\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អាមេរិក​និយាយ​ថា​ ខ្លួន​នឹង​សហការ​ជាមួយ​នឹង​លោក ​Duterte ​បន្ទាប់​ពី​មាន​ការផ្ទុះ​កង្វល់​ចុង​ក្រោយ


ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ថ្លែង​សុន្ទរកថា​មុន​ពេល​ចាប់​ផ្តើមពិសារ​អាហារ​ជា​មួយ​ប្រធានាធិបតី​សិង្ហបុរី កាល​ពី​ថ្ងៃទី​១៥ ខែ​វិច្ឆិកា។

ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ថ្លែង​សុន្ទរកថា​មុន​ពេល​ចាប់​ផ្តើមពិសារ​អាហារ​ជា​មួយ​ប្រធានាធិបតី​សិង្ហបុរី កាល​ពី​ថ្ងៃទី​១៥ ខែ​វិច្ឆិកា។

សហរដ្ឋ​អាមេរិក​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ខ្លួន​នឹង​សហការ​ជាមួយ​នឹង​ប្រធានាធិបតី​ហ្វីលីពីន​ដើម្បី​ដោះស្រាយ​កង្វល់​នានា បន្ទាប់​ពី​លោក​បាន​គំរាម​លុប​ចោល​កិច្ចព្រមព្រៀង​ដែល​អនុញ្ញាត​ឲ្យ​កងកម្លាំង​អាមេរិក​ចូល​ទៅ​កាន់​ប្រទេស​ហ្វីលីពីន។

លោក​ប្រធានាធិបតី ​Rodrigo Duterte ​បាន​ផ្ទុះ​កំហឹង​ បន្ទាប់​ពី​ទីភ្នាក់ងារ​ផ្តល់​ជំនួយ​របស់​រដ្ឋាភិបាល​អាមេរិក​បាន​ពន្យារ​ពេល​បោះឆ្នោត​ទៅ​លើ​ការបន្ត​ផ្តល់​កញ្ចប់​ជំនួយ​ខាង​អភិវឌ្ឍន៍​ដ៏​ធំ​មួយ​សម្រាប់​ប្រទេស​ហ្វីលីពីន ជុំវិញ​កង្វល់​អំពី​ការសម្លាប់​ក្រៅ​ប្រព័ន្ធ តុលាការ​នៅ​ក្នុង​សង្គ្រាម​ថ្នាំញៀន​ខុស​ច្បាប់​របស់​លោក Duterte ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​រាប់​ពាន់​នាក់​បាត់បង់​ជីវិត។

ថ្វី​ដ្បិត​តែ​នៅ​មិន​ទាន់​មាន​ការសម្រេច​ទៅ​លើ​កញ្ចប់​ជំនួយ​នោះ​ក៏​ដោយ ក៏​លោក Duterte កាល​ពី​ថ្ងៃ​សៅរ៍​បាន​ប្រាប់​ដល់​សហរដ្ឋ​អាមេរិក​ឲ្យ​ត្រៀម​ចាក​ចេញ​ពី​ប្រទេស​ហ្វីលីពីន​ និង​ត្រៀម​ខ្លួន​លុប​ចោល​កិច្ចព្រមព្រៀង​អនុញ្ញាត​ឲ្យ​កងកម្លាំង​អាមេរិក​ចូល​ក្នុង​ប្រទេស​ហ្វីលីពីន។

លោក​សំដៅ​ទៅ​លើ​សន្ធិសញ្ញា​ឆ្នាំ​១៩៩៨ ដែល​អនុញ្ញាត​ឲ្យ​កងកម្លាំង​អាមេរិក​ទៅ​កាន់​ប្រទេស​ហ្វីលីពីន ដើម្បី​ចូលរួម​ក្នុង​សម​យុទ្ធ​យោធា​រួម។ កិច្ចព្រមព្រៀង​នោះ​បាន​ជួយ​ប្រទេស​ហ្វីលីពីន​ឲ្យ​ទប់ទល់​នឹង​ក្រុមឧទ្ទាម​កាន់​សាសនា​ឥស្លាម​ដ៏​ហិង្សា​មួយ​នៅ​ប៉ែក​ខាង​ត្បូង​ប្រទេស ហើយ​ជួយ​បង្វឹក​ដល់​កងកម្លាំង​ហ្វីលីពីន​ដែល​ប្រឈម​នឹង​ការទាមទារ​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ផង​ដែរ៕

XS
SM
MD
LG