ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រម​​​សីលធម៌​​​អ្នក​​​សារព័ត៌មាន VOA

បុព្វកថា

តាំង​ពី​ឆ្នាំ​១៩៤២​មក សំឡេង​សហរដ្ឋអាមេរិក (VOA) បាន​សាង​កេរ្តិ៍ឈ្មោះ​ល្បី​រន្ទឺ​លើ​សាកលលោក​ ក្នុង​នាម​ជា​ប្រភព​ព័ត៌មាន​និង​ដំណឹង​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត​បាន​ជាប់​ជា​ប្រចាំ។ ភាព​ត្រឹមត្រូវ តុល្យភាព ភាព​គ្រប់​ជ្រុងជ្រោយ និង​ភាព​សត្យានុម័ត​ គឺ​ជា​លក្ខណៈសម្បត្តិ​ដែល​ប្រិយមិត្ត​ទូទាំង​ពិភពលោក ​រំពឹង​ចង់​បាន​ពី​អ្នក​ផ្សាយ​និងអ្នក​រាយការណ៍​ព័ត៌មាន​របស់​ VOA។ បទដ្ឋាន​ទាំង​នេះ ត្រូវ​បាន​ចារិត​ទុក​ជា​ច្បាប់​ក្នុង​ធម្មនុញ្ញ VOA (តាម​ច្បាប់​សាធារណៈ​លេខ 94-350 និង 103-415)។ ដោយសារ​បទដ្ឋាន​ទាំង​នេះ VOA បាន​ក្លាយ​ជា​ជំនួយ​ស្មារតី និង​សរសៃ​ឈាម​ព័ត៌មាន​ សម្រាប់​ប្រជាជាតិ​និង​ប្រជាជន​នានា​នៅ​ជុំវិញ​ពិភពលោក។

សេចក្ដី​សង្ខេប

ដោយ​ប្រកាន់​ខ្ជាប់​គោលការណ៍​នានា​ដូច​ដែល​មាន​ចែង​ក្នុង​ធម្មនុញ្ញVOA ស្រាប់ អ្នក​យក​ព័ត៌មាន​និង​អ្នក​ផ្សាយ​ព័ត៌មានVOA ត្រូវតែ​ព្យាយាម​ស្វាធ្យាយ​ ដើម្បី​រក្សា​បាន​ភាព​ត្រឹមត្រូវ​និង​ភាព​សត្យានុម័ត​ក្នុង​កិច្ចការ​ទាំង​អស់​របស់​ខ្លួន។ ពួកគេ​មិន​មែន​និយាយ​តំណាង​ឲ្យ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ទេ។ ពួកគេ ក៏​មិន​ទទួលការ​ជួយជ្រោមជ្រែង​ឬ​ជំនួយ​ណា​មួយ​ពី​មន្ត្រី​ឬ​ទីភ្នាក់ងារ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ ដែល​បង្ហាញ​ពី​ការ​ចូលចិត្ត​តិច​ឬ​ច្រើន​ជាង​ការ​ជួយជ្រោមជ្រែង​ឬ​ជំនួយ​ណាមួយ ដែល​ផ្ដល់​ជូន​ដល់​បុគ្គលិក​នៃ​ទីភ្នាក់ងារ​ព័ត៌មាន​ផ្នែក​ឯកជន​នោះ​ទេ។

លើស​ពី​នេះ​ទៀត បុគ្គលិក ​VOA ដែល​មាន​លក្ខណៈ​ប្រិតប្រៀង​ក្នុង​ការ​រក្សា​សេចក្ដី​ថ្លៃថ្នូរ​នៃ​ស្ថាប័ន​របស់​ខ្លួន​ និង​ព្យាយាម​ស្វាធ្យាយ ដើម្បី​សម្រេច​បាន​ភាព​ល្អ​ឥត​ខ្ចោះ​ ហើយ​និង​ជៀសវាង​អតុល្យភាព​ឬ​ភាព​លម្អៀង​ នៅ​ក្នុង​ការ​ផ្សាយ​ព័ត៌មាន​របស់ខ្លួន។

