ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វិបត្តិ​ក្នុង​តំបន់​ប្រើប្រាស់​ប្រាក់​អឺរ៉ូ


ប្រែសម្រួលដោយ​លី សុខឃាង

ប្រាក់​អឺរ៉ូ ​ធ្លាប់​ជា​រឿង​ជោគជ័យ​មួយ ​ចាប់​តាំង​ពី​ប្រាក់​នេះ​ត្រូវ​បាន​ប្រើ​ប្រាស់​ដំបូង ​កាល​ពី​ប្រហែល​១០​ឆ្នាំ​មុន។​ ការ​ប្រើ​ប្រាស់​នេះ​បាន​ជំទាស់​ក្រុម​អ្នក​រិះគន់ ​ដែល​ថា​ ប្រាក់​នេះ​នឹង​មិន​អាច​ដំណើរ​ការ​ជា​រូបិយប័ណ្ណ​មួយ​គត់​បាន​ទេ ​សូម្បីតែ​នៅ​ក្នុង​ផ្នែក​មួយ​នៃ​សហ​ភាព​អឺរ៉ុប។ ​ដោយ​ត្រូវ​បាន​ប្រើ​ដោយ​ផ្នែក​មួយ​នៃ​សហភាព​អឺរ៉ុប​ ដែល​ស្គាល់​ថា ​ជាតំបន់​អឺរ៉ូ ​ ប្រាក់​នេះ​មាន​សេ្ថរភាព​ឡើង​ថ្លៃ ​និង​បាន​ក្លាយ​ជា​ជម្រើស​រូបិយ​ប័ណ្ណ​ទី​ពីរ​ផ្លូវការ ​បន្ទាប់​ពី​ប្រាក់​ដុល្លារ​អាមេរិក។

អ្នក​សេដ្ឋវិទូ ​Spyros Economides ​នៃ​សាលា​សេដ្ឋកិច្ច​ទីក្រុង​ឡុង​ London​ School​ of ​Economics​ និយាយ​ថា ​ប៉ុន្តែ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ​មាន​រឿង​ជា​ច្រើន​ចាប់​ផ្តើម​លាត​ត្រដាង​ ហើយ​រឿង​ទាំង​អស់​ចាប់​ផ្តើម​ពីប្រទេស​ក្រិច។​ ហេតុផល​ភ្លាមៗ​មាន​ភាព​សាមញ្ញ ​ហើយ​ចំណាយ​ពេល​អស់​ប្រហែល​ពីរ​ទស​វត្ស​ក្នុង​ការ​បង្កើត​ឡើង។​ លោក​Economides ​ថ្លែង​ថា៖

«រដ្ឋាភិបាល​ក្រិច​ ប្រទេស​ទាំង​មូល​ និង​ប្រជា​ពលរដ្ឋ​ក្រិច​ ដែល​មិន​អាច​ចៀស​ផុត​បាន​កំពុង​ចំណាយ​លុយ​ច្រើន​ជាង​ពួក​គេ​អាច​រក​បាន។ ​ដូច្នេះ​ វា​ដល់​ចំណុច​មួយ ​ដែល​បំណុល​ឈាន​ទៅ​ដល់​ដំណាក់​កាល​មួយ ​ដែល​រដ្ឋាភិបាល​ក្រិច​លែង​អាច​សង​ការប្រាក់​ និង​ទុន​លើ​ប្រាក់កម្ចី ​ដែល​មាន​នៅ​លើ​ទី​ផ្សារ​ប្រាក់​អន្តរជាតិ​ ដើម្បី​ផ្តល់​មូល​និធិ​ដល់​ការ​កើន​ឡើងផ្នែក​ឥណទានយ៉ាង​ធំ​សម្បើម​ ដែល​ជា​សញ្ញាណ​សេដ្ឋកិច្ច​របស់​ប្រទេស​ក្រិច​កាល​ពី​ប៉ុន្មាន​ទស​វត្សរ៍​ចុង​ក្រោយ​នេះ»។

លោក ​Economides ​និយាយ​ថា​ វិបត្តិ​សេដ្ឋកិច្ច​សកល​លោក ​ក៏​បាន​ដើរ​តួនាទី​ក្នុង​រឿង​នេះ​ដែរ។​ លោក​បន្ត​ទៀត​ថា៖

