ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

តើ​លោក Trump បាន​ស្នើ​ឲ្យ​បញ្ឈប់​ការ​ស៊ើបអង្កេត​លើ​លោក Michael Flynn ឬ?


(ពី​ឆ្វេង​ទៅ​ស្តាំ) លោក​ប្រធានាធិបតី Donald Trump លោក James Comey អតីត​នាយក​ភ្នាក់ងារ FBI និង​លោក Andrew McCabe នាយក​ភ្នាក់ងារ FBI ស្តីទី។

នៅ​ក្រោយ​ការ​លាតត្រដាង​នាំ​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​ថា​ លោកប្រធានាធិបតី​ Trump ប្រហែល​បាន​សុំ​ដល់លោកJames Comey ដែល​ពេល​នោះ​កា​ន់តំណែង​ជា​នាយក​ការិយាល័យ FBI ឱ្យ​បញ្ឈប់​ការ​ស៊ើបអង្កេត​របស់​ FBI អំពី​លោក Michael Flynn អតីត​ទី​ប្រឹក្សា​សន្តិសុខ​ជាតិ ប្រធាន​ខាង​គណបក្ស​សាធារណរដ្ឋ​មាន​អំណាច​ម្នាក់​របស់​គណៈកម្មាធិការ​មួយ​នៃ​សភា​ស.រ.អា.​បាន​សុំ​ដល់​ FBI ឱ្យ​ប្រគល់​កំណត់​ហេតុ​របស់​លោក Comey អំពី​ឧប្បត្តិហេតុ​នេះ។

នៅ​ក្នុង​លិខិត​មួយ​ច្បាប់​ផ្ញើ​ទៅ​ឱ្យ​លោក Andrew McCabe នាយក​ស្តី​ទី​នៃ​ការិយាល័យ​ FBI លោក​ Jason Chaffetz ប្រធាន​គណៈកម្មាធិការ​ត្រួតពិនិត្យ​ការ​ចាយ​វាយ​របស់​រដ្ឋាភិបាល​នៃ​សភា​តំណាងរាស្ត្រ​អាមេរិកាំង​ដែល​ជា​អ្នក​សាធារណរដ្ឋ​មក​ពី​រដ្ឋ​ Utah បាន​ទាមទារ​ «ឱ្យ​មាន​ការ​ប្រគល់​អនុស្សារណៈ សេចក្តី​សង្ខេប​ និង​ការ​ថត​សំឡេង​ដែល​យោង​ដល់ ឬ​ទាក់ទិន​ជាមួយ​ការ​សន្ទនា​ទាំង​ឡាយ​រវាង​លោក Comey និង​លោក​ប្រធានាធិបតី «ឱ្យ​ដល់​គណៈកម្មាធិការ​នេះ​កុំ​ឱ្យ​ហួស​ពី​ថ្ងៃទី២៤ ខែ​ឧសភា»។

កាសែត New York Times បាន​រាយការណ៍​អំពី​ដំណឹង​នេះ​កាល​ពី​យប់ថ្ងៃ​អង្គារ​ដោយ​ចែង​ថា​លោក​ Comey បាន​សរសេរ​អនុស្សារណៈ​មួយ​រៀបរាប់​យ៉ាងក្បោះក្បាយ​អំពី​ការ​សន្ទនា​របស់​លោក​ជាមួយ​លោក Trump មួយ​ថ្ងៃ​ក្រោយពី​លោក​ Flynn បាន​លាលែង​ចេញ​ពី​តំណែង​ដោយ​ការ​បណ្តេញ​ចេញ​កាល​ពី​ខែ​កុម្ភៈ​មុន។​ អត្ថបទ​របស់​សារព័ត៌មាន​ New York Times បាន​និយាយ​ថា​អនុស្សារណៈ​នេះ​ជា​ផ្នែក​មួយ​នៃ​ការ​រៀបចំ​ឯកសារ​ដោយ​លោក Comey អំពី​ការ​យល់ឃើញ​របស់​លោក​ថា​ការ​ស្នើសុំ​របស់​លោក​ប្រធានាធិបតី​ជា​ការ​មិន​ត្រឹមត្រូវ​ទេ។​

ពួក​អ្នក​វិភាគ​ខាង​ច្បាប់​មួយ​ចំនួន​បាន​និយាយ​បង្ហាញ​ហេតុផល​ថា​ការ​ស្នើ​សុំ​មួយ​បែប​នេះ​អាច​ត្រូវ​ចាត់​ទុក​ថា​ជា​ការ​រារាំង​មិន​ឱ្យ​មាន​ភាព​យុត្តិធម៌​ដែល​ជា​បទ​ល្មើស​មួយ​នាំ​ឱ្យ​មាន​ការ​ចោទ​ប្រកាន់​បាន។ ​លោក Adam Schiff សមាជិក​សភា​តំណាងរាស្ត្រ​ប្រចាំ​រដ្ឋ​ California ដែល​ជា​សមាជិក​ជាន់ខ្ពស់​ម្នាក់​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុង​គណៈកម្មាធិការ​ខាង​ការ​ស៊ើបការណ៍​របស់​សភា​តំណាង​រាស្ត្រ​អាមេរិកាំង​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​កាល​ពី​ថ្ងៃ​អង្គារ​ថា «ប្រសិនបើ​នេះ​ជា​ការ​ពិត​ នេះ​ជា​ការ​ចោទ​ប្រកាន់​មួយ​ទៀត​នាំ​ឱ្យ​មាន​ការ​រំខាន​ដែល​ថា​លោក​ប្រធានាធិបតី​ប្រហែល​មាន​ទាក់ទង​ជាមួយ​ការ​ជ្រៀតជ្រែក​ខ្លះ ឬ​ជាមួយ​ការ​រារាំង​ការ​ស៊ើបអង្កេត»៕

XS
SM
MD
LG