ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​សម្រេច​បន្តឃុំ​ខ្លួន​មេដឹកនាំ​ខ្មែរក្រហម​រហូត​ដល់​ពេល​សវនាការ​


សកម្មភាពសាលាក្តីកាត់ទោសខ្មែរក្រហមពេលជំនុំជម្រះទោស
សកម្មភាពសាលាក្តីកាត់ទោសខ្មែរក្រហមពេលជំនុំជម្រះទោស

រដ្ឋធានី​វ៉ាស៊ីនតោន៖ រយៈពេល​ឃុំខ្លួន​បីឆ្នាំ​បាន​កន្លង​ផុត​ ហើយ​ការ​កំណត់​រយៈពេល​បួន​ខែ​ត្រូវ​កាត់ទោសក្រោយ​ពេល​បញ្ចប់​ការ​ស៊ើប​អង្កេត​ក៏នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​១៥​មករា​ដែរ​ តែ​អង្គបុរេ​ជំនុំ​ជម្រះ​បាន​សម្រេច​នៅ​នាទី​ចុងក្រោយ​ថា​សាលាក្តី​ខ្មែរក្រហម​ត្រូវ​បន្ត​ឃុំខ្លួន​អតីត​មេដឹកនាំ​ខ្មែរក្រហម​បួន​នាក់​រង់ចាំ​ការកាត់​ទោស។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គបុរេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ដែល​បដិសេធ​បណ្តឹង​ឧទ្ធរណ៍​របស់​មេធាវី​ការពារ​ជន​ជាប់ចោទ​ទាំង​បួន​បាន​បញ្ជាក់​ថា៖

«អង្គបុរេ​បាន​ចេញ​ដីកា​បង្គាប់​ឱ្យបញ្ជូន​ជនជាប់ចោទ​ទៅ​ជំនុំជម្រះ​និង​បន្ត​ដាក់​ជនជាប់ចោទ​ក្នុង​មន្ទីរ​ឃុំឃាំង​បណ្តោះ​អាសន្ន​រហូត​ដល់​ពេល​មាន​ការនាំខ្លួន​ពួកគាត់​ទៅ​ជំនុំជម្រះ​នៅ​ចំពោះ​មុខ​អង្គ​ជំនុំជម្រះ​សាលា​ដំបូង»។

ក្រុមមេធាវី​ជនជាប់ចោទ​ទាំងបួន​បាន​ដាក់​ពាក្យ​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​ដីកា​ដំណោះស្រាយ​របស់​ក្រុមចៅក្រម​ជាច្រើន​ចំណុច​ដែល​ពួកគេ​ចាត់ទុក​ថា​មិន​សមរម្យ​ ដូចជា​ការ​ឃុំខ្លួន​ហួស​ការ​កំណត់​ ការ​កំណត់​ពេល​ជំនុំជម្រះ​ទោស​នឹង​ត្រូវ​ហួស​ពេល​នៅ​ចុងសប្តាហ៍​នេះ​និង​បទចោទ​មួយ​ចំនួន​ដែល​គេ​ចាត់ទុកថា​មិន​ត្រឹមត្រូវ​ជា​ដើម។

លោក ​សុន អារុណ​សហមេធាវី​កម្ពុជា​ការពារ​ក្តី​ជនជាប់ចោទ​ឈ្មោះ​ នួន ជា​អតីត​បងធំ​ទី២ ​នៃ​របប​ខ្មែរក្រហម​បាន​អះអាង​ថា​លោក​បាន​ទទួល​ដំណឹង​ហើយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ពី​ការ​បដិសេធ​របស់​អង្គបុរេ​ចំពោះ​កូនក្តី​របស់​លោក ​តែ​ពុំ​ឃើញ​មាន​ការ​ដាក់​ថ្ងៃ​ជំនុំជម្រះ​ទោស។

