ប្រែសម្រួលដោយលី សុខឃាង
ការរឹបអូសដីធ្លីត្រូវបានអ្នកវិភាគមួយចំនួនពិពណ៌នាថា ប្រហែលជាការគំរាមកំហែងដ៏ធំបំផុតចំពោះរដ្ឋាភិបាលក្រុងប៉េកាំង។ ក្នុងករណីជាច្រើន អ្នកតាំងទីលំនៅត្រូវបានបង្ខំឲ្យចាកចេញ ហើយផ្តល់ប្រាក់ឲ្យតែមួយចំណែកតូចនៃតម្លៃផ្ទះរបស់ពួកគេប៉ុណ្ណោះ។
វិស័យសេដ្ឋកិច្ចដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សស្របជាមួយនឹងភាពងាយស្រួលក្នុងការរកដីបានបង្កឲ្យមានការរឹបអូសយកដីគ្រប់ទីកន្លែងពីសំណាក់រដ្ឋាភិបាល។ ដីធ្លីជាមធ្យោបាយដ៏ងាយស្រួលសម្រាប់រដ្ឋាភិបាលក្នុងការបំពេញបន្ថែមធនធានរបស់ប្រទេសចិន ក៏ប៉ុន្តែអំពើពុករលួយពីសំណាក់មន្រ្តី និងអ្នកអភិវឌ្ឍអាចពន្លឿនដំណើររការនេះដែរ។ លោកថ្លែងថា៖
“រដ្ឋាភិបាលចិនគ្រប់ជាន់ថ្នាក់កំពុងប្រកួតប្រជែងគ្នាជាមួយប្រជាពលរដ្ឋចិន ដើម្បីព្យាយាមរកប្រាក់ចំណេញឲ្យបានច្រើនបំផុតតាមលទ្ធភាពដែលអាចធ្វើបានសម្រាប់ខ្លួនឯង»។
លោកមីង ស្ស៊ា (Ming Xia) ជាសាស្រ្តាចារ្យផ្នែកវិទ្យាសាស្រ្តនយោបាយ សេដ្ឋកិច្ច និងទស្សនៈវិជ្ជា នៃសាកលវិទ្យាល័យទីក្រុងញ៉ូយ៉ក The City University of New York ។ គាត់និយាយថា កម្មសិទ្ធិទ្រព្យសម្បតិ្តរបស់ប្រទេសចិនមានភាពស្មុគ្រស្មាញយ៉ាងខ្លាំង។ សំខាន់គឺថា រដ្ឋជាម្ចាស់ដីធ្លី ហើយបុគ្គលម្នាក់ៗជាម្ចាស់ទ្រព្យសម្បត្តិជាក់ស្តែងលើដីនោះអស់ជាច្រើនទសវត្ស៍មកហើយ។ លោកមីង ស្ស៊ាបន្តថា៖
«ប្រជាពលរដ្ឋចិនមិនមានកម្មសិទ្ធិលើដីធ្លីទេ។ ដូច្នេះពួកគេមិនបានទទួលប្រាក់សំណងសមរម្យឡើយ។ ហើយទីពីរ សម្រាប់រដ្ឋាភិបាល និងដោយសារតែពួកគេមានកម្លាំងជំរុញ ដ៏ខ្លាំងក្លាដើម្បីទទួលបានលុយបែបនោះហើយទើបជួនកាលពួកគេអាចប្រើកម្លាំង និងប្រព្រឹត្តអំពើឃោរឃៅក្នុងការបណ្តេញប្រជាពលរដ្ឋចេញពីដីឬអគារនានា»។
ករណីបណ្តេញចេញដោយបង្ខំកាលពីពេលថ្មីៗនេះ ត្រូវបានផ្សព្វផ្សាយជាសាធារណៈមុនពេលតាំងពិព័រណ៍ពិភពលោកនៅទីក្រុងសៀងហៃក្នុងឆ្នាំនេះ ដែលបើករហូតដល់ខែតុលា។
លោកស្រីហ៊ូ យ៉ាន (Hu Yan) បានតស៊ូប្រឆាំងនឹងការិយាធិបតេយ្យនៅប្រទេសចិនអស់រយៈពេល៥ឆ្នាំមកហើយ បន្ទាប់ពីដឹងថា គេហដ្ឋានរបស់គាត់នឹងត្រូវកម្ទេចចោល ដើម្បីយកកន្លែង សម្រាប់តាំងពិព័រណ៍។ គាត់ឲ្យដឹងថា អាជ្ញាធរក្រុងមិនបានផ្តល់សំណង ឬជួយរកទីតាំងថ្មីដល់រូបគាត់ ឬអ្នកតាំងទីលំនៅដែលរងគ្រោះរាប់ពាន់នាក់ផ្សេងទៀតទេ។
លោកសាស្រ្តាចារ្យស្ស៊ា មានប្រសាសន៍ថា សូម្បីតែនៅពេលដែលប្រជាពលរដ្ឋទទួលបានប្រាក់ ប្រាក់នោះតិចតួចណាស់។ គាត់កត់សម្គាល់ឃើញថា ជាមធ្យមប្រាក់នោះនឹងចាយអស់ក្នុងរយៈពេលប្រហែលពីរឆ្នាំក្រោយមក។ លោកស្ស៊ាមានប្រសាសន៍ថា៖
«នៅទីបំផុត ពួកគេនឹងក្លាយទៅជាបន្ទុកមួយ។ ពួកគេគ្មានលុយទៀតទេ។ ពួកគេគ្មានមុខរបបរទៀតទេ។ ដូច្នេះ ពួកគេក្លាយជាអ្នកក្រ គ្មានការងារធ្វើនៅទីក្រុង។ ដូច្នេះនោះពិតជាបន្ទុកមួយសម្រាប់សេដ្ឋកិច្ចរបស់ប្រទេសចិន។ វាក៏ក្លាយជាការគំរាមកំហែង ទៅលើសន្តិសុខសង្គមរបស់ចិនដែរ»។
ហើយគាត់ឲ្យដឹងទៀតថា ការគំរាមកំហែងទៅលើរដ្ឋាភិបាលចិនកំពុងកើនឡើងដែរ។ លោកថ្លែងថា៖
«កាលពីពេលថ្មីៗនេះ កុប្បកម្មទូទាំងប្រទេសក្នុងសង្គមចិនមានចំនួនលើសពី១សែននាក់។ ក្រុមអ្នកសង្គមវិទ្យាចិនមួយចំនួនជឿថា រដ្ឋាភិបាលចិនកំពុងអង្គុយលើកំពូលភ្នំភ្លើង»។
រដ្ឋាភិបាលចិនបន្តចំណាយក្នុងអត្រាមួយខ្ពស់។ ហើយលោកសាស្ត្រាចារ្យស្ស៊ា (Xia) ព្រមានថា វាមានការលំបាកសម្រាប់រដ្ឋាភិបាលក្នុងការបញ្ឈប់ បើទោះជាសេដ្ឋកិច្ចសកលលោកកាន់តែធ្ងន់ធ្ងរទៅក៏ដោយ។
«ពួកគេបានចំណាយលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅលើវិស័យយោធា ទៅលើគម្រោងធំៗ ដូចជាកីឡាអូឡាំពិក ព្យុះហយាត្រាយោធា និងការតាំងពិព័រណ៌ពិភពលោក។ ហើយជាការពិតណាស់ រដ្ឋាភិបាលមានភាពខ្ជះខ្ជាយយ៉ាងខ្លាំង ដោយសារតែអំពើពុករលួយ។ ហើយដូច្នេះ ក្នុងពេលនេះ «ថ្ងៃចាស់ដ៏ល្អ» សម្រាប់រដ្ឋាភិបាលចិនបានកន្លងផុតហើយ ដោយសារតែពេលមុនពួកគេអាចពឹងផ្អែកលើទីផ្សារភាគហ៊ុនដ៏រីកចម្រើន ទីផ្សារលក់ផ្ទះសម្បែង និងវិសាលភាពយ៉ាងធំធេងនៃការវិនិយោគផ្ទាល់ពីបរទេស និងការនាំចេញទៅកាន់បស្ចឹមប្រទេស»។
ប្រទេសចិនមិនមែនជាប្រទេសតែមួយគត់ ដែលរដ្ឋាភិបាលចាប់យកដីធ្លីនោះទេ។
«រឿងទីតាំងសាធារណៈសម្រាប់ពេលអនាគត គ្មានអ្វីដែលគួរឲ្យសើចទេ។ ខ្ញុំបាត់បង់ផ្ទះរបស់ខ្ញុំនៅតាមមាត់ទន្លេ។ ខ្ញុំមានកន្លែងមួយប្រកបដោយសោភ័ណភាពនៅតាមមាត់ទន្លេ ដែលត្រូវបានផ្លូវហៃវ៉េ ឆក់យកបាត់»។
លោកហ្វ្រង់ ក្លេម៉ង់ត៍ (Frank Clemente) ជាអ្នកសង្គមវិទ្យានៅសាកលវិទ្យាល័យរដ្ឋផិនស៊ីលវេនៀ (The Pennsylvania State University) នៃសហរដ្ឋអាមេរិក។ លោកមានប្រសាសន៍ថា ឧទាហរណ៍ រដ្ឋាភិបាលសហរដ្ឋអាមេរិកទទួលបានដីមួយដុំយ៉ាងធំនៅក្នុងទសវត្សរ៍ឆ្នាំ១៩៤០ នៅក្នុងរដ្ឋផិនស៊ីលវេនៀ។ លោកបន្តទៀតថា៖
«ទ្រព្យសម្បតិ្តរបស់ពួកគេទាំងអស់នៅចំកណ្តាលរដ្ឋផិនស៊ីលវេនៀត្រូវបានក្រសួងការពារជាតិរឹបអូសយកដើម្បីអភិវឌ្ឍ និងសម្រាប់ការសាកល្បងអាវុធ។ ពួកគេបាត់បង់ដីរាប់ពាន់Acre»។
ប៉ុន្តែសំណងជូនដល់ម្ចាស់ដីនៅទីនោះ ខ្ពស់ជាងច្រើន បើប្រៀបធៀបជាមួយប្រទេសចិន។ ហើយលោកមីងស្ស៊ានៃសាកលវិទ្យាល័យទីក្រុងញ៉ូយ៉ក (The City University of New York) មានប្រសាសន៍ថា ការរឹបអូសយកដីធ្លីនៅក្នុងប្រទេសចិនកំពុងហែកហួររបៀបរបបសង្គមជាតិ ហើយគំរាមកំហែងដល់ប្រពៃណីដែលមានអាយុរាប់ពាន់ឆ្នាំ។
«ខ្ញុំគិតថា ពួកគេមិនដែលគិតអំពីបញ្ហានេះទេ។ តើពួកគេនឹងថែរក្សារបៀបរបបប្រពៃណីរបស់សហគមន៍ចិនយ៉ាងដូចម្តេច? ហើយជាការណ៍ពិតណាស់ សម្រាប់ករណីលោកស្រី ហ៊ូ យ៉ាន ពួកគេឃោរឃៅណាស់»។
លោកស្រីហ៊ូ យ៉ាន គ្មានផ្ទះសម្បែងទេ។ លោកស្រីស្ថិតនៅក្នុងទីក្រុងញ៉ូយ៉ក ធ្វើបាតុកម្មនៅតាមផ្លូវខាងមុខអង្គការសហប្រជាជាតិ ដើម្បីទាញការចាប់អារម្មណ៍ចំពោះបញ្ហាសិទ្ធិកាន់កាប់ទ្រព្យសម្បតិ្តនៅប្រទេសចិន៕