ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ចំណង​មិត្តភាព​រកាំ​រកូស​រវាង​សហរដ្ឋ​អាមេរិក​និង​ហ្វីលីពីន​ហាក់ដូចជា​មាន​ភាព​​ប្រសើរ​ឡើង​វិញ


File: ប្រធានាធិបតី​នៃប្រទេស​ហ្វីលីពីន​ លោក​ រ៉ូឌ្រីហ្គោ ឌូតឺតេ​ ថ្លែង​សុន្ទរកថា​ក្នុង​អំឡុង​ខួប​ទី៨០​ ​នៃ​ការ​បង្កើត​ការិយាល័យ​ស៊ើបអង្កេតជាតិ​នា​ថ្ងៃ​ទី​១៤​ខែ​វិច្ឆិកា​ឆ្នាំ​២០១៦។
File: ប្រធានាធិបតី​នៃប្រទេស​ហ្វីលីពីន​ លោក​ រ៉ូឌ្រីហ្គោ ឌូតឺតេ​ ថ្លែង​សុន្ទរកថា​ក្នុង​អំឡុង​ខួប​ទី៨០​ ​នៃ​ការ​បង្កើត​ការិយាល័យ​ស៊ើបអង្កេតជាតិ​នា​ថ្ងៃ​ទី​១៤​ខែ​វិច្ឆិកា​ឆ្នាំ​២០១៦។

ឯក​អគ្គ​រដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ថ្មី​ប្រចាំ​ប្រទេស​ហ្វីលីពីន​ត្រូវ​បាន​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​នៅ​ទីក្រុង​ម៉ានីល ​ខណៈ​ដែល​ប្រធានាធិបតី​ជាប់​ឆ្នោត​ លោក​ ដូណាល់ ត្រាំ​ បាន​និយាយ​ជាមួយ​ថ្នាក់​ដឹកនាំ​នៃ​ប្រទេស​ហ្វីលីពីន​អំពី​ការ​ពង្រឹង​ចំណង​ទាក់ទង​រវាង​ប្រទេស​ទាំង​ពីរ។

ចំណង​ការ​ទូត​សហរដ្ឋ​អាមេរិក ​និងសម្ព័ន្ធមិត្ត​ដ៏​មាន​វ័យ​ចំណាស់​មួយ​គឺ​ប្រទេស​ហ្វីលីពីន​ បាន​បង្ហាញ​សញ្ញា​នៃ​ការ​វិល​ត្រឡប់​ទៅ​រក​ភាព​ប្រក្រតី​ឡើង​វិញ ក្រោយ​ពី​វិបត្តិ​កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ ពេល​ដែល​ប្រធានា​ធិបតី​ហ្វីលីពីន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ដក​ជំនួយ​យោធា ​និង​បាន​លើកឡើង​ពី​ការ​ផ្តាច់​ទំនាក់ទំនង​កាន់​តែ​ខ្លាំង​ជាមួយ​នឹង​មហា​អំណាច​លោក​ខាង​លិច​មួយ​នេះ។

លោក​ប្រធានាធិបតី​ជាប់​ឆ្នោត ​ដូណាល់ ត្រាំ​ បាន​សាទរ​ដល់​ប្រធានាធិបតី​ហ្វីលីពីន​ ​លោក​ រ៉ូឌ្រីហ្គោ ឌូតឺតេ​ (Rodrigo Duterte)​ នៅ​ក្នុង​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​មួយ​នា​ខែ​ធ្នូ​នេះ​អំពី​ការ​បង្ក្រាប​ស៊ីសាច់​ហុត​ឈាម​ដើម្បី​បំបាត់​ការ​ជួញដូរ​គ្រឿងញៀន។​ នេះ​បើ​យោង​តាម​ភាគី​ហ្វីលីពីន។ ​រដ្ឋាភិបាល​របស់​លោក​ប្រធាធិបតី​ បារ៉ាក់ អូបាម៉ា ​ធា្លប់​បាន​ធ្វើ​ឲ្យ​លោក​ Duterte ដែល​បាន​ឡើង​កាន់​អំណាច​នា​ខែ​មិថុនា​ ខឹង​សម្បារ តាមរយៈ​ការ​រិះគន់​ពី​កិច្ច​ខិតខំ​ក្នុង​ការ​បំបាត់​ការ​ជួញដូរ​ថ្នាំញៀន​ ​ដោយ​សារ​តែ​ការ​បញ្ជា​ឲ្យ​សម្លាប់​ក្រៅ​ប្រព័ន្ធ​ច្បាប់​ដ៏​គួរ​ឲ្យ​សង្ស័យ។

