នៅលើកោះដ៏ធំមួយដែលព័ទ្ធជុំវិញដោយទឹកទន្លេមេគង្គគឺជា"ភូមិកោះផល" ដែលបច្ចុប្បន្នមានផ្ទះរបស់អ្នកភូមិធ្វើពីឈើនិងប្រក់ស្លឹកនៅផ្តុំគ្នាចំនួនតែ៥ខ្នងប៉ុណ្ណោះ។ ស្ថិតក្នុងស្រុកក្រូចឆ្មាចម្ងាយជាង៥០គីឡូម៉ែត្រពីទីរួមខេត្តកំពង់ចាម ភូមិកោះផលនេះហើយជាទីដែលប្រជាជនខ្មែរអ៊ិស្លាមបានងើបឡើងបះបោរមុនគេប្រឆាំងនឹងពួកខ្មែរក្រហមនៅក្នុងអំឡុងខែកញ្ញាឆ្នាំ១៩៧៥ គឺរយៈពេលតែ៥ខែប៉ុណ្ណោះ បន្ទាប់ពីក្រុមខ្មែរក្រហមបានឡើងកាន់កាប់អំណាចនៅក្នុងប្រទេសកម្ពុជា។
ការងើបឡើងបះបោរនេះ បានធ្វើឱ្យអ្នកភូមិនេះប្រមាណ១០០០នាក់ក្នុងចំណោមអ្នកភូមិសរុបជាង១៨០០នាក់ បានស្លាប់និងរបួសនៅក្នុងការតទល់ប្រឆាំងជាមួយពួកខ្មែរក្រហមនៅពេលនោះ នេះ បើផ្អែកតាមឯកសារស្រាវជ្រាវរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា។
លោក ជេត ស្មានគឺជាអ្នកភូមិម្នាក់កំពុងអង្គុយនៅពីមុខទូរទស្សន៍សខ្មៅតូចមួយក្នុងខ្ទមស្លឹកទំហំប្រមាណ២ម៉ែត្របួនជ្រុងរបស់លោក។ បុរសចាមវ័យ៧៥ឆ្នាំរូបនេះ អង្គុយជក់ថ្នាំខ្លាំងមូរស្លឹកសង្កែបណ្តើរ ឆ្លៀតរំឭកពីព្រឹត្តិការណ៍នៃការងើបបះបោររបស់ជនជាតិចាមនៅពេលនោះបណ្តើរ។
«កាលនោះធ្វើស្នរធ្វើដាវធ្វើភ្គាក់ ពូថៅហើយដល់ហើយគេចេះតែអង្កិលមកៗ គេវាយហើយ វាយមួយប្រាវខាងនោះក្បាលភូមិ អស់ប្រហែល២០ឬ៣០នាក់ស្លាប់ខ្លះបាត់ក្នុងទឹកខ្លះអីទៅ ដល់ថ្ងៃ ក្រោយទៀត វាយខាងនេះទៀតខាងចុងភូមិទៀត បាញ់តែត្រពាស ងាប់តាមគុម្ពឫស្សីតាមអីហ្នឹង»។
ការងើបឡើងបះបោររបស់ជនជាតិចាមប្រឆាំងពួកខ្មែរក្រហមនៅពេលនោះកើតចេញពីកំហឹងរបស់អ្នកភូមិដែលឈឺចាប់ចំពោះការជិះជាន់និងការកៀបសង្កត់មកលើសាសនារបស់ពួកគេពីសំណាក់ពួកខ្មែរក្រហម ដូចជាការប្រមូលគម្ពីរសាសនាអ៊ិស្លាមយកទៅដុតចោល ការកាត់សក់នារីអ៊ិស្លាមឱ្យខ្លីការបង្ខំឱ្យចិញ្ចឹមនិងហូបសាច់ជ្រូក ហើយនិងការហាមឃាត់ពួកគេមិនឱ្យថ្វាយបង្គំនិងយកកន្សែងគ្របក្បាលនិងមុខជាដើម។
