តុលាការខ្មែរក្រហមនឹងអាចជាមធ្យោបាយផ្សះផ្សារ និងការអប់រំ ដែលជាផ្នែកមួយនៃទិសដៅរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលជាអង្គការឯករាជ្យមួយ ប្រមូលចងក្រងឯកសារទាក់ទិននឹងអំពើឃោរឃៅក្នុងរបបខ្មែរក្រហម នេះបើតាមសម្តីរបស់បណ្ឌិតចន ជីយ៉ជីយ៉ារី (John Ciorciari) ដែលបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Harvard University និង Oxford University និងជាសាស្ត្រាចារ្យសាលាគោលនយោបាយសាធារណៈនៃសាកលវិទ្យាល័យ University of Michigan ថ្លែងនៅក្នុងបាឋកថាសាធារណៈមួយនៅសាកលវិទ្យាល័យ Ohio University កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១០។ លោកបានបន្តថា៖
“ការផ្សះផ្សារ ដែលជាប្រភេទនៃការព្យាបាលផ្នែកស្មារតី សីលធម៌ អារម្មណ៍ និងចិត្តសាស្ត្រ ប៉ុន្តែវាជាប្រភេទនៃការផ្សះផ្សារ ដែលអាចកើតមានឡើងនៅក្នុងជម្រៅចិត្តនៃបុគ្គលម្នាក់ៗ។ អង្គការសង្គមស៊ីវិលក្នុងស្រុក និងក្រុមសាសនាកំពុងធ្វើកិច្ចការអស់ទាំងនេះ ហើយយើងនឹងនៅតែបន្តធ្វើដូច្នេះ។ សង្ឃឹមថា ការប្រើប្រាស់តុលាការនេះគឺជាចំណុចអន្តរកាលដ៏សំខាន់សម្រាប់សកម្មភាពអប់រំ និងផ្សះផ្សារ។ តាមទស្សនៈរបស់ខ្ញុំ មធ្យោបាយដែលត្រូវធ្វើនោះគឺធ្វើសកម្មភាពបែបនេះ តាមរយៈសង្គមស៊ីវិលដើម្បីផ្សព្វផ្សាយអំពីការព្យាបាល ដែលខ្ញុំយល់ថា ទិសដៅនេះនិងចំណង់នេះ ត្រូវបានស្តែងចេញយ៉ាងច្បាស់”។
សូ ហ្វារីណា ដែលជាបុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជាម្នាក់ និងជានិស្សិតក្រោយឧត្តមសិក្សាផ្នែកកិច្ចការអន្តរជាតិនៃសាកលវិទ្យាល័យ Ohio University គឺជាអ្នកសម្របសម្រួលម្នាក់នៃការតាំងពិព័រណ៍ និងបាឋកថាសាធារណៈនេះ។ សូ ហ្វារីណាឲ្យដឹងថា ការតាំងពិព័រណ៍ និងបាឋកថានេះ អាចជួយផ្សព្វផ្សាយសំឡេងរបស់ជនរងគ្រោះខ្មែរក្រហម ទៅក្នុងសហគមន៍អន្តរជាតិ ហើយសាកលវិទ្យាល័យ Ohio University គឺជាកន្លែងល្អមួយដើម្បីការរៀបចំពិព័រណ៍ និងបាឋកថានេះ។ និស្សិត ហ្វារីណាថ្លែងថា៖
