ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ដែន​ជម្រក​សមុទ្រ​របស់​ហ្វីលីពីន​ក្នុង​សមុទ្រ​​​ដែល​មាន​ជម្លោះ​ប្រឈម​នឹង​ការធ្វើ​ឲ្យ​ចិន​មិន​សប្បាយ​ចិត្ត

  • Ralph Jennings

រូបឯកសារ៖ រូបថតទូកដែលធ្លាប់ត្រូវបានប្រើសម្រាប់នេសាទនៅក្នុងតំបន់ជម្លោះ Scarborough Shoal នៃ​សមុទ្រ​ចិន​ខាង​ត្បូង ត្រូវបានថតនៅក្នុងខេត្ត Zambales ប្រទេសហ្វីលីពីន កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៥។

រូបឯកសារ៖ រូបថតទូកដែលធ្លាប់ត្រូវបានប្រើសម្រាប់នេសាទនៅក្នុងតំបន់ជម្លោះ Scarborough Shoal នៃ​សមុទ្រ​ចិន​ខាង​ត្បូង ត្រូវបានថតនៅក្នុងខេត្ត Zambales ប្រទេសហ្វីលីពីន កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៥។

គម្រោង​បង្កើត​ដែន​ជម្រក​សមុទ្រ​ដែល​ស្នើ​ឡើង​ដោយ​ប្រធានាធិបតី​ហ្វីលីពីន នៅ​ក្នុង​តំបន់​មាន​ជម្លោះ​នៃ​សមុទ្រ​ចិន​ខាង​ត្បូង អាច​នឹង​ធ្វើ​ឲ្យ​គូរ​បដិបក្ខ​ចិន​មិន​សប្បាយ​ចិត្ត​ ទោះ​បី​វា​ជា​បេសកកម្មស្រាវ​ជ្រាវ​អេកូឡូស៊ី​ និង​ការ​មាន​ទំនាក់ទំនង​ប្រសើរ​ឡើង​វិញ​ជាមួយ​មហា​អំណាច​អាស៊ី​ក្នុង​ពេល​ថ្មីៗ​នេះ​ក៏​ដោយ។

ប្រធានាធិបតី​ហ្វីលីពីន​ លោកRodrigo Duterte​ បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​កាល​ពី​ចុង​ខែ​វិច្ឆិកា​ថា​ លោក​មាន​គម្រោង​នឹង​ចេញ​បញ្ជា​ប្រកាស​ដាក់​តំបន់​ត្រីកោណនៅ​តំបន់​ថ្ម​ប៉ប្រះ​ទឹក​ Scarborough Shoal ជា​តំបន់​ហាមឃាត់​មិន​ឲ្យ​នេសាទ។ លោក​ Duterte ​និយាយ​ថា​ លោក​បាន​ជូន​ដំណឹង​ដល់​សមភាគី​ចិន​រួច​ហើយ​អំពី​ផែនការ​របស់​លោក​នៅ​ក្នុង​តំបន់​នោះ​ ដែល​គ្រប​ដណ្តប់​លើ​ផ្ទៃ​ទឹក​ប្រមាណ​១៥៨​គីឡូម៉ែត្រ​ការ៉េ។​

ការប្រជែង​ទាមទារ​ដែន​ទឹក​

ចាប់​តាំង​ពី​ខែ​សីហា​មក​ ចិន​និង​ហ្វីលីពីន​បាន​ចាប់​ព្យាយាម​ផ្សះផ្សា​ការខូច​ខាត​ផ្នែក​ទំនាក់ទំនង ​ដែល​កើត​ឡើង​ដោយសារ​តែ​ការទាមទារ​ជាន់គ្នា​យក​ដែនដី​តូច​មួយ​ដែល​មាន​ចម្ងាយ​១៩៨​គីឡូម៉ែត្រ​ ភាគ​ខាង​លិច​កោះ​ Luzon។​ នាវា​របស់​ចិន​និង​ហ្វីលីពីន​ បាន​ប្រឈម​មុខ​ដាក់​គ្នា​អស់​រយៈពេល​២​ខែ​នៅ​តំបន់​ថ្ម​ប៉ប្រះទឹក​នោះ​ កាល​ពី​ឆ្នាំ​២០១២។ បញ្ជា​របស់​លោក​ប្រធានាធិបតី​នា​ពេល​នោះ​ បាន​អះអាង​ជា​ថ្មី​យ៉ាង​មាន​ប្រសិទ្ធភាព​លើ​អធិបតេយ្យភាព​របស់​ហ្វីលីពីន​។

