ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក Trump ​ថ្លែង​ថា​លោក​គោរព​សេចក្តី​សម្រេច​តែង​តាំង​រដ្ឋអាជ្ញា​ពិសេស


ប្រធានាធិបតី​អាមេរិក​លោក Donald Trump ថ្លែង​នៅ​ក្នុង​សន្និសីទកាសែត​មួយ​ជាមួយ​ប្រធានាធិបតី​កូឡុំប៊ី Juan Manuel Santos នៅ​ក្នុង​សេតវិមាន​ រដ្ឋធានី​វ៉ាស៊ីនតោនកាលពី​ថ្ងៃទី​១៨ ឧសភា ២០១៧។

លោក​ប្រធានាធិបតីស.រ.អា Donald Trump ​ថ្លែង​ថា​លោក​គោរព​សេចក្តី​សម្រេច​តែង​តាំង​រដ្ឋអាជ្ញា​ពិសេស​ម្នាក់ ដើម្បី​ស៊ើប​អង្កេត​ការ​ជាប់​ពាក់​ព័ន្ធ​របស់​យុទ្ធនាការ​រក​សំឡេង​ឆ្នោត​របស់​លោក​ជាមួយ​ប្រទេស​រុស្ស៊ី ប៉ុន្តែ​បាន​បដិសេធ​ថា​ពុំ​មាន​ការ​ឃុប​ឃិត​អ្វីទេ។

លោក Trump ​បាន​និយាយក្នុង​សន្និសីទ​ព័ត៌មាន​មួយនៅ​សេតវិមាន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា រឿង​រ៉ាវ​ទាំងអស់​គ្មាន​អ្វី​ក្រៅ​ពី​ការធ្វើ​ទុក្ខ​បុកម្នេញ​មួយ​នោះ​ទេ។

លោក​បាន​ថ្លែង​ប្រាប់​អ្នក​យក​ព័តមាន​ថា «សូម្បី​តែ​សត្រូវ​របស់​ខ្ញុំ​ក៏​បាន​និយាយ​ដែរ​ថា​គ្មាន​ការ​ឃុប​ឃិត​អ្វី​ទេ» រវាង​បុគ្គលិក​ជាន់​ខ្ពស់​នៃ​យុទ្ធនាការ​រក​សំឡេង​ឆ្នោត​របស់​លោក និង​មន្ត្រី​រុស្ស៊ី ដើម្បី​ព្យាយាមធ្វើ​ឲ្យ​លោក​ Trump ​បាន​ទទួល​សំឡេង​ឆ្នោត​ច្រើន​នោះ។

លោក​ប្រធានាធិបតី​បាន​បា្រប់​អ្នក​កាសែត​ថា​លោក គេ​ចង់​ធ្វើ​អ្វីក៏​ធ្វើ​ចុះ ប៉ុន្តែ​លោក​បាន​និយាយ​ថា​រដ្ឋបាល​របស់​លោក ត្រូវ​តែ​ត្រឡប់​ទៅ​ធ្វើការ​ដើម្បីជួយ​ប្រទេស​ជាតិ​ឲ្យ​បាន​ល្អ​ប្រសើរមែន​ទែន។

នៅ​ពេលដែល​អ្នក​យក​ព័ត៌មាន​ម្នាក់​បាន​សួរ​លោកថា​តើ​លោក​បាន​បណ្តេញ​លោក​នាយក​ទីភ្នាក់ងារ FBI James Comey ​ចេញ​ពី​តំណែង ដើម្បី​បញ្ចប់​ការ​ស៊ើប​អង្កេត​រឿង​រុស្ស៊ីនោះ លោក​ប្រធានាធិបតី​បាន​ឆ្លើយ​យ៉ាង​ខ្លី​ថា «ទេ» ហើយ​បាន​ហៅ​អ្នក​កាសែត​សំណួរ​ជា​បន្ត​ទៀត៕

XS
SM
MD
LG