«ប្រសិនបើ​ការកាត់ក្តី​ហ្នឹង​ចេះតែ​បន្លាយ​វែង​ទៅៗ​យ៉ាងហ្នឹង​គឺ​ថា​មេធាវី​និង​សហមេធាវី​នួន ជា​នឹង​រក​មធ្យោបាយ​ផ្សេង​តទៅទៀត​ដើម្បី​ឱ្យ​តុលាការ​ដោះលែង​កូនក្តី​របស់​ខ្លួន​ឱ្យ​នៅ​ក្រៅ​ឃុំ»។

លោក​ សុន អារុណ ​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ដោយ​ទំនង​ជា​ត្រូវ​ទុកពេល​តវ៉ា​នៅក្នុង​ពេល​បើក​សវនាការ​ជំនុំជម្រះ​ក្នុង​សាលា​ដំបូង។

លោក​ថ្លែងថា​លោក​បាន​ត្រៀម​នឹង​ដាក់​ពាក្យប្តឹង​ទៅ​អង្គបុរេ​ពេល​ដល់​រយៈពេល ​បួនខែ​នៃ​ការ​ឃុំខ្លួន​ដែល​ត្រូវ​ចប់​នៅ​ថ្ងៃ​សៅ​រ៍ទី១៥ ​ខែ​មករា​ ក្រោយពី​រយៈពេល​ បួនខែ​ដែល​ចៅក្រម​បញ្ជូន​ដីកា​ដំណោះស្រាយ​ (Closing Order)ទៅកាន់​ចៅក្រម ​សាលា​ដំបូង​ដើម្បី​ដាក់​កាលបរិច្ឆេទ​កាត់ទោស។

«ខាងខ្ញុំ​នេះ​កំពុង​រៀបចំ​ថា​បើសិន​ដល់ថ្ងៃ​ បួនខែ​ ក្រោយពី​ Closing Order ហ្នឹង ចៅក្រម​ស៊ើបអង្កេត​ដាក់​ទៅ​ខាង​សាលា​ដំបូង​ហើយ​ បើ​បួនខែ​មិន​ឃើញ​ចម្លើយ​ មិនឃើញ​ហៅ​ទៅ​កាត់​ទេ​ និង​ដាក់​ពាក្យ​ប្តឹង​សុំ​ឱ្យ​នៅ​ក្រៅ​ឃុំ​តែ​ថ្ងៃនេះ(ព្រហស្បតិ៍) ​អង្គបុរេ​ជំនុំជម្រះ​បាន​ចេញ​មុន​ដល់​បួន​ខែ»។

អង្គបុរេ​ជំនុំជម្រះ​តាមច្បាប់​ដែល​គេគិត​ថា​មានការ​ប្រទាញ​ប្រទង់​គ្នា​នោះ​អាច​ពន្យា​ពេល​បួនខែ​ម្តងៗ​ដើម្បី​បន្ត​ឃុំខ្លួន​ជនជាប់ចោទ​ បើទោះបី​រយៈពេល​ឃុំ​ខ្លួន​បី​ឆ្នាំ​ចប់​កាលពី​ចុង​ឆ្នាំ​២០១០​ សម្រាប់​អតីត​មេដឹកនាំ​បួននាក់​គឺ​នួន ជា​ អៀង សារី អតីតឧបនាយក​រដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ ខៀវ សំផន​ អតីត​ប្រមុខរដ្ឋ​ អ្នកស្រី​អៀង ធីរិទ្ធ​ អតីត​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច។

ទោះជា​យ៉ាងណា​ក៏ដោយ​ លើកលែង​តែ​ខៀវ សំផន​ចេញ ​ អង្គបុរេ​បាន​ទទួលយក​ផ្នែកខ្លះ​នៃ​បណ្តឹង​ឧទ្ធរណ៍​ជនជាប់ចោទ​បីនាក់​ផ្សេងទៀត​ដោយ​បង្គាប់​ឱ្យ​មាន​ការកែប្រែ​បទចោទ​ទាក់ទង​នឹង​ឧក្រិដ្ឋកម្ម​សង្រ្គាម​ដែល​ក្រុម​មេធាវី​អះអាង​ថា​កូនក្តី​របស់​ពួកគេ​មិន​ជាប់​ទាក់​ទង។