លោក​ Jonathan Spangler នាយក​ស្ថាប័ន​អ្នក​វិភាគ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ (South China Sea Think Tank) នៅ​ក្នុង​ក្រុង​តៃប៉ិ​និយាយ​ថា៖ «ការកំណត់​តំបន់​ថ្ម​ប៉ប្រះទឹក​ Scarborough Shoal ​ថា​ជា​ដែន​ជម្រក​សមុទ្រ​ នឹង​អាច​ជាការ​ទាមទារ​អធិបតេយ្យភាព​សារ​ជា​ថ្មី​ដោយ​ហ្វីលីពីន​ទៅ​លើ​តំបន់​នោះ។ រាល់​សកម្មភាព​ជា​ឯកតោ​ភាគី​ណា​មួយ​ដែល​ធ្វើ​ឡើង​ក្នុង​ន័យអធិបតេយ្យភាព​ គឺ​អាច​នឹង​បង្ក​ឲ្យ​មាន​ការ​ប៉ះទង្គិច​រវាង​ភាគី​ដែល​ទាមទារ​ទាំង​នោះ​ បើ​ទោះ​បី​ជា​ការ​ទាម​ទារ​ទាំង​នោះ​ធ្វើ​ឡើង​ក្នុងទម្រង់​ជា​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​អភិរក្ស​ដែន​ជម្រក​សមុទ្រ​ក៏​ដោយ»។

ប្រទេស​ចិន​ទាមទារ​៩៥%​នៃ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​ រួម​ទាំង​ដែន​ទឹក​ភាគ​ខាង​លិច​នៃ​ប្រជុំ​កោះ​របស់​ហ្វីលីពីន​ផង​ដែរ។ ចិន​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ម៉ានីល​និង​ភាគី​រដ្ឋាភិបាល​ប្រទេស​អាស៊ី​៤​ទៀត​មិន​សប្បាយ​ចិត្ត​ ចាប់​តាំង​ពីឆ្នាំ២០១០​មក ដោយ​សារ​សកម្មភាព​មួយ​ចំនួន ដូចជាការ​ចាក់​ដី​បង្កើត​ជា​ប្រជុំ​កូន​កោះ​សិប្បនិម្មិត​ ដាក់​កម្លាំង​យោធា​នៅ​លើ​កោះ​សិប្បនិម្មិត​មួយ​ចំនួន​ និងការ​បើក​នាវា​កាត់​ដែន​សមុទ្រ​ដែល​ត្រូវ​បាន​ទាមទារ​ដោយ​ប្រទេស​ផ្សេង​ទៀត​ជាដើម។ ​

ដែន​សមុទ្រ​នោះ​មាន​ទំហំ​ ៣,៥លាន​គីឡូម៉ែត្រ​ការ៉េ ​លាត​សន្ធឹង​ចាប់​ពី​ប្រទេស​សិង្ហបុរី ​ដល់​កោះ​តៃវ៉ាន់។ ដែន​សមុទ្រ​នោះ​មាន​ផ្ដល់​អត្ថប្រយោជន៍​សម្រាប់​នេសាទ ការដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក​ និង​អាច​ជា​ប្រភព​ប្រេង​ឥន្ធនៈ​នៅ​ក្រោម​បាត​សមុទ្រ​នេះ។