លោក​ត្រាំ​ក៏​បាន​អញ្ជើញ​លោក​ Duterte ​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​សេតវិមាន ​ដែល​នេះ​គឺ​ជា​អញ្ចើញ​មួយ​តាម​ទម្លាប់​ធម្មតា​របស់​សហរដ្ឋ​អាមេរិក​ជាមួយ​សម្ព័ន្ធមិត្ត​អាស៊ី​របស់​ខ្លួន​ រួម​ទាំង​ប្រទេស​ជប៉ុន​ផង​ដែរ។

លោក​ Fabrizio Bozzato ​អ្នក​ស្រាវជ្រាវ​ផ្នែក​ទំនាក់​ទំនង​អន្តរជាតិ​នៃ​សកល​វិទ្យាល័យ​ Tamkang នៅ​កោះ​តៃវ៉ាន់​ បាន​មាន​ប្រសាសន៍​ថា៖ «អ្វី​ដែល​លោក​ត្រាំ កំពុង​តែ​ធ្វើ​នេះ​ គឺ​កំពុង​ព្យាយាម​នាំ​យក​មក​វិញ​នូវ​មូលដ្ឋាន​គ្រឹះ​ដែល​សហរដ្ឋ​អាមេរិក​បាន​បាត់បង់​នា​ដំណាក់កាល​ចុងក្រោយ​បង្អស់​ក្នុង​អាណតិ្ត​ប្រធានាធិបតី​អូបាម៉ា​ ដោយ​ពង្រឹង​ភាព​ជា​ដៃគូ​នឹង​សម្ព័ន្ធ​មិត្ត​ដែល​អាមេរិកមាន​នៅ​ក្នុង​តំបន់»។​

ឯកអគ្គ​រដ្ឋទូត​សហ​រដ្ឋ​អាមេរិក​ថ្មី​ប្រចាំ​ប្រទេស​ហ្វីលីពីន​ ​លោក​ ស៊ុង គីម​ ​(Sung Kim)​ ​ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ភ្លាមៗ​ក្រោយ​ពី​លោក​អញ្ជើញ​មក​ដល់​អាកាស​យាន្ត​ដ្ឋាន​អន្តរជាតិ​ ​Ninoy Aquino​ ​នៅ​ទីក្រុង​Pasay​ ​ភាគខាង​ត្បូង​ជាញ​ក្រុង​ម៉ានីល​ ប្រ​ទេស​ហ្វីលីពី​ ​កាល​ពី​ថ្ងៃ​ទី​១ខែ​ធ្នូ​ឆ្នាំ​២០១៦។
ឯកអគ្គ​រដ្ឋទូត​សហ​រដ្ឋ​អាមេរិក​ថ្មី​ប្រចាំ​ប្រទេស​ហ្វីលីពីន​ ​លោក​ ស៊ុង គីម​ ​(Sung Kim)​ ​ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ភ្លាមៗ​ក្រោយ​ពី​លោក​អញ្ជើញ​មក​ដល់​អាកាស​យាន្ត​ដ្ឋាន​អន្តរជាតិ​ ​Ninoy Aquino​ ​នៅ​ទីក្រុង​Pasay​ ​ភាគខាង​ត្បូង​ជាញ​ក្រុង​ម៉ានីល​ ប្រ​ទេស​ហ្វីលីពី​ ​កាល​ពី​ថ្ងៃ​ទី​១ខែ​ធ្នូ​ឆ្នាំ​២០១៦។