VOA សំឡេង​សហរដ្ឋ​អាមេរិក បំពេញ​បេសកកម្ម​របស់​ខ្លួន​បច្ចុប្បន្ន​នេះ នៅ​ក្នុង​ពិភពលោក​មួយ​ដែល​គ្មាន​ស្ថិរភាព​និង​ពោរពេញ​ដោយ​ជម្លោះ​នៅ​ក្នុង​យុគ​សម័យ​ក្រោយ​សង្គ្រាម​ត្រជាក់។ ការ​ផ្សាយ​ព័ត៌មាន​យ៉ាង​ត្រឹមត្រូវ ពេញលេញ និង​ប្រកប​ដោយ​តុល្យភាព ​ទៅ​កាន់​ប្រជាជាតិ​នៃ​ពិភពលោក និង​ជា​ពិសេស​ទៅ​កាន់​ប្រជាជន​ដែល​មិន​មាន​មធ្យោបាយ​ទទួល​ព័ត៌មាន​ត្រឹមត្រូវ ការណ៍​នេះ បម្រើ​ដល់​ផលប្រយោជន៍​ជាតិ និង​ជា​ប្រភព​នៃ​ជំនួយ​ស្មារតី​ដ៏​មាន​ឥទ្ធិពល ហើយ​និង​ផ្តល់​ក្តី​សង្ឃឹម ដល់ជន​ទាំង​ឡាយ​ណា ដែល​ជឿជាក់​ទៅ​លើ​សេរីភាព​និង​លទ្ធិប្រជាធិបតេយ្យ។

ក្រម

បុគ្គលិក​ទាំង​អស់ ដែល​ធ្វើ​សេចក្ដី​រាយការណ៍​ព័ត៌មាន ចាត់ចែង កែសម្រួល និង​រៀបចំ​កម្មវិធី​ផ្សាយ​នៅ​ VOA ទាំង​នៅ​កម្រិត​ក្រុម​ផ្សាយ​ភាសា​នីមួយៗ ទាំង​នៅ​កម្រិត​មណ្ឌល​ព័ត៌មាន​កណ្ដាល គោរព​តាម​គោលការណ៍​ខាង​ក្រោម​នេះ៖

ប្រភព​ព័ត៌មាន

ព័ត៌មាន​និង​កម្មវិធី​ផ្សាយ​របស់​ VOA ត្រូវ​តែ​មាន​ប្រភព​ច្បាស់លាស់​ និង​មាន​ការ​ផ្ទៀងផ្ទាត់​ឲ្យ​បាន​ម៉ត់ចត់។ តាម​ធម្មតា VOA តម្រូវ​ឲ្យ​មាន​ប្រភព​ឯករាជ្យ​យ៉ាង​តិច​ពីរ (ដែល​មិន​មែន​ជា​ប្រភព​ VOA​ ខ្លួន​ឯង) មុន​ពេល​អ្នក​សរសេរ​ព័ត៌មាន អ្នក​សរសេរ​អត្ថបទ​ស៊ីជម្រៅ អ្នក​សរសេរ​ព័ត៌មាន​អំពី​កិច្ចការ​នយោបាយ អ្នកឆ្លើយឆ្លង​ព័ត៌មាន​ ឬ​អ្នក​យក​ព័ត៌មាន​ដែល​ធ្វើ​ការ​ឲ្យ ​តែ​មិន​មែន​ជា​បុគ្គលិក VOA អាច​ផ្សាយ​ព័ត៌មាននេះ​ជា​ហេតុការណ៍​ពិត​បាន ទោះ​ជា​ភាសា​ណា​ក៏​ដោយ។

ការ​លើកលែង​ចំពោះ​តម្រូវ​ការ​ប្រភព​យ៉ាង​តិច​ពីរ​នេះ គឺ​ក្នុង​ករណី​ហេតុការណ៍​កើត​ឡើង​ជាក់​ស្ដែង​ដែល​ត្រូវ​បាន​បញ្ជាក់​ដោយ​អ្នក​កាសែត​ VOA ឬ​ក៏​ជា​ព័ត៌មាន​សំខាន់​ ដែល​ដកស្រង់​ចេញ​ពី​ការ​ប្រកាស​ជា​ផ្លូវ​ការ​ ចេញ​ពី​អង្គការ​ឬ​ប្រទេស​ណា​មួយ។ នៅ​ក្នុង​ករណី​ដ៏​កម្រ​ទាំង​នេះ ​នៅ​ពេល​ដែល​ប្រភព​បន្ទាប់​បន្សំ​ ផ្ដល់​ដំណឹង​ដ៏​សំខាន់​ផ្ដាច់​មុខ​ (ឧទាហរណ៍​បទសម្ភាសន៍​ផ្ដាច់មុខ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ ដែល​ទទួល​បាន​ការ​បញ្ជាក់​ច្បាស់លាស់ ជាមួយ​ប្រមុខរដ្ឋ ​ឬ​ក៏​បុគ្គល​សាធារណៈ​ដ៏​លេច​ធ្លោ​ណា​ម្នាក់​ដែល​ត្រូវ​បណ្តាញ​ព័ត៌មាន​ចុះ​ផ្សាយ​ច្រើន) រឿង​នេះ ត្រូវ​តែ​បញ្ជាក់​ឈ្មោះ​ប្រភព​នៃ​ទីភ្នាក់ងារ​ដែល​ផ្សាយ​ព័ត៌មាន​នោះ​មុន​គេ។

សុក្រឹតភាព​និង​តុល្យភាព

សុក្រឹតភាព​និង​តុល្យភាព​ មាន​សារៈសំខាន់​ជា​អនេក ហើយ​សមាសធាតុ​ទាំង​ពីរ​នេះ​រួម​គ្នា គឺ​ជា​អាទិភាព​ខ្ពស់​បំផុត​របស់​ VOA។ សុក្រឹតភាព​ តែងតែ​នាំ​មុខ​ល្បឿន​ជានិច្ច នៅ​ក្នុង​ការ​ផ្សព្វផ្សាយ​និង​ការ​រៀបចំ​កម្មវិធី​ទាំង​នៅ​ថ្នាក់​មណ្ឌល​ព័ត៌មាន​កណ្តាល ទាំង​កម្រិត​ក្រុម​ផ្សាយ​ភាសា​នីមួយៗ​របស់​ VOA។ VOA មាន​កាតព្វកិច្ច​ផ្លូវ​ច្បាប់​ក្នុង​ការ​បង្ហាញ​ការ​រៀបរាប់​ព្រឹត្តិការណ៍​ដែល​បាន​កើតឡើង ឲ្យ​គ្រប់ជ្រុងជ្រោយ ដោយ​រាយការណ៍​អំពី​បញ្ហា​ណាមួយ ដោយ​ឥត​លម្អៀង​និង​គួរ​ឲ្យ​ជឿជាក់​បាន។

ទោះ​បី​ជា​ទទួល​បាន​មូលនិធិ​ពី​រដ្ឋាភិបាល​អាមេរិក​ក៏ដោយ ក៏​ VOA ផ្សាយ​ការណ៍​ពិត​និង​ទស្សនៈ​ពាក់ព័ន្ធ​ទាំងអស់​ អំពី​ព្រឹត្តិការណ៍​ដែល​ជា​ដំណឹង​និង​បញ្ហា​សំខាន់ៗ​នានា។

VOA កែតម្រូវ​រាល់​កំហុស​ឆ្គង​និង​ការ​អាក់ខាន​នៅ​ក្នុង​ការ​ផ្សាយ​របស់​ខ្លួន យ៉ាង​ឆាប់រហ័ស​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

​VOA ប្រុង​ប្រៀប​ជា​ស្រេច​និង​ប្រកែក​ចំពោះ​ទង្វើ​នៃ​ក្រុម​ដែល​មាន​ផល​ប្រយោជន៍​ជាក់លាក់​ណា​មួយ​ មិន​ថា​បរទេស​ ឬ​ក្នុង​ស្រុក​ទេ ដែល​ចង់​ប្រើប្រាស់​ការ​ផ្សាយ​របស់​VOA ជា​វេទិកា​បំពង​សំឡេង​របស់​ខ្លួន។ ការណ៍​នេះ ត្រូវ​បាន​អនុវត្ត​នៅ​ក្នុង​គ្រប់​កម្មវិធី​និង​សមាសធាតុ​នៃ​កម្មវិធី​ទាំង​អស់​ រួម​ទាំង​ការ​សង្ខេប​ទស្សនៈ​ ឬ​ដំណឹង​តាម​សារព័ត៌មាន​នានា ព្រម​ទាំង​កម្មវិធី​ពិភាក្សា​លិខិត​ និង​មតិ​របស់​អ្នក​ស្ដាប់ ឬ​កម្មវិធី​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ស្ដាប់​ទូរស័ព្ទ​ចូល​រួម​ជាដើម។