ជាអ្នកដែលបានចូលរួមធ្វើជាអ្នកយាមផ្លូវម្នាក់មុនពេលអ្នកភូមិធ្វើការបះបោរនោះ លោក ជេត ស្មាន ដែលនៅលើក្បាលដំណេករបស់លោកមានផ្គាក់ កណ្តៀវ និងពូថៅមួយផងនោះ មានប្រសាសន៍ថា បើទោះជាខ្មែរក្រហមបានដើរប្រមូលដាវ កាំបិតនិងឧបករណ៍ផ្សេងៗទៀតដែលអាចប្រើជាអាវុធពីផ្ទះមួយទៅផ្ទះមួយក៏ដោយ ក៏មានអ្នកខ្លះបានលាក់ដាវរបស់ពួកគេទុក ហើយខ្លះទៀតលួចធ្វើដាវថ្មីថែមទៀតដើម្បីធ្វើជាអាវុធសម្រាប់តតាំងជាមួយពួកខ្មែរក្រហមដែរ។
បុរសចាមពោះម៉ាយដែលរស់នៅជាមួយកូនស្រីពិការជើងម្នាក់ លោក ជេត ស្មានបានប្រាប់ឱ្យដឹងទៀតថា ទោះបីអ្នកភូមិដឹងខ្លួនថា ពួកគេមិនអាចយកឈ្នះពួកខ្មែរក្រហមដែលបំពាក់ដោយកាំភ្លើងគ្រប់ដៃក៏ដោយ ក៏ពួកគេស៊ូស្លាប់ដើម្បីបុព្វហេតុសាសនារបស់ពួកគេដែរ។
“អ្នកដែលកើតទុក្ខមិនសុខចិត្តហ្នឹង រត់កាន់ដាវ រត់ចុះមកហ្នឹង វាចង់ស្លាប់ ហើយវាថា អត់មានសាសនា វាអត់ចង់នៅទេ ដូចថា ខ្លួនវាវាធ្វើបុណ្យតែម្តងហ្នឹង”។ជាការឆ្លើយតបនឹងការងើបឡើងបះបោរនោះ ពួកខ្មែរក្រហមបានឡោមព័ទ្ធកោះនេះទាំងមូលដោយប្រើកាំភ្លើងធំ និងអាវុធយុទ្ធភណ្ឌផ្សេងៗ ហើយ១សប្តាហ៍ក្រោយមក ពួកគេក៏បានផ្លាស់ឈ្មោះ"កោះផល"នេះ ទៅជា"កោះផេះ"វិញ បន្ទាប់ពីបានបាញ់សម្លាប់អ្នកបះបោរ ហើយវាយកម្ទិចនិងដុតបំផ្លាញផ្ទះសម្បែង សាលារៀនសាសនា និងវិហារអ៊ិស្លាមនៅក្នុងភូមិឱ្យរាបដល់ដីអស់នោះ។
តែទោះជាមានការបង្រ្កាបបែបនេះក៏ដោយ ពីរសប្តាហ៍ក្រោយមក ដំណឹងអំពីការងើបបះបោររបស់ជនជាតិចាមនៅលើកោះផលនេះក៏បានលេចឮទៅដល់ភូមិចាមមួយទៀតចម្ងាយប្រមាណ១០គីឡូម៉ែត្រពីគ្នាគឺភូមិស្វាយឃ្លាំងដែលបច្ចុប្បន្នត្រូវបានប្តូរឈ្មោះមកជាភូមិ៥វិញ។
អ្នកភូមិស្វាយឃ្លាំងនេះដែលមានកំហឹងជាមួយពួកខ្មែរក្រហមស្រាប់ចំពោះការចាប់គ្រូបង្រៀននិងមេដឹកនាំសាសនារបស់ពួកគេជាបន្តបន្ទាប់ឥតដាច់យកទៅសម្លាប់ចោលនោះ ក៏បានងើបឡើងបះបោរប្រឆាំងនឹងពួកខ្មែរក្រហមបន្តទៀតដែរ។
លោក យ៊ូសុះ ពន់យ៉ាមីន វ័យ៥៦ឆ្នាំ បច្ចុប្បន្នជាហាកឹម ឬមេដឹកនាំសហគមន៍ចាមក្នុងភូមិនេះ បានអះអាងថា លោកគឺជាអ្នកផ្តួចផ្តើមគំនិតម្នាក់ក្នុងការងើបឡើងបះបោរប្រឆាំងនឹងពួកខ្មែរក្រហមនៅក្នុងភូមិស្វាយឃ្លាំងនៅពេលនោះ។
