ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ទំនប់​វារីអគ្គិសនី​សេសាន​ដំណើរការ​ខែ​វិច្ឆិកា​តែ​ពលរដ្ឋ​​មិន​ព្រម​ចាកចេញ


រូបឯកសារ៖ ប្រជាពលរដ្ឋ​រង់​ចាំ​ជិះ​ទូក​ចំលង​ឆ្លង​កាត់​ទន្លេ​សេសាន​ នៅ​ក្នុង​ភូមិ​តាណង ឃុំ​តាឡៅ​ ស្រុក​អណ្តូង​មាស​ ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី​១​ ខែ​ធ្នូ​ ឆ្នាំ​២០១៥។ (នៅ​ វណ្ណារិន/VOA)

រូបឯកសារ៖ ប្រជាពលរដ្ឋ​រង់​ចាំ​ជិះ​ទូក​ចំលង​ឆ្លង​កាត់​ទន្លេ​សេសាន​ នៅ​ក្នុង​ភូមិ​តាណង ឃុំ​តាឡៅ​ ស្រុក​អណ្តូង​មាស​ ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី​១​ ខែ​ធ្នូ​ ឆ្នាំ​២០១៥។ (នៅ​ វណ្ណារិន/VOA)

ទំនប់​សេសានក្រោម២ ​ដែល​ត្រូវ​បាន​ចំណាយ​ថវិកា​អស់​ប្រមាណ​៨០០​លាន​ដុល្លារ​អាមេរិក​និង​ដែល​ត្រូវ​បាន​សាងសង់​កាល​ពីដើម​ឆ្នាំ​២០១៤ ​អាច​ផលិត​ថាមពល​អគ្គិសនី​ចំនួន​៤០០​មេហ្គាវ៉ាត់។

មន្រ្តី​ក្រសួង​រ៉ែ​និង​ថាមពល​បាន​ឲ្យ​ដឹង​ថា​ ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​នឹង​ចាប់ផ្តើម​ដំណើរ​ការ​នៅ​ក្នុងខែ​វិច្ឆិកា​ខាងមុខ​នេះ​ ខណៈ​ប្រជា​ពលរដ្ឋ​ដែល​រងគ្រោះ​ជាង​១០០​គ្រួសារ​ក្នុង​ស្រុក​សេសាន ​មិន​ព្រម​ទទួល​សំណង​ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល​នៅ​ឡើយ។

ទំនប់​សេសានក្រោម២ ​ដែល​ត្រូវ​បាន​ចំណាយ​ថវិកា​អស់​ប្រមាណ​៨០០​លាន​ដុល្លារ​អាមេរិក​និង​ដែល​ត្រូវ​បាន​សាងសង់​កាល​ពីដើម​ឆ្នាំ​២០១៤ ​អាច​ផលិត​ថាមពល​អគ្គិសនី​ចំនួន​៤០០​មេហ្គាវ៉ាត់។

ក្នុង​វេទិកា​ពិភាក្សា​ស្តីពី​យន្តការ​ដោះស្រាយ​បញ្ហា​បង្ក​ដោយ​ទំនប់​សេសានក្រោម​២ ដែល​រៀប​ចំ​ដោយ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​លោក ប៉ាន់ ណារិទ្ធ​ ប្រធាន​ការិយាល័យ​គម្រោង​ទំនប់​វារី​អគ្គិសនី​នៃ​ក្រសួង​រ៉ែ​និង​ថាមពល​មាន​ប្រសាសន៍​ថា​ ទំនប់​វារីអគ្គិសនី​នេះ​នឹង​ចាប់​ផ្តើម​បិទ​ទឹក​នៅ​ក្នុង​ខែ​កញ្ញា​ខាង​មុខ​នេះ ​ហើយ​នឹង​ចាប់​ផ្តើម​ដំណើរ​ការ​តួប៊ីន​ចំនួន​១​ដែល​មាន​ថាមពល​៥០ម៉េហ្គាវ៉ាត់​ នៅ​ក្នុង​ខែ​វិច្ឆិកា។

លោក​បន្ត​ថា​នៅ​ដើម​ឆ្នាំ​២០១៨ ​ក្រុមហ៊ុន​នឹង​ចាប់​ផ្តើម​ដំណើរ​ការ​តួប៊ីន​ទាំង​៨ ​ដែល​អាច​ផ្តល់​ថាមពល​ទៅ​ដល់​៤០០​មេហ្គាវ៉ាត់។

