human Rights Watchបានរិះគន់ថា រដ្ឋាភិបាលខ្មែរ
ជ្រៀតជ្រែកចូលកិច្ចការសាលាក្ដីខ្មែរក្រហម។

អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ខៀវ កញ្ញារិទ្ធ បាននិយាយចំអកទៅនឹង
សេចក្ដីថ្លែងការណ៍របស់អង្គការ Human Rights Watch ដោយចាត់ទុកថា
អ្នកចេញសេចក្ដីថ្លែងការណ៏នោះមិនទាន់យល់ដឹងអំពីបញ្ហានៅក្នុងប្រទេស
កម្ពុជា។

កាលពីថ្ងៃពុធម្សិលមិញនេះ អង្គការឃ្លាំមើលការរំលោភសិទ្ធិមនុស្សដែលមាន
មូលដ្ឋានក្នុងទីក្រុងឡុងដ៏ បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយចាត់ទុក
ថា លោកនាយករដ្ឋមន្ដ្រីខ្មែរ ហ៊ុន សែន បានដាក់សម្ពាធនយោបាយលើសាលា
ក្ដីខ្មែរក្រហម ដែលអាចធើ្វឲ្យអន្ដរាយដល់សាលាក្ដីនេះ។

សេចក្ដីថ្លែងការណ៍នេះធ្វើឡើងបន្ទាប់ពីលោកប្រមុខរដ្ឋាភិបាលខ្មែរបានថ្លែង
ប្រាប់ប្រធានាធិបតីបារាំង លោក Nicalas Sakozy កាលពីសប្ដាហ៍មុនថា
សាលាក្ដីខ្មែរក្រហមមិនគួរគំរាមដល់សន្ដិភាពនៅកម្ពុជាទេ គឺមានន័យថា
ការកាត់ទោសមេដឹកនាំខ្មែរក្រហមគួរតែធ្វើត្រឹមតែ ៥ នាក់បានហើយ ខណៈ
ដែលសហព្រះរាជអាជ្ញាបរទេសបានស្នើឲ្យមានការតាមចោទ និងចាប់ខ្លួនជន
សង្ស័យបន្ថែមចំនួន ៦ នាក់ទៀត។

លោក Brad Adam នាយកអង្គការ Human Rights Watch ប្រចាំតំបន់
អាស៊ីលើកឡើងថា លោកហ៊ុន សែន គ្មានតួនាទីអ្វីនៅក្នុងសាលាក្ដីខ្មែរក្រហម
ទេ។

លោក ខៀវ កាញ្ញារិទ្ធ រដ្ឋមន្ដ្រីក្រសួងពត៌មាននិងជាអ្នកនាំពាក្យរដ្ឋាភិបាល
បានថ្លែងថា ការកាត់ទោសខ្មែរក្រហមជាបញ្ហារបស់ប្រទេសខ្មែរដែលកម្ពុជា
បានផ្តួចផ្ដើមគំនិតនេះឡើង។

"ខ្មែរគឺខ្មែរ ។ សម្ដេចនាយករដ្ឋមន្ដ្រី គាត់បានដោះស្រាយឲ្យស្រុកខ្មែរមាន
សន្ដិភាពជារឿងធំបំផុតហើយ។ អញ្ចឹងអាពួកច្រមុះស្រួចមិនទាន់ចេះពាក្យ
ខ្មែរផង ហើយមកចង់ជជែកស្អី មិនបាច់ទេ"។

របបកម្ពុជាប្រជាធិបតេយ្យរបស់ ប៉ុល ពត ត្រូវគេស្តីបន្ទោសចំពោះការកាប់
សម្លាប់ប្រជាជនខ្មែរអស់ជិត ២ លាននាក់ ចន្លោះពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ
១៩៧៩។ មានជនសង្ស័យចំនួន ៥ នាក់ប៉ុណ្ណោះត្រូវចាប់ខ្លួន និងចោទ
ប្រកាន់ ចំពោះអំពើឃោរឃៅនេះ។

