ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ជនជាតិ​វៀតណាម​រៃ​អង្គាស​ប្រាក់​ដើម្បី​ជួយ​ស្រ្តី​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​នៅ​ក្នុង​ករណី​ឃាតកម្ម​​លោក Kim Jong Nam


ស្ត្រី​ជន​សង្ស័យ​ Doan Thi Huong (កណ្ដាល) កំពុង​ស្ថិត​នៅក្នុង​នីតិវិធី​ស៊ើបសួរដោយ​តុលាការ​ក្នុង​ស្រុក Sepang ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃទី​១ ខែ​មីនា។

ស្ត្រី​ជន​ជាតិ​វៀតណាម​ដ៏​ល្បីល្បាញ​២​នាក់​កំពុង​តែ​ធ្វើ​ការ​ក្រៅ​ផ្លូវការ​ពី​រដ្ឋាភិបាល​ដើម្បី​ជួយ​ដល់​ស្ត្រី​ជនជាតិ​វៀតណាម​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​នៅ​ក្នុង​ការអំពើ​ឃាតកម្ម​ទៅ​លើ​បង​ប្រុស​របស់​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un។ ​

អ្នកស្រី​ Le Hoai Anh ​ពាណិជ្ជករ​នៅ​ទីក្រុង​ហូរជីមិញ​ដែល​ជា​ម្ចាស់​ក្រុមហ៊ុន HAL Group ចែក​ចាយ​ផលិតផល​គ្រឿង​សម្អាង​និង​ប្រព័ន្ធ ​spa​ បាន​ថ្លែង​ប្រាប់ ​VOA ​តាម​ទូរស័ព្ទ​អំពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​អ្នកស្រី​ក្នុង​ការជួយ​ដល់​នាង​ Doan Thi Huong។ អ្នក​ស្រី​ថ្លែង​ថា៖ «ខ្ញុំ​មិន​ចង់​ឃើញ​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​ពុំ​ទទួល​បាន​ការ​ការពារ​ចាំ​បាច់​ពី​ផ្លូវ​ច្បាប់​នោះ​ទេ​»។

យោង​តាម​សារ​ដែល​ត្រូវ​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម ជនជាតិ​វៀតណាម​ជាច្រើន​ជឿ​ថា រដ្ឋាភិបាល​របស់​ពួកគេ​មិន​បាន​ផ្តល់​ការគាំទ្រ​គ្រប់​គ្រាន់​ដល់​នាង ​Doan ​នោះ​ទេ។

អ្នកស្រី ​Nguyen Hoang Anh ​សាស្រ្តាចារ្យ​នៅ​សាកលវិទ្យាល័យ ​Foreign Trade​ ក្នុង​ទីក្រុង​ហូរជីមិញ ​បាន​ថ្លែង​ប្រាប់ VOA ​តាម​ទូរស័ព្ទ​ថា៖ «គ្មាន​នរណា​ម្នាក់​នៅ​ក្នុង​ជួរ​រដ្ឋាភិបាលធ្វើ​អ្វី​មួយ​ដើម្បី​ជួយ​ដល់​នាង​នោះ​ទេ។ មនុស្ស​តែ​ម្នាក់​ដែល​បាន​ជួប​នាង​គឺ​អ្នក​តំណាង​នៅ​ស្ថានទូត​វៀតណាម។ ខ្ញុំ​ប្រាកដ​ណាស់​ថា​នាង​ឯកោ​និង​កំពុង​ជួប​វិបត្តិ»។

អ្នកស្រី ​Le​ និង​អ្នកស្រី ​Nguyen ​បាន​រៃអង្គាស​ប្រាក់​បាន​ជាង​១​ម៉ឺន​ដុល្លារ​ក្នុង​រយៈ​ពេល​ដ៏​ខ្លី ដែល​ទឹកប្រាក់​នេះ​ច្រើន​ជាង​ប្រាក់​ខែ​មួយ​ឆ្នាំ​របស់​កម្មករ​វៀតណាម​ទៅ​ទៀត។ ​ពួក​គេ​ទាំង​ពីរ​នាក់​បាន​ថ្លែង​ប្រាប់​ VOA ​ថា ​ខ្លួន​បាន​ទាក់​ទង​ទៅ​កាន់​ក្រុម​គ្រួសារ​របស់​នាង Doan ​ដើម្បី​ពិភាក្សា​អំពី​ការបញ្ជូន​ពួកគេ​ទៅ​ជួប​នាង និង​ជ្រើសរើស​មេធាវី​ម្នាក់​ឲ្យ​ជួយ​នាង៕

XS
SM
MD
LG