លោក​ ផាត់ ​ពៅស៊ាង​ មេធាវី​ការពារក្តី​អ្នកស្រី​ អៀង​ ធីរិទ្ធ​បាន​អះអាង​ថា​បទល្មើស​ រឿង​ឧក្រិដ្ឋកម្ម​សង្គ្រាម​គួរ​ត្រូវ​ដក​ចេញ​ព្រោះ​ពួកគាត់​ជា​ជនជាប់ចោទ​នោះ​មិនមែន​ជា​យោធា​ទេ។​ លោក​ ពៅស៊ាង​បាន​អះអាង​ថា​អាជ្ញាយុកាល​ឃុំខ្លួន​កូនក្តី​លោក​បានផុត​នៅ​ខែ​វិច្ឆិកា​ឆ្នាំ​២០១០ ហើយ​ដោយ​ការសម្រេច​របស់​អង្គបុរេ​ជា​ការសម្រេច​ចុងក្រោយ​នោះ​លោក​មេធាវី​បាន​អះអាង​ថា​ការ​តវ៉ា​គ្នា​មួយ​លើក​ទៀត​គឺ​នៅក្នុង​ពេល​សវនាការ​លើ​អង្គសេចក្តី​ក្នុង​សាលាដំបូង​ចំពោះ​រឿងខុស​នីតិវិធី​ទាក់ទង​នឹង​ការឃុំខ្លួន​លើស​ពេល​កំណត់។

«ហើយ​បើសិនជា​គេ​ហៅថា​ក្នុង​ករណី​ដូចខ្ញុំ​ជម្រាប​ជូន​បើសិន​ជា​អង្គបុរេ​ជំនុំ​ជម្រះ​សម្រេច​ហើយ​ មិនអាច​តវ៉ា​បាន​តទៅ​ទៀតទេ​ មាន​តែ​តវ៉ា​នៅ​លើ​អង្គសេចក្តី​ស្តីអំពី​ហៅថា​តុលាការ​ធ្វើ​ខុស​នីតិវិធី​តែ​ប៉ុណ្ណឹង»។

លោក​ឡាត់ គី​មន្ត្រី​ឃ្លាំមើល​សាលាក្តី​ខ្មែរក្រហម​នៃ​អង្គការ​សិទ្ធិមនុស្ស​អាដហុក​បាន​អះអាង​ថា​ រយៈពេល​ឃុំខ្លួន​មាន​ការហួស​មែន​តែ​ចេតនា​នៃ​សាលាក្តី​ចង់ឱ្យ​មេដឹកនាំ​ខ្មែរក្រហម​ទាំងអស់​ដែល​កំពុង​ជាប់ឃុំ​ត្រូវ​ប្រឈម​មុខ​នឹង​ការកាត់ទោស។

សាលាក្តី​ខ្មែរក្រហម​ដែល​ចូលរួម​ដោយ​អ.ស.ប​គ្រោង​នឹង​កាត់ទោស​ពួក​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​បួននាក់​ក្នុង​ករណី​០០២​ នៅ​អំឡុងពេល​ពាក់កណ្តាល​ឆ្នាំ២០១១​នេះ​ពី​បទឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ​ ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍ ​ឧក្រិដ្ឋកម្ម​សង្រ្គាមនិង​បទឧក្រិដ្ឋ ​មួយ​ចំនួន​ទៀត​ដែល​គេ​សង្ស័យ​ថា​មាន​ជាប់​ទាក់ទិន​នឹង​ការសម្លាប់​ពលរដ្ឋ​ខ្មែរ​ស្លូត​ត្រង់​ជិត​ពីរ​លាន​នាក់​ក្នុង​ចន្លោះ​ឆ្នាំ១៩៧៥​ដល់១៩៧៩៕

XS
SM
MD
LG