ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តំបន់​អាស៊ី​អាគ្នេយ៍​បង្កើន​សន្តិសុខ​ការពារ​ការ​គំរាម​កំហែង​​ភេរវកម្ម​នៅពេល​បុណ្យ​ណូអែល​និង​​ចូល​ឆ្នាំ​សាកល


ក្រុម​ប៉ូលិស​«អង្គភាព​ចល័ត»​របស់​ប្រទេស​ឥណ្ឌូណេស៊ី ត្រៀម​ខ្លួន​ការពារ​សន្តិសុខ​សម្រាប់​ថ្ងៃ​បុណ្យ​ណូអែល និង​បុណ្យ​ចូល​ឆ្នាំ​សាកល នៅ​ទីក្រុង​ហ្សាការតា កាល​ពី​ថ្ងៃទី​២២ ខែធ្នូ។
ក្រុម​ប៉ូលិស​«អង្គភាព​ចល័ត»​របស់​ប្រទេស​ឥណ្ឌូណេស៊ី ត្រៀម​ខ្លួន​ការពារ​សន្តិសុខ​សម្រាប់​ថ្ងៃ​បុណ្យ​ណូអែល និង​បុណ្យ​ចូល​ឆ្នាំ​សាកល នៅ​ទីក្រុង​ហ្សាការតា កាល​ពី​ថ្ងៃទី​២២ ខែធ្នូ។

ប្រទេស​នានា​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​រួមមាន​ប្រទេស​ហ្វីលីពីន ឥណ្ឌូណេស៊ី​និង​ប្រទេស​ថៃ ​កំពុង​រឹត​បន្តឹង​សន្តិសុខ​បន្ទាប់​ពី​មាន​ការ​ព្រមាន​ពី​ការ​វាយ​ប្រហារ​ភេរវ​កម្ម​ដោយ​ពួក​អ្នក​គាំទ្រ​ក្រុមរដ្ឋ​ឥស្លាម​នៅ​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ណូអែល​ និងចូល​ឆ្នាំ​សាកល។

ប្រទេស​ឥណ្ឌូណេស៊ី​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ខ្លួន​កំពុង​ដាក់​ពង្រាយ​ប៉ូលិស​ជាង​១សែន​៥ ម៉ឺន​នាក់​បន្ទាប់​ពី​ប៉ូលិស​បាន​រកឃើញ​ផែនការ​របស់​ក្រុម​ដែល​ជាប់​ទាក់​ទិន​ជា​មួយ​ក្រុមរដ្ឋ​ឥស្លាម​ដើម្បី​ធ្វើ​ការ​វាយ​ប្រហារ​ដោយ​មាន​យុទ្ធនាការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ថ្ងៃ​បុណ្យ​ណូអែល។

មាន​អ្នក​កាន់​សាសនា​គ្រិស្ត​ប្រហែល​២៤​លាន​នាក់​នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ដែល​មាន​ប្រហែល​១០​ភាគរយ​នៃ​ប្រជា​ពលរដ្ឋ​ទាំង​មូល​របស់​ប្រទេស​នេះ។ ក្នុង​ពេល​នេះ​ដែរ​និង​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​នូវ​ភ្ញៀវ​ទេសចរណ៍​ដែល​មកសម្រាក​លំហែ​កាយ​នៅ​កោះ​បាលី។

លោកស្រី ​Sidney Jones ​នាយក​វិទ្យាស្ថាន​សម្រាប់​ការ​វិភាគ​គោល​នយោបាយ​ជម្លោះ​ដែល​មាន​ទីតាំង​នៅ​ក្នុង​រដ្ឋធានី​ហ្សារកាតា​និយាយ​ថា ​ការ​បង្កើន​សន្តិសុខ​នឹង​ជួយ​បន្ថយ​ការ​ព្រួយ​កង្វល់។

លោកស្រី​និយាយ​ថា៖ «ពលរដ្ឋ​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​មាន​ការ​ភ័យ​ខ្លាច​ក៏ប៉ុន្តែ មាន​ភាព​ធូរស្រាល​ដោយ​ការ​តាម​ពិត​ជារៀងរាល់​ឆ្នាំ​មាន​ការ​ព្រមាន​ប្រហាក់​ប្រ​ហែល​គ្នា​អំពី​លទ្ធភាព​នៃ​ការ​វាយ​ប្រហារ​ភេរវកម្ម​ ហើយ​ប៉ូលិស​ចេញ​ការពារ​យ៉ាង​ច្រើន ​ជា​ពិសេស​នៅ​បុណ្យ​ណូអែល​និង​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ចូលឆ្នាំ​សាកល។ វិធី​រារាំងរបស់​សមត្ថកិច្ច​មាន​ប្រសិទ្ធិ​ភាព‍»។

ការ​ព្រួយ​កង្វល់​កើត​មាន​ឡើង​បន្ទាប់​ពីការ​ព្រមាន​នៅ​សប្តាហ៍​នេះ​ដោយ​ក្រសួង​ការ​បរទេស​អូស្រ្តាលី​ថា ​ជនជាតិ​អូស្រ្តាលីនៅ​ក្នុង​ប្រទេស​ហ្វីលីពីន​ ឥណ្ឌូណេស៊ី​ និង​ប្រទេស​ថៃ​ចាំ​បាច់​ស្ថិត​ក្នុង​ការ​ប្រុង​ប្រយ័ត​ខ្ពស់​នៅពេល​ដែល​មាន​ការ​គំរាម​កំហែង​វាយ​ប្រហារ​ភេរវកម្ម ​រួមមាន​ទីក្រុង​បាងកក​ និង​កន្លែង​លំហែកាយ​កោះ​ភូកេត៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG