រដ្ឋាភិបាល​កម្ពុជា​ព្រមាន​ពី​ផលប៉ះ​ពាល់​អាក្រក់​នៃ​ផលិត​ផល​ក្លែង​ក្លាយ

San Francisco 49ers head coach Jim Harbaugh (L) congratulates his brother, Baltimore Ravens head coach John Harbaugh, after the Ravens won in the NFL Super Bowl XLVII football game in New Orleans, Louisiana, February 3, 2013.

មន្ដ្រី​ក្រសួង​សុខាភិបាល ​និង​ក្រសួង​មហាផ្ទៃ​ បាន​ជំរុញ​ឲ្យ​ប្រជា​ពលរដ្ឋ​កម្ពុជា ​ឈប់ប្រើ​ប្រាស់​ផលិត​ផល​ក្លែង​ក្លាយ​ ដែល​អាច​បណ្ដាល​ឲ្យ​គ្រោះ​ថ្នាក់​ដល់​សុខភាព​យ៉ាង​ធ្ងន់ធ្ងរ។ ការ​ជំរុញ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​បាន​ធាតុ​ផ្សំ​ និង​ផលិត​ផល​គ្រឿង​សំអាង​ក្លែង​ក្លាយ​សរុប​ចំនួន ​ប្រាំ​ពីរ​តោនកាល​ពី​ដើម​ខែ​នេះ។

ក្រសួង​មហា​ផ្ទៃ ​និងក្រសួង​សុខា​ភិបាល​បានអំពាវកាលពីថ្ងៃសុក្រ​ឲ្យ​ប្រជា​ពល​រដ្ឋ​កម្ពុជា និង​ក្រុម​អាជី​វករ​លក់​ផលិត​ផល​ឱសថ ​និង​គ្រឿង​សំអាង​ក្លែង​ក្លាយ​ឲ្យ​ប្រុង​ប្រយ័ត្ន និង​ឈប់​បន្ដ​អាជីវកម្ម​ខុស​ច្បាប់​នេះ​ត​ទៅ​ទៀត​ ដោយ​ធ្វើការព្រ​មាន​ថា ​ការប្រើ​ប្រាស់​ផលិត​ផល​ក្លែង​ក្លាយ​នឹង​បង្ក​ឲ្យ​មាន​ភាព​ក្រីក្រ​កាន់​តែ​ខ្លាំង ​ហើយ​ការជួញដូរ​នូវផលិត​ផលក្លែង​ក្លាយ​នឹង​ប្រឈម​មុខ​នឹង​ការផ្ដន្ទា​ទោស​យ៉ាង​ធ្ងន់ធ្ងរ។

លោក​ឧត្តម​សេនីយ​ឯក ​សូរ ផន ​អគ្គស្នងការ​រង​នគបាល​ជាតិ ​និង​ជា​ប្រធាន​គម្រោ​ង​គាំទ្រ​ការ ប្រយុទ្ធ​ប្រឆាំង​ផលិត​ផល​ក្លែង​ក្លាយ ​មាន​ប្រសាសន៍​ថា​ ប្រជា​ពលរដ្ឋ​ក្រីក្រ ​គួរ​តែ​ត្រូវ​ចៀស​វាង​ប្រើ​ប្រាស់​នូវ​ផលិត​ផល​ក្លែង​ក្លាយ​គ្រប់​ប្រភេទ​សម្រាប់​ជីវ​ភាព​ប្រចាំ​ថ្ងៃ​ ត្បិត​ផលិត​ផល​ ទាំងនោះ​នឹង​បណ្ដាល​ឲ្យ​មាន​គ្រោះ​មហន្ដរាយ​ដល់​អ្នក​ប្រើ​ប្រាស់។

“បងប្អូន​ប្រជា​ពលរដ្ឋ​ក្រីក្រ​ទាំង​អស់​សូម​ប្រយ័ត្ន ​ហើយ​ពិសេស​អាជីវករ​ដែល​កំពុង​តែ​រកទទួល​ទាន​បាន​ចំណេញ​ដោយ​សារ​វត្ថុ​ក្លែង​ក្លាយ ​សូម​អំពាវ​នាវ​សូម​ឈប់។ សូម​បង​ប្អូន​មេត្តា​យោគ​យល់​ដល់​បង​ប្អូន​យើង​កាន់​ក្រ​ឡើង​ កាន់​តែ​រងគ្រោះ​កាន់​តែ​ធ្ងន់​ឡើង"។

