ក្រុម​អ្នក​ប្រជា​ធិបតេយ្យ​ចាត់​ទុកការ​បោះឆ្នោត​នៅ​អាមេរិក​ជា​គំរូ​ដល់​កម្ពុជា

អ្នក​បោះ​ឆ្នោត​ម្នាក់​​ដាក់​​ទម្លាក់​សន្លឹក​ឆ្នោត​ចូល​ទៅ​ក្នុង​ហិប​ឆ្នោត​​នៅ​ភាគ​ខាង​ជើង​ទី​ក្រុង Seattle សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ទី​២​ខែ​វិច្ឆិកា​ឆ្នាំ​២០១០​កន្លង​ទៅ​នេះ។

ខណៈ​ពេល​ដែល​គណបក្ស​សាធារណរដ្ឋ​បាន​ឈ្នះ​គ្រប់​គ្រង​សភា​តំណាង​រាស្ត្រ​សហ​រដ្ឋ​អាមេរិក​បន្ទាប់​ពី​ការ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​កាល​ពី​ថ្ងៃ​អង្គារ​ ​ក្រុម​អ្នក​នយោបាយ​និង​អង្គការ​សង្គម​ស៊ីវិល​កម្ពុជា​រំពឹង​ថា​ អាច​នឹង​មាន​ការ​ផ្លាស់​ប្តូរ​ខ្លះ​ក្នុង​គោល​នយោបាយ​អន្តរជាតិ​របស់​សហ​រដ្ឋ​អាមេរិក​ ​ប៉ុន្តែ​មើល​ឃើញ​ថា​ ​វាជា​សញ្ញា​កាន់​តែ​ល្អ​ឡើង​សម្រាប់​ក្រុម​អ្នក​ប្រជា​ធិបតេយ្យ។

ក្រុម​អ្នក​ប្រជា​ធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា​មើល​ឃើញ​ថា​ ​ការ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​នៅ​សហ​រដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន​ដែល​លទ្ធផល​បាន​ធ្វើ​ឱ្យ​គណបក្ស​ប្រជា​ធិបតេយ្យរបស់​លោក​ប្រធានាធិបតី​បារ៉ាក់​ អូបាម៉ា​បាត់​បង់​ការ​គ្រប់​គ្រង​អំណាច​ក្នុង​សភា​តំណាង​រាស្ត្រគឺជា​គំរូ​ល្អ​មួយ​ដែល​អ្នក​ដឹកនាំ​អំណាច​ក្នុង​ប្រទេស​កម្ពុជា​គួរ​រៀន​សូត្រ​តាម។

តាម​លទ្ធផល​នៃការ​បោះ​ឆ្នោត​បាន​ឱ្យ​ដឹង​ថា​ ​រហូត​មក​ដល់​ពេល​នេះគណបក្ស​សាធារណ​រដ្ឋឈ្នះ​បាន​អាសនៈ​ចំនួន​២៣៩​ ​រីឯ​គណបក្ស​ប្រជា​ធិបតេយ្យ​ឈ្នះ​បាន​តែ​១៨៧​ប៉ុណ្ណោះ​ពី​ក្នុង​សភា​ជាតិដែលមានអាសនៈ​សរុប​ចំនួន​៤៣៥។​ នៅមាន​អាសនៈ​ចំនួន​៩​មិន​ទាន់​សម្រេច​ថា​ ​ឈ្នះចាញ់​នៅ​ឡើយ​ដោយ​សារ​លទ្ធផល​ប្រកៀក​ប្រកិត​គ្នាពេក​និង​ត្រូវ​រាប់​ឡើង​វិញ។​ ហើយ​បើ​មិនដាច់ស្រេច​អាច​នឹង​ត្រូវ​ឱ្យ​តុលាការ​សម្រេច​ក្តី។

លោក​កឹម សុខា​ ​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​ ​បាន​បញ្ជាក់​ថា​ ​លទ្ធផល​នៃ​ការ​បោះឆ្នោត​នៅ​អាមេរិក​បង្ហាញ​ពី​គោល​នយោបាយ​នៃ​តុល្យភាព​អំណាច​នៅ​ក្នុង​សង្គម​ប្រជា​ធិបតេយ្យ​ ហើយ​សម្រាប់​កម្ពុជា​កាន់​តែ​បង្ហាញ​នូវ​និន្នាការ​វិវត្ត​កាន់​តែ​ល្អ​ឡើងៗ​សម្រាប់​ក្រុម​អ្នក​តស៊ូ​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ។ ​យ៉ាង​ណា​ក៏​ដោយ​ ​លោក​កឹម សុខា​យល់​ថា​ ​ជា​ទូទៅ​ក្រុម​អ្នក​សាធារណ​រដ្ឋតែង​តែមានជំហរ​តឹងរឹង​ខ្លាំង​ចំពោះក្រុម​ជន​ផ្តាច់​ការ។

«ក្នុង​នាម​ជា​អ្នក​ដែល​ចង់​បាន​ប្រជា​ធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ខ្ញុំ​ចង់​ឱ្យ​ក្រុម​សាធារណ​រដ្ឋបន្ត​នយោបាយ​ក្រៅ​ប្រទេស​ ​ដូច​ដែល​លោក​ធ្លាប់​ធ្វើ​គឺ​ធ្វើ​យ៉ាង​ម៉េច​ឱ្យ​ជំហរ​រឹងប៉ឹង​ជាមួយ​នឹង​ពួកផ្តាច់​ការ​នៅ​ស្រុក​ណា​ក៏​ដោយ​ ​ដូច​ជា​ស្រុក​ខ្មែរ​ក៏​ដោយ។​ កាល​ណា​ពួក​កាន់​អំណាច​ផ្តាច់​ការ​ធ្វើអ្វី​ខុស​ត្រូវ​តែ​ហ៊ាន​ជំទាស់​គឺ​មិនត្រូវ​លួង​លោម​ទេ។​ ខ្ញុំថា​ ​ការ​លួង​លោម​ពួកផ្តាច់​ការ​នេះ​មិន​មែន​ជាជោគ​ជ័យ​ទេ។​ នយោបាយ​សាធារណ​រដ្ឋ​ដែល​តែង​តែ​ព្រមាន​ទៅ​ពួក​ផ្តាច់​ការ​នៅ​ក្រៅ​ប្រទេស​ជាការ​មួយ​ល្អ​ ​ហើយ​វា​មាន​ប្រយោជ​ន៍​ដល់​ពួក​អ្នក​តស៊ូ​ប្រជា​ធិបតេយ្យ​នៅ​ក្រៅ​ប្រទេស​ដែរ»។

លោក​ស្រី​មួរ​ សុខហួរ​ ​អគ្គ​លេខាធិការ​រងនៃ​គណបក្ស​សម រង្ស៊ី​ ​បាន​បញ្ជាក់​ប្រាប់ ​វីអូអេ ​សំឡេង​សហ​រដ្ឋ​អាមេរិក​ថា​ ​ការ​ឈ្នះ​ចាញ់​នៅក្នុង​ការ​បោះ​ឆ្នោត​នៅ​ក្នុង​សហ​រដ្ឋ​អាមេរិក​គឺ​ជា​លទ្ធផល​បង្ហាញ​ឱ្យ​ឃើញ​ពី​លទ្ធិ​ប្រជា​ធិបតេយ្យ​ ​ប៉ុន្តែ​សម្រាប់​ជា​គោល​នយោបាយ​អន្តរជាតិ​គឺ​នឹង​មិន​ប៉ះពាល់​ខ្លាំង​ទេ៖

«មើល​ទៅ​ ​មិន​មាន​អ្វី​ជា​ប៉ះពាល់​ដ៏​សំខាន់​ទេ។​ ប្រសិនបើ​នយោបាយ​ការ​បរទេស​របស់​សហ​រដ្ឋ​អាមេរិក​មាន​ការ​ផ្លាស់​ប្តូរ​ច្រើន​នោះ​ ​វាអាច​មាន​ការ​ផ្លាស់​ប្តូរ​ ​ប៉ុន្តែ​មើល​ទៅ​នយោបាយ​របស់​គេ​សម្រាប់​ការ​អភិវឌ្ឍ​ ​ការ​ទំនាក់​ទំនង​ជាមួយ​នឹង​ប្រទេស​នានា​ជា​ពិសេស​ជាមួយតំបន់​អាស៊ី​យើង​នេះ​ ​ដូច​ជា​លោក​ស្រី​ហ៊ីលឡារី​ ក្លីនតុន​ទើបមក​ហើយ​គឺ​នៅ​ដដែល»។

យ៉ាងណា​ក៏​ដោយ​លោក​ស្រីមួរ​ សុខហួរ​បាន​យល់​ស្រប​ជាមួយ​លោក​កឹម សុខា​ថា​ ​ការ​ដែល​គណបក្ស​សាធារណ​រដ្ឋ​ឈ្នះ​ឆ្នោត​អាច​នឹង​ជា​សម្ពាធ​ទៅ​លើ​បណ្តា​ប្រទេស​ណា​ដែល​កាន់​លទ្ធិ​ផ្តាច់​ការ។

«បើ​សិន​ជា​អ្នក​សាធារណ​រដ្ឋ​និយម​មាន​ជំហរ​ជាមួយ​រឿង​ប្រជា​ធិបតេយ្យ​ ​រឿង​យក​ចិត្ត​មនុស្ស​នោះ​គឺ​គេ​មាន​ការ​ចាត់​វិធានការ​ស្រួច​ជាង​ពួក​ប្រជា​ធិបតេយ្យ​ ​ព្រោះ​ហេតុអី​ ​ដូចជា​ខាង​លោក​ប៊ូស​ ​កន្លង​មក​គឺ​គេ​យល់​ឃើញ​ថា​ ​ត្រូវ​មានការ​ផ្លាស់​ប្តូរ​នៅ​ប្រទេស​ណា​អញ្ចឹង​ ​គេ​មាន​ជំនួយ​ត្រង់ៗ​ទៅ។​ ប៉ុន្តែ​បើ​ខាង​ប្រជា​ធិបតេយ្យ​ ​គេយក​សំឡេងយក​ការ​ពិចារណា​វែង​ឆ្ងាយ​ជាង។ គេ​មិន​យក​ទ័ពគេ​យក​ទៅ​វាយ​ភ្លាមៗ​ទេ។ ​ ប៉ុន្តែ​វាអត់​ប៉ះពាល់​ដល់​ប្រទេស​កម្ពុជា​យើង​ទេ​ ​ពីព្រោះ ​យើងអត់​មាន​ការ​ឈ្លោះ​ជម្លោះ​រហូត​ដល់​ការ​ប្រើប្រាស់​អាវុធ​ទេ»។

ការ​បោះឆ្នោត​កាល​ពី​ដើម​សប្តាហ៍​នេះ​គឺ​ជា​ការ​បោះ​ឆ្នោត​ជ្រើសរើស​សភា​តំណាង​រាស្ត្រ​និង​សមាជិក​ព្រឹទ្ធ​សភា​ខ្លះ​ ​ហើយ​កើត​ឡើង​ចំ​ពាក់​កណ្តាល​អាណត្តិ​របស់​លោក​ប្រធានាធិបតី​បារ៉ាក់​ អូបាម៉ា។ ​បើទោះ​បី​ជា​បាត់​បង់​ការ​គ្រប់គ្រង​សំឡេង​ភាគ​ច្រើន​នៅ​ក្នុង​សភា​តំណាង​រាស្រ្ត​ ក៏​គណបក្ស​របស់​លោក​ប្រធានាធិបតី​នៅ​គ្រប់​គ្រងព្រឹទ្ធ​សភាដដែល។

ប្រទេស​កម្ពុជា​បានចាត់​ទុក​ថា ការ​បោះ​ឆ្នោត​នេះ​និង​លទ្ធផល​នៃ​គោល​នយោបាយ​ពេល​ខាង​មុខជា​កិច្ច​ការ​នយោបាយ​ផ្ទៃ​ក្នុង​របស់​សហ​រដ្ឋ​អាមេរិក។