សារព័ត៌មាន​ពី​ទីក្រុង​ម៉ានីល​បាន​ឲ្យ​ដឹង​ថា​ ខុទ្ទកាល័យ​ប្រធានាធិបតី​ហ្វីលីពីន​បាន​បញ្ជាក់​ពី​ «ផ្លែផ្កា» ​នៅក្នុង​កិច្ច​ជំនួប​រយៈពេល​មួយ​ម៉ោង​រវាង​លោក​ ឌូតឺតេ (Duterte)​ និង​ឯកអគ្គ​រដ្ឋ​ទូត​ថ្មី​របស់​សហរដ្ឋ​អាមេរិក​គឺ​ លោក​ Sung Kim​ កាល​ពី​សប្តាហ៍​ទីពីរ​ក្នុង​ខែធ្នូ​នេះ។

ក្នុង​ខ្សែ​វីដេអូ​មួយ​ដែល​បង្ហោះ​ក្នុង​ទំព័រ​ហ្វេសប៊ុក​ដោយ​ស្ថានទូត​អាមេរិក​ក្នុង​ទីក្រុង​ម៉ានីល​ លោក​ Kim​ បាន​ហៅ​ជំនួប​នោះ​ថា​ «អស្ចារ្យ»​ ហើយ​បាន​ថ្លែង​ថា​ វា​បាន​គ្រប​ដណ្តប់​លើ​បញ្ហា​ជា​ច្រើន។

លោក​បាន​ថ្លែង​ថា៖​ «ក្តី​សង្ឃឹម​របស់​ខ្ញុំ​ ​គម្រោង​របស់​ខ្ញុំ​ និង​ការ​ប្តេជ្ញា​របស់​ខ្ញុំ​ គឺ​ធ្វើ​យ៉ាង​ណា​ដើម្បី​ពង្រឹង​ និង​ពង្រីក​ទំនាក់​ទំនង​ទាំងអស់​របស់​យើង។ ​ខ្ញុំគិត​ថា​ អ្នក​អាច​រំពឹង​ឃើញ​ចំណង​ទាក់ទង​មួយ​ដែល​នឹង​បន្ត​រីកចម្រើន​ថែម​ទៀត»។

កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ​ លោក​ Duterte ​បាន​ប្រមាថ​លោក​អូបាម៉ា ​ហើយ​បាន​ស្នើ​កាត់​បន្ថយ​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ប្រទេស​ទំាង​ពីរ​ ហើយ​ទាមទា​រឲ្យ​កង​ទ័ព​អាមេរិក​ចេញ​ពី​ប្រទេស​ខ្លួន។

រដ្ឋាភិបាល​ទីក្រុង​ម៉ានីល​បាន​ក្លាយ​ជា​សម្ព័ន្ធមិត្ត​ដ៏​ធំ​របស់​រដ្ឋបាល​រដ្ឋធានី​វ៉ាស៊ីនតោន​ ចាប់តាំង​ពី​ប្រទេស​ទាំង​ពីរ​បាន​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​ការពារ​ជាតិ​ទៅ​វិញ​ទៅ​មក​មួយ​នា​ឆ្នាំ​១៩៥១។

File: ភ្នាក់ងារ​បម្រើ​អតិថិជន​តាម​ប្រព័ន្ធ​ទូរសព្ទ​ ធ្វើការ​ទាំង​យប់​ជា​រៀង​រាល់​ថ្ងៃ​ ​ដើម្បី​ផ្តល់​សេវា​ដល់​អតិថិជន​នៅ​ក្នុង​សហ​រដ្ឋ​អាមេរិក​ ​ពី​តំបន់​ហិរញ្ញវត្ថុ​ Makati​ ​នៅ​ក្នុង​ទីក្រុង​ម៉ានីល​នាថ្ងៃទី​០៦ខែកុម្ភៈឆ្នាំ​២០១២។
File: ភ្នាក់ងារ​បម្រើ​អតិថិជន​តាម​ប្រព័ន្ធ​ទូរសព្ទ​ ធ្វើការ​ទាំង​យប់​ជា​រៀង​រាល់​ថ្ងៃ​ ​ដើម្បី​ផ្តល់​សេវា​ដល់​អតិថិជន​នៅ​ក្នុង​សហ​រដ្ឋ​អាមេរិក​ ​ពី​តំបន់​ហិរញ្ញវត្ថុ​ Makati​ ​នៅ​ក្នុង​ទីក្រុង​ម៉ានីល​នាថ្ងៃទី​០៦ខែកុម្ភៈឆ្នាំ​២០១២។