“ពេលដែលខ្ញុំបះបោរហ្នឹង ខ្ញុំដឹងថា ធ្វើទៅមិនឈ្នះគេទេ តែខ្ញុំរស់នៅក៏គ្មានប្រយោជន៍អ្វីដែរ។ មនុស្សម្នាក់ៗតែដល់កហើយ ដូចឆ្កែដែលទាល់ច្រកដូច្នោះដែរ គឺវាខាំហើយ ទោះបីវាដឹងថា ខាំទៅមួយម៉ាត់ងាប់ ក៏វាខាំដែរ”។
ប៉ុន្តែការងើបឡើងបះបោររបស់អ្នកភូមិស្វាយឃ្លាំងនៅពេលនោះបានត្រឹមបន្សល់ទុកនូវអ្នកស្លាប់ និងរបួសរាប់រយនាក់ ដូចតែអ្នកភូមិកោះផលដូច្នោះដែរ ដោយសារការវាយបង្រ្កាបតបវិញយ៉ាងដំណំពីពួកខ្មែរក្រហម។
លោក អ៊ីសា ឧស្មាន អ្នកស្រាវជ្រាវនិងចងក្រងឯកសារអំពីការបះបោររបស់ជនជាតិចាមនោះ មានប្រសាសន៍ថា ក្រោយពីបង្រ្កាបទៅលើអ្នកភូមិដែលងើបឡើងបះបោរនោះហើយ ពួកខ្មែរក្រហម ក៏បានជម្លៀសអ្នកភូមិដែលនៅសេសសល់ពីស្លាប់ទាំងអស់ចេញពីភូមិនេះ ដោយខ្លះយកទៅដាក់គុកទាំងបួននៅក្នុងឃុំក្រូចឆ្មារ ហើយខ្លះទៀតយកទៅដាក់ឱ្យរស់នៅភូមិផ្សេង ជាតំបន់ដែលងាយប្រឈមនឹងជំងឺគ្រុនចាញ់។
«ពេលហ្នឹងគុកគឺថា រកគុកដាក់អត់អស់ទេ ពីព្រោះមនុស្សច្រើនពេក។ មនុស្សរាប់ពាន់នាក់ទាំងក្មេង ទាំងចាស់ អីគឺថា បញ្ជូនទៅគុកក្រូចឆ្មារហ្នឹង គឺថា តូចណាស់ មិនអាចទទួលអស់។ អញ្ចឹងគេប្រើវត្ត សាលារៀន ដើម្បីធ្វើជាកន្លែងឃុំឃាំងរបស់អ្នកបះបោរទាំងអស់»។
ជនជាតិចាមដែលស្លាប់បាត់បង់ជីវិតក្នុងអំឡុងពេលជាង៣ឆ្នាំនៃរបបខ្មែរក្រហមត្រូវគេប៉ាន់ប្រមាណថា មានចំនួនពី៤ទៅ៥សែននាក់ក្នុងចំណោមប្រជាជនដែលស្លាប់សរុបជិត២លាននាក់នៅចន្លោះឆ្នាំ១៩៧៥ដល់៧៩នោះ នេះបើផ្អែកតាមឯកសាររបស់មជ្ឈមណ្ឌលកម្ពុជា។
ដោយមើលឃើញពីការស្លាប់បាត់បង់ជីវិតរបស់ជនជាតិភាគតិចចាមនេះ កាលពីចុងឆ្នាំ២០០៩កន្លងទៅនេះ សាលាក្តីខ្មែរក្រហមក៏បានសម្រេចចោទប្រកាន់ទៅលើអតីតមេដឹកនាំខ្មែរក្រហមកំពូលៗចំនួន៤រូបពីបទបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍បន្ថែមទៀត។ បទចោទប្រកាន់ដែលបានចោទរួច ស្រេចនោះរួមមានបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ អំពើមនុស្សឃាត ការធ្វើទារុណកម្មនិងការធ្វើទុក្ខបុកម្នេញខាងសាសនា។
