ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភាសាចំនួនពាក់កណ្តាលនឹងបាត់បង់ នៅពេលជិត១០០ឆ្នាំទៀត


មនុស្សគ្រប់គ្នាមានភារៈកិច្ចជួយអភិរក្សនូវភាសាមួយចំនួនកុំឱ្យបាត់បង់ ជា
ពិសេសភាសារបស់ជន ជាតិដើមភាគតិច។ នេះជាការស្នើសុំរបស់ក្រុមអ្នក
ឯកទេសភាសាសាស្រ្តក្នុងកិច្ចពិភាក្សាមួយនៅទីក្រុងវ៉ាស៊ីងតោន។

ក្រុមអ្នកឯកទេសខាងភាសាសាស្រ្តបានធ្វើការព្រមានកាលពីថ្ងៃអង្គារនេះថា
ភាសានិយាយដែលកំពុងប្រើប្រាស់ចំនួន ៧.០០០ប្រភេទផ្សេងៗគ្នានៅលើ
ពិភពលោក នាពេលបច្ចុប្បន្ននេះនឹងត្រូវបាត់បង់អស់ពាក់កណ្តាលនៅឆ្នាំ
២១០០ ហើយបានទទូចស្នើសុំឱ្យមានការយកចិត្តទុកដាក់ ថែរក្សាកុំឱ្យបាត់
បង់។

ថ្លែងក្នុងកម្មវិធីពិភាក្សាពិសេសមួយនៅទីស្នាក់ការវីអូអេ សម្លេងសហរដ្ឋ
អាមេរិកប្រចាំនៅរដ្ឋធានីវ៉ាស៊ីងតុន លោកស្រីបណិ្ឌតSusan D. Penfield
នាយិកា កម្មវិធីចងក្រងឯកសារភាសា ដែលកំពុងទទួលរងការបាត់បង់នៃ
មូលនិធិវិទ្យាសាស្ត្រជាតិរបស់សហរដ្ឋ អាមេរិកបានបញ្ជាក់ថាជារៀងរាល់
ពីរសប្តាហ៍មានភាសាមួយត្រូវបានបាត់បង់ ដែលនេះជាការមួយគួរឱ្យសោក
ស្តាយ។

“ការបាត់បង់នូវភាសាសូម្បីតែមួយគឺជាការបាត់បង់សម្រាប់យើងទាំងអស់
គ្នា។ វាមិនគ្រាន់តែជាការបាត់បង់សម្រាប់ខ្ញុំជាវាគ្មិនទេ។វាជារឿងមួយដែល
យើងទាំងអស់គ្នាត្រូវគិតគូរនិងទទួលខុសត្រូវ”។

ភាសាដែលអាចនឹងបាត់បង់ មានរាប់តាំងពីទ្វីបអាហ្រ្វិក អាមេរិក រហូតដល់
ទី្វបអាស៊ី។ក្រុមអ្នកឯកទេសក៏បញ្ជាក់ផងដែរថា ជាទូទៅភាសារបស់ជនជាតិ
មួយជាពិសេសរបស់ជនជាតិដើមភាគតិចអាចងាយទទួលរងការបាត់បង់ដោយ
សារការបំលាស់ទី កន្លែងរបស់ម្ចាស់ភាសាទៅនៅតំបន់ដែលមិនប្រើភាសា
កំណើតហើយវាជាសញ្ញានៃការឈានទៅបាត់បង់ ប្រសិនបើក្មេងៗជំនាន់
ក្រោយមិនព្រមសិក្សាភាសាជនជាតិដើមរបស់គេ។

លោកHayib N. Sossehអ្នកឯកទេសខាងភាសាសាស្រ្តនិងជាសាស្រ្តាចារ្យ
នៃមហាវិទ្យាល័យសហគមន៍Virginiaភាគខាងជើងបានប្រាប់ក្រុមអ្នកចូលរួម
ស្តាប់ថា ការបាត់បង់ភាសារបស់ជនជាតិមួយគឺជាការស្លាប់បាត់បង់នូវវប្បធម៌
របស់ពួកគេផងដែរ។

“វាគួរតែជាអាទិភាពសម្រាប់មនុស្សគ្រប់គ្នា រួមទាំងរដ្ឋាភិបាលនិងមនុស្សគ្រប់ៗ
រូបផងដែរ ពីព្រោះនៅពេលដែលភាសាមួយស្លាប់បាត់បង់ ផ្នែកមួយនៃវប្បធម៌
ក៏ស្លាប់បាត់បង់ដែរ ហើយភាសាទាំងនេះមានលក្ខណៈពិសេសរបស់វាផ្សេងៗ
គ្នា”។

យោងតាមរបាយការណ៍អង្កេតប្រជាសាស្រ្តឆ្នាំ១៩៩៨របស់ក្រសួងផែនការ
ប្រទេសកម្ពុជាមានជនជាតិដើមភាគតិចចំនួន ១៧ក្រុមផ្សេងៗគ្នា ហើយភាគ
ច្រើនរស់នៅភាគឥសានប្រទេស។ ជនជាតិទាំងនេះគឺជាផ្នែកមួយនៃតំបន់ដ៏
ធំហួសពីព្រំដែនប្រទេស កម្ពុជា ហើយស្ថិតនៅក្នុងអំបូរភាសាពីរខុសៗគ្នាគឺក្រុម
និយាយតាមអំបូរអូស្រ្តូណេស៊ី មានដូចជាជនជាតិចារ៉ាយ និង ក្រុមនិយាយ
តាមអំបូរខ្មែរ-មន មានដូចជាជនជាតិព្រៅ គ្រឹង ទំពូន ព្នង ស្ទៀងកួយ និង
ព័រ។