ចាប់​តាំង​ពី​ឆ្នាំ​២០០២​មក​ មាន​ជំនាញការ​ជនជាតិ​អាមេរិកកាំង​ពី​៥០​ទៅ​១០០នាក់​បាន​ធ្វើ​ការ​នៅ​ភាគ​និរតី​នៃ​ប្រទេស​ហ្វីលីពីន ​ដើម្បី​ជួយ​ទប់ស្កាត់​ពួក​ឧទ្ទាម​មូស្លីម។ ​បន្ទាប់​ពី​ភាគី​ទាំង​ពីរ​បាន​ចុះ​កិច្ចព្រមព្រៀង​ក្នុង​ឆ្នាំ​២០១៤​មក​ កង​នាវា​ជើង​ទឹក​អាមេរិកកាំង​បាន​ចូល​មក​ល្បាត​ក្នុង​ប្រទេស​កោះ​នោះ​ ដើម្បី​ជួយ​ការពារ​ពី​ការ​ជ្រៀតជ្រែក​របស់​នាវា​ចិន​ក្នុង​ដែន​សមុទ្រ​ដែល​មាន​ជម្លោះ។

សហរដ្ឋ​អាមេរិក ​ដែល​ធ្លាប់​ដាក់អាណានិគម​លើ​ប្រទេស​ហ្វីលីពីន​ជិត​៥០ឆ្នាំ​ បាន​ផ្តល់​ទិដ្ឋាការ​ការងារ​ជាច្រើន​ដល់​ជនជាតិ​ហ្វីលីពីន។ ​ក្នុង​ឆ្នាំ​២០១៣ ​ប្រទេស​មហា​អំណាច​មួយ​នេះ​បាន​ក្លាយ​ជា​ប្រទេស​ធំ​លំដាប់​ទីពីរ​ក្នុងការ​ផ្តល់​ការ​វិយោគទុន​ផ្ទាល់​ពី​បរទេស​នៅ​ប្រទេស​ហ្វីលីពីន​ ​បន្ទាប់​ពី​ប្រទេស​ជប៉ុន។​

អ្នក​វិភាគ​រំពឹង​ថា​ ​ការ​ងើប​ឡើង​ក្នុង​ចំណង​មិត្តភាព​នេះ​នឹង​នៅ​តែ​បន្ត​ទៅ​មុខ។​ លោក​ Christian de Guzman​ មន្ត្រី​ឥណទាន​ជាន់​ខ្ពស់​ និង​ជា​អនុ​ប្រធាន​នៃ​ក្រុមហ៊ុន​ឥណទាន​ Moody's​ ក្នុង​ប្រទេស​សិង្ហបុរី​ ថ្លែង​ថា​ មក​ដល់​ពេល​នេះ​លោក​Duterte ​មិន​ទាន់​លុបចោល​កិច្ច​ព្រមព្រៀង​ណា​មួយ​ជាមួយ​សហរដ្ឋ​អាមេរិក​នៅ​ឡើយ​នោះ​ទេ​ បើ​ទោះ​ណា​ជា​ភាគី​ទំាង​ពីរ​ធ្លាប់​ប្រឈម​នឹង​ភាព​ប្រេះឆា​នា​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៩០​ ក្នុង​ការ​បិទ​មូលដ្ឋាន​កងទ័ព​ចំនួន​ពីរ​របស់​អាមេរិក​ក៏​ដោយ។

លោក​ de Guzman ​មាន​ប្រសាសន៍​ថា៖​ «ពួក​គេ​ធ្លាប់​ឆ្លង​កាត់​ភាព​រកាំរកូស​នឹង​គ្នា​កាលពី​មុន ​ហើយ​វា​គ្មាន​ផ្លូវ​ដែល​យើង​គិត​ថា​ ភាព​រកាំរកូស​រវាង​ឌូតឺតេ​ (Duterte)​ និង​រដ្ឋបាល​លោក​អូបាម៉ា​ នា​ខែ​ចុង​ក្រោយ​នេះ​ គឺ​ជា​បញ្ហា​ដ៏​ពិបាក​បំផុត​នោះ​ទេ»។

អ្នក​វិភាគ​បាន​និយាយ​ថា នៅ​ខែ​កញ្ញា​លោក​ Duterte ​ដែល​ប្រើ​សម្តី​ធ្ងន់​ដ៏​គគ្រាត​នោះ​ កំពុង​តែ​ជ្រើស​យក​ការ​ពឹង​ផ្អែក​កាន់​តែ​តិច​ជាង​មុន​ទៅ​លើ​ជំនួយ​អាមេរិក​ ជា​ជាង​ការ​កាត់​ផ្តាច់​ជំនួយ​ទាំង​ស្រុង​ ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​គោលនបាយ​ការ​បរទេស​ពហុជាតិ។​ លោក​ Duterte បាន​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន និង​ជប៉ុន ហើយ​បាន​ទាក់ទង​ទៅ​កាន់​នាយក​រដ្ឋ​មន្រ្តី​រុស្ស៊ី​ ចាប់​តាំង​ពី​ពេល​ដែល​លោក​បាន​ឡើង​កាន់​តំណែង​មក។

លោក​ Bozzato ​បាន​និយាយ​ថា៖​ «គោលបំណង​របស់​លោក​ Duterte​ គឺ​មិនមែន​ងាក​ទៅ​រក​ចិន​ទាំង​ស្រុង​ ហើយ​ចាកចោល​ទំនាក់ទំនង​ដែល​ហ្វីលីពីន​ធា្លប់​មាន​ជាមួយ​សហរដ្ឋ​អាមេរិក​ជា​ច្រើន​សតវត្សរ៍​នោះ​ទេ។​ តែ​លោក ​Duterte ​កំពុង​ព្យាយាម​ធ្វើ​ឲ្យ​មាន​តុល្យភាព​រវាង​ចិន ​និង​សហរដ្ឋ​អាមេរិក ​ដើម្បី​ទទួល​បាន​ជំនួយ​ ឬ​ការ​គាំទ្រ​ផ្នែក​នយោបាយ​ដល់​រូប​គាត់​ឲ្យ​កាន់​តែ​ច្រើន ​ពី​ប្រទេស​ធំៗ​ទំាង​ពីរ​នៅ​ក្នុង​តំបន់»។

លោក​ Jonathan Ravelas​ ប្រធាន​យុទ្ធសាស្រ្ត​ទីផ្សារ​នៃ​ធនាគារ​ Banco de Oro UniBank​ ក្នុង​ទីក្រុង​ម៉ានីល​ បាន​និយាយ​ថា​ ចំណង​ការ​ទូត​ដ៏​រឹងមាំ​រវាង​ហ្វីលីពីន​ និង​សហរដ្ឋ​អាមេរិក​នឹង​អាច​ជួយ​ទាក់ទាញ​អ្នក​វិយោគទុន​ផ្នែក​រោងចក្រ​ពី​ក្រុមហ៊ុន​អាមេរិក។​ ក្នុង​ឆ្នាំ​២០១៣​ សហរដ្ឋ​អាមេរិក​បាន​វិនិយោគ​ទុន​ មួយ​ពាន់​បី​លាន​ដុល្លារ​អាមេរិក​ទៅ​ក្នុង​ប្រទេស​ហ្វីលីពីន។

លោក​ Ravelas​ បាន​ថ្លែង​ថា៖​ «ទំនាក់​ទំនង​កក់​ក្តៅ​រវាង​អាមេរិក​និង​ហ្វីលីពីន​នេះ​អាច​នឹង​បង្កើត​ពន្លឺ​ថ្មី​ឡើង​វិញ​ ដូច​ក្នុង​ជំនាន់​លោក​ប្រធានាធិបតី​ Ramos ​ពេល​ដែល​លោក​សិ្ថត​ក្នុង​អំណាច​អញ្ចឹង។​ ទំនាក់​ទំនង​របស់​លោក ​និង​សហរដ្ឋ​អាមេរិក​គឺ​រឹងមាំ ​ហើយ​នា​ពេល​នោះ​ អ្នក​ក៏​បាន​ឃើញ​ក្រុមហ៊ុន​នានា​ដូច​ជា​ ក្រុមហ៊ុន Fedex​ មក​បោះ​ទីតាំង​ក្នុង​ប្រទេស​ហ្វីលីពីន​ដែរ»។​