លោក​កុយ គួង​ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​ ​បាន​ប្រាប់​ វីអូអេ​ ​សំឡេង​សហ​រដ្ឋ​អាមេរិក​ថា៖

«ចំពោះ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នៅឯ​សហ​រដ្ឋ​អាមេរិក​នេះ​គឺ​ថា​ ​កម្ពុជា​មិន​អាច​ ជាពិសេស​ ​ខ្ញុំ​មិន​អាច​ធ្វើ​បទ​អត្ថាធិប្បាយ​អ្វី​ទៅ​លើ​ដំណើរ​ការ​ ​ឬ​ក៏​លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះបាន​ទេ​ ​ព្រោះ​នេះ​គឺ​ជា​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​សហ​រដ្ឋ​អាមេរិក​សុទ្ធសាធ»។

ប្រទេស​កម្ពុជា​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​នឹង​សហ​រដ្ឋ​អាមេរិក​ ​ជាពិសេស​លើ​ផ្នែក​ជា​ច្រើន​ ​ដូច​ជា​ការ​ប្រឆាំង​អំពើ​ភេរវ​កម្ម​ និង​ការ​ជួញ​ដូរ​មនុស្ស​ជាដើម។​ មាន​ការ​ព្រួយ​បារម្ភខ្លះ​នៅ​ក្នុង​ជួរ​អង្គការ​សង្គម​ស៊ីវីល​ដោយ​សារ​និន្នាការ​នៃ​ការ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​នៃ​គណបក្ស​ទាំង​ពីរ​មាន​ខុសគ្នា​ខ្លះ ​ដូច​ជា​លើ​វិស័យ​សង្គមកិច្ច​ជាដើម។

លោក​អ៊ូ វីរៈ ​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ​បាន​បញ្ជាក់​ថា​ ​តាម​ធម្មតា​គណបក្ស​សារធារណ​រដ្ឋ​តែង​តែ​ជំរុញ​ឱ្យ​មាន​ការ​កាត់​បន្ថយ​ការ​យក​ពន្ធ​ ដូចនេះ​វា​អាច​នឹង​មាន​ផល​ប៉ះពាល់​ដល់​ការ​កាត់​បន្ថយ​នូវ​សេវា​កម្ម​ខ្លះ។

«ប្រសិន​បើកាត់​នូវ​ថវិកា​ជំនួយ​អន្តរ​ជាតិ​ ​បាន​ន័យ​ដូចជា​កម្ម​វិធី​ជំនួយ​សុខភាព ​ឬ​មួយ​កម្ម​វិធី​ជំនួយ​អប់​រំ​នៅ​ក្នុង​ឆាក​អន្តរ​ជាតិ​ ​ដូចជា​នៅ​ប្រទេស​កម្ពុជា​ ​វា​អាច​មាន​ការ​ធ្លាក់​ចុះ។​ ​ហើយ​ប្រសិន​បើ​វា​ធ្លាក់​ចុះ​ ​វា​អាច​មាន​បញ្ហា។ ​ប៉ុន្តែ​យើង​អត់​ទាន់​ដឹង​ថា​ ​វានឹង​ឈាន​ទៅ​ដល់​យ៉ាងម៉េច​ទេ។ ​បើ​តាម​ខ្ញុំ​ទាយ​នឹង​មាន​ការ​កែប្រែ​បន្តិច​បន្តួច​ ​ហើយ​នឹង​ប៉ះពាល់​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​យើង​បន្តិច​បន្តួ​ច​ ​ដោយសារ​គោល​នយោបាយ​អន្តរ​ជាតិ​របស់​អាមេរិក​ពឹង​ផ្អែក​ទៅ​លើ​សភា​ទាំង​ពីរ​ហ្នឹង​ ​ប៉ុន្តែ​ក៏​ទៅលើ​ប្រធានាធិបតី​ដែល​ជា​គណបក្ស​ដដែល​ ​គណបក្ស​ប្រជា​ធិបតេយ្យ​ដដែល​ គឺលោក​បារ៉ាក់​ អូបាម៉ា។ ​ដូច្នេះ​បើសិន​ជា​គោល​នយោបាយ​ ​នៅ​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ខាងមុខ​មិន​មាន​ការ​កែប្រែ​ប៉ុន្មាន​ទេ​ ​ប៉ុន្តែ​ថវិកា​នឹង​មាន​ការ​កែប្រែ»។