បើ​តាម​លោក ប៉ាន់ ណារិទ្ធ ​រដ្ឋាភិបាល​អាច​ទទួល​ចំណូល​ពី​ការ​យក​ពន្ធ​លក់​ថាមពល​អគ្គិសនី​ក្នុង​រយៈពេល​៤០​ឆ្នាំ​នៃ​កិច្ច​សន្យា​វិនិយោគ​ប្រព័ន្ធ​សាងសង់​អាជីវកម្ម​ផ្ទេរ ​(Build Operate and Transfer-BOT)។ លោក​បន្ត​ថា ​តាម​រយៈ​ទំនប់​វារីអគ្គិសនី​នេះ ​ថាមពល​អគ្គិសនី​ប្រមាណ​២៣០​គីឡូវ៉ុល ​នឹង​អូស​តាម​បណ្តាញ​ជាតិ​មក​ភ្នំពេញ​ ដើម្បី​បែង​ចែក​ទៅ​តាម​បណ្តា​ខេត្ត​ផ្សេងៗ។

លោក ប៉ាន់ ណារិទ្ធ ប្រធាន​ការិយាល័យ​គម្រោង​ទំនប់វារី​អគ្គិសនី​នៃ​ក្រសួង​រ៉ែ​និង​ថាមពល ថ្លែង​នៅ​ក្នុង​វេទិកា​ពិភាក្សា​ស្តីពីយន្ត​ការ​ដោះស្រាយ​បញ្ហា​នៅ​ទំនប់​វារីអគ្គិសនី​សេសានក្រោម២ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧។ (ស៊ុន ណារិន/VOA)

លោក ប៉ាន់ ណារិទ្ធ ប្រធាន​ការិយាល័យ​គម្រោង​ទំនប់វារី​អគ្គិសនី​នៃ​ក្រសួង​រ៉ែ​និង​ថាមពល ថ្លែង​នៅ​ក្នុង​វេទិកា​ពិភាក្សា​ស្តីពីយន្ត​ការ​ដោះស្រាយ​បញ្ហា​នៅ​ទំនប់​វារីអគ្គិសនី​សេសានក្រោម២ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧។ (ស៊ុន ណារិន/VOA)

ទំនប់​វារីអគ្គិសនី​នេះ​ត្រូវ​បាន​ដាក់​ទុន​ដោយ​ក្រុមហ៊ុន​ចំនួន៣ ​ក្នុង​នោះ​មាន​ក្រុមហ៊ុន​ចិន ​ឈ្មោះ​China’s Lancang Hydropower International Energy​ ដែល​មាន​ចំណែក​ហ៊ុន​៥១​ភាគរយ​ ក្រុមហ៊ុន​រ៉ូយ៉ាល់គ្រុប​របស់​ឧកញ៉ា គិត ម៉េង ​ចំនួន​៣៩​ភាគរយ​ និង​ក្រុមហ៊ុន​វៀតណាម​ឈ្មោះ​ Vietnam’s EVN International​ ដែល​មាន​ចំណែក​ហ៊ុន​១០ភាគរយ។

បើ​តាម​ក្រសួង​រ៉ែ​និង​ថាមពល ​ក្នុង​ចំណោម​ប្រជា​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ចំនួន​៨៤៦គ្រួសារ ប្រជាពលរដ្ឋ​ចំនួន​៧២០​គ្រួសារ​ បាន​សម្រេច​ទទួល​សំណង​ ហើយ​នៅសល់​១២៦​គ្រួសារ​ទៀត​មិន​ទាន់​សម្រេចទទួល​យក​សំណង។ សំណង​ទាំងនោះ ​រួមមាន​ការផ្តល់​ផ្ទះ​ទំហំ​៨០ម៉ែត្រ​ការ៉េ ​ដី​លំនៅដ្ឋាន​ទំហំ​១.០០០ម៉ែត្រ​ការ៉េ ​និង​ដី​សម្រាប់​បង្ក​បង្កើន​ផល​ទំហំ​៥ហិកតា ​ដោយ​រដ្ឋាភិបាល​សន្យា​ថា​ នឹង​រៀបចំឲ្យ​មាន​ហេដ្ឋារចនា​សម្ព័ន្ធ​និង​សេវា​សុខភាព​សម្រាប់​សហគមន៍​ថ្មី។​ ប្រជាពលរដ្ឋ​ក៏​អាច​ជ្រើសរើស​សំណង​ជា​ទឹក​ប្រាក់​ចំនួន​៦ពាន់​ដុល្លារ​ ប្រសិនបើ​ពួកគេ​មិន​ចង់​បាន​ផ្ទះ​និង​ដី។

