ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ទីក្រុង​ធំៗ​របស់​ពិភពលោក​បង្កើន​ការ​ការពារ​សន្តិសុខ​សម្រាប់​ឆ្នាំ​ថ្មី


អ្នក​ដំណើរ​ម្នាក់​កំពុង​សួរ​ប៉ូលិស​ដែល​មាន​អាវុធ​ រក​​ផ្លូវ​ទៅ​កាន់​ទីតាំង​មួយនៅ​ Times Square នៅ​ទីក្រុង​ញូវយ៉ក កាល​ពី​ថ្ងៃ២៩ធ្នូ។

អ្នក​ដំណើរ​ម្នាក់​កំពុង​សួរ​ប៉ូលិស​ដែល​មាន​អាវុធ​ រក​​ផ្លូវ​ទៅ​កាន់​ទីតាំង​មួយនៅ​ Times Square នៅ​ទីក្រុង​ញូវយ៉ក កាល​ពី​ថ្ងៃ២៩ធ្នូ។

ទីក្រុង​ធំៗ​នៅ​ជុំវិញ​ពិភពលោក​កំពុង​តែ​ផ្តោត​ទៅ​លើ​ការ​ការពារ​សន្តិសុខ​របស់​អ្នក​ដែល​ចូលរួម​ក្នុង​ការ​ប្រារព្ធ​ពិធី​ឆ្លង​ឆ្នាំ​សាកល​ចូល​ឆ្នាំ​ ២០១៧។

ការ​រឹតបន្តឹង​សន្តិសុខ​នៅ​ក្នុង​ទីក្រុង​ជា​ច្រើន​នេះ​ គឺ​ដោយ​សារ​តែ​ការ​វាយ​ប្រហារ​ដោយ​រថយន្ត​ធុនធ្ងន់​នៅ​ក្នុង​ផ្សារ​លក់​គ្រឿង​តុបតែង​បុណ្យ​ណូអែល​ នៅ​ក្នុង​ទីក្រុង​ប៊ែកឡាំង​ កាលពី​ថ្ងៃ​ទី១៩ ខែ​ធ្នូ ដែល​បាន​សម្លាប់​មនុស្ស​១២នាក់ ហើយ​និង​ដោយ​សារតែ​ការវាយ​ប្រហារ​ជា​ច្រើន​ផ្សេង​ទៀត​ក្នុង​អំឡុង​ឆ្នាំ​២០១៦​នេះ។

រដ្ឋធានី​នៃ​ប្រទេស​អាល្លឺម៉ង់​បាន​បន្ថែម​រនាំង​ស៊ីម៉ង់ត៍​ និង​រថពាស​ដែក​នៅ​កន្លែង​ប្រារព្ធពិធី​ឆ្លងឆ្នាំ​នៅ​ច្រក​ចូល​ក្រុង​ឈ្មោះថា​ Brandenburg Gate ​ដើម្បី​ការពារ​មនុស្ស​ពី​យាន​យន្ត​នានា។

បារាំង​បាន​លុបចោល​ការបាញ់​កាំជ្រួច​នៅ​ឯ​ Tour Eiffel ​ទៀត​ហើយ​នៅ​ឆ្នាំ​នេះ ​ប៉ុន្តែ​នឹង​មាន​ការ​តាំង​បង្ហាញ​នៅតា​ម​រុក្ខ​វិថី ​Champs-Elysees ​ដែល​មាន​ការពង្រឹង​សន្តិសុខ​ដោយ​ទាហាន​ប្រដាប់​អាវុធ​និង​របាំង​ចរាចរណ៍។

នៅ​កណ្តាល​ទីក្រុង​ឡុងដ៍​ នឹង​មាន​ការ​ពង្រាយ​ប៉ូលិស​ប្រដាប់​អាវុធ​នៅ​ក្នុង​រថភ្លើង​ក្រោម​ដី​ជា​លើក​ទីមួយ។ ក្រុម​មន្ត្រី​ប្រដាប់​អាវុធ​មួយ​ចំនួន​ការពារ​នៅ​តាម​ចំណត​រថភ្លើង​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ប៉ុន្តែ​នេះ​គឺ​ជា​លើក​ទី​មួយ​ហើយ​ដែល​មន្ត្រី​ប៉ូលិស​ប្រដាប់​ដោយ​កាំភ្លើង​នឹង​ជិះ​រថភ្លើង​ជាមួយ​នឹង​អ្នក​ដំណើរ​ពី​ចំណត​រថភ្លើង​ Trafalgar Square ដល់​តំបន់​ទន្លេ Thames ​ដើម្បី​ប្រារព្ធ​ពិធី​ឆ្លង​ឆ្នាំ។

នៅ​សហរដ្ឋ​អាមេរិក​ ក្រុម​មន្ត្រី​នៅ​ទីក្រុង​ញូវយ៉ក ​បាន​ដាក់​ពង្រាយ​រថយន្ត​ដឹក​ខ្សាច់​ធុនធ្ងន់​ជាច្រើន​នៅ​ក្បែរ​ទីលាន ​Time Square ​នៃ​សង្កាត់ ​Manhattan។ រថយន្ត​ធុនធ្ងន់​ទាំង​នោះ​គឺ​ដើម្បី​ការពារ​មនុស្ស​រាប់​លាន​នាក់​ដែល​ត្រូវ​បាន​រំពឹង​ធ្វើ​នឹង​ចូលរួម​រង់​ចាំ​ឆ្នាំ​ថ្មី​២០១៧។

កន្លែង​ដ៏​ពេញ​និយម​មួយ​ទៀត​គឺ​នៅ​ប្រទេស​អូស្ត្រាលី។ អូស្ត្រាលីបាន​បន្ថែមក្រុម​មន្ត្រី​ប៉ូលិស​២.០០០​នាក់​ និង​រថយន្ត​ក្រុង​បន្ថែម​ទៀត​ដើម្បី​ការពារ​នៅ​តំបន់​ Sydney Harbor ដែល​ជា​កន្លែង​ដែល​នឹង​មាន​ការបាញ់​កាំជ្រួច​ស្វាគមន៍​ឆ្នាំ​ថ្មី​ដ៏​ល្បីល្បាញ​ពី​ស្ពាន Harbor៕

XS
SM
MD
LG