ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ចិន​បង្កើន​ថវិកា​៧ភាគរយ​សម្រាប់​វិស័យ​ការពារ​ប្រទេស


រូបភាពឯកសារ៖ មន្រ្តី​កងទ័ព​ជើង​ទឹក​ចិនឈរ​នៅ​ខាង​មុខ​នាវាកា​លពី​ថ្ងៃទី០៧​ ធ្នូ ២០១៦ ទីក្រុង San Diego។

រូបភាពឯកសារ៖ មន្រ្តី​កងទ័ព​ជើង​ទឹក​ចិនឈរ​នៅ​ខាង​មុខ​នាវាកា​លពី​ថ្ងៃទី០៧​ ធ្នូ ២០១៦ ទីក្រុង San Diego។

ចិន​បាន​ឲ្យ​ដឹង​ថា ថវិកា​សម្រាប់​វិស័យ​ការពារ​ប្រទេស​របស់​ខ្លួន​នឹង​កើន​ឡើង​ ៧ភាគរយ​ក្នុង​ឆ្នាំ​នេះ ដែល​ជា​ឆ្នាំ​ទី២ជាប់គ្នា​ហើយ ដែល​ចិន​បង្កើន​ភាគរយ​នៃ​ថវិកា​ចំណាយ​យោធា​របស់​ខ្លួន​នៅ​ខ្ទង់​រាយ។

ថវិកា​ជាក់​លាក់​សម្រាប់​វិស័យ​ការពារ​ប្រទេស​របស់​ចិន​សម្រាប់​ឆ្នាំ២០១៧ នឹង​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អាទិត្យ​នេះ នៅ​ពេល​ដែល​សភា​ចាប់​ផ្តើម​សម័យ​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​ខ្លួន។

ទោះ​ជា​យ៉ាង​នេះ​ក្តី ប្រទេស​ជិត​ខាង​របស់​ចិន​កាន់​តែ​មាន​មន្ទិល​សង្ស័យ​ទៅ​លើ​យុទ្ធសាស្ត្រ​យោធា​របស់​ចិន ក្រោយ​ពេល​ដែល​ចិន​បាន​ពង្រីក​ទ័ព​របស់​ខ្លួន​យ៉ាង​ឆាប់​រហ័ស​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ដែល​ចិន​បាន​បង្កើត​កោះ​សប្បនិម្មិត​ដែល​អាច​សាងសង់​មូលដ្ឋាន​យោធា​នៅ​ទីនោះ​បាន។

អ្នក​នាំ​ពាក្យ​សភា​ចិន​លោកស្រី Fu Ying បាន​ព្យាយាម​ច្រានចោល​មន្ទិល​សង្ស័យ​របស់​ប្រទេស​ជិត​ខាង​របស់​ខ្លួន។ លោក​ស្រី​បាន​ថ្លែង​ថា៖«មើល​កាលពី​ទសវត្សរ៍​កន្លង​ទៅ មាន​ជម្លោះ​ជា​ច្រើន មាន​តាំង​ពី​សង្គ្រាម​នៅ​ជុំវិញ​ពិភពលោក​ដែល​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​បាត់​បង់​ជីវិត បាត់​បង់​ទ្រព្យ​សម្បតិ្ត ហើយ​មាន​ជន​ភៀសខ្លួន​ដែល​បាត់​បង់​អ្វីៗ​គ្រប់​យ៉ាង​និង​គ្មាន​ផ្ទះ​សម្បែង។ តើ​សង្គ្រាម​មួយ​ណា​ដែល​បង្ក​ឡើង​ដោយ​ចិន​នោះ‍»?

ប្រទេស​ព្រុយណេ ​ប្រទេស​ហ្វីលីពីន កោះតៃវ៉ាន់ និង​ប្រទេស​វៀតណាម ក៏​បាន​ទាមទារ​ដែន​ទឹក​ទាំង​ស្រុង​និង​ផ្នែក​ខ្លះ​នៃ​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​មាន​ទំហំ ៣លាន៥សែន​គីឡូម៉ែត្រ​ការ៉េ​ ដែល​សម្បូរ​ទៅ​ដោយ​មច្ឆជាតិ ក៏​ដូច​ជា​ធនធាន​ថាមពល​ដែល​ស្ថិត​ក្រោមបាត​សមុទ្រ​ផង​ដែរ។

ព័ត៌មាន​ស្តី​ពី​ថវិកា​យោធា​របស់​ចិន​ត្រូវ​បាន​រាយការណ៍​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ Donald Trump បាន​ថ្លែង​ថា អាមេរិក​ដែល​មាន​អំណាច​យោធា​រឹង​មាំ​បំផុត​នៅ​លើ​ពិភពលោក នឹង​បង្កើន​ការ​ចំណាយ​ថវិកា​ទៅ​លើ​វិស័យ​យោធា​របស់​ខ្លួន ១០ភាគរយ បើ​ទោះ​បី​ជា​អាមេរិក​កំពុង​ចាប់​ផ្តើម​បញ្ចប់​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​និង​អ៊ីរ៉ាក់​ក៏​ដោយ​ក្តី៕

XS
SM
MD
LG