ក្នុង​ករណី​នៃ​កម្មវិធី​ចូល​រួម​តាម​ទូរស័ព្ទ ទស្សនៈ​នៃ​ភាគី​ម្ខាង ត្រូវ​តែ​សូរ​ខ្ទាស់​ដោយ​អ្នក​សម្ភាសន៍ ប្រសិន​បើ​គ្មាន​ទស្សនៈ​ផ្សេង​ទៀត មក​តំណាង​ទេ​នោះ។

ចំណែក​នៅ​ក្នុង​បទសម្ភាសន៍​វិញ ចំណុច​នៃ​ការ​ពិភាក្សា​ អាច​ត្រូវ​បាន​ផ្ដល់​ជា​មុន​ ប្រសិន​បើ​មាន​ការ​ស្នើ​សុំ​ដោយ​អ្នក​ដែល​នឹង​ផ្ដល់​បទ​សម្ភាសន៍​ឲ្យ ដែល​មាន​កេរ្តិ៍​ឈ្មោះ​ឬ​ឋានៈ​ខ្ពង់ខ្ពស់ (ឧទាហរណ៍ ប្រមុខ​រដ្ឋ)។

ប៉ុន្តែ អ្នក​សារព័ត៌មាន ​VOA តែងតែ​រក្សា​សិទ្ធិ​និង​ការ​ទទួល​ខុសត្រូវ​ ក្នុង​ការ​សាកសួរ​ព័ត៌មាន​ទៅ​តាម​ជ្រុង​ដែល​មាន​តម្លៃ​ជា​ព័ត៌មាន រួម​ទាំង​ការ​សួរ​សំណួរ​ថ្មី​ស្រឡាង​ទាំង​ស្រុង ក្នុង​អំឡុង​ពេល​សម្ភាសន៍​នោះ។

កាល​ណា​ VOA រាយការណ៍​ពី​បទ​ចោទ​ឬ​ការ​ចោទប្រកាន់​ ដែល​ធ្វើ​ឡើង​ដោយ​បុគ្គល​ឬ​ក្រុម​ណា​មួយ​ ប្រឆាំង​នឹង​បុគ្គល​ឬ​ក្រុម​ណា​មួយ​ទៀត ឬ​ក៏​រាយការណ៍​ជ្រុង​តែ​ម្ខាង​នៃ​បញ្ហា​ចម្រូងចម្រាស​នោះ​ ការ​ឆ្លើយតប​ និង/ឬ​ ព័ត៌មាន​ម្ខាង​ទៀត​សម្រាប់​ឲ្យ​មាន​តុល្យភាព ត្រូវ​តែ​បញ្ចូល​នៅ​ក្នុង​ពេល​ប្រើ​ប្រាស់ដំបូង​គេ នូវ​ដំណឹង​ឬ​ក៏​បទ​យកការណ៍​ដែល​មាន​ការ​ឆ្លើយតប​នោះ។ ប្រសិន​បើ​ព័ត៌មាន​សម្រាប់​ឲ្យ​មាន​តុល្យភាព​នោះ មិន​អាច​ទទួល​បាន​ត្រឹម​ម៉ោង​ផ្សាយ ឬ​ជន​ដែល​រង​ការ​ចោទ​ប្រកាន់​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ ការណ៍​នេះ​ត្រូវ​តែ​បញ្ជាក់​ឲ្យ​ច្បាស់​នៅ​ក្នុង​ព័ត៌មាន​របស់​ VOA ហើយ​ ព័ត៌មានម្ខាង​ទៀត​ដែល​សម្រាប់​ឲ្យ​មាន​តុល្យភាព​នោះ នឹង​ត្រូវ​ផ្សាយ​ឲ្យ​បាន​ឆាប់​បំផុត​នៅ​ក្រោយ​ពេល​ទទួល​បាន។

ភាព​ត្រឹមត្រូវ​ឬ​យុត្តិធម៌

ដូច​តាម​សម្ដី​ណែនាំ​របស់​បិតា​ស្ថាបនិក​របស់​សហរដ្ឋ​អាមេរិក​ដែរ VOA ​‍‍«គោរព​ទស្សនៈ​ផ្សេងៗ​នៃមនុស្ស​ជាតិ»។ VOA ត្រូវ​បង្ហាញ​ព្រឹត្តិការណ៍​ឲ្យ​បាន​ពេញលេញ​និង​ដោយ​ត្រឹមត្រូវ។ អ្នក​ផ្សាយ​ព័ត៌មាន​ VOA វាយ​តម្លៃ​ព័ត៌មាន​ដោយ​ផ្អែក​លើ​សច្ចភាព​នៃ​ខ្លឹមសារ​ទាំង​ស្រុង ដោយ​បដិសេធ មិន​ផ្សាយ​ញុះញង់ បង្ក​ឲ្យ​មាន​ហិង្សា ការ​រំជួល​ចិត្ត ការ​វាយតម្លៃ​ផ្អែក​លើ​គុណ​តម្លៃ​ផ្ទាល់​ខ្លួន ឬ​ក៏​ការ​សង្កត់​ធ្ងន់​ដែល​មាន​លក្ខណៈ​បោក​បញ្ឆោត​ឲ្យ​គេ​ជឿ​ខុស​នោះ​ទេ។ ការ​និយាយ​ដោយ​យោង​ទៅ​លើ​ប្រភព គឺ​ត្រូវ​មាន​លក្ខណៈ​ជាក់លាក់​និង​ពេញលេញ។

អ្នក​សារព័ត៌មាន​ VOA (រួម​ទាំង អ្នក​ឆ្លើយឆ្លង​ព័ត៌មាន អ្នក​យក​ព័ត៌មាន​តាម​ភាសា​នីមួយៗ អ្នក​សរសេរ​រឿង​នយោបាយ និង​អ្នក​សម្របសម្រួល​កម្មវិធី​ជាដើម) ជានិច្ច​ជា​កាល​ ត្រូវ​ជៀសវាង​ការ​ប្រើ​ពាក្យ​ពេចន៍​ឬ​ក៏​ការ​ហៅ​ឈ្មោះ​ដែល​មាន​លក្ខណៈ​មើលងាយ​មើល​ថោក ដែល​មិនមែន​ជា​សម្រង់​សម្ដី​របស់​ប្រភព​ណា​មួយជាក់លាក់​ វៀរ​លែង​តែ នៅ​ពេល​ដែល​បុគ្គល​ឬ​ក្រុម​នោះ ជា​អ្នក​ប្រើ​ពាក្យពេចន៍​ឬ​ឈ្មោះ​ទាំង​នោះ ដើម្បី​ហៅ​ខ្លួនឯង ឬ​ពណ៌នា​សកម្មភាព​របស់​ពួកគេ​ផ្ទាល់។

នៅ​ក្នុង​កម្មវិធី​ព័ត៌មាន និង​បទ​យកការណ៍​ ហើយនិង​ព្រឹត្តិការណ៍​បច្ចុប្បន្ន អ្នក​ផ្សាយ​ព័ត៌មាន VOA នឹង​ជៀសវាង​ដាច់ខាត ការ​ប្រឌិត​រឿង ការ​បំភ្លៃ ឬ​ធ្វើ​ឲ្យ​រំជួល​ចិត្ត​ចំពោះព្រឹត្តិការណ៍​ណាមួយ។ ប្រសិន​បើ​ សំឡេង​នៅ​ក្នុង​ហេតុការណ៍​ណាមួយ បង្ហាញ​ពី​ការ​រៀបរាប់​របស់​អ្នក​យក​ព័ត៌មាន​អំពី​ហេតុការណ៍​នោះ ហើយ​សំឡេង​នោះ ត្រូវ​បាន​កាត់​តម្រឹម​ដោយសារ​ពេលវេលា​ខ្លី នោះ​សំឡេងដែល​ប្រើ​នោះ ត្រូវ​តែ​ឆ្លុះ​បញ្ចាំង​ពី​អ្វី​ដែល​បាន​កើតឡើង​ដោយ​ត្រឹមត្រូវ​និង​មាន​តុល្យភាព។ ប្រសិន​បើ​មាន​ហានិភ័យ​ក្នុង​ការ​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​មាន​ការ​យល់​ប្រឡំ នោះ​មិន​ត្រូវ​ប្រើ​សំឡេង​ជំនួយ​ពី​ខាងក្រៅ​ ដែល​មិន​បាន​ថត​ជាក់​ស្ដែង​ពី​ព្រឹត្តិការណ៍​ដែល​ខ្លួន​កំពុង​រៀបរាប់​នោះ​ទេ។

