ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​អ្នក​កាសែតព្រួយ​បារម្ភ​ពី​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​ប្រឆាំង​ពួក​គេ


ក្រុម​អ្នក​កាសែត​កម្ពុជា​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​អំពី​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​ប្រឆាំង​នឹង​ពួក​គេ ​ដោយ​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋា​ភិបាល​ និង​មហា​សេដ្ឋី​ខាង​ជំនួញ។

លោក ​ជន​ សក្តា​ ភ្នំពេញ

ក្រុម​សកម្ម​ជន​សារ​ព័ត៌មាននិង​សិទ្ធិ​មនុស្ស ​នៅ​ក្នុង​ទិវា​សេរី​ភាព​សារ​ព័ត៌មាន​ពិភព​លោក​ នៅ​ថ្ងៃ​ច័ន្ទ​នេះ​ បាន​សម្តែង​នូវ​ការ​ព្រួយ​បារម្ភ​អំពី​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​ពី​សំណាក់​មន្ត្រី​មានអំណាច​និង​អ្នក​ជំនួញ​ដែល​មាន​សម្ព័ន្ធ​ភាព​ជា​មួយ​មន្ត្រី​រដ្ឋា​ភិបាល​ជាន់​ខ្ពស់ ​ដើម្បី​គាប​សង្កត់​ មក​លើ​ក្រុម​អ្នក​កាសែត។

របាយ​ការណ៍​ប្រចាំ​ឆ្នាំ​របស់​ក្លឹម​អ្នក​កាសែត​កម្ពុជា​ បាន​បង្ហាញ​ថា​ ក្នុង​រយៈ​ពេល​១​ឆ្នាំ​ពី​ថ្ងៃ​ទី​៣​ ខែ​ឧសភា​ឆ្នាំ​២០០៩​ដល់​ថ្ងៃ​ទី​៣​ខែ​ឧសភា​ឆ្នាំ​២០១០​ អ្នក​កាសែត​ចំនួន​២៤​នាក់​ ត្រូវ​បាន​ចាប់​ ខ្លួន​និង​១០​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ប្តឹង​ដោយ​មន្ត្រី​មាន​អំណាច​និង​ដោយ​រដ្ឋា​ភិបាល។

លោក​ហង្ស​ ចក្រា​ ចាង​ហ្វាង​ការ​ផ្សាយ​នៃ​កាសែត​ខ្មែរ​ម្ចាស់ ​ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​អស់​រយៈ​ពេល​១​ឆ្នាំ​ បន្ទាប់​ពី​បាន​សរសេរ​អត្ថ​បទ​ចោទ​ប្រកាន់​ក្រុម​មន្ត្រី​ នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​លោក​ សុខ​ អាន​ រដ្ឋ​មន្ត្រី​ប្រចាំ​ទី​ស្តី​ការ​ គណៈ​រដ្ឋ​មន្ត្រី​អំពី​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ។​ ប៉ុន្តែ​លោក​ត្រូវ​បាន​ដោះ​លែង​ឱ្យ​មាន​សេរី​ភាព​កាល​ពី​ថ្ងៃ​ទី​១៣​ខែ​មេសា។

លោក​រស់ ​សុឃិត​ អ្នក​យក​ព័ត៌មាន​សេរី​ ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​២​ឆ្នាំ​ អំពី​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មិន​ពិត​នៅ​ក្នុង​ខែ​វិច្ឆិកា​ បន្ទាប់​ពី​តុលាការ​បាន​សម្រេច​ថា លោក​ រស់ ​សុឃិត​ បាន​បញ្ចូន​សារ​អត្ថបទ​បង្កាច់​បង្ខូច​លោក​ សយ​ សុភាព​ អតីត​អ្នក​អត្ថា​ធិប្បាយ​ ទូរ​ទស្សន៍​ CTN។

លោក​ហង្ស ​ចក្រា​ និពន្ធ​នាយក​កាសែត​ខ្មែរ​ម្ចាស់​ស្រុក​ ដែល​បាន​ទទួល​រង​នូវ​ការ​ឈឺ​ចាប់​ ចំពោះ​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​ប្រឆាំង​នឹង​រូប​លោក​ពី​សំណាក់​មន្ត្រី​រដ្ឋា​ភិបាល​ជាន់​ខ្ពស់​ បាន​បញ្ជាក់​ថា ​សេរីភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា​មិន​ត្រូវ​បាន​បើក​ទូលំ​ទូលាយ​នៅ​ឡើយ​ទេ។

"សំខាន់​មាន​ការ​ប្តឹង​ផ្តល់​ទៅ​តុលាការ​ជាដើម​ ហើយ​ពេល​នេះ​ខ្លួន​ខ្ញុំ​បាន​រួច​ចេញ​ពី​ពន្ធនាគារ​ នេះ​ក៏​ខ្ញុំ​នៅ​តែ​បន្ត​ការ​ងារ​រិះ​គន់​បែប​ស្ថាបនា​នេះ​ត​ទៅ​ទៀត។ ​ខ្ញុំ​សុំ​ឱ្យ​រដ្ឋា​ភិបាល​បើក​នូវ​ សេរី​ភាព​សារ​ព័ត៌មាន​ដ៏​ពិត​ប្រាកដ​ ពោល​គឺ​សេរី​ភាព​សារ​ព័ត៌មាន​ដែល​គ្មាន​ព្រំដែន។​ ខ្ញុំ​សុំ ​រដ្ឋា​ភិបាល​កុំ​យក​ប្រព័ន្ធ​តុលាការ​មក​គាប​សង្កត់​អ្នក​កាសែត​ទៀត"។