ការនេសាទ​កាន់​តែ​ប្រសើរ​

លោក​ Hermogenes Esperon ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​ហ្វីលីពីន​ បាន​និយាយ​នៅ​ឯ​កិច្ច​ប្រជុំ​ថ្នាក់​ដឹក​នាំ​អាស៊ី​ប៉ាស៊ីហ្វិក​ក្នុង​ប្រទេស​ប៉េរូ​ កាល​ពី​ថ្ងៃ​ទី​២០​ ខែ​វិច្ឆិកា​ថា​ លោក​ Duterteចង់​រក្សា​ដែន​ជម្រក​សមុទ្រ​នេះ​ ដើម្បី​ជួយ​បង្កើន​បរិមាណ​ត្រី​នៅ​តំបន់​ប៉ប្រះ​ទឹក​នេះ ដែល​ជា​ទី​ធ្លាប់​សម្បូរ​ទៅ​ដោយ​ត្រី​ជា​ច្រើន។

ទីប្រឹក្សា​រូប​នេះ​និយាយ​ថា​ រដ្ឋាភិបាល​អាច​នឹង​បញ្ជូន​បុគ្គលិក​ឆ្មាំ​សមុទ្រ​ស៊ីវិល​ទៅ​តំបន់​ថ្ម​ប៉ប្រះ​ទឹក​នោះ ហើយ​លោក​សង្ឃឹម​ថា​ ប្រទេស​ចិន​នឹង​យល់​ព្រម​ទទួល​សំណើ​បង្កើត​ដែន​ជម្រក​សមុទ្រ​នេះ។

លោក​ Duterte ​បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​រដ្ឋធានី​ប៉េកាំង​កាល​ពី​ខែ​តុលា ហើយ​ក្រុម​មន្ត្រី​ចិន​បាន​សន្យា​ផ្ដល់​ជំនួយ​២៤​ពាន់​លាន​ដុល្លារដល់​ប្រទេស​ហ្វីលីពីន។ ទស្សនកិច្ច​នោះ​ក៏​បាន​បន្ធូរ​បន្ថយ​ភាពតានតឹង​ដែល​បង្ក​ឡើង​ដោយ​ប្រធានាធិបតី​ហ្វីលីពីន​អាណត្តិ​មុន ដែល​បានប្តឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ទៅ​តុលាការ​អាជ្ញាកណ្ដាល​អន្តរជាតិ​ ដោយ​អង្គហេតុទាមទារ​ដែន​ទឹក​ដោយ​ភាគី​ចិន។ តុលាការ​បាន​ចេញ​សេចក្ដីសម្រេច​កាល​ពី​ថ្ងៃ​ទី១២​ ខែ​កក្កដា​ថា​ ប្រទេស​ចិន​មិន​មានឯកសារ​ស្របច្បាប់​គ្រប់​គ្រាន់​ ដើម្បី​ទាមទារ​ដែន​សមុទ្រ​នោះ​ទេ។

លោក​ Ramon Casiple នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​តស៊ូ​មតិ​ដើម្បី​កំណែ​ទម្រង់​នយោបាយ​និង​ការបោះឆ្នោត​និយាយ​ថា ​ប្រទេស​ចិន​គួរ​តែ​យល់​ព្រម​តាម​សំណើ​ដែន​ជម្រក​សមុទ្រ​នោះ​ ព្រោះ​វា​នឹង​បង្កើន​បរិមាណ​ត្រី​ឡើង​វិញ​ ហើយ​បញ្ចៀស​សំណួរ​អំពី​អធិបតេយ្យភាព​ទៀត​ផង។

