ក្រុមអធិការកិច្ចរបស់ធនាគារពិភពលោកនឹងបើកការស៊ើបអង្កេតលើគម្រោងមួយរបស់ ធនាគារពិភពលោកដែលផ្តោតលើការចុះបញ្ជីដីធ្លីនៅប្រទេសកម្ពុជា បន្ទាប់ពីត្រូវបានចោទប្រកាន់ថាគម្រោងនេះមិនបានគោរពតាមនីតិវិធីការងារ ហើយបណ្តាលឱ្យបាត់បង់សិទ្ធិគ្រប់គ្រងដីធ្លីរបស់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារក្នុងសហគមន៍បឹងកក់។
នៅក្នុងរបាយការណ៍ចុងក្រោយដែលបានដាក់ផ្សាយតាមគេហទំព័ររបស់ក្រុមអធិការកិច្ចធនាគារពិភពលោក បានបញ្ជាក់ថា បញ្ហានិងក្តីព្រួយបារម្ភរបស់សហគមន៍បឹងកក់ដែលបានប៉ះពាល់ដោយគម្រោងរៀបចំដែនដីនិងរដ្ឋបាលដីធ្លី (LMAP)របស់ធនាគារពិភពលោក មានលក្ខណៈធ្ងន់ធ្ងរខ្លាំងណាស់ ហើយវានាំឱ្យមានសំណួរដ៏សំខាន់ៗទាក់ទងការអនុវត្តបាន ឬមិនបានតាមគោលការណ៍របស់ធនាគារ។
របាយការណ៍នោះបានសន្និដ្ឋានថា “ដើម្បីធ្វើឱ្យមានការវាយតម្លៃឯករាជ្យស្តីពីការអនុវត្តតាមបានឬមិនបានស្របតាមគោលការណ៍និងនីតិវិធីនិងបញ្ហាទាក់ទងនឹងការខូចខាតនៅក្នុងបរិបទគម្រោងនេះ ក្រុមអធិការកិច្ចចាំបាច់ត្រូវធ្វើការត្រួតពិនិត្យមើលឱ្យបានត្រឹមត្រូវនូវរាល់ហេតុការណ៍ពាក់ព័ន្ធទាំងអស់និងគោលនយោបាយព្រមទាំងនីតិវិធីដែលបានយកមកអនុវត្ត។ ធ្វើដូចនេះបានមានតែធ្វើការស៊ើបអង្កេតលើបញ្ហាស្តីពីការអនុវត្តនិងការខូចខាតដែលបានលើកឡើងដោយក្រុមអ្នកតវ៉ា”។
ប្រជាពលរដ្ឋសហគមន៍បឹងកក់ជិត៤០០០គ្រួសារ ដែលភាគច្រើនជាអ្នកក្រីក្រ បានប្រឈមមុខនឹងការបណ្តេញចេញឱ្យទៅនៅក្រៅទីក្រុងភ្នំពេញ បន្ទាប់ពីរដ្ឋាភិបាលបានជួលទីតាំងបឹងកក់ឱ្យក្រុមហ៊ុនឯកជនអភិវឌ្ឍជាកន្លែងពាណិជ្ជកម្ម។ ប្រជាពលរដ្ឋខ្លះបានរស់នៅទីនោះ ជាង២០ឆ្នាំមកហើយ ព្រមទាំងមានបង្កាន់ដៃពីអាជ្ញាធរមូលដ្ឋានទទួលស្គាល់សិទ្ធិកាន់កាប់របស់ពួកគាត់។
មជ្ឈមណ្ឌលសិទ្ធិលំនៅដ្ឋាននិងការបណ្តេញចេញ ហៅថា COHRE ដែលជាអ្នកបានដាក់ពាក្យតវ៉ាជួសមុខឱ្យប្រជាជនសហគមន៍បឹងកក់បានសម្តែងការស្វាគមន៍ចំពោះការសម្រេចចិត្តរបស់ធនាគារពិភពលោកបើកការស៊ើបអង្កេតនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយកាលពីថ្ងៃសុក្រ លោក Salih Booker នាយកប្រតិបត្តិអង្គការCOHRE បាន ទទូចឱ្យមានការអនុវត្តជាបន្ទាន់នូវកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារពិភពលោកក្នុងការកាត់បន្ថយការរំលោភសិទ្ធិរបស់ប្រជាជនដោយលោកបញ្ជាក់ថា "សិទ្ធិលំនៅដ្ឋានរបស់ប្រជាជនរាប់រយគ្រួសារកំពុងស្ថិតក្នុងស្ថានភាពមានគ្រោះថ្នាក់ នៅក្នុងខណៈពេលបច្ចុប្បន្ននេះ”។
ប៉ុន្តែភាគីរដ្ឋាភិបាលកម្ពុជាបង្ហាញចេតនាមិនយកចិត្តទុកដាក់ចំពោះជំហររបស់ធនាគារពិភពលោកទេ។
លោកស្រី នន់ ធានី អគ្គនាយកក្រសួងដែនដី និងនគរូបនីយកម្មដែលជាម្ចាស់អនុវត្តគម្រោងបានប្រាប់វីអូអេ សំឡេងសហរដ្ឋអាមេរិកតាមទូរស័ព្ទកាលពីថ្ងៃសុក្រថា ការស៊ើបអង្កេតនោះគ្រាន់តែជារឿងផ្ទៃក្នុងរបស់ធនាគារនោះប៉ុណ្ណោះ ព្រោះរដ្ឋាភិបាលបានបញ្ឈប់ភាពជាដៃគូជាមួយហ្នឹងធនាគារពិភពលោកហើយ។
