ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ឧត្តម​ស្នងការ​អ.ស.ប.​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​​ចង់​ស៊ើប​អង្កេត​លើ​​បទ​ឧក្រិដ្ឋ​របស់​លោក​ Duterte


លោក Zeid Ra'ad Al Hussein មន្ត្រី​សិទ្ធិមនុស្ស​ជាន់​ខ្ពស់​នៃ​អង្គការ​សហប្រជាជាតិ ថ្លែង​ទៅ​កាន់​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​នៅ​អង្គការ​សហប្រជាជាតិ​កាល​ពី​កន្លង​ទៅ។

មន្ត្រី​សិទ្ធិមនុស្ស​ជាន់​ខ្ពស់​នៃ​អង្គការ​សហប្រជាជាតិ​កាល​ពី​ថ្ងៃ​អង្គារ បាន​ស្នើ​ឲ្យ​មាន​ការស៊ើប​អង្កេត​ទៅ​លើ​ប្រធានាធិបតី​ហ្វីលីពីន ​លោក Rodrigo Duterte បន្ទាប់​ពី​លោក Duterte ​បាន​អះអាង​ថា​លោក​បាន​សម្លាប់​ឧក្រិដ្ឋជន​មួយ​ចំនួន​ដោយ​ផ្ទាល់។

លោក​ Zeid Ra'ad al-Hussein ​ស្នងការ​ជាន់​ខ្ពស់​ទទួល​បន្ទុក​កិច្ច​ការ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ហ្វីលីពីន​បើក​ការស៊ើបអង្កេត​ករណី​ឃាតកម្ម​ទៅ​លើ​ការអះអាង​របស់​លោក Duterte កាល​ពី​ថ្ងៃ​សុក្រ ដែល​លោក​បាន​និយាយ​ថា លោក​បាន​បាញ់​សម្លាប់​បុរស​៣​នាក់ កាល​ពី​ពេល​ដែល​លោក​ធ្វើ​ជា​អភិបាល​ក្រុង Davao។

លោក Zeid បាន​និយាយ​ថា៖ «វា​មិន​អាច​យល់​បាន​ទេ​ចំពោះ​ប្រព័ន្ធ​តុលាការ​ណា​ដែល​មិន​បើក​ការស៊ើប​អង្កេត​និង​ធ្វើ​ការកាត់​ទោស ​នៅ​ពេល​ដែល​ជន​ណា​ម្នាក់​សារភាព​ដោយ​បើក​ចំហ​ថា ខ្លួន​គឺ​ជា​ឃាតករ​នោះ»។

លោក Duterte បាន​និយាយ​ក្នុង​ពេល​សុន្ទរកថា​ថ្មីៗ​នេះ​ថា លោក​ធ្លាប់​ជិះ​ម៉ូតូ​ធំ​មួយ​គ្រឿង​ជុំ​វិញ​ទីក្រុង​ Davao ​ដើម្បី​ស្វែង​រក​ឧក្រិដ្ឋជន​ដែល​លោក​អាច​សម្លាប់​បាន ដើម្បី​ឲ្យ​ប៉ូលិស​ធ្វើ​ដូច​លោក​ដែរ។

យោង​តាម​លោក ​Zeid ​ការសារភាព​របស់​លោក Duterte គឺ​ជា​ការ​បំពាន​ច្បាប់​អន្តរជាតិ​ដោយ​ផ្ទាល់ ហើយ​លោក Duterte ត្រូវ​តែ​ប្រឈមចំពោះ​មុខ​ច្បាប់​ដើម្បី​ផ្ញើ​ជា​សារ​ថា អំពើ​ឃាតកម្ម​និង​ការបំពាន​សិទ្ធិមនុស្ស​នឹង​មិន​ត្រូវ​អត់​ឱន​ឲ្យ​ដោយ​រដ្ឋ​នោះ​ទេ ហើយ​គ្មាន​នរណា​ម្នាក់​នៅ​ពី​លើ​ច្បាប់​នោះ​ឡើយ៕

XS
SM
MD
LG