ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មន្រ្តីកម្ពុជា​ដាស់​តឿន​ឲ្យ​ធ្វើ​តាម​គោល​ជំហរ​របស់​លោកប្រធានាធិបតី​​ ត្រាំ​ ទាក់​ទង​នឹង​បណ្តាញ​ផ្សាយ​ព័ត៌មាន


រូបឯកសារ៖ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និង​អ្នក​នាំ​ពាក្យ​របស់​គណរដ្ឋមន្ត្រី ពិភាក្សា​អំពី​បញ្ហា​ជុំវិញ​បរាជ័យ​របស់​អាស៊ាន​ក្នុងការ​សម្រេច​ឲ្យ​បាន​នូវ​កិច្ច​ព្រម​ព្រៀង​លើ​ជម្លោះ​នៅ​សមុទ្រចិន​ខាង​ត្បូង ក្នុង​កម្មវិធី Hello VOA កាលពី​ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១២។

មន្រ្តី​រាជ​រដ្ឋាភិបាល​កម្ពុជា​មួយរូប​ថ្លែង​ថា ការ​វាយ​ប្រហារ​របស់​លោក​ប្រធានាធិបតី​ ស.រ.អា. ដូណាល់ ត្រាំ​ ទៅ​លើ​អ្នក​កាសែត​ គឺ​ជា​ការ​លើក​ទឹក​ចិត្ត​មួយ​សម្រាប់​ប្រទេស​របស់​លោក​ឲ្យ​ពិនិត្យ​មើលព្រំ​ដែន​នៃ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ។

លោក​ ផៃ ស៊ីផាន ​អ្នកនាំពាក្យ​ទីស្តីការ​គណរដ្ឋ​មន្ត្រី បាន​ព្រមាន​បណ្តា​ក្រុម​ហ៊ុន​ព័ត៌មាន​ ដែល​មាន​រួម​ទាំង​ស្ថានីយវិទ្យុ​២​ ដែល​បាន​ទទួល​ថវិកា​ពី​រដ្ឋាភិបាល​ ស.រ.អា.​ នោះ​ថា អាជ្ញាធរ​កម្ពុជា​ប្រហែល​ជា​អាច​ចាត់​វិធានការណ៍​ប្រឆាំង​នឹង​ស្ថានីយ​វិទ្យុ​ទាំង​២​នោះ ​ប្រសិន​បើសេចក្តី​រាយការណ៍​របស់​វិទ្យុ​ទាំង​ពីរ​នេះ ​គំរាម​កំហែង​ដល់​ស្ថិរភាព​នៃ​ប្រទេស​កម្ពុជា។

បណ្តាញ​ផ្សាយ​ព័ត៌មាន​ធំៗ​ទាំង​អស់​ក្នុង​ប្រទេស​កម្ពុជា ​គាំ​ទ្រ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ ដែល​កាន់​អំណាច​អស់​ពេល​ ៣ ​ទសវត្សរ៍​មក​ហើយ​នោះ​ ជា​ស្រេច​រួច​ទៅ​ហើយ។

លោក​ ផៃ ស៊ីផាន បាន​ធ្វើ​អត្ថាធិប្បាយ​កាល​ពី​ចុង​សប្តាហ៍​មុន​នៅ​លើ​ទំព័រ ​Facebook ​របស់​លោក​ថា លោក​ ត្រាំ ​បាន​ផ្ញើរ​សារ​មួយ​យ៉ាង​ច្បាស់​លាស់​ថា របាយការណ៍​របស់​អ្នក​កាសែត​វិជ្ជាជីវៈ​ខ្លះ មិន​បាន​ឆ្លុះ​បញ្ចាំង​នូវ​ការពិត​ជាក់​ស្តែង​ទេ។ លោក​ថ្លែង​ថា លោក​ ត្រាំ ​ចង់​និយាយ​ថា « សេរីភាព​នៃ​ការ​បញ្ចេញ​មិតិ​យោបល់ ត្រូវ​តែ​ស្ថិត​នៅ​ក្នុង​ដែន​កំណត់​នៃ​ច្បាប់ និង​ត្រូវ​តែ​គោរព​ដែន​អំណាច​រដ្ឋ ក្នុង​កិច្ច​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ប្រជាពលរដ្ឋ រាប់​ទាំង​ផល​ប្រយោជន៍​និង​សន្តិភាព​ជាតិ»។

លោក​ ផៃ ស៊ីផាន ​បាន​ព្រមាន​ស្ថានីយ​វិទ្យុ​ល្បី​ល្បាញ​៣​ គឺ​ស្ថានីយវិទ្យុ​សំឡេង​ប្រជាធិបតេយ្យ ​វិទ្យុអាស៊ីសេរី និង​ វិទ្យុ ​VOA ​ ដែល​ឧបតម្ថ​ថវិកា​ដោយ​រដ្ឋាភិបាល​ស.រ.អា. ជាមួយ​នឹង​បណ្តាញ​ផ្សាយ​ព័ត៌មាន​ដទៃ​ទៀត​ដែល​មិន​បញ្ចេញ​ឈ្មោះ​ «ត្រូវ​តែ​ពិចារណា​សារជា​ថ្មី​ចំពោះ​ការ​ប្រើប្រាស់​រលក​អាកាស ក៏​ដូច​ជា​បោះពុម្ភ​ផ្សាយ​មុន​ពេល​រាជ​រដ្ឋាភិបាល​មាន​ចំណាត់​ការ ឆ្លើយ​តប​ទៅ​នឹង​ព័ត៌មាន​បំផ្លៃ​ការ​ពិត ញុះញង់​ដែល​គំរាម​គំហែង​ដល់​ស្ថិរភាព និង សន្តិភាពរបស់​កម្ពុជា‍»។ អាណត្តិ​នៃ​ស្ថានីយវិទ្យុ​ដែល​ស.រ.អា.​គាំ​ទ្រ​ទាំង​២​នេះ គឺ​ដើម្បី​លើក​ស្ទួយ​លទ្ធិប្រជា​ធិប​តេយ្យ​ និង ការ​ចែក​ចាយ​ព័ត៌មាន​ដោយ​សេរី។

លោក​ស្រី​ ចក់ សុភាព​ នាយិកា​នៃ​មជ្ឈៈមណ្ឌលសិទ្ធិ​មនុស្ស​កម្ពុជា​ ដែល​ជា​អង្គការ​ឯក​រាជ្យ​មួយ​ទទួល​មូលនិធិ​ពី​សំណាក់​បណ្តា​ប្រទេស​ផ្តល់​ជំនួយ​នោះ បាន​កត់​សម្គាល់​ថា អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន​ដែល​គាំ​ទ្រវិស័យ​សារព័ត៌មាន​នោះ បាន​ដាក់​ប្រទេស​កម្ពុជា​ក្នុង​លំដាប់​ថ្នាក់លេខ ១២០ ក្នុង​ចំណោម​ប្រទេស​ចំនួន ​១៨០​ សម្រាប់​សេរីភាព​សារព័ត៌មាន ដោយ​បញ្ជាក់​ថា កម្ពុជា​មិន​មែន​ជា​កន្លែង​ងាយ​ស្រួល​សម្រាប់​អ្នក​យក​ព័ត៌មាន​ធ្វើ​ការ​នោះ​ទេ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG