ដំណើរការ​ចុះ​ឈ្មោះ​បោះឆ្នោត​ត្រូវ​បាន​មើល​ឃើញ​ថា​​មាន​ភាព​មិន​ប្រក្រតី

ពលរដ្ឋ​អ្នក​បោះឆ្នោត​មាន​រយ:ពេល​តែ​១០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ដើម្បី​ពិនិត្យ​បញ្ជី និង​ចុះ ឈ្មោះ​មុន​ការ​បោះឆ្នោត​ជា​ច្រើន​នៅ​កម្ពុជា​នា​ពេល​ខាង​មុខ។

នៅ​ពេល​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​គ្រោង​នឹង​បិទ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​រយៈ​ពេល​៤៥​ថ្ងៃ​នៅ​ថ្ងៃ​១៥​ខែ​តុលា​ខាង​មុខ​នេះ។​ ក្រុម​គណបក្ស​នយោបាយ​និង​អង្គការ​ឃ្លាំ​មើល​ដំណើរ​ការ​បោះ​ឆ្នោតបង្ហាញ​ថា​មាន​ភាព​មិន​ប្រក្រតី​ជា​ច្រើន​ទាក់ទង​នឹង​ដំណើរការ​ពិនិត្យ​បញ្ជី​ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នោះ។

ភាព​មិន​ប្រក្រតី​ត្រូវ​បាន​មន្ត្រី​ទាំង​នោះ​រាប់​បញ្ចូល​ទាំង​ឈ្មោះ​ស្ទួន​ជា​ច្រើន​មិន​ទាន់​ត្រូវ​បាន​ដោះ​ស្រាយ​ បញ្ជី​បោះ​ឆ្នោត​មិន​មាន​តម្លាភាព​និង​គុណភាព​ដោយសារ​ឈ្មោះ​ខ្មោច​មិន​ទាន់​ត្រូវ​បាន​លុប​ចេញ​ពី​បញ្ជី​ ឈ្មោះ​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ បញ្ហា​ទឹក​ជំនន់ និង​ឥទ្ធិពល​នយោបាយ​លើ​កា​រចេញ​ឯកសារ​ដល់​អ្នក​បោះឆ្នោត​ ការ​ខ្វះខាត​សេរីភាព​អប់រំ​អ្នក​បោះឆ្នោត​ជាដើម។

លោក​ គួយ​ ប៊ុនរឿន​ អ្នក​តំណាងរាស្ត្រ​និង​ជា​អគ្គលេខាធិការ​រង​គណបក្ស​ទទួល​បន្ទុក​កិច្ចការ​បោះ​ឆ្នោត​ខាង​គណបក្ស​សម រង្ស៊ី​ បាន​និយាយ​ថា​ អ្នក​គាំទ្រ​គណបក្ស​កាន់​អំណាច​មាន​សិទ្ធិ​ប្រើប្រាស់​ឯក​សារ​ទាំង​នោះ​ដើម្បី​កេង​ចំណេញ​លើបក្ស​ដទៃ ​និង​នាំ​ឲ្យ​លទ្ធផល​នៃ​ការ​បោះឆ្នោត​គ្មាន​ភាព​ត្រឹម​ត្រូវ និង​យុត្តិធម៌​ប្រសិន​បើ​គជប​ ប្រើ​បញ្ជី​បោះឆ្នោត​គ្មាន​តម្លាភាព​គួប​ផ្សំ​នឹង​ការ​មិន​យល់ដឹង​របស់​អ្នក​បោះឆ្នោត។

«ឥឡូវ​យើង​ឃើញ​ថា មាន​បញ្ហា​លំបាក​មែន​ទែន​ដោយសារ​បញ្ហា​យើង​ចង់​អប់រំ​អ្នក​បោះ​ឆ្នោត​គឺ​ត្រូវ​បាន​គេ​រារាំង​ដោយសារ​គេថា រដូវ​នេះ​មិន​មែន​ជា​រដូវ​ឃោសនា។ យើង​វា​មិន​មាន​ការ​ពន្យល់​ឲ្យ​បាន​ច្បាស់​រវាង​ការឃោសនា និង​ការ​ផ្លល់​ព័ត៌មាន​ដល់​អ្នក​បោះ​ឆ្នោត»។

ពលរដ្ឋ​អ្នក​បោះឆ្នោត​មាន​រយ:ពេល​តែ​១០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ដើម្បី​ពិនិត្យ​បញ្ជី និង​ចុះ ឈ្មោះ​មុន​ការ​បោះឆ្នោត​ជា​ច្រើន​នៅ​កម្ពុជា​នា​ពេល​ខាង​មុខ។ ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ត្រូវ​បាន​កំណត់​ធ្វើ​នៅ​ថ្ងៃទី​៣ ខែ​មិថុនា ឆ្នាំ​២០១២ ការ​បោះឆ្នោត​ព្រឹទ្ធសភា​នៅថ្ងៃ២៩ ខែ​កញ្ញា ឆ្នាំ២០១២ និង​ការ​បោះ ឆ្នោត​ជា​សកល​ជ្រើស​រើស​តំណាងរាស្រ្ត ឬ​នាយករដ្ឋ​មន្ត្រី​នៅ​ថ្ងៃ​ទី២៨ ខែ​កក្កដា ឆ្នាំ​២០១៣។

លោក​ កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិមនុស្ស​បាន​និយាយ​ថា ទម្រង់​បោះឆ្នោត​ថ្មី​ដែល​មាន​បិទ​រូប​ថត​ពីរ​សន្លឹក​បាន​បង្ក​បញ្ហា​ជាមួយ​អ្នក​បោះ​ឆ្នោត​ថ្មី។ លោក​មាន​ប្រសាសន៏​ថា សម្រាប់​អ្នក​គាំទ្រ​គណ​បក្ស​កាន់​អំណាច​ជា​ការ​ងាយ​ស្រួល ក៏​ប៉ុន្តែ​សម្រាប់​សមាជិក​គណ​បក្ស​ផ្សេង​អាជ្ញាធរ​មិន​ធ្វើ​ប័ណ្ណ​ឲ្យ​ទេ។

«រឿង​មួយ​ដែល​យើង​ចាប់​ភស្តុតាង​បាន​ត្រង់ថា សមាជិក​របស់​គណបក្ស​កាន់​អំណាច​ដែល​អាយុ​ក្រោម​១៨​ទេ ​គាត់​ធ្វើ​ទម្រង់​អាច​យក​ទៅ​ចុះ​បាន​ហើយ​ធ្វើ​ទាំង​បាច់ៗ​រៀបចំ​ឲ្យ​អាជ្ញាធរ​គ្នា​គាត់​ទៅ​ធានា​តែម្តង»។

លោក​ សុខ ពិទូរ្យ​ អ្នក​សម្របសម្រួល​ផ្នែក​អង្កេត​របស់​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា​ដែល​ហៅ​កាត់​ថា​ខូមហ្វ្រ៊ែល (Comfrel) បាន​បញ្ជាក់​ថា​ ខ្លួន​បាន​រក​ឃើញ​ថា​ ការ​ចុះ​ឈ្មោះ​បោះឆ្នោត​របស់​មន្ត្រី​អ្នក​បោះឆ្នោត​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ម៉ោង​ធ្វើ​ការ​ បើក​ការិយាល័យ​មិន​ទៀង​ទាត់​ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ដោយ​មិន​មាន​វត្តមាន​អ្នក​បោះឆ្នោត​មក​បង្ហាញ​ខ្លួនក្នុង​ឃុំ​ចំនួន​ជាង​៧០

«ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ដែល​គាត់​អត់​មាន​អត្ត​សញ្ញាណ​សម្រាប់​បញ្ជាក់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នោះ​គឺ​គាត់​ខ្វះ​នូវ​រូប​ថត​សម្រាប់​ទៅ​បិទ។ ហេតុ​ដូច្នេះ​ហើយ​យើង​បារម្ភ​ដែរ​ករណី​ដែល​គាត់​ខ្វះ​រូប​ថត​ហ្នឹង​អាច​ធ្វើ​ឲ្យ​គាត់​បាត់​បង់​សិទ្ធិ​បោះ​ឆ្នោត​ដោយសារ​គាត់​មិន​មាន​លទ្ធភាព ​ជាពិសេស​នៅ​តំបន់​ដាច់​ស្រយាល»។