លោក ហ៊ុន សែន បានបង្ហាញការជំទាស់ទៅនឹងការចោទប្រកាន់ជនសង្ស័យ
បន្ថែមជាច្រើនលើកច្រើនសារមកហើយ។

លោក ខៀវ កាញ្ញារិទ្ធ បានបន្ថែមថា អាចមានការកាត់ទោសជនសង្ស័យ
លើសពីប្រាំនាក់នេះបាន លុះណាតែគេត្រូវយល់ពីមូលហេតុច្បាស់លាស់
ជាមុន។

"កាត់ទោសហ្នឹង យើងដើម្បីប្រាប់ថា កុំឲ្យមានរឿងអញ្ចឹងទៀត។ ប៉ុន្ដែបើថា
អ្នកនិយាយថា ត្រូវកាត់ទោសទៀតបានតើ។ អញ្ចឹងបើកាត់ហេតុអីបានជាខ្មែរ
សោះ សម្លាប់គ្នាបាន ហេតុអី ? ត្រូវកាត់ពាក្យ"ហេតុអី" ហើយបន្ទាប់មកយើង
សម្រេចទៅ "។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន លោកBrad Adamsបានអំពាវនាវឲ្យ
អង្គការសហប្រជាជាតិ និងប្រទេសផ្ដល់ជំនួយត្រូវតែបង្ហាញជំហរឹងមាំរបស់
ខ្លួនដើម្បីឲ្យតុលាការនេះអាចបំពេញការងាររបស់ខ្លួន ដោយឯករាជ្យ និង
មិនលំអៀង។

លោកឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា មានប្រសាសន៏ថា សេចក្ដី
ថ្លែងរបស់លោកនាយករដ្ឋមន្ដ្រីខ្មែរនោះមិនសំដៅទៅលើការជ្រៀតជ្រែកលើ
តុលាការពិសេសទេ ប៉ុន្ដែវាជាការបញ្ចញមតិផ្ទាល់ខ្លួនមួយ។ រីឯតុលាការមាន
នាទីធានាឯករាជ្យភាពដោយខ្លួនឯង។

“ជាកាតព្វកិច្ចរបស់តុលាការក្នុងការពង្រឹងភាពឯករាជ្យរបស់ខ្លួន។ តុលាការ
នេះធ្វើឡើងមានការគាំទ្រគ្រប់យ៉ាងទាំងអស់ រួមទាំងការគាំទ្រពីសម្ដេច
ហ៊ុន សែននិងរាជរដ្ឋាភិបាលកម្ពុជា។ អញ្ចឹងតុលាការត្រូវធ្វើការងារខ្លួនឯង
ពង្រឹងភាពឯករាជ្យខ្លួនឯង "។

លោក ធន់ សារាយ ប្រធានអង្គការការពារសិទ្ធិមនុស្ស Adhoc បានលើក
ឡើងថា លោក ហ៊ុន សែន បានថ្លែងក្នុងនាមជាកង្វល់របស់រដ្ឋាភិបាល។
ក៏ប៉ុន្ដែលោកធន់ សារាយ បញ្ចាក់ថា អតីតមេដឹកនាំសំខាន់ៗរបស់ខ្មែរ
ក្រហមដែលមានឥទ្ធិពលនោះត្រូវចាប់ខ្លួនអស់ទៅហើយ។

ការចោទប្រកាន់ជនសង្ស័យបន្ថែមបានបង្កឲ្យមានការខ្វែងគំនិតគ្នារវាង
សហព្រះរាជអាជ្ញាជាតិ និងអន្ដរជាតិ។ ហើយអង្គបុរេជំនុំជម្រះមិនទាន់
បានកំណត់ថ្ងៃដើម្បីធ្វើការសម្រេចលើបញ្ហានេះនៅឡើយទេ៕ ចប់

XS
SM
MD
LG