ជនជាប់ចោទទាំងបួន ដែលកំពុងស្ថិតក្នុងមន្ទីរឃុំឃាំងរបស់សាលាក្តីខ្មែរក្រហមរង់ចាំការកាត់ទោសនោះរួមមានលោកខៀវ សំផន អតីតប្រមុខរដ្ឋសម័យខ្មែរក្រហម លោកនួន ជា អតីតប្រធានរដ្ឋសភា លោកអៀង សារី អតីតឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស ហើយនិងលោកស្រីអៀងធីរិទ្ធ អតីតរដ្ឋមន្រ្តីសង្គមកិច្ចរបស់ខ្មែរក្រហម។
ដំណើរការកាត់ទោសទៅលើអតីតមេដឹកនាំខ្មែរក្រហមកំពូលទាំងបួននាក់នេះត្រូវគេគ្រោងនឹងចាប់ផ្តើមធ្វើនៅចុងឆ្នាំ២០១០ឬដើមឆ្នាំ២០១១ បន្ទាប់ពីតុលាការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមដែលគាំទ្រដោយអង្គការសហប្រជាជាតិនេះកាលពីឆ្នាំមុន បានកាត់ទោសជនជាប់ចោទ កាំង ហ្គិចអ៊ាវ ហៅឌុច អតីតមេគុកទួលស្លែងចំពោះការស្លាប់ប្រជាជនជាង១២០០០នាក់នៅក្នុងគុកដែលគាត់ធ្លាប់គ្រប់គ្រងនោះហើយគ្រោងនឹងចេញសាលក្រមនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។
លោកយ៊ូសុះ ពិនយ៉ាមីន ដែលជាដើមបណ្តឹងរដ្ឋប្បវេណីម្នាក់ប្រឆាំងនឹងអតីតមេដឹកនាំខ្មែរក្រហមទាំងនោះ មានប្រសាសន៍ថា លោកប្រាថ្នាចង់បានយុត្តិធម៌មួយដ៏ឆាប់សម្រាប់ទាំងខ្លួនលោកផ្ទាល់និងសម្រាប់ជនជាតិចាមដែលបានពលីជីវិតនៅពេលនោះនៅក្នុងបុព្វហេតុការពារសាសនារបស់ខ្លួន។
លោកស្រី ហេឡិន ចាវីស ប្រធានអង្គភាពគាំពារជនរងគ្រោះនៃសាលាក្តីខ្មែរក្រហមបានអះអាងថាមានជនជាតិចាមជាច្រើនបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងអតីតមេដឹកនាំខ្មែរក្រហមទាំងនេះ ប៉ុន្តែ លោកស្រីមិនអាចបញ្ជាក់ពីចំនួនពិតប្រាកដនៃពាក្យបណ្តឹងរបស់ជនជាតិចាមនៅក្នុងពេលនេះទេ។
យ៉ាងណាក៏ដោយ លោក យ៊ូសុះ ពិនយ៉ាមីន មានប្រសាសន៍ថា លោកចង់ឃើញការនាំខ្លួនអតីតមេដឹកនាំខ្មែរក្រហមមកទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មមកលើជនជាតិចាមរបស់លោក មុនពេលដែលជនជាប់ចោទទាំងនោះស្លាប់បាត់បង់ជីវិតទៅ។