ទោះជាយ៉ាងណា ​នៅ​ក្នុង​វេទិកា​នោះ​ប្រជា​ពលរដ្ឋ​ដែល​មិន​ទាន់​ទទួល​សំណង​លើក​ហេតុ​ផល​ថា​កន្លែង​ផ្លាស់​ប្តូរ​ថ្មី​មិន​ដូច​កន្លែង​ចាស់​ដែល​ពួកគេ​កំពុងរស់​នៅ​ហើយ​ពួកគេ​អះអាង​ថា​ កន្លែង​ចាស់​នឹង​មិន​លិច​ទឹក​ ដូច​ការ​អះអាង​របស់​រដ្ឋាភិបាល​នោះទេ។​

ប្រជាពលរដ្ឋ​រងគ្រោះ​និង​មិនទាន់​សម្រេច​ទទួល​សំណង ​អ្នកស្រី ណាត់ ស៊ូតា ​អាយុ៦២​ឆ្នាំ​ រស់នៅ​ក្នុង​ភូមិ​ស្រែគរ​ ក្នុង​ស្រុកសេសាន ​មាន​ប្រសាសន៍​ថា ​អ្នក​ស្រី​មិន​ទទួល​យក​សំណង ​ដោយ​សារ​អ្នកស្រី​គិត​ថា​តំបន់​ដែល​កំពុង​រស់​នៅ​នឹង​មិន​លិច​ទឹក​នោះ​ទេ។

អ្នកស្រី​បញ្ជាក់​ថា​៖ «អត់​លិច​ទេ បើ​លិច​ កន្លែងដី​សហគមន៍​៤​គីឡូដី​ ភូមថ្មី​ ក៏​លិច​ដដែល ​ហើយ​ដី​កសិកម្ម​ដែល​ចែក​ឲ្យ ​ក៏​នៅ​តែ​៤គីឡូដី​មិន​ឆ្ងាយ​ពី​ទន្លេ​នោះទេ។ ចុះ​អ៊ំ​ចាស់​ប៉ុណ្ណឹង​ អ៊ំ​ធ្វើ​បាន​អត់ ហ្នឹង​ហើយ​បាន​អ៊ំ​មិន​ចង់​ទៅ​ទេ​ ពីព្រោះ​ដី​អ៊ំ​មាន​ហើយ​ ស្រែ​អ៊ំមាន​ហើយ ​តាំង​ពីដូន​តា​ចែក​ឲ្យ​ហើយ។ សូម​រាជ​រដ្ឋាភិបាល​ សុំ​អភ័យ​ទោស​ឲ្យ​ខ្ញុំ​ផង ​អាណិត​ខ្ញុំផង ​ក្នុង​នាម​ប្រជាពល​រដ្ឋ​កូន​ខ្មែរ​ដូចគ្នា»។

ពលរដ្ឋ​ម្នាក់​ទៀត ​លោក ហ្វុត ឃឿន ​អាយុ​៣២​ឆ្នាំ ​រស់នៅ​ក្នុង​ភូមិ​ស្រែគរ ឃុំ​ស្រែគរ ស្រុក​សេសាន មាន​ប្រសាសន៍​ថា​ ប្រជាពលរដ្ឋ​ដែល​មិនទាន់​ចាកចេញ​ចង់​ឃើញ​ជាក់​ស្តែង​ថា​តើ​ តំបន់​ពួកគេ​កំពុង​រស់​លិច​ទឹក​ឬ​យ៉ាង​ណា។

លោក​មានប្រសាសន៍​ថា៖ «ខ្ញុំ​សូម​សំណូមពរ​អ្នក​ដែល​មិន​ព្រម​ចាក​ចេញ ​ក៏​មិន​មែន​ថា​រឹង​ទទឹង ដោយ​សារ​គាត់​មិន​ទាន់​ឃើញ​លទ្ធផល​អ្វី​ចេញ​ជាផ្លែ​ផ្កា។ បើ​សិន​ទឹក​លិច​មែន ឃើញ​ទឹក​លិច​ជាក់​ស្តែង​សិន​ អាហ្នឹងគាត់​មើល​ឃើញ​នឹង​ភ្នែក»។

