ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក ត្រាំ ​ស្នើ​ឲ្យបង្កើន​ថវិកាចាយវាយ​របស់​មន្ទីរបញ្ចកោណ​និង​កាត់​បន្ថយ​ការ​ចំណាយ​របស់​ក្រសួង​ការបរទេស


ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump ថ្លែង​នៅ​ក្នុងពិធី​ជប់លៀង​នា​ល្ងាច​មួយ​ក្នុងកិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​សមាគម​អភិបាល​ជាតិ​ក្នុង​រដូវ​រងា​កាល​ពី​ថ្ងៃទី​២៦ កុម្ភៈ ២០១៧។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump ថ្លែង​នៅ​ក្នុងពិធី​ជប់លៀង​នា​ល្ងាច​មួយ​ក្នុងកិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​សមាគម​អភិបាល​ជាតិ​ក្នុង​រដូវ​រងា​កាល​ពី​ថ្ងៃទី​២៦ កុម្ភៈ ២០១៧។

លោកប្រធានាធិបតី​ស.រ.អា. Donald Trump ចាប់ផ្តើម​ដំណើរ​ការ​រៀបចំ​ថវិកា​សហព័ន្ធ​យ៉ាង​វែង​ដោយ​ស្នើ​បង្កើន​ចំណាយ​ខាង​យោធា​ និង​កាត់​បន្ថយ​ថវិកា​សម្រាប់ក្រសួង​ការបរទេសនិង​ទី​ភ្នាក់ងារ​ឯទៀតៗ​ដូចជា​ទីភ្នាក់ងារ​ការពារ​ប​រិស្ថាន​ជា​ដើម។

ពួក​មន្ត្រី​រដ្ឋបាល​អាមេរិកាំង​និយាយ​ថា​សេតវិមាន​បង្ហាញ​យ៉ាង​ល្អិតល្អន់​អំពី​ទស្សនវិស័យ​របស់ខ្លួន​ស្តីពី​ចំណាយ​សហព័ន្ធ​នៅ​ក្នុង​អនុស្សរណៈមួយ​ផ្ញើទៅឱ្យ​ទីភ្នាក់ងារ​ទាំង​ឡាយនៅ​ថ្ងៃចន្ទនេះ។​ ការិយាល័យ​ផ្នែក​ចាត់ចែង​កិច្ចការ​និង​ថវិកានិយាយ​ថា​ចំណុច​សំខាន់ៗ​នៃ​ថវិកា​ដែល​មានការ​លាតត្រដាង​ច្រើន​ជាងមុន​នឹង​ត្រូវរំពឹង​ថា​ផ្សព្វផ្សាយ​ឱ្យ​ដឹង​នៅ​ពាក់កណ្តាល​ខែ​មីនា។

នៅ​ពេល​ជា​បេក្ខជន​ប្រធានាធិបតី​ លោក​ Trump បានសន្យា​ច្រើន​ដង​ថា​លោកនឹង​បង្កើនចំណាយ​ខាង​យោធា​ ហើយ​នៅ​ក្នុង​សុន្ទរកថា​មួយ​ដែល​លោក​បានថ្លែង​កាល​ពី​ថ្ងៃ​សុក្រ​លោក​បានសន្យា​ថា​ជា «ការ​បង្កើនកម្លាំង​យោធា​ធំបំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រអាមេរិកាំង»។

លោក​ក៏​បាននិយាយ​ដែរ​ថា​លោកនឹង​មិន​ស្វះស្វែង​ឱ្យ​មាន​ការកាត់​បន្ថយ​ក្នុង​កម្មវិធី​នានាដូចជា​សន្តិសុខ​សង្គម​និង​ Medicare ទេ។​

អ្វី​ៗ​ដែល​លោក​ប្រធានាធិបតី​ស្នើទៅ​ទីភ្នាក់ងារនានា​នៅ​ថ្ងៃ​ចន្ទនេះ​មិន​ប្រាកដ​ជា​ថវិកា​ចុងក្រោយ​បង្អស់​ទេ​សម្រាប់​ឆ្នាំ​សារពើពន្ធ​២០១៨ដែល​ចាប់ផ្តើម​នៅ​ខែ​តុលា។​

ទី​ភ្នាក់ងារ​នីមួយៗនឹង​ឆ្លើយ​តប​ជាមួយ​ការ​ជជែក​បង្ហាញ​ហេតុផល​អំពី​អ្វី​ដែលគួរ​ជា​ថវិកា​របស់ផង​ខ្លួន ហើយ​ស្រេច​តែ​លើ​សភា​ទេ​ដែល​បោះឆ្នោត​អំពី​ចំណាយ​សហព័ន្ធ។​

លោក Trump នឹង​ជួប​នៅ​ថ្ងៃ​ចន្ទ​នេះ​នៅ​ឯសេតវិមាន​ជាមួយ​លោក Paul Ryan​ប្រធានសភា​តំណាង​រាស្ត្រអាមេរិកាំង​និង​លោក Mitch McConnell មេដឹកនាំ​ក្រុមភាគ​ច្រើន​នៅ​ក្នុង​ព្រឹទ្ធសភា​ស.រ.អា.។ ​មួយ​ថ្ងៃ​បន្ទាប់មក​ លោកនឹង​ថ្លែង​សុន្ទរកថា​ទៅ​កាន់សម័យ​ប្រជុំ​រួម​នៃ​សភា​ស.រ.អា.ដែល​ជា​សុន្ទរកថា​សំខាន់មួយ​ក្នុង​រយៈពេល​៦​សប្តាហ៍​ក្រោយ​ពេលលោកចូលកាន់តំណែង​ប្រធានាធិបតី​ស.រ.អា.៕

XS
SM
MD
LG