​បរិបទ និង​ភាព​គ្រប់ជ្រុងជ្រោយ

VOA ផ្សាយ​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​អំពី​អាមេរិក​និង​ពិភពលោក ហើយ​បង្ហាញ​បរិបទ​ទាក់ទង​នឹង​ព្រឹត្តិការណ៍​នានា​ ដែល​ខ្លួន​ផ្សាយ។ នេះ​មាន​ន័យ​ថា VOA តាម​ដាន​ព្រឹត្តិការណ៍​យ៉ាង​ប្រុងប្រយ័ត្ន​ជាប់​ជា​ប្រចាំ ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​ភាព​ចម្រុះ​ខាង​សង្គម សាសនា ជាតិពន្ធុ វប្បធម៌ ភូមិសាស្ត្រ នយោបាយ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក និង​នៅ​លើ​ពិភពលោក។

កម្មវិធី VOA តំណាង​ឲ្យ​កិច្ច​ប្រឹងប្រែង​អស់​ពី​សមត្ថភាព​របស់​ក្រុម​អ្នក​ផ្សាយ​ព័ត៌មាន​ ក្នុង​ការ​ស្វះស្វែង​រក​និង​ផ្សព្វផ្សាយ​គ្រប់ជ្រុងជ្រោយ​នូវ​ព្រឹត្តិការណ៍​និង​ការ​វិវត្តនានា​ដែល​កំពុង​កើតឡើង។

អ្នក​ផ្សាយ​ព័ត៌មាន​ VOA នឹង​ជៀសវាង​មិន​ប្រើប្រាស់​បច្ចេកទេស​សម្ភាសន៍​ឬ​ប្រកូកប្រកាស ដែល​លាប​ពណ៌​នយោបាយ ឬ​ការ​លម្អៀង​នៅ​ក្នុង​កម្មវិធី​ព័ត៌មាន​ជា​បទ​យកការណ៍​ ឬ​ជា​ព្រឹត្តិការណ៍​បច្ចុប្បន្ន​នោះ​ទេ។ ភ្លេង នឹង​មិន​ត្រូវ​បាន​ប្រើប្រាស់​ នៅ​ក្នុង​ការ​ធ្វើ​បទ​វិចារណកថា​នោះ​ឡើយ។

អ្នក​សារព័ត៌មាន ​VOA និង​អ្នករៀបចំ​កម្មវិធី​ព័ត៌មាន​និង​បទ​យកការណ៍​ទាំង​អស់ ជៀសវាង ការ​ធ្វើ​សកម្មភាព​ឬ​ការ​ថ្លែង​ណាមួយ ដែល​អាច​បង្ហាញ​ពី​ការ​ប្រកាន់​បក្ស​ពួក។

នីតិវិធី

នៅ​ពេល​បំពេញ​ភារកិច្ច​ផ្លូវការ អ្នក​ផ្សាយ​ព័ត៌មាន​ VOA ទុក​ទស្សនៈ​នយោបាយ​ផ្ទាល់​ខ្លួន​នៅ​មួយ​ឡែក។ សុក្រឹតភាព គុណភាព និង​ភាព​គួរ​ឲ្យ​ជឿជាក់​បាន​របស់​ VOA គឺ​ជា​គុណសម្បត្តិ​ដ៏​សំខាន់​បំផុត​របស់​ស្ថាប័ន​ខ្លួន ហើយ​គុណសម្បត្តិ​ទាំង​នេះ ពឹងផ្អែក​លើ​ការ​យល់​ឃើញ​របស់​អ្នក​ស្ដាប់​ VOA ថា​ជា​ប្រភពសត្យានុម័ត ក្នុង​ការ​ផ្ដល់​ព័ត៌មាន​និង​ដំណឹង​អំពី​សហរដ្ឋ​អាមេរិក តំបន់​ និង​ពិភពលោក។ ដើម្បី​សម្រេច​បាន​គោលបំណង​នេះ អ្នក​សារព័ត៌មាន​ VOA​ទាំង​អស់ នឹង៖

១. តែងតែ​ធ្វើ​ដំណើរ ដោយ​ប្រើ​លិខិត​ឆ្លង​ដែន​ធម្មតា មិន​មែន​ជា​លិខិត​ឆ្លង​ដែន​ការទូត ហើយ​ដូច​វិស័យ​ឯកជន​ដែរ គឺ​មិន​ពឹងផ្អែក​ទៅ​លើ​បេសកកម្ម​ការទូត​អាមេរិក​នៅ​ក្រៅ​ប្រទេស​ដើម្បី​សុំ​ជំនួយ​ណា​មួយ​នោះ​ទេ។ ការណ៍​នេះ ត្រូវ​បាន​បញ្ជាក់​នៅ​ក្នុង​គោលការណ៍​ណែនាំ​សម្រាប់​អ្នក​ឆ្លងឆ្លើយ​ព័ត៌មាន​ឲ្យ ​VOA ​ទាំង​អស់។

