ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អតីត​នាយក​ភ្នាក់ងារ​ FBI ​នឹង​ដឹក​នាំ​ការ​ស៊ើប​អង្កេត​បញ្ហា​រុស្ស៊ី


រូបឯកសារ៖ លោក Robert Mueller អតីត​នាយក​ទី​ភ្នាក់​ងារ​ស៊ើបការណ៍​សម្ងាត់​សហព័ន្ធ​ FBI បាន​កាន់​តំណែង​មុន​លោក James Comey តាំង​ពី​មុន​អាណត្តិ​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា។

អតីត​នាយក​ទី​ភ្នាក់​ងារ​ស៊ើបការណ៍​សម្ងាត់​សហព័ន្ធ​ ដែល​ហៅ​កាត់​ថា FBI លោក Robert Mueller ត្រូវ​បាន​តែង​តាំង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ពិសេស​ដើម្បី​ស៊ើប​អង្កេត​លើ​ឥទ្ធិពល​របស់​​រុស្ស៊ី ​មក​លើ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​អាមេរិក​កាល​ពី​ឆ្នាំ ២០១៦។

ការ​សម្រេច​នេះ​ ធ្វើឡើង​ក្នុង​អំឡុង​ពេល​នៃ​សប្ដាហ៍​មួយ​ដែល​ពោរពេញ​ដោយ​រឿង​អាស្រូវ ​ហ៊ុម​ព័ទ្ធ​រដ្ឋបាល​របស់ប្រធានាធិបតី ត្រាំ។

អតីត​នាយក​ FBI លោក Robert Mueller នឹង​ដឹក​នាំ​ការ​ស៊ើប​អង្កេត ទៅ​លើ​រឿង​ដែល​អាច​ជា​ការ​ឃុបឃិត​គ្នា​រវាង​រដ្ឋាភិបាល​ទីក្រុង Moscow និង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​លោក​ប្រធានាធិបតី ​ដូណាល់ ត្រាំ។ នេះ​បើ​តាម​បទ​បញ្ជា​ចេញ​ដោយ​លោក​អនុ​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌ ​លោក Rod Rosenstein​ កាល​ពី​ថ្ងៃ​ពុធ​។

មន្ត្រី​ប្រចាំ​សេតវិមាន ដែល​មានភាព​ស្ងប់​ស្ងាត់​នៅ​ថ្ងៃ​នោះ​ បានចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ​ពី​លោក​ប្រធានាធិបតី ត្រាំ។​

សេចក្ដី​ថ្លែង​ការណ៍​នោះ​បញ្ជាក់​ថា៖ «គ្មាន​ការ​ឃុបឃិត​គ្នា​ទេ រវាង​យុទ្ធនាការ​របស់​ខ្ញុំ និង​ភាគី​បរទេស​ណាមួយ»។​

សេតវិមាន​ស្ថិត​ក្នុង​បរិយាកាស​មាន​វិបត្តិ​ ចាប់​តាំងពី​មាន​ព័ត៌មាន​មួយ​លេច​ចេញ​ក្នុង​សប្ដាហ៍​នេះ​ថា លោក ត្រាំ​ ជំរុញ​ឲ្យ​អតីត​នាយក​ទីភ្នាក់​ងារ ​FBI ​លោក James Comey បញ្ឈប់​ការ​ស៊ើប​អង្កេតលើ​អតីត​ប្រធាន​ក្រុម​ប្រឹក្សា​សន្តិសុខជាតិ​លោក ​Mike Flynn។​

ការណ៍​នេះ​បាន​បង្ក​ឲ្យ​មាន​ក្ដី​បារម្ភ​ថា ​លោក ត្រាំ​ ព្យាយាម​រាំង​ស្ទះ​ដល់​ការ​ស៊ើប​អង្កេត​របស់​ទីភ្នាក់​ងារ​ FBI ​ទៅ​លើ​ករណី​ជាប់​ពាក់​ព័ន្ធ​រវាង​ការ​ឃោសនា​បោះ​ឆ្នោត​របស់​លោក និង​ប្រទេស​រុស្ស៊ី។

សមាជិក​រដ្ឋ​សភា​អាមេរិក ភាគ​ច្រើន​ស្វាគមន៍ការ​បង្កើត​ឲ្យ​មាន​ក្រុម​ប្រឹក្សា​ពិសេស​នេះ។ ហើយគេ​មាន​សង្ឃឹម​ខ្លាំង​ថា លោក Mueller អតីត​នាយក​ទីភ្នាក់ងារ​ FBI នឹង​ស្ដារ​ឡើងវិញ​នូវ​សុចរិត​ភាពនៃ​ការ​ស៊ើប​អង្កេត។

អ្នកវិភាគ​មក​ពី​គណបក្ស​សាធារណរដ្ឋ​ លោក Evan Siegfriend បាន​និយាយតាម Skype ថា៖ «លោក Robert Mueller គ្មាន​អ្វី​ពាក់​ព័ន្ធ​ទាល់​តែ​សោះ​ជាមួយ​ក្រសួង​យុត្តិធម៌ និង​ទី​ភ្នាក់​ងារ​ FBI។ លោក​មាន​កញ្ចប់​ថវិកា​ផ្ទាល់​ខ្លួន​របស់​លោក។ លោក​អាច​ជ្រើស​រើស​បុគ្គលិក​ដោយ​ខ្លួន​លោក។ លោក​អាច​កម្ចាត់​ទីភ្នាក់ងារ FBI ចេញ​ពី​មុខ​លោក តាម​ដែល​លោក​ចង់។ លោក​ត្រូវ​បាន​ផ្ដល់​អំណាច​ឲ្យ​ធ្វើ​ការ​ស៊ើប​អង្កេត​បាន​គ្រប់​ទី​កន្លែង​ ដោយ​អនុ​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌»។​

ហេតុ​ការណ៍​រសើប​មួយ​ទៀត​ អាច​នឹង​ផ្ទុះ​ឡើង​នៅ​សប្ដាហ៍​ក្រោយ នៅ​ពេល​ដែល​អតីត​នាយក​ទីភ្នាក់ងារ ​FBI លោក Comey ត្រូវ​បាន​អញ្ជើញ​ចូលរួម​ធ្វើ​សក្ខី​កម្ម នៅ​ចំពោះ​មុខ​សភា។​

លោក Siegfriend បន្ថែម​ថា៖ «លោក​ប្រធានាធិបតី ត្រាំ​ បាន​និយាយនៅ​ក្នុង​ឱកាស ១០០ ​ថ្ងៃ​នៃ​ការ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​របស់​លោក​ថា គ្មាន​នរណា​ម្នាក់​ធ្លាប់​ឃើញ​រឿង​បែប​នេះ​ កើត​ឡើង​ពី​មុន​មក​ទេ។ ហើយ​លោក​សំដៅ​ជាវិជ្ជមាន​ទៅ​លើ​ការងារ​ដ៏​ល្អ​ប្រសើរ​ដែល​រដ្ឋ​បាល​របស់​លោក​កំពុង​បំពេញ»។​

លោក​បន្ត​ថា៖ «ប៉ុន្តែ​និយាយ​ឲ្យ​ស្មោះ​ត្រង់​ទៅ គេ​ពិត​ជា​មិន​ដែល​ឃើញ​រដ្ឋ​បាល​បែប​នេះ​មែន។ គ្មាន​រដ្ឋបាល​ណា​ដែល​ក្នុង​រយៈ​ពេល​តែ​ ១១៨ ​ថ្ងៃ​មាន​រឿង​អាស្រូវ និង​បញ្ហា​ដល់​កម្រិត​នេះ​នោះ​ទេ»៕

ប្រែ​សម្រួល​ដោយ សឿន​ វឌ្ឍនា

XS
SM
MD
LG