លោក​ពិទូរ្យ​បាន​បញ្ជាក់​ទៀត​ថា​ ខូមហ្វ្រ៊ែលបាន​ដាក់​អ្នក​អង្កេត​ការណ៍​ចំនួន​៧២​ឃុំ​សង្កាត់​ដើម្បី​ធ្វើ​ការងារ​ជា​អ្នក​អង្កេត​ការណ៍​ចល័ត។

លោក​ ជាម យៀប​ មន្ត្រី​ជាន់​ខ្ពស់​ខាង​គណបក្ស​គ្រប់​គ្រង​អំណាច​បាន​ច្រាន​ចោល​ការ​លើក​ឡើង​នេះ។ លោក​មាន​ប្រសាសន៍​ថា គណបក្ស​ប្រជាជន​កម្ពុជា តែង​តែ​ទទួល​រង​ការ​ចោទប្រកាន់​គ្មាន​ភស្តុតាង​នៅ​ពេល​មាន​ការ​បោះឆ្នោត។​ លោក​បាន​បញ្ជាក់​ទៀត​ថា គណបក្ស​គ្រប់​គ្រង​អំណាច​មិន​បាន​រក​ឃើញ​ភាព​មិន​ប្រក្រតី​ក្នុង​ការ​ចុះ​ឈ្មោះ​បោះឆ្នោតទេ។

«គណបក្ស​ប្រជាជន​កម្ពុជា​ដូច​មិន​មាន​ប្រតិកម្ម​អ្វី​ខ្លាំង​ពេកទេ គ្រាន់​តែ​ថា​អ្វីៗ​យើង​ធ្វើ​តាម​បទបញ្ជា​ដែល​គជប​បាន​រៀបចំ​ឡើង​ហើយ​ដែល​ច្បាប់​បាន​ចង្អុល​ទិស​ឲ្យ​គជប​រៀបចំ​រយៈកាល​កន្លង​ទៅ»។

យោង​តាម​កម្មវិធី​ដូច​បាន​គ្រោង​ទុករបស់​គ​ជប ប្រជា​ពលរដ្ឋ​គ្រប់​រូប​ត្រូវ​ទៅ​ចុះ​ឈ្មោះ​និង​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ចាប់​ពី​ថ្ងៃ​១ ខែ​កញ្ញា​រហូត​ដល់​ថ្ងៃ​ទី​១៥ ខែ​តុលា។គិត​ត្រឹម​ថ្ងៃ​ទី​០១ ខែ​តុលា​នេះ ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​មាន​ចំនួន​ជាង​៥​សែន​នាក់​គឺ​បាន​កើន​ឡើង​ចំនួន​១០៩,២០ភាគរយ។ ក៏ប៉ុន្តែ​ចំនួន​នេះ​អាច​នឹង​មាន​ការ​ប្រែប្រួល​ពី​ព្រោះ​គជប​និង​ពន្យា​ពេល​ចុះ​ឈ្មោះ​បន្ថែម​ទៀត។

លោក ទេព នីថា​ អគ្គលេខាធិការ​នៃ​គ​ជ​ប​បាន​បញ្ចាក់​ថា ​ប្រសិន​បើ​នៅ​កន្លែង​ខ្លះ​មិន​ទាន់​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​ចំនួន​ទេ ​យើង​នឹង​ពិភាក្សា​ជាមួយ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​មូលដ្ឋាន​ជាក់​ស្តែង​ដើម្បី​បន្ថែម​រយៈ​ពេល​តាម​ការ​ជាក់​ស្តែង។ លោក​ទេព​ នីថា បាន​បញ្ជាក់​ទៀត​ថា ​នៅ​ពេល​បច្ចុប្បន្ន​នេះ​បញ្ហា​សំខាន់​គឺ​ទឹក​ជន់​លិច​ក្នុង​ឃុំ​សង្កាត់​ចំនួន​៣០០​ដែល​ធ្វើ​ឲ្យ​គជប​សម្រេច​ផ្លាស់​ប្តូរ​កម្មវិធី​ចុះ​ឈ្មោះ​បោះ​ឆ្នោត។