២. ជួយ​អ្នក​គ្រប់គ្រង​បុគ្គលិក​ ដែល​មាន​ភារកិច្ច​ធានា​ថា គ្មាន​បុគ្គលិក ឬ​បុគ្គលិក​ជាប់​កិច្ច​សន្យា​របស់​ VOAឬ​ក៏​អ្នក​យក​ព័ត៌មាន​ឲ្យ តែ​មិន​មែន​ជា​បុគ្គលិក​ VOA ណា​ម្នាក់ កំពុង​ធ្វើ​ការ​ឲ្យ​ស្ថាប័ន​ផ្សេង​ទៀត​របស់​រដ្ឋាភិបាល​អាមេរិក ឬ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្លូវការ​របស់​រដ្ឋ​ដទៃ ឬ​ក៏​អង្គការ​អន្តរជាតិ​ណា​មួយ ដោយ​គ្មាន​ការ​អនុញ្ញាត​ជាក់លាក់​ពី ​VOA​នោះ​ឡើយ។

៣. គោរព​ខ្ជាប់ខ្ជួន​នូវច្បាប់​ស្ដី​ពី​កម្មសិទ្ធិ​បញ្ញា​និង​បទបញ្ញត្តិ​របស់​ស្ថាប័ន ហើយ​ជានិច្ច​ជា​កាល​ បញ្ជាក់​ប្រភព​ច្បាស់លាស់​នៅ​ពេល​ស្រង់​សម្ដី​ផ្ទាល់​ ឬ​សង្ខេប​សម្ដី​ពី​ប្រភព​ឬ​ក៏​ដកស្រង់​សម្ដី​ចេញ​ពី​ស្ថាប័ន​ផ្សព្វផ្សាយ​ដទៃ ឬ​ពី​សៀវភៅ សាមាយិកប័ត្រ (ទស្សនាវដ្ដី​ដែល​គេ​បោះពុម្ព​តាម​ពេល​កំណត់) ឬ​ក៏​ប្រព័ន្ធ​ផ្សព្វផ្សាយ​បោះពុម្ព​ណា​មួយ។

៤. ក្រៅ​ពី​បទដ្ឋាន​និង​គោលការណ៍​វិជ្ជាជីវៈ​សារព័ត៌មាន​ទាំង​នេះ​ បុគ្គលិក​ VOA ទទួល​ស្គាល់​ថា ការ​ប្រតិបត្តិ​របស់​ខ្លួន ទាំង​ក្នុង​ពេល​និង​ក្រៅ​ពេល​បំពេញ​ការងារ អាច​ឆ្លុះ​បញ្ចាំង​ពី​ការងារ​នៃ​សហគមន៍​ VOA​ ទាំង​មូល។ ពួកគេ ​ប្រកាន់​ខ្ជាប់​នូវ​បទដ្ឋាន​ខ្ពស់​បំផុត​នៃ​វិជ្ជាជីវៈនិង​សុចរិតភាព​ជា​អ្នកសារព័ត៌មាន។ ពួក​គេ ធ្វើ​ការងារ​ដើម្បី​ពង្រឹង​ការងារ​ជា​ក្រុម និង​សុឆន្ទៈ ព្រម​ទាំង​ការ​បញ្ចេញ​មតិយោបល់​ប្រកប​ដោយ​ការ​គោរព​នៅ​ក្នុង​កន្លែង​ការងារ និង​ជាមួយ​សហសេវិក​របស់​ពួកគេ ​នៅ​គ្រប់​ទីកន្លែង​ក្នុង​ពិភពលោក។ ទាំងអស់​នេះ គឺ​ដើម្បី​លើក​កម្ពស់​ភាព​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​បាន​និង​ប្រសិទ្ធភាព​របស់​ VOA៕

​ព័ត៌មាន​ចុងក្រោយ​ពី​ VOA៖

ព័ត៌មាន​ផ្សេង​ទៀត
XS
SM
MD
LG