ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វីអូអេ​ខេមរភាសា​ប្រារព្ធ​ខួប​លើក​ទី​ ៥៥​ ឆ្នាំ


បុគ្គលិក​វីអូអេ ខ្មែរ ចូល​និវត្តន៍ លោកមាស ចន និង អ្នក​ស្រ្តី​អាង ខេន បាន​ឈាង​ចូល​មក​លេង​ទី​ស្នាក់​ការ​ក្រុម​ផ្សាយ​ជា​ភាសា​ខ្មែរ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ដើម្បី​ចូល​រួម​ពីធី​រំឭក​ខួប​ទី​៥៥​នៃ​ការ​ចាប់​ផ្តើម​ផ្សាយ។
បុគ្គលិក​វីអូអេ ខ្មែរ ចូល​និវត្តន៍ លោកមាស ចន និង អ្នក​ស្រ្តី​អាង ខេន បាន​ឈាង​ចូល​មក​លេង​ទី​ស្នាក់​ការ​ក្រុម​ផ្សាយ​ជា​ភាសា​ខ្មែរ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ដើម្បី​ចូល​រួម​ពីធី​រំឭក​ខួប​ទី​៥៥​នៃ​ការ​ចាប់​ផ្តើម​ផ្សាយ។

គិត​មក​ត្រឹម​ថ្ងៃ​ទី ​១៥​ ខែ​សីហា ​វីអូអេ​សំឡេង​សហ​រដ្ឋ​អាមេរិក​ផ្នែក​ខេមរ​ភាសាបាន​បម្រើ​ដល់​អ្នក​ស្តាប់​នៅ ​ប្រទេស​កម្ពុជា​បាន​ ៥៥​ ឆ្នាំ​ហើយ​ ដោយ​នាំ​មក​នូវ​ព័ត៌មាន​នៅ ​ជុំវិញ​ពិភព​លោក​និង​ពី​ប្រទេស​កម្ពុជា។

ហាសិប​ប្រាំ​ឆ្នាំ​នៃ​ការ​បម្រើ​សេវាកម្ម​ព័ត៌មាន​ វីអូអេ​សំឡេ​ងសហរដ្ឋ​អាមេរិក​ផ្នែក​ខេមរ​ភាសារ​នៅ​តែ​រក្សា​បាន​គោលការណ៍​ដើម​នៃ​បេសកម្ម​របស់​ខ្លួន​ដែល​ដើរ​តួ​ជា​អ្នក​នាំ​យក​ព័ត៌មាន​រហ័ស​និង​មិន​លម្អៀង​ដល់​អ្នក​ស្តាប់​នៅ​ប្រទេស​កម្ពុជានិងនៅ​ទូទាំង​ពិភព​លោក។

ទន្ទឹម​គ្នា​នេះ​ដែរ​ វីអូអេ​ក៏​កំពុង​អភិវឌ្ឍ​កម្មវិធី​ផ្សាយ​ដើម្បី​ឱ្យ​ស្រប​តាម​ការ​វិវត្ត​នៃ​យុគ​សម័យ​បច្ចេកវិទ្យា​ថ្មី​ ដោយ​ពង្រីក​ការផ្សាយ​ដែល​ពី​មុនផ្តោត​តែលើ​វិទ្យុ​ មក​បន្ថែម​ការផ្សាយ​តាម​ទូរទស្សន៍​និង​ប្រព័ន្ធ​អ៊ីន​ធឺ​ណិត​ និង​បាន​បង្កើន​មាតិកាផ្សាយ​ពី​ប្រទេស​កម្ពុជា​បាន​កាន់​តែ​ច្រើន​ឡើង។

លោក​គ្រីស​ ឌីឃឺដ ​នាយក​ផ្នែកការផ្សាយ​ជា​ខេមរ​ភាសា​នៃវីអូអេ​សំឡេង​សហ​រដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា​ ទាំង​អស់​នេះ​គឺ​ក្នុង​ក្តីសង្ឃឹម​ថា​នឹង​ចូល​រួម​ចំណែកជួយ​ដល់​ការ​ពិភាក្សា​ជា​សា​ធារ​ណៈ​លើ​បញ្ហា​សំខាន់​ផ្សេងៗ​នៅ​ប្រទេស​កម្ពុជា​ដែល​ពាក់ព័ន្ធ​នឹង​ជីវភាព​រស់​នៅ​របស់ប្រជា​ពល​រដ្ឋកម្ពុជា​ ចាប់​តាំងពីបញ្ហា​សិទ្ធិ​មនុស្ស ​លទ្ធិ​ប្រជា​ធិបតេយ្យ ​ការកាត់​ទោស​ខ្មែរ​ក្រហម​ សេដ្ឋកិច្ច កិច្ចការ​ក្នុង​តំបន់​ និង​អន្តរជាតិ​ជាដើម។

«វីអូអេ​ខិត​ខំប្រឹង​ប្រែងឱ្យ​អស់ពីលទ្ធភាព​ក្នុង​ការ​នាំ​យក​ព័ត៌មាន​ដែល​មិន​លម្អៀង ​អព្យាក្រិត​ និង​ប្រកប​ដោយ​វិជ្ជាជីវៈ​នៅ​គ្រប់​បញ្ហា​ទាំងអស់​ដែល​យើង​រាយការណ៍​ ទាំង​អំពី​ប្រទេស​កម្ពុជា​និង​បញ្ហា​ដទៃ​ទៀត​នៅ​ជុំវិញ​ពិភពលោក​ ហើយ​យើង​ជឿ​ជាក់​ថា​ការផ្តល់​នូវ​ព័ត៌មាន​និង​ការ​វិភាគ​ប្រកប​ដោយ​គុណភាព​ទៅ​ឱ្យ​អ្នក​ស្តាប់​របស់​យើង​ ដើម្បី​ឱ្យ​ពួកគេ​អាច​ដឹង​ព័ត៌មាន​បាន​ ហើយ​ធ្វើការសម្រេច​ចិត្ត​សម្រាប់​ជីវិត​របស់​ពួកគេ​ សេរីភាព​របស់​គេ​ សុបិន្ត​របស់​គេ​ និង​គោល​ដៅ ​របស់​គេ​ ផ្អែកលើ​សេចក្តី រាយ​ការណ៍​ប្រកប​ដោយ​ការពិត​ទាំង​អស់»។

យ៉ាង​ណា​ក៏​ដោយ​កម្មវិធីនៃ​ការផ្សាយ​ព័ត៌មានក៏​មាន​ការ​ប្រែប្រួល​ទៅ​តាម​សម័យ​កាល​និង​ចំណុច​នៃ​ការ​ចាប់​អារម្មណ៍​របស់​ពិភព​លោក​ផង​ដែរ។

លោកកែរ យ៉ាន​ បណ្ណាធិការ​នៃ​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ដែលបានចូល​បម្រើ​ការនៅ​ក្នុង​ឆ្នាំ១៩៧០​ គឺ​ចំ​ពេល​ដែលសហ​រដ្ឋ​អាមេរិកមាន​ការ​គាំទ្រ​យ៉ាង​ពេញ​លេញ​ដល់​រដ្ឋាភិបាល​ទី​ក្រុងភ្នំពេញ​ដោយ​សារ​តែ​អាមេរិក​បាន​ចូល​លូក​ដៃ​ក្នុង​សង្គ្រាម​នៅ​វៀតណាម​ បាន​រំលឹក​ពី​កម្មវិធី​ផ្សាយ​នា​ពេល​នោះ​ថា៖

«កម្មវិធី​ផ្សាយ​របស់​យើង​មាន​ការផ្លាស់​ប្តូរ​ច្រើន ​ដោយ​សារ​រឿង​សង្រ្គាម​វៀតណាម​នេះ។​ សង្គ្រាមវៀតណាម​គឺជា​ដំណឹង​ផ្សាយ​ទីមួយ​នៅ​ក្នុង​កម្មវិធី​ផ្សាយ​របស់​យើង ​ស្ទើតែ​ជារៀង​រាល់​ថ្ងៃ​ ហើយ​ដំណឹង​ពី​ប្រទេស​កម្ពុជា​គឺ​មាន​ភ្ជាប់​ជាមួយ​នៅក្នុង​ករណី​ណា​ដែល​មាន​ព្រឹត្តិការណ៍​កើត​ឡើង​ផ្ទាល់​នៅក្នុង​ប្រទេស​កម្ពុជា​ក្តី​ឬនៅ​ក្នុង​សមរភូមិ​នៅ​ក្នុង​ទឹកដី​កម្ពុជា​ ដែល​មាន​ទាក់​ទង​ជាមួយ​នឹង​សង្គ្រាម​វៀតណាម»។

នៅ​ឯ​ទីស្នាក់​ការ​ធំ​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន ​សហរដ្ឋ​អាមេរិក ​វីអូអេ​មាន​ការិយាល័យ​កណ្តាល​មួយ​សម្រាប់​ប្រមូល​យក​ព័ត៌មាន​មកពី​ជុំវិញ​ពិភព​លោក។ ​បុគ្គលិក​នៅ​ទីនោះ​ជា​អ្នក​សរ​សេរ​និងកែសម្រួល​សេច​ក្តី​រាយ​ការណ៍ជា​ភាសារ​អង់គ្លេស​ ហើយ​ចែក​ចាយ​ឱ្យ​គ្រប់​ផ្នែក​ភាសា​ផ្សេងៗ​ដែល​មាន​ជាង​៤០​ភាសាបក​ប្រែ​សម្រាប់​កម្មវិធី​ផ្សព្វផ្សាយ​របស់​គេ។ ប៉ុន្តែ​របៀប​នៃ​ការ​រៀប​ចំ​ព័ត៌​មានក៏មាន​ការ​ខុស​ប្លែក​គ្នា​ផង​ដែរ​បើ​ប្រៀប​ធៀប​ទៅ​នឹង​ពេល​បច្ចុប្បន្ន​នេះ។​ លោកកែរ យ៉ាន​ បាន​ធ្វើការ​រំលឹក​ថា៖

«យើង​មាន​មុខនាទី​ជាអ្នក​បក​ប្រែ​សុទ្ធសាធ។ ​មិន​សូវ​មាន​របាយ​ការណ៍​ដែល​យើង​ធ្វើ​ដោយ​បុគ្គលិក​នីមួយៗ​ផ្ទាល់​ទេ​ គឺចេញ​ពី​បន្ទប់​ព័ត៌មាន​កណ្តាល​មួយ​ដែល​យើង​ហៅថា​ Central Newsroom។​ យើង​យក​មក​ប្រែ​តាម​គេ​សរសេរ​ឱ្យ​ ហើយ​សព្វ​ថ្ងៃ​នេះ​គឺ​យើង​មាន​សេរីភាព​ គេ​បើក​សិទ្ធិ​ឱ្យ​យើង​ធ្វើ​របាយ​ការណ៍​ផ្ទាល់​ចេញ​ពី​ផ្នែក​ភាសានីមួយ»។

ជា​រឿយៗ​វីអូអេ​ ត្រូវបានគេយល់ថាដើរ​តួរ​នាទីជា​បណ្តាញ​ឃោសនារបស់​រដ្ឋា​ភិបាល​អាមេរិកាំង​ប៉ុន្តែ​ជាគោល​ការណ៍​និង​ការ​អនុវត្ត​ជាក់​ស្តែង​គឺ​ វីអូអេ​ផ្សាយ​ព័ត៌មាន​ពី​គ្រប់​ជ្រុង​ជ្រោយ​ទាំង​អស់​ដោយ​មិន​ប្រកាន់​និន្នាការ​ណា​ឡើយ។

ធម្មនុញ្ញ​របស់​វីអូអេ​ សំឡេង​សហ​រដ្ឋ​អាមេរិក​ដែល​ត្រូវ​បាន​លោក​ប្រធានាធិបតី ​Gerald Ford ​ចុះ​ហត្ថ​លេខា​ឱ្យ​ក្លាយ​ជា​ច្បាប់​ក្នុង​ឆ្នាំ​១៩៧៦​ ចែង​យ៉ាង​ច្បាស់​ថា​ វីអូអេដើរ​តួ​នាទី​ជា​ប្រភព​ព័ត៌មាន​ជា​ទីទុក​ចិត្ត​បាន​ដោយ​ផ្តល់​ព័ត៌មាន​ត្រឹម​ត្រូវ​ មិន​លំអៀង​ និង​ទូលំ​ទូលាយ។

ធម្មនុញ្ញ​នោះ​ ក៏បន្ថែម​ថា​វីអូអេ​តំណាង​ឱ្យ​សហរដ្ឋ​អាមេរិក​ទាំងមូល​គឺមិន​តំណាង​ឱ្យតែ​ផ្នែក​ណាមួយ​នៃសង្គមអាមេរិ​កាំងទេ​ ដូច្នេះ​ហើយ​វីអូអេ​ផ្សាយ​នូវ​ការ​ឆ្លុះ​បញ្ចាំង​គំនិត​និង​ស្ថាប័ន​សំខាន់ៗ​របស់​អាមេរិកាំង​ឱ្យ​បាន​ទូលំ​ទូលាយ​និង​ប្រកប​ដោយ​តុល្យភាព។