“យើងរៀបចំកម្មវិធីនេះ គឺជាវិធីមួយក្នុងការទប់ស្កាត់ ពីព្រោះយើងបាននិយាយ យើងបានពិភាក្សា យើងបានចូលរួមទាំងអស់គ្នា។ ការដែលយើងជ្រើសរើសសាកលវិទ្យាល័យអូហៃយ៉ូនេះគឺ ដោយសារថា មាននិស្សិតមកពីគ្រប់ផ្នែកនៅក្នុងពិភពលោក មាននិស្សិតអន្តរជាតិជាច្រើន។ ហើយក្នុងនោះក៏មានកម្មវិធីសិក្សាអំពីកិច្ចការអាស៊ីអាគ្នេយ៍នេះដែរ”។
ឌ្រូ ម៉ាក់ឌែនីអ៊ែល (Drew McDaniel) គឺជាសាស្ត្រាចារ្យសាលាសិក្សា និងសិល្បៈប្រព័ន្ធផ្សព្វផ្សាយនៃសាកលវិទ្យាល័យ Ohio University។ លោកឌ្រូ ម៉ាក់ឌែនីអ៊ែល ដែលមានចំណេះដឹង និងបទពិសោធន៍យ៉ាងច្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មានប្រសាសន៍ថា សាលាក្តីខ្មែរក្រហមមិនត្រូវបានយល់យ៉ាងទូលំទូលាយទេ ពីព្រោះវាមានលក្ខណៈស្មុគ្រស្មាញ ដែលត្រូវចំណាយពេលវេលាច្រើនក្នុងការចរចាឈានទៅបង្កើតសាលាក្តីនេះ។ លោកសាស្រ្តាចារ្យបន្តទៀតថា ដោយសារតែមានការយល់ដឹងតិចតួចអំពីសោកនាដកម្មដ៏ធ្ងន់ធ្ងរ ដែលប្រជាពលរដ្ឋជួបប្រទះក្នុងរបបខ្មែរក្រហម ការតាំងពិព័រណ៍ និងបាឋកថាសាធារណៈនេះ មានប្រយោជន៍ណាស់ដែលជាទិន្នន័យបន្ថែមទៅលើកម្មវិធីសិក្សាអាស៊ីអាគ្នេយ៍របស់សាកលវិទ្យាល័យ Ohio University។ សាស្ត្រចារ្យ ម៉ាក់ឌែនីអ៊ែល មានប្រសាសន៍ថា៖
“យើងមានសហគមន៍អ្នកសិក្សាស្រាវជ្រាវដ៏ធំស្តីអំពីកិច្ចការអាស៊ីអាគ្នេយ៍នៅសាកលវិទ្យាល័យ Ohio Universityនេះ ហើយវាមានតម្លៃណាស់ការដែលមានការចូលរួមពីអ្នកជំនាញខាងកិច្ចការក្នុងតំបន់ ដូចជាសាលាក្តីនៅកម្ពុជានេះ។ ដូច្នេះវាមានតម្លៃក្នុងការធ្វើឲ្យសហគមន៍បញ្ញវន្ត និងអ្នកសិក្សាស្រាវជ្រាវនៅក្នុងសាកលវិទ្យាល័យនេះយល់ដឹងកាន់តែច្បាស់អំពីអ្វីដែលកំពុងកើតឡើងនៅទីនោះ។ ខ្ញុំយល់ថា នេះគឺជាវិធីមួយក្នុងការទាក់ទាញជនជាតិអាមេរិកឲ្យចាប់អារម្មណ៍ចំពោះរយៈពេលដ៏សំខាន់ក្នុងប្រវត្តិសាស្ត្រនេះ ហើយធ្វើឲ្យសាធារណៈជនយល់អំពី ថាតើសហគមន៍អន្តរជាតិឆ្លើយតបទៅនឹងព្រឹត្តិការណ៍ដ៏សំខាន់នេះដោយរបៀបណា។ ទោះបីជាវាបានកន្លងផុតទៅយ៉ាងយូររាប់ឆ្នាំហើយក្តី តែវានៅតែមានសារៈសំខាន់ណាស់”។
