សភាពិភាក្សាច្បាប់ប្រឆាំងអំពើពុករលួយ ឆាប់ពេក មិនមានពេលសិក្សា

  • Michael Lapin
<!-- IMAGE -->

ដើម្បីស្តាប់ព័ត៌មាននេះMicrosoft Office

តំណាងរាស្ត្រគណបក្សប្រឆាំងនិងគណៈកម្មាធិការនៃសម្ព័ន្ធអង្គការមិនមែនរដ្ឋា
ភិបាលបានផ្តល់អនុសាសន៍នៅថ្ងៃអង្គារនេះ សុំឱ្យរដ្ឋសភាពន្យារពេលពិភាក្សា
លើសេចក្តីព្រាងច្បាប់ប្រឆាំងអំពើពុករលួយរយៈពេលយ៉ាងតិច១ខែទៀត ដើម្បី
ឱ្យមានពេលវេលាគ្រប់គ្រាន់សិក្សាលើច្បាប់ដែលទន្ទឹងរង់ចាំជាយូរមកហើយនេះ
មុនពេលច្បាប់នេះត្រូវបានអនុម័តទៅជាច្បាប់ពេញលក្ខណៈ។

លោក សុខ សំអឿន ប្រធានប្រតិបត្តិក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា បានថ្លែង
ប្រាប់សន្និសីទកាសែតថា អនុសាសន៍របស់យើងនឹងជួយជម្រុញប្រសិទ្ធិភាពនៃ
ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។

លោកសុខ សំអឿន បានបញ្ជាក់ថា បើរដ្ឋសភាបដិសេធអនុសាសន៍របស់យើង ស្ថានភាពនៃអំពើពុករលួយនៅកម្ពុជានៅតែមិនអាចដោះស្រាយបាន។ សេចក្តី
ព្រាងច្បាប់នេះបង្កើតក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយឯករាជ្យ និងអង្គភាព
ប្រឆាំងអំពើពុករលួយនៅក្រោមទីស្តីការគណៈរដ្ឋមន្ត្រី ។ សមាជិកចំនួន១១រូប
របស់ក្រុមប្រឹក្សានេះនឹងមានអ្នកតែងតាំងដោយនយោបាយ។សេចក្តីព្រាងច្បាប់
នេះក៏តម្រូវឱ្យមន្ត្រីសាធារណៈប្រកាសទ្រព្យសម្បត្តិរបស់ពួកគេនិងផ្តល់អំណាច
ឱ្យតុលាការរឹបអូសយកកម្មសិទ្ធិ និងទ្រព្យសម្បត្តិ។

គណៈកម្មាធិការប្រព្រឹត្តិកម្មនៃសម្ព័ន្ធអង្គការសិទ្ធិមនុស្សកម្ពុជាបានប្រគល់សំណើ
របស់ខ្លួនទៅជូនរដ្ឋសភា ស្នើសុំឱ្យពន្យារពេល១ខែសម្រាប់ការពិភាក្សាសេចក្តី
ព្រាងច្បាប់នេះដែលនឹងគ្រោងធ្វើឡើងនៅថ្ងៃពុធ។

សម្ព័ន្ធអង្គការសង្គមស៊ីវិលនេះបានស្នើថា រដ្ឋសភាបើកចំហការពិភាក្សាសេចក្តី
ព្រាងច្បាប់នេះជាសាធារណៈ។

គណៈកម្មាធិការនេះនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា សេចក្តីព្រាងច្បាប់
ប្រឆាំងអំពើពុករលួយក៏បានផ្តល់យោបល់ថា ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុក
រលួយត្រូវតែជាស្ថាប័នឯករាជ្យជាង មានអ្នកតែងតាំងដោយនយោបាយ ហើយ
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយនៅក្រោមទីស្តីការគណៈរដ្ឋមន្ត្រីត្រូវបំបែក
ចេញពីក្រុមប្រឹក្សាជាតិ ព្រមទាំងតម្រូវឱ្យមានការការពារសម្រាប់សាក្សីអ្នកប្តឹង
និងអ្នកផ្តល់ព័ត៌មានប្រឆាំងនឹងអំពើពុករលួយ។

លោកនី ចរិយា ប្រធានផ្នែកស៊ើបអង្កេតនៃសមាគមសិទ្ធិមនុស្សបានថ្លែងនៅក្នុង
សន្និសីទកាសែតថា បើរដ្ឋសភាបដិសេធអនុសាសន៍សំខាន់ៗរបស់យើង ហើយ
អនុម័តច្បាប់ប្រឆាំងអំពើពុករលួយ ដោយគ្មានការចូលរួមរបស់អង្គការមិនមែន
រដ្ឋាភិបាល ច្បាប់ប្រឆាំងអំពើពុករលួយនេះ គឺជាច្បាប់ខ្សោយបំផុត គ្មានស្តង់ដា
អន្តរជាតិ និងមិនអាចទប់ស្កាត់អំពើពុករលួយបានទេ។