ភាគី​ទាំងពីរ​នឹង​ពិភាក្សា​គ្នា​

នៅ​ទី​បំផុត ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​កាល​ពី​ខែ​តុលា​ថា​នឹង​ពិភាក្សា​គ្នា​ពី​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ ដែល​ប្រហែល​ជា​អាច​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ឆ្នាំ​២០១៧​ខាង​មុខ​នេះ។ កិច្ចប្រជុំ​នោះ​អាច​នឹង​ពិភាក្សា​ទៅ​លើ​ការរុក​រកប្រេង​និង​ឧស្ម័ន​រួម​គ្នា​ផង​ដែរ។

លោក​ Casiple និយាយ​ថា៖ «ពួកគេ​នឹង​ពិភាក្សា​អំពី​ដែន​ជម្រក​សមុទ្រ​ សិទ្ធិ​ក្នុង​ការនេសាទ កិច្ចសហប្រតិបត្តិការ​ឆ្មាំ​សមុទ្រ​ និង​ការចូល​ទៅ​កាន់​តំបន់​ថ្ម​ប៉ប្រះទឹក​ Scarborough Shoal ប៉ុន្តែ​ពួកគេ​នឹង​មិន​លើក​ពី​បញ្ហា​អធិបតេយ្យភាព​នោះ​ទេ»។

ភាគី​ចិន​មិន​បាន​បញ្ចេញ​មតិ​ច្រើន​ក្នុង​ការពិភាក្សា​នោះ​ទេ។​ អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​ការបរទេស​ចិន​ក្នុង​រដ្ឋធានី​ប៉េកាំង​បាន​ត្រឹម​តែ​និយាយ​ថា ការ​ទាម​ទារអធិបតេយ្យភាព​របស់​ចិន​ទៅ​លើ​តំបន់​នោះ​ គឺ​មិន​មាន​ការផ្លាស់ប្ដូរ​ឡើយ។ លោក​ Spangler ​និយាយ​ថា​ ដែន​ជម្រក​សមុទ្រ​នឹង​ត្រូវការ​ «យ៉ាង​ហោច​ណាស់​ការឯកភាព​ដោយ​យោគ​យល់» ពី​ភាគី​ទាមទារ​ផ្សេង​ទៀត​ ក្រៅ​ពី​រដ្ឋាភិបាល​ក្រុង​ម៉ានីល​ ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។​

នៅ​តំបន់​ផ្សេង​ទៀត​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ តៃវ៉ាន់​បាន​បង្កើត​ឧទ្យាន​ជាតិ​មួយ​អស់​រយៈពេល​៩ឆ្នាំ​មក​ហើយនៅ​ដែន​ជម្រក​សមុទ្រ​ Dongsha Atoll ក្នុង​ប្រជុំ​កោះ​ Pratas ដើម្បី​បង្កើន​ផ្កាថ្ម​ឡើង​វិញ​។​ ចិន​ក៏​ទាមទារ​យក​តំបន់​ប្រជុំ​កោះ​ Pratas នោះ​ដែរ​ ប៉ុន្តែ​មិន​បាន​ប្រជែង​ដោយ​ចំហ​លើ​តំបន់​អភិរក្ស​របស់​តៃវ៉ាន់​ឡើយ។​

កាល​ពី​ខែ​តុលា​ ទីក្រុង​មួយ​នៅ​ប្រទេស​ចិន​ បាន​ចេញ​បញ្ជា​ដល់​បុគ្គល​ណា​ក៏​ដោយ​ដែល​គ្មាន​ការអនុញ្ញាត​ពី​រដ្ឋាភិបាល​ចិន​ត្រូវចៀសវាង​ការចូល​ទៅ​តំបន់​អេកូឡូស៊ី​ដែល​មាន​លក្ខណៈ​ពិសេស​ គឺ​អន្លង់​សមុទ្រ​ជម្រៅ​ ៣០១​ម៉ែត្រ​ នៅ​ប្រជុំ​កោះ​ Paracel នៅ​ក្បែរ​ប្រទេស​វៀតណាម។