លោកចេហ្វ៊ី្រ ស្សេន (Jeffery Shane) បណ្ណរក្សផ្នែកអាស៊ីអាគ្នេយ៍នៃសាកលវិទ្យាល័យOhio University បានប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកផ្នែកខេមរភាសានៅឯការតាំងពិព័រណ៍ និងបាឋកថាសាធារណៈនេះថា វាជាការប្រសើរណាស់ដែលយើងត្រូវចងចាំក្នុងចិត្តថា ដំណើរការនៅតែបន្ត ហើយរឿងរ៉ាវទាំងនោះមិនត្រូវបានបំភ្លេចទេ។ ទាំងប្រជាពលរដ្ឋកម្ពុជា ទាំងអ្នកសង្កេតការណ៍អន្តរជាតិ និងអ្នកចូលរួមដទៃទៀតនៅក្នុងដំណើរការនេះ មិនបានបោះបង់ចោលគំនិតព្យាយាមស្វែងរកវិធីផ្សះផ្សារផង និងយុត្តិធម៌ផង ដើម្បីកុំឲ្យអំពើព្រៃផ្សៃបែបនេះកើតឡើងម្តងទៀត។ លោកមានប្រសាសន៍ថា ការតាំងពិព័រណ៍ និងបាឋកថាសាធារណៈនេះ ផ្តល់ប្រយោជន៍យ៉ាងសម្បើមដល់សហគមន៍សាកលវិទ្យាល័យ Ohio University។ លោកស្សេនថ្លែងថា៖
“ព្រឹត្តិការណ៍បែបនេះមិនមែនសម្រាប់តែអាស៊ីអាគ្នេយ៍ តែវាបាននាំមកនូវគ្រប់ធាតុទាំងអស់ ដូចជាទំនាក់ទំនងអន្តរជាតិ ច្បាប់ មនុស្សធម៌ និងសិទ្ធិមនុស្ស។ ដូច្នេះ នេះគឺជាព្រឹត្តិការណ៍ដ៏ល្អមួយ ក្នុងការប្រមូលមនុស្សឲ្យចូលរួម។ ខ្ញុំយល់ថា វាមានប្រយោជន៍ច្រើនណាស់។ ជាបឋម ទីក្រុងអាថិនស៍ (Athens)នៃរដ្ឋOhio នេះ គឺជាទីក្រុងតូចនៅដាច់តែឯង ហើយព្រឹត្តិការណ៍បែបនេះធ្វើឲ្យមនុស្សដឹងពីបញ្ហាផ្សេងៗនៅឆ្ងាយពីទីក្រុងអាថិនស៍នេះ ដោយធ្វើឲ្យគេយល់ដឹងអំពីពិភពខាងក្រៅកាន់តែច្រើនជាងមុន។ តាមពិតយើងមានកម្មវិធីសិក្សាអំពីកិច្ចការអាស៊ីអាគ្នេយ៍នៅទីនេះ។ ខ្ញុំយល់ថា ការតាំងពិព័រណ៍ និងបាឋកថាសាធារណៈនេះ ផ្តល់លទ្ធភាពច្រើនដល់និស្សិតដែលមិនបានរៀនអំពីបញ្ហានេះឲ្យបានស៊ីជម្រៅនៅថ្នាក់រៀន ទទួលបានគំនិតទូលំទូលាយបន្ថែមទៀតស្តីអំពីកិច្ចការអាស៊ីអាគ្នេយ៍ ជាពិសេសប្រវត្តិសាស្ត្រ និងនយោបាយសម័យទំនើប”។
លោកស្រីចូនី ក្រាយណាន់ស្គី (Joanie Kraynanski)នៃមជ្ឈមណ្ឌលសិក្សាកិច្ចការអន្តរជាតិ របស់សាកលវិទ្យាល័យ Ohio Universityបានប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកផ្នែកខេមរភាសាថា លោកស្រីមិនចាត់ទុកអំពើឃោរឃៅដែលត្រូវបានប្រព្រឹត្តនៅក្នុងរបបខ្មែរក្រហមថា ជាអំពើប្រល័យពូជសាសន៍ទេ តែវាជាអំពើព្រៃផ្សៃហួសប្រមាណដែលបានចែងក្នុងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។ លោកស្រីបន្តថា ការបាឋកថានេះពិតជាជួយអ្នកចូលរួម ឲ្យយល់អំពីអ្វីដែលបានកើតឡើងក្នុងរបបខ្មែរក្រហម និងអំពីសាលាក្តីខ្មែរក្រហម។ លោកស្រី ក្រាយណាន់ស្គីថ្លែងថា៖