លោក​អ៊ូ វីរៈ​ ប្រធាន​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ថ្លែង​ថា ​បច្ចុប្បន្ន​ អ្នក​សារ​ព័ត៌មាន​បន្ត​ ប្រឈម​នឹង​ការ​គម្រាម​កំហែង​ និង​ការ​រុក​កួន ​ ខណៈ​ដែល​បទ​ចោទ​ប្រកាន់​ដែល​បង្កប់​គោល​ បំណង​នយោ​បាយ​ត្រូវ​បាន​លើក​ឡើង​ប្រឆាំង​នឹង​សមាជិក​នៃ​សារ​ព័ត៌មាន​ ដើម្បី​បញ្ឈប់​កិច្ច​ ពិភាក្សា​ទាក់​ទង​នឹង​រឿង​នយោ​បាយ​ និង​ការ​រិះ​គន់​នានា។

"ស្ថាន​ភាព​បច្ចុប្បន្ន​នេះ​ រដ្ឋា​ភិបាល​គួរ​តែ​បញ្ចៀស​នូវ​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​បន្ថែម​ ជា​ ពិសេស​ដែល​យើង​ត្រូវ​ព្រួយ​បារម្ភ​នៅ​ឆ្នាំ​ខាង​មុខ​នេះ។ ​វា​អាច​មាន​អ្នក​មាន​អំណាច​និង​មហា​ សេដ្ឋី​មួយ​ចំនួន​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​ ដើម្បី​គាប​សង្កត់​ការ​ផ្សព្វ​ផ្សាយ​ណា​ដែល​ប៉ះ​ពាល់​ ដល់​ផល​ប្រយោជន៍​របស់​ពួក​គេ"។

លោក ​អ៊ុំ ​សារិន ​ប្រធាន​សមាគម​កម្ពុជា​ការ​ពារ​អ្នក​កាសែត​ បាន​ស្នើ​សុំ​ដល់​តុលាការ​ឲ្យ​យក​ ច្បាប់​សារ​ព័ត៌មាន​មក​កាត់​ក្តី​ក្នុង​សំណុំ​រឿង​ក្តី​ផ្សេងៗ​ ដែល​ទាក់​ទង​នឹង​ការ​បំពេញ​វិជ្ជា​ជីវៈ​ របស់​អ្នក​សារ​ព័ត៌មាន។

លោក​អ៊ុំ ​សារិន ​បាន​ថ្លែង​ថា ​ប្រទេស​កម្ពុជា​មិន​ទាន់​គោរព​សេរី​ភាព​សារ​ព័ត៌មាន​ពេញ​លេញ​ ទេ។​ អ្នក​សារ​ព័ត៌មាន​ លោក ​រស់ ​សុឃិត​ កំពុង​ជាប់​ពន្ធនាគារ​នៅ​ព្រៃ​ស​នៅ​ឡើយ។

"មាន​ការ​ធ្លាក់​ចុះ​សេរីភាព​សារ​ព័ត៌មាន​ជា​ទូទៅ។​ អ្នក​កាសែត​វិជ្ជា​ជីវៈ​មួយ​ចំនួន​ត្រូវ​ប្រឈម​មុខ​នឹង​ការ​លំបាក​ក្នុង​ការ​សរសេរ​អត្ថបទ​ ដើម្បី​បង្ហាញ​ទៅ​សាធារណ​ជន​ឬ​បម្រើ​សង្គមឱ្យ​បាន​ អស់​សេចក្តី​ ហើយ​សរសេរ​មួយ​ចំនួន​អត់​មាន​តុល្យ​ភាព​ត្រូវ​បាន​គេ​ប្តឹង​ទៀត​ ដោយ​សារ​ភាគី​ ម្ខាង​ទៀត​មិន​អាច​ទាក់​ទង​សុំ​សេចក្តី​អត្ថា​ធិប្បាយ​បាន"។

លោក​ ខៀវ​ កាញារិទ្ធ​ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​ បាន​បញ្ជាក់​ថា សហ​គមន៍​អ្នក​សារ​ព័ត៌មាន​ មិន​ ត្រូវ​ភ័យ​ព្រួយ​អំពី​ការ​ប្តឹង​នៅ​ក្នុង​តុលាការ​ទេ ​បើ​យើង​មិន​ធ្វើ​ខុស​ច្បាប់​នោះ។

"អ្នក​សារ​ព័ត៌មាន​ធ្វើ​កុំ​ឱ្យ​ខុស​ច្បាប់​ទៅ។ ​វា​មិន​មាន​បញ្ហា​ទេ។ ​សុខ​ចិត្ត​ឱ្យ​គេ​ប្រើ​ប្រព័ន្ធ​តុលា ការ។ ​កុំ​ឱ្យ​គេ​ប្រើ​កាំភ្លើង​ វា​ពិបាក។ ​អ្នក​កាសែត​ចេះ​សាមគ្គី​គ្នា​ ចេះ​រួម​គ្នា​និង​មាន​អ្នក​ច្បាប់។​ វា​ជា​ការ​ល្អ"។

អង្គការ​អ្នក​យក​ព័ត៌មាន​ឥត​ព្រំដែន​បាន​ចាត់​ចំណាត់​ថ្នាក់​សេរី​ភាព​សារ​ព័ត៌មាន​របស់​ប្រទេស​កម្ពុជា​ទី​១១៧ ​ក្នុង​ចំណោម​ប្រទេស​១៧៤​ កាល​ពី​ឆ្នាំ​២០០៩។

ពី​ទី​ក្រុង​ភ្នំពេញ​ ខ្ញុំ​ ជន​ សក្តា​ VOA​ សំឡេង​ស.រ.អ. ។

XS
SM
MD
LG