តុលាការខេត្តពោធិ៍សាត់បានចោទប្រកាន់ជាផ្លូវការលើអតីតព្រះរាជអាជ្ញា លោកតុប ច័ន្ទសេរីវុធ ពីបទទាក់ទងនឹងការប្រព្រឹត្តអំពើពុករលួយជាច្រើនករណី។ លោកតុប ច័ន្ទសេរីវុធ ត្រូវចាប់ខ្លួនកាលពីថ្ងៃច័ន្ទជាមួយនឹងកងការពាររបស់លោក បន្ទាប់ពីមានបណ្ដឹងជាច្រើនដែលចោទប្រកាន់ចំពោះទង្វើខុសច្បាប់របស់លោក។
អតីតព្រះរាជអាជ្ញាខេត្តពោធិ៍សាត់ លោកតុប ច័ន្ទសេរីវុធត្រូវតុលាការខេត្តដែលលោកធ្លាប់បំពេញការងារ ចោទប្រកាន់នៅល្ងាចថ្ងៃអង្គារនេះ ពីបទថា បានប្រព្រឹត្តអំពើពុករលួយ ពីបទបង្ខាំងមនុស្សខុសច្បាប់ និងបទជំរិតទារប្រាក់ នេះបើយោងតាមក្រុមមន្ដ្រីតុលាការ និងមន្ដ្រីឃ្លាំមើលសិទ្ធិមនុស្ស។
ក៏ប៉ុន្ដែពុំទាន់មានការបញ្ជាក់ថា តើអតីតកងការពារចំនួនពីរនាក់ ដែលទំនងជាត្រូវជាសាច់ញាត្តិរបស់អតីតព្រះរាជអាជ្ញាលោកតុប ច័ន្ទសេរីវុធ ត្រូវចោទប្រកាន់ពីបទល្មើសអ្វីទេ។ ទោះជាយ៉ាងណា តុលាការបានសម្រេចឃុំខ្លួនជនជាប់សង្ស័យទាំងបីនាក់ជាបណ្ដោះអាសន្ននៅល្ងាចនេះ។
លោកតុប ច័ន្ទសេរីវុធត្រូវអង្គភាពប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាលចាប់ខ្លួនកាលពីព្រឹកថ្ងៃច័ន្ទ ជាមួយនឹងកងការពាររបស់លោកចំនួនពីរនាក់ ដោយសង្ស័យថា បានប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរនៅក្នុងការបំពេញការងាររបស់ខ្លួនជាច្រើនឆ្នាំកន្លងមក។
លោកកែវ រ៉េមី អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ មានប្រសាសន៍ថា អង្គភាពរបស់លោកមានភស្តុតាងគ្រប់គ្រាន់ចោទជនសង្ស័យទាំងបីនាក់នេះ។
“ប៉ុន្មានខែហើយគាត់ធ្វើកិច្ចការនេះ។ អញ្ចឹងកាលណាយើងប្រមែប្រមូលបានភស្ដុតាងរឹងមាំហើយ យើងរៀបចំធ្វើចំណាត់ការ"។
ទោះជាយ៉ាងណា លោកកែវ រ៉េមី បដិសេធមិនផ្ដល់ព័ត៌មានលម្អិតទាក់ទិនទៅនឹងកំហុសរបស់ជនជាប់ចោទខាងលើនោះទេ។
លោកស្រីង៉ែត ធាវី អ្នកសម្របសម្រួលអង្គការការពារសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តពោធិ៍សាត់ បានឲ្យដឹងថា ការចាប់ខ្លួនមានការជាប់ពាក់ព័ន្ធនឹងបទល្មើសសំខាន់ៗជាច្រើន។
“ឮថា មានជាប់ពាក់ព័ន្ធនឹងរឿងក្ដីផង ពាក់ព័ន្ធនឹងរឿងព្រៃឈើផង។ សត្វព្រៃ ក៏មានពាក់ព័ន្ធខ្លះ រឿងនេសាទក៏មានពាក់ព័ន្ធខ្លះ"។
នេះគឺជាការចាប់ខ្លួនជនសង្ស័យជាលើកដំបូង បន្ទាប់ពីប្រទេសកម្ពុជាបានអនុម័តច្បាប់ប្រឆាំងអំពើពុករលួយកាលពីដើមឆ្នាំ២០១០នេះ។ ច្បាប់នេះត្រូវរិះគន់ថា មានការកំណត់ទោសនៅមានកម្រិតទាបនៅឡើយ។
ព្រះរាជអាជ្ញាលោកប៉ង់ ច័ន្ទយុទ្ធារ៉ា និងចៅក្រម កុល កំពូល ដែលកាន់សំណុំរឿងនេះ មិនអាចធ្វើទំនាក់ទំនងបានទេ។
គណបក្សជំទាស់ និងមន្ដ្រីអង្គការសង្គមស៊ីវិល បានស្វាគមន៍ចំណាត់ការនេះ ដោយជំរុញឲ្យរដ្ឋាភិបាលខ្មែរប្រឹងប្រែងប្រយុទ្ធប្រឆាំងអំពើពុករលួយបន្ថែមទៀត នៅពេលដែលបទល្មើសនេះត្រូវគេមើលឃើញថា កំពុងតែកើតឡើងយ៉ាងរីករាលដាលនៅពាសពេញប្រទេស ហើយបានធ្វើឲ្យប្រជាពលរដ្ឋជាច្រើនរងគ្រោះជាលក្ខណៈប្រពៃណី។
ប្រទេសកម្ពុជាបានចំណាយពេលជាងដប់ឆ្នាំដើម្បីអាចអនុម័តច្បាប់ប្រឆាំងអំពើពុករលួយ។ យោងតាមរបាយការណ៍របស់ភ្នាក់ងារអភិវឌ្ឈន៍អន្ដរជាតិរបស់សហរដ្ឋអាមេរិក AUSAID បានឲ្យដឹងថា ប្រទេសកម្ពុជាបានបាត់បង់ចំណូលថវិការដ្ឋចន្លោះពី៣០០ទៅ៥០០លានដុល្លារក្នុងមួយឆ្នាំៗ៕