លោកស្រីទួន សាអ៊ីម រដ្ឋលេខាធិការក្រសួងអប់រំកម្ពុជាបានប្រាប់វីអូអេសម្លេង
សហរដ្ឋអាមេរិកថាកម្ពុជាបានយកចិត្តទុកដាក់អភិរក្សភាសារបស់ក្រុមជនជាតិ
ទាំងនោះ ដោយមានការផ្តល់នូវមធ្យោបាយជាច្រើន។

“យើងមានគោលនយោបាយជាតិសម្រាប់អភិវឌ្ឍន៍ជនជាតិភាគតិច។ អញ្ចឹង
ក្នុងគោលនយោបាយជាតិសម្រាប់អភិវឌ្ឍន៍ជនជាតិភាគតិចហ្នឹង គឺយើងមាន
គោលនយោបាយនិយាយច្បាស់ណាស់តាំងពីផ្តល់លទ្ធភាពឱ្យសិក្សាឱ្យមាន
តាំងពីវិទ្យុក្នុងការផ្សព្វផ្សាយភាសារបស់គាត់។និយាយជាភាសារបស់គាត់ទៅ
កាន់គ្នាគាត់ទៀត។ នៅក្នុងគោលនយោបាយ យើងបើកទូលាយណាស់។”

យន់ ម៉ានេ ជនជាតិខ្មែរលើមានដើមកំណើតជាជនជាតិព្នងនិងកំពុងបម្រើការ
ជាបុគ្គលិក អង្គការក្រៅរដ្ឋាភិបាលមួយនៅទីក្រុងភ្នំពេញតែងតែខំប្រឹងនិយាយ
ភាសារបស់ ក្រុមជនជាតិនាងជាមួយសមាជិកក្រុមគ្រួសារពេលដែលទៅលេង
ស្រុកកំណើតនៅខេត្តមណ្ឌលគីរីម្តងៗដោយខ្លាចថ្ងៃណាមួយភាសានេះអាច
នឹងត្រូវបាត់បង់។

“ការភ័យព្រួយបារម្ភរឿងបាត់បង់ហ្នឹង មិនមែនតែខ្ញុំម្នាក់ឯងទេ សូម្បីតែបងប្អូន
ជាជនជាតិដើមភាគតិចមួយចំនួនធំ ហើយនិងយុវជនជនជាតិដើមភាគតិច
ដែលរស់នៅក្នុងក្រុងភ្នំពេញនេះ ក៏ពួកគាត់មានការព្រួយបារម្ភដែរ អញ្ចឹងហើយ
បានជានៅក្នុងទីក្រុងភ្នំពេញនេះ ក្រុមនិស្សិតដែលជាយុវជនជនជាតិដើមភាគ
តិចបានរួមគ្នា សាមគ្គីគ្នា ហើយបង្កើតជាសមាគមមួយ ដែលយើងហៅថា
សមាគមនិស្សិតយុវជនជនជាតិដើមភាគតិច ក្នុងគោលបំណងទីមួយដើម្បីឱ្យ
ស្គាល់គ្នាទៅវិញទៅមក ហើយទីពីរចេះសាមគ្គីគ្នាទីបីចូលរួមអភិវឌ្ឍនិងអភិរក្ស
នូវប្រពៃណី ទំនៀមទម្លាប់ដែលខ្លួនមាន”។

ចាប់តាំងពីឆ្នាំ២០០៣មក ក្រសួងអប់រំកម្ពុជាបានបង្កើតសំណេរមួយសម្រាប់
កត់ត្រាតាមសូរសំនៀងភាសាជនជាតិដើមចំនួនប្រាំ ដោយយកអក្ខរក្រមរបស់
ខ្មែរមកប្រើ។ ភាសាជនជាតិទាំងប្រាំមានទំពូន គ្រឹង ព្រៅកាវ៉ែត និងព្នង។
លោកស្រីទួន សាអ៊ីម បញ្ជាក់ថា ការបង្កើតនូវអក្សរសរសេរនេះ អាចជួយ
រក្សាបាននូវប្រវត្តិសាស្រ្តនិងវប្បធម៌របស់ជនជាតិភាគតិច ហើយវាអាចជា
ស្ពានសម្រាប់ជួយពួកគេអាចចូលសិក្សាភាសាជាតិខ្មែរផងដែរ។

“ជនជាតិទាំងនោះគាត់អត់មានសំណេរទេ គាត់មានតែសូរពាក្យ ហើយដូច្នេះ
ចង់កត់ត្រារឿងរ៉ាវផ្សេងៗ ទាល់តែយើងឱ្យគាត់មានសំណេរ មានប្រព័ន្ធ
សំណេរ។ ហើយអក្ខរក្រមរបស់យើងយកខ្ចីពីអក្សរខ្មែរទៅបង្កើតជាប្រព័ន្ធ
សំណេរឱ្យពួកគាត់។”

ក្រុមអ្នកឯកទេសខាងភាសាសាស្រ្តបានផ្តល់ជាអនុសាសន៍ថាការរៀបចំចង
ក្រងទុកនូវភាសាដែលនឹងត្រូវបាត់បង់រួមមានការថតសម្លេងទុក និងការវិភាគ
ទិន្នន័យដែលបានមកជាការសំខាន់ ហើយដើម្បីឱ្យភាសានោះនៅរស់រានមាន
ជីវិតបានគឺត្រូវឱ្យមានការប្រើប្រាស់ ការហាត់ហ្វឹនហ្វឺន និងការបង្រៀនដល់
មនុស្សជំនាន់ក្រោយ៕ ចប់

XS
SM
MD
LG