លោក ​សូ ​ផន​ មាន​ប្រសាសន៍​ដូច្នេះ ​ក្រោយ​ពី​បើក​កិច្ច​ប្រជុំ​ជា​លើក​ដំបូង​របស់​គណៈ​កម្មា​ធិ​ការ​ដឹក​នាំ​គម្រោង​ពិភាក្សា​ស្តី​ពី​សកម្មភាព​ការងារ​ការប្រយុទ្ធ​ប្រឆាំង​ផលិត​ផល​ក្លែង​ក្លាយ​ក្នុង​ទីក្រុង​ភ្នំពេញ។​ គម្រោង​នេះ​ដែល​ត្រូវ​បាន​បង្កើត​នៅ​ក្នុង​ឆ្នាំ ​២០១០​នេះ ​ក្រោម​ការឧបត្ថម្ភ​ដោយ​ប្រទេស​បារាំង។

កាល​ពី​ថ្ងៃ​ទី​៤​ខែ​តុលា​ឆ្នាំ២០១០​នគរបាល​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច​នៃ​ក្រសួង​មហា​ផ្ទៃ​សហការ​ជាមួយ​មន្រ្តី​កាំកុង​ត្រូល​និង​មន្រ្តី​ពាក់​ព័ន្ធ​បាន​ទៅ​បង្រ្កាប​ទីតាំង​ផលិត​និង​ចែកចាយ​ផលិតផល​គ្រឿង​សំអាង​ក្លែង​ក្លាយ​គ្រប់​ប្រភេទ​ដ៏​ធំ​មួយ​នៅ​សង្កាត់​ច្រាំង​ចំរេះ​ទី២​ខណ្ឌ​ឬស្សីកែវ​ ជាយទី​ក្រុង​ភ្នំពេញ។ ផលិត​ផល​ក្លែង​ក្លាយ​ដែល​ធ្វើនៅទីនោះ ​ត្រូវ​លក់​ចែក​ចាយ​នៅ​ទូទាំង​ប្រទេស​កម្ពុជា។

ក្រុម​សមត្ថកិច្ច​បាន​រក​ឃើញ​សារធាតុ​គ្រឿង​ផ្សំ​នានា ​និង​ផលិត​ផល​ក្លែង​ក្លាយ​មួយ​ចំនួន​ដូចជា​ម្សៅកែ​សម្ភស្ស​ សាប៊ូ ​ប្រេងកូឡា ​ប្រេង​ខ្យល់ ​ឡេ​លាប​ខ្លួន​ជា​ដើម​ សរុប​ប្រមាណ​ជា​៧​តោន។

មនុស្ស​ដែល​ជាប់​សង្ស័យ​ចំនួន​បួន​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ ប៉ុន្ដែ​ម្ចាស់​អាជីវកម្ម​ចំនួន​ពីរនាក់​បាន​រត់​គេច​ខ្លួន​ដោយ​សុវត្ថិភាព។

លោក​ឧត្តមសេនីយ សូ ផន​ បញ្ជាក់​ថា ​ប៉ូលីស​កំពុង​រៀប​ចំ​សំណុំ​ឯកសារ​ជន​សង្ស័យ​ទាំង​បួន​នាក់​ដើម្បី​បញ្ជូន​ទៅ​តុលាការ។

លោក​បាន​បន្ត​ថា​នៅ​ក្នុង​អំឡុង​ពេល​នេះ​ការចរាចរណ៍ផលិត​ផល​ក្លែង​ក្លាយ​នៅ​លើ​ទីផ្សារ​មាន​ការ​កើន​ឡើង​ជា​ពិសេស​នៅ​តាម​បណ្តា​ខេត្ត​ស្រប​ពេល​ដែល​ក្រុម​សមត្ថកិច្ច​មិន​ទាន់​មាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​ការពង្រឹង​ការបង្រ្កាប​បទល្មើស​នេះ។

ដោយឡែក ​លោកវេជ្ជបណ្ឌិត ​ហេង ប៊ុនគៀត​ ប្រធាននាយកដ្ឋាន​ឱសថ ​ចំណី​អាហារ ​បរិក្ខារ​ពេទ្យ និង​គ្រឿង​សំអាង​នៃ​ក្រសួង​សុខាភិបាល​ ឲ្យ​ដឹង​ថា ​មាន​តែ​គ្រឿង​សំអាង​នៅ​លើ​ទីផ្សារ​ប្រមាណ​ជា​៣០​ភាគ​រយ​តែ​ប៉ុណ្ណោះ​ក្នុង​ប្រទេស​កម្ពុជា​បាន​ចុះ​បញ្ជី​ជាផ្លូវការ។ លោក វេជ្ជបណ្ឌិត​បាន​បន្ថែម​ថា គ្រឿង​សំអាង​ក្លែង​ក្លាយ​ភាគ​ច្រើន​កំពុង​ធ្វើឱ្យ​ប៉ះ​ពាល់​ដល់​សុខភាព​ប្រជាពល​រដ្ឋ​ជា​ខ្លាំង​ដូច​ជា​ធ្វើ​ឱ្យ​របកស្បែក​ ស្បែក​ឡើងរឹង ​ហើម​មុខ ​ហើយ​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ស្លាប់​ទៀត​ផង។

