ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

វៀតណាម​បាន​រំឭក​សហរដ្ឋ​អាមេរិក​អំពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ


រូបភាព​ឯកសារ៖ កម្មករកម្មការនី​នៅ​រោង​ចក្រកាត់​ដេរ​ក្នុង​ខេត្ត Hung Yen ខាងក្រៅ​ទីក្រុង​ហាណូយ​កាល​ពី​ថ្ងៃទី​០៥ មករា ២០១៧។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្លូវការ​នានា​នៅ​ក្នុង​ប្រទេស​វៀតណាម បាន​រាយការណ៍​ថា នាយករដ្ឋមន្ត្រី​វៀតណាម​លោក Nguyen Xuan Phuc បាន​ប្រាប់​គណៈប្រតិភូ​ពាណិជ្ជករ​អាមេរិកាំង កាល​ពី​សប្ដាហ៍​មុន​ថា លោក​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​ដើម្បី​ធ្វើ​ទស្សនកិច្ច​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ហើយ​លោក​សង្ឃឹម​ថា​នឹង​បាន​ជួប​ជាមួយ​នឹង​លោក​ប្រធានាធិបតី Donald Trump ដើម្បី​ពិភាក្សា​អំពី​បញ្ហា​ពាណិជ្ជកម្ម និង​បញ្ហា​ផ្សេងៗ​ទៀត។

ប្រទេស​វៀតណាម​ពឹងផ្អែក​ខ្លាំង​លើ​ការ​នាំ​ចេញ​ផលិតផល​រោងចក្រ ដែល​ការ​នាំ​ចេញ​នេះ មាន​ចំនួន​ប្រហែល ១៩ ភាគរយ នៃ​សេដ្ឋកិច្ច​សរុប​តម្លៃ ២ រយ​ពាន់​លាន​ដុល្លារ​អាមេរិក​របស់​វៀតណាម។

លោកស្រី Marie Diron អនុ​ប្រធាន​ជាន់​ខ្ពស់​នៃ​ក្រុមហ៊ុន Moody's Investors Service នៅ​ក្នុង​ប្រទេស​សិង្ហបុរី បាន​និយាយ​ថា៖ «កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក ដែល​ជា​ប្រទេស​ទីផ្សារ​ដ៏​ធំ​បំផុត​មួយ នឹង​ផ្ដល់​ផល​ប្រយោជន៍​ដល់​វៀតណាម​ជាក់​ជា​មិន​ខាន‍»។

អ្នក​វិភាគ​នានា​ថា លោក Trump មិន​ត្រូវ​គេ​រំពឹង​ថា នឹង​ផ្ដល់​អាទិភាព​ដល់​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នៅ​ក្នុង​រយៈពេល​ខ្លី​នោះ​ទេ ប៉ុន្តែ​ថ្ងៃ​ណា​មួយ លោក​ប្រាកដ​ជា​ពិចារណា​លើ​កិច្ច​ព្រមព្រៀង​ទាំង​នោះ​ជាក់​ជា​មិន​ខាន។ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម ជាទូទៅ​តម្រូវ​ឲ្យ​ប្រទេស​ជា​ហត្ថលេខី​កាត់​បន្ថយ​ពន្ធ​លើ​ទំនិញ​នាំ​ចេញ​នាំ​ចូល​ទៅ​វិញ​ទៅ​មក។

នាយករដ្ឋមន្ត្រី​វៀតណាម​អាច​មាន​ឱកាស​ពិភាក្សា​អំពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក ដោយហេតុ​ថា ក្រុមហ៊ុន​អាមេរិកាំង​ដែល​លក់​ផលិតផល​ផ្សេងៗ​ដូចជា ក្រុមហ៊ុន​លក់​អាហារ​ទទួល​ទាន​ភ្លាមៗ ក្រុមហ៊ុន​លក់​ទូរស័ព្ទ​ដៃ និង​ក្រុមហ៊ុន​លក់​ធានារ៉ាប់រង​ជា​ដើម ចង់​មាន​លទ្ធភាព​បន្ថែម​ទៀត​ចូល​ទៅ​កាន់​ទីផ្សារ​អ្នក​មាន​ប្រាក់​ចំណូល​មធ្យម​ដែល​កំពុង​តែ​កើន​ឡើង​នៅ​ក្នុង​ប្រទេស​វៀតណាម។

ប្រជាជន​វៀតណាម​ច្រើន​ជាង​មួយ​ភាគ​បី ក្នុង​ចំណោម​ប្រជាជន​សរុប​ចំនួន​ប្រហែល ៩៣ លាន​នាក់ នឹង​មាន​ប្រាក់​ចំណូល​មធ្យម ឬ​លើ​មធ្យម​នៅ​ត្រឹម​ឆ្នាំ ២០២០។ នេះ​បើ​តាម​ការ​សិក្សា​របស់​ក្រុមហ៊ុន Boston Consulting Group។

សហរដ្ឋ​អាមេរិក​ជា​ទីផ្សារ​នាំ​ចេញ​កំពូល​របស់​ប្រទេស​វៀតណាម ដែល​នេះ​ធ្វើ​ឲ្យ​តម្លៃ​នៃ​ការ​នាំ​ចេញ​របស់​វៀតណាម​លើស​តម្លៃ​នៃ​ការ​នាំ​ចូល​របស់​ខ្លួន​កាល​ពី​ឆ្នាំ​មុន ដោយ​ការ​នាំ​ចេញ​មាន​តម្លៃ ៣៨,១ ពាន់​លាន​ដុល្លារ​អាមេរិក និង​ការ​នាំ​ចូល​មាន​តម្លៃ ៨,៧ ពាន់​លាន​ដុល្លារ​អាមេរិក៕

XS
SM
MD
LG