“ខ្ញុំយល់ថា បទបង្ហាញថ្ងៃនេះផ្តល់ចំណេះដឹងបន្ថែមដល់អ្នកដែលមិនសូវដឹងអំពីប្រវត្តិសាស្រ្តកម្ពុជា អ្វីដែលនាំឲ្យមានការបង្កើតសាលាក្តី តួនាទីរបស់សាលាក្តី និងលទ្ធផលរបស់វា។ ការបង្ហាញប្រធានបទទាំងនេះដល់អ្នកចូលរួមដែលមិនសូវដឹងអំពីកម្ពុជា ខ្ញុំគិតថា វាជាបទបង្ហាញដ៏ប្រសើរ”។
ប៊្រូស ឌហ្ក្លាស (Bruce Douglas) និស្សិតក្រោយឧត្តមសិក្សាកិច្ចការអាស៊ីអាគ្នេយ៍ នៃសាកលវិទ្យាល័យ Ohio Universityឲ្យដឹងថា បាឋកថានេះ គួរឲ្យចាប់អារម្មណ៍ និងមានប្រយោជន៍ណាស់។ ការតាំងពិព័រណ៍ និងបាឋកថានេះជួយដល់ការស្រាវជ្រាវរបស់លោកច្រើន។ និស្សិត ឌហ្ក្លាសថ្លែងថា រឿងក្តីខ្មែរក្រហមនៅកម្ពុជាគឺជាគម្រូនៃយុត្តិធម៌អន្តរកាល និងជួយដល់ការកំណត់ច្បាប់អន្តរជាតិនៅពេលអនាគត។ និស្សិត ឌហ្ក្លាសបន្តថា៖
“ជាបឋម វាត្រូវនឹងការស្រាវជ្រាវរបស់ខ្ញុំស្តីអំពីប្រវត្តិសាស្រ្តកម្ពុជាក្រោយរបបខ្មែរក្រហម។ បទបង្ហាញនេះធ្វើឲ្យខ្ញុំទទួលបានអ្វីដែលខ្ញុំមិនធ្លាប់បានដឹងដោយការអានសៀវភៅ ហើយធ្វើឲ្យខ្ញុំដឹងអំពី ថាតើសាលាក្តីខ្មែរក្រហមកើតឡើងដោយរបៀបណា អំពីនយោបាយនៃការបង្កើតវា និងសមាសភាពនៃតុលាការនេះ និងបញ្ហាដែលត្រូវធ្វើផ្សេងៗទៀត”។
យុទ្ធនាការផ្សព្វផ្សាយជាអន្តរជាតិរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាស្តីអំពីសាលាក្តីខ្មែរក្រហមត្រូវបានរៀបចំឡើងនៅតាមសាកលវិទ្យាល័យនានាក្នុងសហរដ្ឋអាមេរិក ជាទីដែលបុគ្គលិករបស់ខ្លួនកំពុងសិក្សា។ សាកលវិទ្យាល័យ Ohio University គឺជាសាកលវិទ្យាល័យមួយក្នុងចំណោមសាកលវិទ្យាល័យជាច្រើនទៀតដែលមជ្ឈមណ្ឌលឯកសារសហការរៀបចំការតាំងពិព័រណ៍ និងបាឋកថាសាធារណៈ។ ការតាំងពិព័រណ៍រូបថតស្តីអំពីសាលាក្តីខ្មែរក្រហម និងអំពើដ៏ព្រៃផ្សៃដែលប្រព្រឹត្តដោយខ្មែរក្រហមនឹងត្រូវដាក់តាំងជាអចិន្ត្រៃយ៍នៅផ្នែកកិច្ចការអាស៊ីអាគ្នេយ៍នៃបណ្ណាល័យរបស់សាកលវិទ្យាល័យ Ohio University។