“វា​ជា​ការ​រួម​ផ្សំ​គ្នា​នៃ​កំណើន​បំណុល​ក្នុង​រយៈ​ពេល​យូរ​មួយ​ ដែល​រួម​ជា​មួយ​វិបត្តិ​ហិរញ្ញ​វត្ថុ​សកល​លោក ​ដែល​បាន​ប្រែ​ក្លាយ​ទីផ្សា​រ​ឲ្យ​ទៅ​ជា​កន្លែង​អន្ទះ​សារ​យ៉ាង​ខ្លាំង​ចំពោះ​ប្រាក់​កម្ចី​ ដែលប្រហែល​មិន​ល្អសម្រាប់​ប្រទេស​ដែល​កំពុង​ជាប់​បំណុល​យ៉ាង​ច្រើន»។

ដោយ​ប្រទេស​ក្រិច​ស្ថិត​នៅ​ត្រង់​ចំណុច​មួយ​ដែល​មិន​អាច​មាន​លទ្ធភាព​សងបំណុល​ តាម​កាល​កំណត់​ ប្រទេស​នេះ​បាន​បែរ​ទៅ​រក​ប្រទេស​អឺរ៉ុប​ផ្សេងៗ​ទៀត​ឲ្យ​ជួយ។​ សហភាព​អឺរ៉ុប​ និង​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​ បាន​ផ្តល់​ប្រាក់​ជួយ​សង្រ្គោះ​ចំនួន​១៤០​ពាន់​លាន​ដុល្លារ​ ដើម្បី​ឲ្យ​ប្រទេស​ក្រិច​ប្រើ​ប្រាស់។​ ប្រាក់​រាប់​ពាន់​លាន​ទៀត​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​ ដើម្បី​ព្យាយាម​ធ្វើ​ឲ្យ​ប្រាក់​អឺរ៉ុបមាន​ស្ថេរភាព។

លោក​Christian​ Schweiger ​ជា​អ្នក​វិភាគ​នយោបាយនៃ​សាកល​វិទ្យាល័យ​ឌឺហាម​ (Durham University) ​នៅ​ភាគ​ឦសាន​ប្រទេស​អង់គ្លេស​ និយាយ​ថា ​ប្រទេស​ក្រិច​ មិន​មែន​ជា​ប្រទេស​ក្នុង​តំបន់​អឺរ៉ូ​តែ​មួយ​គត់​ ដែល​ជាប់​បំណុល​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​នោះ​ទេ។​ លោក​Schweiger ​ឲ្យ​ដឹង​ថា៖

“ប្រសិន​បើ​យើងមើល​ទៅ​ប្រទេស​អ៊ីតាលី ​ដែល​ប្រាក់​កម្ចី​ប្រចាំ​ឆ្នាំ​មិនលើស​ពី​ប្រទេស​ក្រិច​មែន ​ប៉ុន្តែ​កម្រិត​បំណុល​សាធារណៈ​សរុប​ វា​មាន​ចំនួន​ប្រហែល​១០០​ភាគ​រយ​ ជួន​កាល​លើស​ពី​១០០​ភាគរយ​ នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប។ ​វា​គ្រាន់​តែ​បង្ហាញ​ថា​ ​ នេះ​បង្ហាញ​ថា ​គ្មាន​បញ្ញតិ្ត​ថវិកា​ត្រឹម​ត្រូវ”។

ប្រទេស​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​ជ្រើស​រើស​ថា​ មានសារ​ពើ​ពន្ធ​ហួស​ប្រមាណ ​និង​បំណុល​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ គឺ​ប្រទេស​អេស្បាញ​ និង​ព័រទុយហ្គាល់។ ​ប្រទេស​ក្រិច​បាន​ប្រកាស​ពី​វិធាន​ការ​សម្រាប់​ស្ថានភាព​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ ​ហើយ​ប្រទេស​អេស្បាញ​ និង​ព័រទុយហ្គាល់​ក៏​បាន​ធ្វើ​តាម​ដែរ៕

