នាងលី ម៉ូរីវ៉ាន់ សូមជូនសេចក្តីប្រែសម្រួល៖
នៅចន្លោះឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ ប្រជាពលរដ្ឋខ្មែរចំនួនជាង២លាននាក់ត្រូវបានសម្លាប់ ដោយការស្រេកឃ្លាន ឬធ្វើការបាក់កម្លាំងរហូតដល់ស្លាប់ ខណៈដែលរបបខ្មែរក្រហមកុម្មុយនីស្តជ្រុលនិយម បានព្យាយាមកសាងសង្គមដ៏បរិសុទ្ធមួយ។ ពលរដ្ឋខ្មែរវ័យចំណាស់ជាច្រើនត្រូវបានលងបន្លាចដោយការចងចាំដ៏រស់រវើកនៃរយៈពេលនោះ។
ក៏ប៉ុន្តែ មនុស្សវ័យក្មេងដែលជាចំណែកភាគច្រើននៃចំនួនប្រជាពលរដ្ឋនោះ មានការលំបាកក្នុងការរៀនសូត្រអំពីប្រវត្តិសាស្រ្តនេះ ពីព្រោះទើបតែមកទល់នឹងពេលនេះដែលសាលារៀនបានចាប់ផ្តើមបង្រៀនអំពីប្រវត្តិសាស្រ្តនេះ។
វិទ្យាល័យមួយនៅភាគខាងត្បូងស្រុកកំពង់ត្រាចខេត្តកំពត ឈានមុខគេនៃកិច្ចខិតខំបង្រៀនអំពីប្រវត្តិសាស្រ្តខ្មែរក្រហមជាលើកដំបូងនេះ។ សាលារៀននេះកំពុងប្រើប្រាស់សៀវភៅអាន ដែលមានចំណងជើងថា “ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)”។
លោកប៊ុន ជាតិ ជាគ្រូបង្រៀនមុខវិជ្ជាប្រវត្តិសាស្រ្តនិយាយថា សិស្សរបស់លោកដឹងតិចតួចណាស់អំពីខ្មែរក្រហមតាមរយៈឪពុកម្តាយរបស់ពួកគេ ដែលភាគច្រើនបានរងទុក្ខវេទនានៅក្រោមរបបនោះ។
លោកប៊ុន ជាតិនិយាយថា សិស្សមានសន្ទុះទឹកចិត្តអំពីថ្នាក់រៀនថ្មីនេះ។
កាលពីលោកនៅក្មេង លោកត្រូវបានទាហានខ្មែរក្រហមច្រកនៅក្នុងបាវមួយ ហើយវាយជិតស្លាប់ដោយគ្រាន់តែលោកបានបន្ធូរកង់រថយន្តប៉ុណ្ណោះ។ លោកនិយាយថា វាជាការសំខាន់ណាស់ដែលសិស្សរៀនសូត្រអំពីរបបខ្មែរក្រហម និងអំពីរឿងរ៉ាវដែលប្រហាក់ប្រហែលទៅនឹងរឿងរបស់លោក មុនពេលរឿងទាំងនោះត្រូវបានគេបំភ្លេចចោល។
សៀវភៅអានថ្មីនេះត្រូវបានរៀបរៀងឡើងដោយមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលជាអង្គការមិនគិតកម្រៃមានការងារក្នុងការកត់ត្រាទុកនូវរយៈពេលនៃការសម្លាប់ដ៏រង្គាលនៅក្រោមរបបខ្មែរក្រហម។
លោកឆាំង យុ ជានាយកមជ្ឈមណ្ឌលនេះ និយាយថា សៀវភៅប្រវត្តិសាស្រ្តចាស់ៗ មិនបានរៀបរាប់អំពីរបបខ្មែរក្រហមច្រើនទេ ដោយគ្រាន់តែលើកឡើងដោយសង្ខេបៗនៅក្នុងសៀវភៅមួយតែប៉ុណ្ណោះ។