«នៅពេលដែលរដ្ឋសភាមិនបានធ្វើការពិចារណាអ្វី ដែលជាគោលការណ៍ធំៗ៥
ដែលយើងបានស្នើជាយោបល់នេះ ខ្ញុំគិតថា ពេលនោះ ច្បាប់មួយដែលសម្រេច
ដោយរដ្ឋសភានោះ ក្លាយទៅជាច្បាប់មួយគ្មានស្តង់ដាអន្តរជាតិ និង អាចទៅជា
ច្បាប់មួយមិនបានការពារអ្នកដែលបានចូលរួមក្នុងការផ្តល់ជាគំនិតយោបល់និង
ព័ត៌មានស្តីពីអំពើពុករលួយ ហើយក៏ជាច្បាប់មិនបានទប់ស្កាត់អំពើពុករលួយ
នៅក្នុងប្រទេសកម្ពុជា ។ ដូចនេះហើយយើងកំណត់ថា គោលការណ៍ទាំង៥ធ្វើ
ឱ្យច្បាប់មួយមានអំណាច និង ប្រសិទ្ធិភាពគ្រប់គ្រាន់ សម្រាប់យកទៅអនុវត្តឱ្យ
បានជោគជ័យនោះ។ បើរដ្ឋសភាមិនយកចំណុចទាំង៥នេះទៅពិចារណាទេ ខ្ញុំ
គិតថា ច្បាប់នេះគឺជាច្បាប់មួយ ដែលមានលក្ខណៈអន់បំផុតសម្រាប់ទប់ស្កាត់
អំពើពុករលួយនៅប្រទេសកម្ពុជា»។

ជាមួយគ្នានេះ តំណាងរាស្ត្រគណបក្សប្រឆាំង១៥ រូបរបស់គណបក្ស សម រង្ស៊ី
បានផ្ញើលិខិតជូនលោកហេង សំរិន ប្រធានរដ្ឋសភាដើម្បីសុំពន្យារពេលពិភាក្សា
សេចក្តីព្រាងច្បាប់ប្រឆាំងអំពើពុករលួយនេះ។

ក្រុមតំណាងរាស្ត្រប្រឆាំងបានបញ្ជាក់ថា យើងយល់ឃើញថា ដើម្បីបង្ហាញពីការ
ទទួលខុសត្រូវខ្ពស់របស់ស្ថាប័ននីតិបញ្ញត្តិ នៅក្នុងការធ្វើច្បាប់ប្រឆាំងអំពើពុក
រលួយ រដ្ឋសភាគួរតែពន្យារពេលប្រជុំសភាពិសេស ដើម្បីពិភាក្សាសេចក្តីព្រាង
ច្បាប់នេះ ។ ក្រុមតំណាងរាស្ត្រប្រឆាំងបានស្នើសុំឱ្យមានពេលវេលាគ្រប់គ្រាន់
ដើម្បីសិក្សាលើសេចក្តីព្រាងច្បាប់នេះដើម្បីធានាប្រសិទ្ធិភាពនៃការអនុវត្តន៍ច្បាប់
នេះ បន្ទាប់ពីបានអនុម័ត។

លោក ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច និង ហិរញ្ញវត្ថុនៃរដ្ឋសភាខាង
គណបក្សប្រជាជនកម្ពុជាបានថ្លែងថា ច្បាប់ប្រឆាំងអំពើពុករលួយនេះនឹងត្រូវតែ
អនុវត្តឱ្យមានប្រសិទ្ធិភាព បន្ទាប់ច្បាប់នេះចូលជាធរមាន ហើយអង្គការសង្គម
ស៊ីវិលមិនគួរព្រួយបារម្ភ ។

«សំណើសុំពន្យារពេលពិភាក្សាសេចក្តីព្រាងច្បាប់ប្រឆាំងនឹងអំពើពុករលួយរបស់
សម្ព័ន្ធអង្គការសង្គមស៊ីវិលនិងគណបក្សប្រឆាំងនេះគឺហួសពេលបន្តិចទៅហើយ
ពីព្រោះច្បាប់នេះត្រូវបានចាត់ទុកជាការប្រញាប់ និង លិខិតអញ្ជើញសមាជិករដ្ឋ
សភាចំនួន១២រូប ត្រូវបានចែកចាយរួចជាស្រេចទៅហើយសម្រាប់សម័យប្រជុំ
រដ្ឋសភាពិសេស នៅថ្ងៃពុធស្អែកនេះ»។

លោកជាម យៀបបានបញ្ជាក់ថា ច្បាប់ប្រឆាំងអំពើពុករលួយគឺជាកិត្តិយស កេរ្តិ៍
ឈ្មោះ និងកិត្យានុភាពរបស់យើង និងគណបក្សប្រជាជនកម្ពុជា ជាពិសេសការ
ជឿទុកចិត្តពីម្ចាស់ឆ្នោត៕