“ពេលដែលគាត់មកធ្វើអធិការកិច្ច វាជារឿងរបស់គាត់។ គាត់ចង់ធ្វើ អធិការកិច្ច ក៏ធ្វើទៅ ធ្វើតែគ្នាគាត់ហ្នឹងទៅ រដ្ឋាភិបាលបានបញ្ចប់ហើយ អត់មានអ្វីទាក់ទងទៀតទេ ខាងភាគីគម្រោង ចុះបញ្ជីដីរបស់រដ្ឋាភិបាលលែងពាក់ព័ន្ធគាត់ទៀតហើយ”។
យោងតាមអង្គការCOHRE ឱ្យដឹងថា គម្រោងរៀបចំដែនដី និងរដ្ឋបាលដីធ្លី (LMAP) ដែលមានគោលដៅបង្កើតនូវដំណើរការចុះបញ្ជីដីធ្លីជាប្រព័ន្ធ បែរទៅជាធ្វើឱ្យចុះខ្សោយនិងធ្វើឱ្យបាត់បង់សិទ្ធិកាន់កាប់ដីធ្លីជាប្រពៃណីរបស់ប្រជាពលរដ្ឋដោយសារតែមិនបានទទួលស្គាល់ជាផ្លូវការឬផ្ទេរកម្មសិទ្ធិរបស់ប្រជាពលរដ្ឋទាំងនោះ។
គម្រោងដែលមានទឹកប្រាក់ជាង២៣,៤លានដុល្លារនេះត្រូវបានរដ្ឋាភិបាលកម្ពុជាសម្រេចបញ្ឈប់កាលពីចុងឆ្នាំ២០០៩ ក្រោមហេតុផលថា មានល័ក្ខខ័ណ្ឌច្រើនពេក។
លោកស្រី នន់ ធានី បានឆ្លើយការពារការអនុវត្តគម្រោងកន្លងមកថា៖
“នៅពេលដែលយើងកំពុងតែធ្វើជាមួយគ្នា គាត់អត់រំឭកយើងទេ គាត់អត់និយាយថា យើងធ្វើទៅ វាយ៉ាងម៉េចទេ ប៉ុន្តែនៅពេលដែលមានអធិការកិច្ច ខាងគាត់ចុះមក គឺចាប់កំហុសតែម្តង របាយការណ៍វាយតម្លៃ ពីមួយឆ្នាំទៅមួយឆ្នាំគឺយើងមាន ទើបតែចុងក្រោយនៅពេលដែលមានNGO ស្រែករឿងការបណ្តេញចេញនៅបឹងកក់ហ្នឹងក៏គាត់ផ្សារភ្ជាប់ការងារគាត់ជាមួយបញ្ហាហ្នឹង ព្រោះរដ្ឋាភិបាលប្រើប្រាស់ទុនធនាគារពិភពលោកជាទុនកម្ចី អញ្ចឹងយើងធ្វើដោយមានផែនការ តំបន់ដែលមានទំនាស់តំបន់ដែលដីមិនទាន់បានច្បាស់លាស់ ថាអ្នកណាជាម្ចាស់ យើងត្រូវតែរំលងកន្លែងហ្នឹង"។
លោក David Pred នាយកអង្គការស្ពានឆ្លងព្រំដែននៅកម្ពុជាដែលបានធ្វើការជាប់ជាមួយប្រជាពលរដ្ឋសហគមន៍បឹងកក់ បានបញ្ជាក់ប្រាប់វីអូអេ សំឡេងសហរដ្ឋអាមេរិកតាមសារអេឡិកត្រូនិកថា៖
“វាជាការគួរឱ្យសោកស្តាយដែលរដ្ឋាភិបាលកម្ពុជាបានដើរចេញពីក្រុមគ្រួសារពលរដ្ឋទាំងនេះហើយបដិសេដមិនធ្វើជាដៃគូជាមួយធនាគារពិភពលោកដើម្បីស្វែងរកដំណោះស្រាយប្រកបដោយវិជ្ជមានសម្រាប់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ ខាងធនាគារមិនអាចដើរចេញពីក្រុមគ្រួសារទាំងនេះបានទេ ដោយសារតែរដ្ឋាភិបាលបានបិទទ្វាររបស់ខ្លួនទៅហើយ។ ធនាគារពិភពលោកមានការទទួលខុសត្រូវខាងផ្លូវច្បាប់ និងខាងសតិអារម្មណ៍ដើម្បីផ្តល់សំណងដល់ប្រជាពលរដ្ឋដែលខ្លួនបានទទួលស្គាល់ថា បានប៉ះពាល់ដោយសារគម្រោងនេះ”។
ក្រោយពីគម្រោងនេះបិទមក មានមន្ត្រីធនាគារពិភពលោកបានជួបពិភាក្សាជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងនោះមានអាជ្ញាធរក្រុងភ្នំពេញដើម្បីស្វែងរកលទ្ធភាពក្នុងការជួយដល់ប្រជាពលរដ្ឋដែលត្រូវជម្លៀសចេញពីលំនៅដ្ឋាន ប៉ុន្តែមកដល់ពេលនេះ ហាក់ពុំមានដំណោះស្រាយណាសមស្របនៅឡើយទេ៕