«ពួកគេរៀនប្រវត្តិសាស្រ្តពីឆ្នាំ៤៥ដល់ឆ្នាំ៧៥ ហើយគេរំលងដល់ឆ្នាំ១៩៩០ ពួកគេរំលងចោលរយៈពេលនោះ។ ក្រោយពីមានការជជែកតទល់ជាសាធារណៈដ៏យូរមក ទើបពួកគេដាក់រូបថតរបស់ប៉ុល ពតមួយសន្លឹក ដោយសរសេរអក្សរពីរជួរថា ប៉ុល ពត ទទួលខុសត្រូវចំពោះការស្លាប់របស់ប្រជាពលរដ្ឋ៣លាន៣សែននាក់។ គឺមានតែប៉ុណ្ណឹងឯង»។
លោកឆាំង យុ និយាយថា ចាប់តាំងពីការគ្រោងរៀបរៀងសៀវភៅរហូតដល់ត្រូវបានយកទៅប្រើប្រាស់នៅសាលារៀននោះ បានចំណាយពេល១៣ឆ្នាំ។ ការចែកចាយសៀវភៅនោះបានចាប់ផ្តើមនៅចុងឆ្នាំមុន ហើយផែនការនោះគឺត្រូវឲ្យមានសៀវភៅមួយលានក្បាលនៅតាមសាលារៀន ហើយមានគ្រូបង្រៀន៣២០០ បានទទួលការបណ្តុះបណ្តាលអំពីរបៀបប្រើប្រាស់សៀវភៅនោះរហូតដល់ដំណាច់ឆ្នាំនេះ។
លោកនិយាយថា ដើម្បីទទួលបានការអនុញ្ញាតផ្សព្វផ្សាយសៀវភៅនេះគឺមានឧបសគ្គច្រើន ដោយសារជាការណ៍ពិតដែលថា អតីតខ្មែរក្រហមភាគច្រើនមិនត្រូវបានយកមកកាត់ទោស ហើយឥឡូវឃើញមានគ្រប់ឋានៈនៅក្នុងជួរនយោបាយ និងសង្គមខ្មែរ។
«នៅក្នុងថ្នាក់រៀន ខ្ញុំអាចធានាចំពោះលោកអ្នកបានថា មានយ៉ាងហោចណាស់៣០ភាគរយ ជាកុមារក្នុងសម័យខ្មែរក្រហម ៧០ភាគរយទៀតជាកូនរបស់ជនរងគ្រោះ។ នៅក្នុងចំណោមគ្រូបង្រៀនជាង៣ពាន់នាក់នេះ ខ្ញុំធានាចំពោះលោកអ្នកថា ពី២៥ទៅ៣០% ពួកគេផ្ទាល់ជាអតីតខ្មែរក្រហមខ្លួនឯង។ នេះគឺជាសង្គមបែកបាក់មួយ។ វាជាសង្គមផុយស្រួយ ដូច្នេះខ្ញុំគិតថា លោកអ្នកត្រូវរស់នៅសម្រាប់អនាគត ប្តូរផ្តាច់សម្រាប់អនាគត បង្រៀនសម្រាប់អនាគត”។
នៅសាលារៀននោះ សិស្សវ័យ១៧ឆ្នាំម្នាក់ឈ្មោះនី បញ្ញាវុធនិយាយថា ខ្លួនមិនបានដឹងច្រើនអំពីរបបខ្មែរក្រហមទេ។
បញ្ញាវុធនិយាយថា ខ្លួនឯងមានការរន្ធត់ដែលដឹងថា នៅពេលខ្មែរក្រហមបានចូលកាន់អំណាច ពួកគេបានជម្លៀសប្រជាពលរដ្ឋអស់ពីទីក្រុងភ្នំពេញ ដោយភ្ជង់នឹងកាំភ្លើង ហើយបញ្ជូនប្រជាពលរដ្ឋរាប់លាននាក់ រួមទាំងមនុស្សចាស់ និងអ្នកជំងឺ ទៅធ្វើពលកម្មយ៉ាងខ្លាំងនៅតាមជនបទ។
រឿងរ៉ាវនៃការបង្ខំមនុស្សឲ្យដើរចេញពីទីក្រុងត្រូវបានដឹងឮជាយូរមកហើយនៅជុំវិញពិភពលោក ទុកជាដើមចមនៃភាពសាហាវឃោរឃៅរបស់ខ្មែរក្រហម។ ឥឡូវនេះ ទីបញ្ចប់សិស្សានុសិស្សខ្មែរ អាចរៀនសូត្រយ៉ាងពេញលេញអំពីរឿងរ៉ាវនៃប្រទេសរបស់ពួកគេ៕