ចំណុច​ចុង​ក្រោយនៃធម្មនុញ្ញ​របស់​វីអូអេ​ចែង​ថា​ វីអូអេ​នឹង​បង្ហាញ​នូវ​គោល​នយោ​បាយ​របស់​សហរដ្ឋ​អាមេរិក​ឱ្យ​បាន​ច្បាស់​និង​ប្រកប​ដោយ​ប្រសិទ្ធិ​ភាពហើយ​ក៏​នឹង​បង្ហាញ​នូវ​ការ​ពិភាក្សា​និង​គំនិត​យោបល់​ទាក់​ទង​នឹង​គោល​នយោបាយ​នេះ​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ដែរ។

សូម្បី​តែ​នៅ​ក្នុង​ពេល​ដែល​មានវិវាទ​ជា​អន្តរជាតិ​ដែល​សហរដ្ឋ​អាមេរិក​ចូលរួម​ពាក់​ព័ន្ធ​ក៏​ដោយ​ ក៏​វីអូអេ​រាយការណ៍​ព័ត៌មាន​ដូច​គ្នា​នឹង​បណ្តាញ​សារព័ត៌មាន​អាជីព​នានា​រាយការណ៍​ដែរ។

លោក​ Jing Zhang ​នាយក​ស្តីទីនៃ​វីអូអេ ​សំឡេង​សហរដ្ឋ​អាមេរិក​ខាង​នាយក​ដ្ឋាន​អាស៊ី​និង​ប៉ាស៊ីហ្វិក​បាន​បញ្ជាក់​ថា៖

«ក្នុង​នាម​ជា​អង្គការ​សារព័ត៌មាន​ យើង​មិនគួរ​កាន់ជើង​ភាគី​ណា​មួយ​ឡើយ។​ យើង​មិន​ការពារ​គោល​នយោបាយរបស់​សហរដ្ឋ​អាមេរិក។ យើង​មិន​កាន់ជើង​រដ្ឋា​ភិបាល​ណា​មួយ​ឬអង្គការ​ណា​មួយ​ឡើយ។​ ការ​ទទួល​ខុស​ត្រូវ​របស់​យើង​គឺ​រាយការណ៍​ព័ត៌មាន​តាមតែវាកើត​មាន​ឡើង។​ ឧទាហរណ៍​ ដូច​ជា​យើង​ក៏​រាយការណ៍​ពី​ការ​ពិភាក្សា​ជាច្រើន​នៅក្នុង​សហរដ្ឋ​អាមេរិក​អំពី​គោល​នយោបាយ​របស់​សហរដ្ឋ​អាមេរិក​នៅ​ អ៊ីរ៉ាក់​និង​អាហ្វហ្គានីស្ថាន។​ យើង​រាយ​ការណ៍ថាតើ​គោល​ជំហរ​របស់​រដ្ឋាភិបាល​អាមេរិក​មាន​យ៉ាងណា​លើ​បញ្ហានេះ។​ យើង​ក៏​រាយការណ៍ពីការ​ប្រឆាំង​នឹង​គោល​នយោបាយ​របស់​អាមេរិក​លើ​បញ្ហា​នេះ​ដែរ»។