តំណាង​មក​ពី​ក្រសួង​រ៉ែ​និង​ថាមពល ​លោក ប៉ាន់ ណារិទ្ធ ​ឆ្លើយ​តប​ថា ​រដ្ឋាភិបាល​បាន​ព្យាយាម​ សម្រប​សម្រួល​ជាមួយ​ប្រជាពលរដ្ឋ​ដែល​មិន​ទាន់​ទទួល​សំណង។

លោក​មាន​ប្រសាសន៍​ថា៖ «គាត់​អត់ព្រម​ចេញ​ហើយ​គាត់​យក​លេស​ អ្វី​ដែល​គាត់​បាន​លើក​ឡើង​កាលពី​កន្លង​មក​ តាំងពី​បី​បួន​ឆ្នាំមុន។ ខ្ញុំ​ខាង​រដ្ឋាភិបាល​ខាងខេត្ត​ខាង​អី​ គឺ​គេ​ចាំ​តែ​ខាងគាត់​ទេ ​បើគាត់​មិន​ព្រម ​តើ​ឲ្យខាងខ្ញុំ​ធ្វើ​ម៉េច? បើ​ទៅ​ដល់​ផ្ទះ​គាត់​ សុំ​គាត់​ដើម្បី​សហការ​កត់​ត្រា​ទិន្នន័យ​ផ្ទះ​គាត់​អី​គាត់​ គាត់​អត់​ព្រម ឲ្យ​យើង​ស្រង់​ទិន្នន័យ​ផ្ទះ​គាត់​ទេ»។​

លោក​បញ្ជាក់​បន្ថែមថា​៖ «ព្រោះ​ទឹក​វា​ត្រូវ​តែ​លិច​ហើយ​ ប៉ុន្តែ​គាត់នៅ​យ៉ាងម៉េច​ ឬ​មួយ​គាត់ថា​គាត់​ស៊ូស្លាប់ ​ប៉ុន្តែ​រដ្ឋាភិបាល​មិន​ឲ្យ​គាត់​ស្លាប់​ទេ​ គឺ​ត្រូវ​យក​គាត់​ចេញ​ហើយ»។

អ្នកភូមិ​ផ្សេង​ទៀត​បាន​អះអាង​ថា ​សំណង​ដែល​រដ្ឋាភិបាល​ផ្តល់​ឲ្យ​ជា​ថ្នូរ​នឹង​ការ​ផ្លាស់ប្តូរ​ទីតាំង​ថ្មី​នោះ​មិន​ទាន់​គ្រប់​គ្រាន់​សម្រាប់​ប្រជា​សហគមន៍​ដើម្បី​ចាប់​ផ្តើម​ជីវភាព​ជា​ថ្មី​នោះ​ទេ។​

កាល​ពីឆ្នាំ​២០០៥​ លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ បាន​និយាយ​ថា​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​២​នេះ​មិន​មាន​បញ្ហា​ដល់​ប្រជាជន​នោះ​ទេ។​

ទំនប់​សេសាន​ក្រោម​២​គឺ​ជា​គម្រោង​អភិវឌ្ឍន៍​វារី​អគ្គិសនី​ដ៏​ធំ​ជាង​គេ​ដំបូង​បង្អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​ស្ថិត​នៅ​តាម​ដង​ទន្លេ​សេសាន​ ក្នុង​ខេត្ត​ស្ទឹងត្រែង។ ទំនប់​នេះ​មាន​កម្ពស់​៧៥​ម៉ែត្រនិង​មាន​បណ្តោយ​លាត​សន្ធឹង​៦​គីឡូម៉ែត្រ។​

​ប្រជាជន​មួយ​ចំនួន​ដែល​រស់​នៅ​ស្រុក​សេសាន ខេត្តស្ទឹងត្រែង ​ដែល​រង​ឥទ្ធិពល​ពី​ការ​ធ្វើ​ទំនប់​វារី​អគ្គិសនី​សេសាន​នេះ ​និយាយ​ថា​ផល​នេសាទ​ត្រី​មាន​ការ​ធ្លា​ក់​ចុះ​ជា​បន្ត​បន្ទាប់ ​ដោយ​សារ​ការ​សាងសង់​ទំនប់​វារី​អគ្គិសនី​នេះ។

​លោក ណៅ ធួក ​ ប្រធាន​នាយក​ដ្ឋាន​រដ្ឋបាល​ជលផល​បញ្ជាក់​ថា ​ការ​សិក្សាទំនប់​វារីអគ្គិសនី​នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង​បង្ហាញ​ថា​ត្រី​ជាង​២០​ភាគរយ​អាច​រង​ការ​ប៉ះ​ពាល់៕

XS
SM
MD
LG