អ្នក​សេដ្ឋ​វិទូ ​Spyros​ Economides​ ថ្លែង​ថា៖

“បញ្ហា​គន្លឹះ​គឺទប់​ស្កាត់​ការធ្លាក់ចុះដ៏ឆាប់រហ័ស ​តាម​រយៈការចាត់វិធាន​ការចាំបាច់ ​ដែលមានភាព​ងាយ​ស្រួល​ជាង​ក្នុង​ការ​ទប់ស្កាត់​នា​ពេល​ឥឡូវនេះ ​ជា​ជាង​ទប់​ស្កាត់​នៅ​ក្នុង​នា​ទី​ចុង​ក្រោយ​ ដូច​ដែល​បាន​កើត​ឡើង​នៅ​ប្រទេស​ក្រិច​ ខណៈ​ពេល​ដែល​ការ​ធ្លាក់​ចុះ​មាន​ភាព​ធ្ងន់ធ្ងរ​ខ្លាំង​ ហើយ​អាច​នាំ​ទៅ​ដល់​ភាព​ចលាចល​ក្នុង​សង្គម​ ដែល​យើង​ធ្លាប់​បាន​ឃើញ​នៅ​ក្នុង​ប្រទេស​ក្រិច»។

លោក​ Economides ​និយាយ​ថា ​ លោក​ជឿថា​ ​ប្រទេស​អេស្បាញ​ និង​ព័រទុយហ្កាល់​ ប្រសើរ​ជាង​ប្រទេស​ក្រិច​ក្នុង​ការ​ចាប់​ផ្តើម​សង​បំណុល។ លោក​Christian ​Schweiger​ និយាយថា ​ប៉ុន្តែ​យើង​ត្រូវ​ការ​វិធាន​ការ​ក្រៀម​ក្រំ​ ដែល​មាន​ន័យថា ​ត្រូវ​កាត់បន្ថយកម្ម​វិធី​សង្គម។

ទាំង​នៅ​ខាង​ក្នុង​ ឬ​ក្រៅ​តំបន់​អឺរ៉ូ ​ប្រទេស​អឺរ៉ុប​មិន​ចូលចិត្ត​បោះ​បង់​អំណាច​ច្រើន​ថែម​ទៀត​ទៅឲ្យ​ទីចាត់​ការ​ធំ​នៅ​ក្នុង​ទី​ក្រុង​ប្រ៊ុសែល​ (Brussels)ទេ។​ ប៉ុន្តែ​លោក​ Schweiger​ យល់​ថា​ ប្រការ​នេះ​នឹង​មិន​បង្ក​ឲ្យ​មាន​ហេតុ​ការណ៍​អាក្រក់ៗ​សម្រាប់​ប្រាក់​អឺរ៉ូ​នោះ​ទេ​ ដោយ​សារ​តែ​គាត់​និយាយ​ថា ​មាន​សេចក្តី​ប៉ង​ប្រាថ្នា​ខាង​នយោបាយ​ និង​សេដ្ឋកិច្ច​នៅ​ពីក្រោយ​ការ​រួបរួម​គ្នា​ខាង​រូបិយ​វត្ថុ។

លោក​ Spyros Economides ​ជឿ​ថា ​វិបត្តិ​ជា​បន្ទាន់ ​អាច​កែ​តម្រូវ​បាន​ ប៉ុន្តែ​ត្រូវ​មាន​ការ​ព្រមាន​មួយ។​ លោក​Economides ​បន្ត​ថា៖

“ខ្ញុំ​គិត​ថា ​នេះ​ជា​វិបត្តិ​ដ៏​ធំ ​ដែល​នឹង​វិល​ត្រឡប់​មក​លង​យើង​ទៀត​ នាពេល​អនាគត​ដែល​អាច​ព្យាករណ៍​ទុក​បាន”។

គាត់​ឲ្យ​ដឹង​ថា ​នោះ​គឺ​ដោយ​សារ​តែ​ភាព​ខុស​ឆ្គង​ខាង​រចនា​សម្ព័ន្ធ​នៅ​ក្នុង​តំបន់​អឺរ៉ូ។​ ហើយ​ការ​ព្រមាន​មួយ​ទៀត​ពី​សំណាក់​អ្នក​សេដ្ឋ​វិទូ​ជា​ច្រើន​ ដែល​ថា​ ភាព​ខូច​ខាត​ដល់​ប្រាក់​អឺរ៉ូ​ ក៏​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រទេស​នានា ​នៅ​ខាង​ក្រៅ​តំបន់​អឺរ៉ូ ​ដែល​បាន​ធ្វើ​ជំនួញ​យ៉ាង​ច្រើន​ជា​មួយ​តំបន់​អឺរ៉ូ​នេះ​ ហើយ​នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច​សកល​ភាវូបនីយ​កម្ម​សព្វ​ថ្ងៃ​នេះ​ ប្រទេស​ជាច្រើន​ទំនង​ជា​បរាជ័យ​ដែរ៕

XS
SM
MD
LG