ចំណែក​លោក​រ៉ុង ឈុន ​ប្រធាន​សហភាព​សហជីព​កម្ពុជា​ ​បាន​បញ្ជាក់​ពី​ការ​ព្រួយ​បារម្ភ​ថា​ ​អាច​នឹង​មិន​មាន​ការ​យក​ចិត្ត​ទុកដាក់​ដល់​បញ្ហា​សិទ្ធិ​កម្មករ​ច្រើន​ដូច​មុន។ ​ប៉ុន្តែ​លោក​បញ្ជាក់ថា​ ជា​សញ្ញា​ល្អ​ដែល​គណបក្ស​សាធារណ​រដ្ឋ​ផ្តោត​លើ​ការ​បង្កើត​ការ​ងារ​នៅ​សហ​រដ្ឋ​អាមេរិក​ ​ព្រោះ​វា​អាច​ផ្តល់​ជា​ផល​ប្រយោជន៍​ដល់​ប្រទេ​សកម្ពុជា​ដែរ។

«បើ​សិន​ជា​គណបក្ស​ដែល​បាន​សំឡេង​គាំទ្រច្រើន ហើយ​បង្កើត​ការ​ងារ​ឱ្យ​បាន​ច្រើន​ទៅ​តាម​ម្ចាស់​ឆ្នោត​ដែល​ចង់​បាន​ពេលនោះ​ ​ហើយ​ផលប្រយោជន៍​កម្ពុជា​យើង​នឹង​ទទួល​បាន​ទៅ​តាម​រយៈ​នោះ​ដែរ​ ​ពី​ព្រោះ​យើង​ដឹង​ហើយ​ថា​ ​ទីផ្សារ​សម្លៀក​បំពាក់​ក៏​ដូច​ជា​ស្បែក​ជើង​នៅ​កម្ពុជា​យើង​គឺ​ទីផ្សារ​ធំ​គឺ​សហ​រដ្ឋ​អាមេរិក​ហ្នឹង​ហើយ​ ​ហើយ​ប្រសិន​បើ​អ្នកគ្រប់​គ្រង​អំណាច​នៅ​សហ​រដ្ឋ​អាមេរិក​បង្កើត​ការ​ងារ​ឱ្យ​ប្រជា​ពលរដ្ឋ​អាមេរិក​ឱ្យ​បាន​ច្រើន​ ​ពេល​នោះ​គេ​ក៏​ត្រូវ​ចំណាយ​លុយ​ច្រើន​ដើម្បី​ទិញ​សម្លៀក​បំពាក់ ហើយ​ផល​ប្រយោជន៍​ទាំង​អស់​ហ្នឹង​នឹង​មាន​ការ​បញ្ជា​ទិញ​មក​កម្ពុជា​យើង​ឱ្យ​កាន់​តែ​ច្រើន​ដែរ។ ​អញ្ចឹងកម្មករ​កម្មារិនី​នៅ​កម្ពុជា​យើង​ ​ក៏​ដូចជា​ប្រជា​ពលរដ្ឋ​ខ្មែរ​ ​ក៏​ទទួល​បាន​ផល​ប្រយោជន៍​ទៅ​តាម​រយៈ​ហ្នឹង​ដែរ»។

តាម​ក្រុម​អ្នក​វិភាគ​នានា​ឱ្យ​ដឹង​ថា​ ​ពលរដ្ឋ​សហ​រដ្ឋ​អាមេរិក​មាន​ការ​ខក​ចិត្ត​ជា​មួយ​នឹង​ល្បឿន​ទៅ​មុខ​យឺតៗ​នៃ​សេដ្ឋ​កិច្ច​សហ​រដ្ឋ​អាមេរិក​និង​ការ​ចង់​ឱ្យ​មាន​ការ​បង្កើត​ការងារ​បន្ថែម​ឱ្យ​បាន​ឆាប់​រហ័ស៕