«សូម​អំពាវ​នាវ​ដល់​ប្រជាជន​បង​ប្អូន​យើង​កុំ​ចេះ​តែ​ប្រើ​ផ្តេស​ផ្តាស​ចំពោះ​ផលិតផល​ដែល​មិន​មាន​ប្រភព​ច្បាស់​លាស់​ចេះ​តែ​ប្រើ​ធ្វើឱ្យ​ប៉ះ​ពាល់​ដល់​សុខភាព​បង​ប្អូន​អត់គួរ​ប្រថុយ​ប្រថាន​ទេ»។

ប្រទេស​បារាំង​និង​ប្រទេស​កម្ពុជា ​នៅ​ក្នុង​ឆ្នាំ ២០១០​នេះ​បាន​សហការ​គ្នា​បង្កើត​គម្រោង​គាំទ្រ​ការ​ប្រយុទ្ធ​ប្រឆាំង​ផលិត​ផល​ក្លែង​ក្លាយ​ដែល​បង្ក​គ្រោះ​ថ្នាក់​ខ្លាំង​ដល់​សុខភាព ​និង​សុវត្ថិភាព​ក្នុង​តំបន់​ទន្លេ​មេគង្គ។

គម្រោង​នេះ​មាន​ទិស​ដៅ​លើក​កម្ពស់​វិជ្ជា​ជីវៈ​អ្នកចូលរួម​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ការជួញដូរ​ផលិត​ផល​ក្លែង​ក្លាយ​ដែល​បង្ក​គ្រោះ​ថ្នាក់​ខ្លាំង​ដល់​សុខភាព​និង​សុវត្ថិភាព។ គម្រោង​នេះ​ក៏​បាន​ផ្តោត​លើ​ការបញ្ជ្រៀប​អ្នក​នយោបាយ​និង​ប្រជាជន​ក៏​ដូច​ជា​ការបណ្តុះ​បណ្តាល​ថ្នាក់​អន្តរ​ក្រសួង​និង​ថ្នាក់​តំបន់​ដល់​មន្រ្តី​ក្របខ័ណ្ឌ​និង​មន្រ្តី​ចូលរួម​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​ផ្ទាល់​ផង​ដែរ។

អនុសេនីយ៍ឯក ​ស៊ីលវ៉ាំង​ គូអេ ( Silvain Coué ) ទីប្រឹក្សា​ប្រចាំ​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​កម្ពុជា​សម្រាប់​គម្រោង​គាំទ្រ​ការប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែង​ក្លាយ ​មាន​ប្រសាសន៍​ថា ​ផលិត​ផល​ក្លែង​ក្លាយទាំង​អស់ ​ទាំង​ផលិត​ផល​ថ្នាំ​ពេទ្យ​ ទាំង​ផលិត​ផល​គ្រឿង​សំអាង ​ឬផលិត​ផល​កសិកម្ម សុទ្ធ​តែ​មាន​មុខងារ​បំផ្លាញ​សុខភាព​ទាំង​អស់។

“អ្វី​ដែល​ប្រាកដ​នោះ​គឺ​ថា​ ផលិត​ផល​ក្លែង​ក្លាយ​មាន​មុខងារ​បំផ្លាញ​សុខភាព​ ឬ​មួយ​ដោយ​សារ​តែ​ផលិត​ផល​ទាំង​នោះ​ពុំ​មាន​ធាតុ​សកម្ម ​ឬ​ក៏​វា​មាន​ធាតុសកម្ម​ដែល​មិន​មែន​ជា​ធាតុ​សកម្ម ​ដែល​ត្រូវ​ប្រើ​នោះ​ ក្នុង​ករណី​ដូច​នេះ ​ផលិត​ផល​នោះ​បំផ្លាញ​សុខភាព​ដោយ​ផ្ទាល់​តែ​ម្ដង"។

ជាមួយ​គ្នា​នេះដែរ​ លោក​វេជ្ជ​បណ្ឌិត​ ហេង ​ប៊ុន​គៀត ​បាន​ផ្តល់​ដំបូន្មាន​ថា​ដើម្បី​រក​ទិញ​ផលិត​ផល​ដែល​ត្រឹម​ត្រូវ​និង ​មាន​ប្រយោជន៍​ដល់​សុខភាព​ប្រជា​ពលរដ្ឋ​ត្រូវ​ចេះ​ជ្រើសរើស​រក​ផលិតផល​ណា​ដែល​បាន​ចុះ​បញ្ជីការ​នៅ​ក្រសួង​ដោយ​ត្រូវ​រក​ផ្លាក​សញ្ញា​របស់​ក្រសួង​មាន​សមត្ថកិច្ច​ដែល​បិត​នៅ​លើ​ផលិត​ផល​ទាំង​នោះ៕