«តាម​ព័ត៌មាន​ថ្មី​ដែល​យើង​បាន​ទទួល​ពី​រាជ​ធានី ខេត្ត​មក​គឺ​មាន​ប្រមាណ​ជាង​៣០០​ឃុំ​ក៏​ប៉ុន្តែក្នុង​ចំណោម​ឃុំ​ទាំង​អស់​នេះ។​ គណៈកម្មការ​ក៏​ដូច​ជា​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​គាត់​បាន​លើក​ស្នើ​តែ​ឃុំ​មួយ​ចំនួន​តែ​ប៉ុណ្ណោះ​មិន​មែន​គ្រប់​ទាំង​៣០០​ឃុំ​ទេហើយ​ដោយសារ​ពេល​វេលា​នៅ​សល់​យើង​ពិនិត្យ​ថែម​លើ​សំណូម​ពរ​នេះ​ទៀត​នៅ​សប្តាហ៍​ក្រោយ​ដើម្បី​សម្រេច​ថា​តើ​ត្រូវ​ពន្យារ​ពេល​សម​ស្រម​ទៅ​តាម​កន្លែង​ជាក់​ស្តែង»។

ចាប់​តាំង​ពី​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​មក គជប​បាន​ទទួល​ពាក្យ​បណ្តឹង​បាន​តិច​តួច​តែ​ប៉ុណ្ណោះ​ហើយ​ត្រូវ​បាន​ដោះ​ស្រាយ​នៅ​ទី​នោះ។ នេះ​បើតាម​ការ​បញ្ជាក់​របស់​ទេព​នី​ថា។ លោកបាន​មាន​ប្រសាសន៍​ថា​ ការ​ប្តឹង​តវ៉ា​របស់​គណបក្ស​នយោបាយ​មាន​តែ​ពីរ​បណ្តឹង​តែ​ប៉ុណ្ណោះ។ បណ្តឹង​ទាំង​នោះ​មិន​ជាប់​ពាក់​ព័ន្ឋ​នឹង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ទាំង​អស់​ទេ។​ វា​ជា​បណ្តឹង​ទាក់​ទិន​នឹង​ការ​អនុវត្ត​របស់​មេឃុំ ចៅ​សង្កាត់​ និង​ស្មៀន​ឃុំ។

លោក រីក រ៉េត​ អាយុ២៥​ ប្រជាពលរដ្ឋ​មួយ​រូប​នៅ​ស្រុក​ស្រី​ស្នំ ខេត្ត​សៀម​រាប​បាន​និយាយ​ថា​លោក​បាន​តៀម​ឯក​សារ​រួច​រាល់​ហើយ​សំរាប់​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​។

លោកបាន​បញ្ជាក់​ថា​អាជ្ញាធរ​បាន​សំរួល​ការ​ងារ​គ្រប់​យ៉ាង​ដល់​លោក​បើទោះ​បី​ជា​លោក​ជា​អ្នក​ចំណូល​ថ្មី​ក៏​ដោយ។

«គាត់​ប្រាប់ថាឲ្យ​ប្រសិន​បើយើងមិន​បាន​ចុះ​ឈ្មោះ​នៅ​ភូមិ​ឯណោះ​យើង​អាច​ចុះនៅ​ទី​នេះ​បាន​ហើយឲ្យ​ទៅ​ចុះ​មុន​ថ្ងៃ​ទី​១៥​ខែ​១០»។

ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​កន្លង​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឈ្នះ​ឆ្នោត​ជាង​១.៥៩០ឃុំ​សង្កាត់​ក្នុង​ចំណោម​ឃុំ​សង្កាត់​១.៦២១​ពេលនោះ ។ ​គណ​បក្ស​សម រង្ស៊ី​ ជា​គណបក្ស​ជំទាស់​ធំ​ជាង​គេ​បាន​ឈ្នះ​លំដាប់​ទី២៕