យ៉ាង​ណា​ក៏​ដោយ​ អ្នក​ជំនាញ​ក៏​បាន​ព្រមាន​ផង​ដែរ​ថា ​ហ្វីលីពីន​គួរ​តែ​ត្រៀម​លក្ខណៈ​សម្រាប់​ពាណិជ្ជកម្ម និង​គោលនយោបាយ​វិនិយោគ​បែប​គាំពារ​និយម​ជាង​មុន​នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក​ ត្រាំ។

គោលនយោបាយ​ទំាង​នោះ​ទំនង​ជា​នឹង​អាច​ធ្វើ​ប្រជាជន​ក្នុង​ប្រទេស​ក្រីក្រ​មួយ​នេះ​កាន់​តែ​ពិបាក​ខ្លាំង​ ក្នុង​ការ​ស្នើ​សុំ​ទិដ្ឋាការ​ការងារ​ទៅ​សហរដ្ឋ​អាមេរិក​ និង​បន្ទុច​បង្អាក់​ក្រុមហ៊ុន​អាមេរិកាំង​មួយ​ចំនួន​ពី​ការ​ប្រើ​ប្រាស់​មូលដ្ឋាន​នៅ​ឯ​នាយ​សមុទ្រ​ដូចជា ​កន្លែង​ផ្តល់​ព័ត៌មាន​លើ​ប្រព័ន្ធ​ទូរស័ព្ទ​ប្រើប្រាស់​ជាដើម។​ ហើយ​ទំាង​នេះ​ជា​កត្តា​នឹង​អាច​ជួយ​ជំរុញ​ដល់​សេដ្ឋកិច្ច​ហ្វីលីពីន​ដែល​កំពុង​រីក​ដុះដាល​យ៉ាង​ឆាប់​រហ័ស។

ពលរដ្ឋ​ហ្វីលីពីន​ប្រមាណ​១,៨​លាន​នាក់​កំពុង​ធ្វើ​ការ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​បាន​បញ្ជូន​ថវិកា​មក​វិញ​យ៉ាង​ច្រើន​ប្រមាណ​ជាង​២០ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ​ពី​ប្រទេស​ដទៃ​ទៀត​ផង​ដែរ។​

វិស័យ​ផ្តល់​ព័ត៌មាន​លើ​ប្រព័ន្ធ​ទូរស័ព្ទ​ប្រើប្រាស់​ក្នុង​ប្រទេស​ហ្វីលីពីន​នេះ​បាន​ចាប់ផ្តើម​តាំង​ពី​ឆ្នាំ២០០៤​មក​ ជា​មួយ​នឹង​អ្នក​វិនិយោគ​អាមេរិកកាំង​ ហើយ​បាន​ពង្រីក​វិសាលភាព​ការងារ​ដល់​ប្រជាជន​ប្រមាណ​១លាន​នាក់​ ជាមួយ​នឹង​ចំណូល​រំពឹង​ទុក​ចំនួន​២៥ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៦។​

លោក​ de Guzman ​ថ្លែង​ថា៖​ «ខ្ញុំ​គិត​ថា ​ប្រភព​នៃ​ក្តីបារម្ភ​សម្រាប់​ទីផ្សារ​ហិរញ្ញវត្ថុ​នា​ពេល​នេះ​គឺ​គោល​នយោបាយ​សេដ្ឋកិច្ច​របស់​លោក​ត្រាំ។​ លោក​បាន​និយាយ​ថា ​លោក​អាច​មាន​កត្តា​ជំរុញ​មួយ​ចំនួន ឬ​ក៏​គោលនយោបាយ​មិន​ជំរុញ​ខ្លះ​សម្រាប់​ក្រុមហ៊ុន​អាមេរិក​ណា ​ដែល​កំពុង​រិះរក​ការងារ​នៅ​ឯ​នាយ​សមុទ្រ ​ឬ​ក៏​ដាក់​ទុន​នៅ​ក្រៅ​ប្រទេស»៕​

ប្រែ​សម្រួល​ដោយ​លោក នៅ វណ្ណារិន​

XS
SM
MD
LG