នា​ពេល​បច្ចុប្បន្ន​នេះ​វីអូអេ​ប្រើប្រាស់​មធ្យោបាយ​ជាច្រើនក្នុង​ការ​ផ្សាយ​ព័ត៌មាន​ដល់​អ្នកស្តាប់​នៅទូទាំង​ពិភព​លោក​ ដែល​មាន​ដូចជា​ការផ្សាយ​តាម​វិទ្យុ ​ទូរទស្សន៍​ និង​បណ្តាញ​អ៊ីន​ធឺ​ណិត។​ សម្រាប់ការ​ផ្សាយទៅ​ប្រទេស​កម្ពុជា​ ​ការផ្សាយ​តាម​វិទ្យុ​គឺ​ផ្សាយ​តាម​រលកធាតុ​អាកាស​មធ្យម​និង​ខ្លី ដោយ​ធ្វើ​ការ​ផ្សាយ​បន្ត​ផ្ទាល់​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ​ ហើយ​មាន​កិច្ច​សហការ​ជាមួយ​ដៃ​គូ​ផ្សព្វផ្សាយ​ក្នុង​ប្រទេស​កម្ពុជាដែលយកទៅ​ផ្សាយបន្ត​ ក្នុង​នោះ​មាន​ដូច​ជាវិទ្យុ​របស់មជ្ឈ​មណ្ឌល​ព័ត៌មាន​ស្រ្តី​កម្ពុជា​តាម​រលក​ធាតុអាកាស ​FM 102 វិទ្យុ​សំបុក​ឃ្មុំ​ FM 105 ​និង​វិទ្យុ​អង្គរ​រដ្ឋា​ FM 95.5 ​នៅ​ខេត្ត​សៀមរាប។​ កម្មវិធី​ទូរទស្សន៍​ត្រូវ​បាន​ផ្សាយ​តាមទូរទស្សន៍​ជាតិ​កម្ពុជា​និង​ទូរទស្សន៍​ស៊ីធីអ៊ិន។​ រី​ឯកម្ម​វិធី​ដែលបានផ្សាយទាំង​អស់​នេះត្រូវបាន​រក្សាទុក​ក្នុង​ប្រព័ន្ធ​អ៊ីន​ធឺណិត​តាម​រយៈ​គេហទំព័រ​ www.voacambodia.com,​ Youtube,​ Facebook,​ Twitter ​និង​បណ្តាញ​សង្គម AngkorOne។

វី​អូ​អេ​ សំឡេងសហរដ្ឋ​អាមេរិក​ផ្នែក​ខេមរៈភាសា​មាន​អ្នក​យក​ព័ត៌មាន​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ដែល​មាន​បទ​ពិសោធ​ន៍​ជា​យូរ​ឆ្នាំ​ ហើយ​ពួកគេ​ផ្តល់​នូវ​សេចក្តីរាយ​ការណ៍ជា​ប្រចាំ​នូវ​ព្រឹត្តិ​ការណ៍​ថ្មីៗដែលកើតមាននៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​ក្រុម​ផ្សាយ​នៅ​ក្នុងទី​ក្រុងវ៉ា​ស៊ីង​តោន​ឌី​ស៊ី​ ជាអ្នកទទួល​ខុសត្រូវ​រៀបចំ​ការ​ផ្សាយ​ប្រចាំថ្ងៃ​និង​ក៏មាន​ធ្វើ​សេចក្តី​រាយការណ៍​ផ្ទាល់​ផងដែរ។

រាល់​សេចក្តី​រាយការណ៍​ព័ត៌មាន​របស់​វីអូអេសុទ្ធ​តែ​ផ្តោត​លើ​ប្រភព​ព័ត៌មាន​ពី​ ពីរ​ឬបី ​ឡើង​ទៅ​ដើម្បី​ ធានា​ថា​សេចក្តី​រាយ​ការណ៍​នោះ​គ្រប​ដណ្តប់​ទៅលើ​ភាគី​ដែល​ចូលរួម​ពាក់​ព័ន្ធ​នៅ​ក្នុង​សាច់​រឿង។

វីអូអេ​ផ្តោត​លើ​បញ្ហា​ជា​ច្រើន​នៅលើ​ពិភពលោក​និង​កម្ពុជាដោយ​ផ្តោត​លើ​បញ្ហានយោ​បាយ ​សេដ្ឋកិច្ច សុខភាព​ បរិស្ថាន ​សាសនា ​ការសិក្សា​អប់រំ ​និង​ប្រវត្តិ​សាស្រ្ត​ជាដើម។​ លោក​គ្រិស ឌីឃឺដ​បាន​បញ្ជាក់ថា​៖

«ទាំង​នេះ​ជា​ផ្នែក​មួយ​នៃ​បេសកកម្ម​និង​អាណត្តិ​របស់​យើង​ដែល​ផ្តល់​ឱ្យ​ដោយ​សភា​ជាតិ​អាមេរិ​កាំង​ក្នុង​ការ​រាយការណ៍​ព័ត៌មាន​អំពី​ពិភពលោក​ ព័ត៌មាន​ពី​សហរដ្ឋ​អាមេរិក​ក៏​ដូច​ជា​ពី​កម្ពុជា។ ​នេះគឺ​ជា​ផ្នែក​មួយ​នៃ​បេសកម្ម​ជា​មូលដ្ឋាន​របស់​យើង។​ យើង​ជឿថា​ពិភពលោក​គឺមាន​ការ​ភ្ជាប់​គ្នា​ទៅ​វិញ​ទៅ​មក»។

មួយ​ភាគ​បី​នៃ​កម្មវិធី​ផ្សាយ​គឺ​ផ្តោត​លើ​ពិភព​លោក​ មួយ​ភាគ​បីលើ​បញ្ហា​នៅ​សហ​រដ្ឋ​អាមេរិក​ និង​មួយ​ភាគ​បី​ចុង​ក្រោយ​គឺ​ផ្តោត​លើ​បញ្ហា​កម្ពុជា​ប៉ុន្តែ​ជួន​កាល​ការ​ផ្សាយ​ពី​ប្រទេស​កម្ពុជា​ក៏​មាន​ច្រើន​ជាង​នេះ​ផង​ដែរ។

លោកឈឹម សុមេធ​ អ្នក​អាន​ព័ត​មាន​ម្នាក់​របស់​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ដែល​បាន​ចូល​បម្រើ​ការ​ងារក្នុង​ឆ្នាំ១៩៨៦​មក បានបញ្ជាក់​ថា​ លោក​តែង​តែ​ចាត់​ថ្នាក់​ដំណឹង​ផ្អែក​ទៅ​បញ្ជី​ដែល​ខាង​ការិយាល័យ​ព័ត៌មាន​កណ្តាល​ដាក់​ចុះ​មក ​ប៉ុន្តែ​លោក​នៅតែ​ចាត់​ទុក​ព័ត៌មាន​ពី​កម្ពុជា​សំខាន់​ជាង​គេ។

«ខ្ញុំ​ឱ្យ​អាទិភាព​ទៅលើ​ដំណឹង​ ដែល​ទាក់​ទង​ទៅនឹង​ប្រទេស​កម្ពុជា​ ទោះ​ណា​ជា​ដំណឹង​នោះមិន​មាន​នៅ​ក្នុង​បញ្ជី​ព័ត៌មាន​សំខាន់ៗ​ក៏ដោយ​ពីព្រោះ​អ្នក​ស្តាប់​វីអូអេ​យក​ចិត្ត​ទុក​ដាក់​ស្តាប់​ជាងគេ​លើ​ប្រទេស​កម្ពុជា។​ ដូច​ជា​ប៉ុន្មាន​ថ្ងៃមុន​នេះ​ មាន​ទាក់​ទង​នឹង​រឿង​ប្រាសាទ​ព្រះ​វិហារ​ ខ្ញុំ​យក​រឿង​ប្រាសាទ​ព្រះ​វិហារ​យក​មក​ដាក់​លើ​គេ​រហូត​ ហើយ​បន្ទាប់​មក​បាន​យក​រឿង​ទី​មួយ​ក្នុងបញ្ជី​មាតិការ​ព័ត៌មាន​ដាក់​ ពីព្រោះ​ខ្ញុំ​ជឿ​ជាក់​ក្នុង​ចិត្ត​ខ្ញុំ​ថា​បងប្អូន​រួម​ជាតិ​ខ្មែរ​នៅ​ក្នុង​ប្រទេស​ខ្មែរ​ក្តី​ នៅ​ក្រៅ​ប្រទេស​ក្តី​គឺ​យកចិត្ត​ខ្លាំង​ណាស់​អំពី​បញ្ហា​ដែល​សៀម​ឈ្លាន​ពាន​យក​ទឹកដី​យើង​នៅ​ជិត​ប្រាសាទ​ព្រះ​វិហារ​ហើយ​ដែល​វា​ចង់​យក​ប្រាសាទ​ព្រះ​វិហារ​ធ្វើ​ជា​ប្រាសាទ​របស់​វា»។

លោក​សុមេធ​ ក៏ធ្លាប់​បាន​រៀបចំ​កម្មវិធី ​ប្រវត្តិសាស្រ្ត​កម្ពុជា​ដែល​វីអូអេ​ធ្លាប់​បាន​ផ្សាយ​ក្នុង​ពេល​កន្លង​មក​ផង​ដែរ។

ក្រៅ​ពី​ខ្លឹមសារ​នៃ​ព័ត៌​មាន​វីអូអេ​ក៏​ផ្តោត​លើ​ទាំង​គុណភាព​នៃ​ការ​ផ្សាយ​សំឡេង​ផង​ដែរ​រាប់​តាំង​ពី​ការណែ​នាំ​សេចក្តី​រាយការណ៍​នីមួយ​និង​ការផលិតកម្ម​វិធី​ផ្សាយ។

លោកស្រី​ណុច​ សារីតា​ បាន​ចូល​បម្រើ​ការងារ​តាំង​ពី​ឆ្នាំ​១៩៨៤ ​ជាផលិតករ​និង​ជួន​កាល​ជា​ពិធីករ​កម្មវិធី​ផ្សាយ​បាន​បញ្ជាក់​ថា៖

«នៅ​ក្នុង​ការ​ផលិត​កម្មវិធី​នីមួយៗ​ដោយ​វីអូអេ ​ផ្សាយ​បន្ត​ផ្ទាល់​នៅ​រាល់​កម្មវិធី​ដូច្នេះ​ផលិតករ​មុន​នឹង​ទៅ​ផ្សាយ​ត្រូវ​ធ្វើការ​ទំនាក់​ទំនង​គ្នា​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អ្នក​រៀបរៀង​កម្មវិធី​ផ្សាយ​ ជាមួយ​នឹង​អ្នក​ផ្សាយ​ហើយ​នឹង​ជាមួយ​នឹង​អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​នៅ​ ប្រទេស​កម្ពុជា។​ នៅ​ក្នុង​បន្ទប់​ផ្សាយ​សំឡេង​ដូច​អស់​លោក​អ្នក​ជ្រាប​ស្រាប់​ហើយ​ថា​វីអូអេ​ជា​វិទ្យុ​តែ​មួយ​គត់​របស់​រដ្ឋាភិបាល​អាមេរិកាំង​ហើយ​ដូច្នេះ​វីអូអេ​ផ្តោត​ការ​យកចិត្ត​ទុកដាក់​ទៅ​លើ​សំឡេង​ខ្លាំង​ណាស់​ដើម្បីឱ្យ​មាន​គុណភាព​ល្អព្រោះ​ការផ្សាយ​នេះ​ផ្សាយ​ទៅ​ពាស​ពេញ​ពិភព​លោក ។​ បុគ្គលិក​ម្នាក់ៗ​ដែល​បានចូល​មក​ធ្វើការ​នៅ​ក្នុង​វីអូអេ​នេះ ​មិន​មែន​ត្រឹម​តែ​ចេះ​ធ្វើ​ព័ត៌មាន​ មិន​មែន​ត្រឹមតែ​ចេះ​បក​ប្រែប៉ុណ្ណោះ​ទេ​ មិន​ត្រឹម​តែ​ត្រូវ​ចេះ​ដើរ​តួរ​ឱ្យ​សម​នៅក្នុង​សាច់​រឿង​ប៉ុណ្ណោះ​ទេ​ សំខាន់​បំផុត​ឱ្យ​មាន​សំឡេង​ខ្លាំង​ជៀស​វាង​ការ​រំខាន​ពី​ប្រព័ន្ធ​ផ្ស​ងៗ​ទៀត»។

វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ផ្នែក​ខេមរៈ​ភាសារ​តែងតែ​យក​ចិត្ត​ទុក​ដាក់​ដល់​គំនិត​យោបល់​របស់​អ្នក​ស្តាប់​ដែល​បាន​ជួយ​ចូលរួម​កែ​លម្អ​តាម​ការផ្ញើ​ជា​សារអេឡិក​ត្រូនិក​ សំបុត្រ​ និង​ការ​ចុះ​ស្ទាប​ស្ទង់​ប្រចាំ​ឆ្នាំ​ ហើយ​ក៏​ផ្តល់​ជា​វេទិកា​សម្រាប់​អ្នកស្តាប់​បាន​ចូលរួម​សួរ​សំណួរ​ដោយ​ផ្ទាល់​ជាមួយ​វាគ្មិន​ក្នុង​កម្មវិធី​ផ្សាយ​ដែល​មាន​ទាំង​អ្នក​នយោបាយ​ មន្រ្តី​រដ្ឋាភិបាល​ បុគ្គលិក​អង្គការ​ក្រៅ​រដ្ឋាភិបាល​ និង​ជំនាញ​ការ​លើ​វិស័យ​ជា​ច្រើន៕

XS
SM
MD
LG