លោក​ Douglas Guilfoyle សាស្ត្រាចារ្យ​ផ្នែក​ច្បាប់​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ ​Monash​ ក្នុង​ប្រទេស​អូស្ត្រាលី​និយាយ​ថា​ តំបន់​អភិរក្ស​ដែន​សមុទ្រ​របស់​រដ្ឋាភិបាល​ក្រុង​ម៉ានីល​ អាច​ត្រូវ​គេ​មើល​ឃើញ​ថា​ជា​ការទាមទារ​អធិបតេយ្យភាព​ ដោយ​គ្មាន​វិធានការ​ប្រើប្រាស់​យោធា។

លោក​បន្ថែម​ថា​ រដ្ឋាភិបាល​ក្រុង​ម៉ានីល​ក៏​មាន​សិទ្ធិ​ប្រកាស​អំពី​ដែន​ជម្រក​នោះ​ជា​ឯកតោ​ភាគី​ផង​ដែរ​ ពីព្រោះ​ថា​តំបន់​ថ្មប៉ប្រះ​ទឹក​នោះ​ស្ថិត​នៅ​ក្នុង​បរិវេណ​តំបន់​សេដ្ឋកិច្ច​ផ្ដាច់​មុខ ដែល​មាន​ប្រវែង​ ៣៧០​ គីឡូម៉ែត្រ។

លោក​ Guilfoyle ​និយាយ​ថា៖ «ខ្ញុំ​មិន​គិត​ថា​ មាន​ច្បាប់​អន្តរជាតិ​ណា​បាន​ព្រមព្រៀង​គ្នា​កំណត់​និយម​ន័យ​អំពី​ដែន​ជម្រក​សមុទ្រ​នោះ​ទេ»។

កាល​ពី​ឆ្នាំ​មុន​ តុលាការ​អន្តរជាតិ​បាន​កាត់​សេចក្ដី​ថា​ ចក្រភព​អង់គ្លេស​បាន​ល្មើស​ច្បាប់​អន្តរជាតិ​ ដោយ​សារ​ការបង្កើត​ដែន​ជម្រក​សមុទ្រ​នៅ​ជុំវិញ​ប្រជុំ​កោះ​ Chagos ដែល​ក៏​ត្រូវ​បាន​ទាមទារ​ដោយ​ប្រទេស​ម៉ូរីស (Mauritius) ដែល​ស្ថិត​នៅ​ក្នុង​មហាសមុទ្រ​ឥណ្ឌា​ផង​ដែរ។

លោក​បន្ថែម​ថា៖ «វិធី​មួយ​នៅ​ក្នុង​ការ​កំណត់​ដែន​ជម្រក​សមុទ្រ គឺ​ប្រហែល​ជា​ការ​ទាមទារ​អធិបតេយ្យភាព​ដោយ​សន្តិវិធី​ ដោយ​ប្រកាស​ថា​អ្នក​នឹង​ព្យាយាម​ការពារ​និង​អភិរក្ស​បរិស្ថាន​នៅ​ក្នុង​តំបន់។ គោល​បំណង​នេះ​ស្ដាប់​ទៅ​គួរ​ឲ្យ​ទុក​ចិត្ត​បាន​ ​ ហើយ​ជា​វិធី​ដែល​អ្នក​នឹង​ប្រើប្រាស់​ជាទូទៅ​តាម​រយៈ​ការបញ្ជូន​ឆ្មាំ​សមុទ្រ​ ឬ​នាវា​ត្រួតពិនិត្យ​ការ​នេសាទ។ ធ្វើ​ដូច្នេះ​ ​មើល​ទៅ​ដូច​ជា​ស្រាល​ជាង​ការ​បញ្ជូន​កងទ័ព​ជើង​ទឹក​ទៅ​។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​សកម្មភាព​នេះ​នៅ​តែ​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការប្រើ​អំណាច​លើ​អធិបតេយ្យភាព​ដដែល»៕

ប្រែ​សម្រួល​ដោយ​ នូវ​ ពៅ​លក្ខិណា

XS
SM
MD
LG