ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ ត្រាំ​ មាន​មន្ទិល​សង្ស័យ​ថ្មី​ទៅ​លើ​ការ​សន្និដ្ឋាន​របស់​ CIA​


ប្រធានាធិបតីជាប់​ឆ្នោត​ ដូណាល់ ត្រាំ និយាយ​ទៅកាន់​អ្នក​សារព័ត៌មាននៅ Mar-a-lago Club រដ្ឋ​ Florida។

ប្រធានាធិបតីជាប់​ឆ្នោត​ ដូណាល់ ត្រាំ និយាយ​ទៅកាន់​អ្នក​សារព័ត៌មាននៅ Mar-a-lago Club រដ្ឋ​ Florida។

លោក​ប្រធានាធិបតី​ជាប់​ឆ្នោត​ ដូណាល់​ ត្រាំ​ កំពុង​តែ​មាន​មន្ទិល​សង្ស័យ​ថ្មី​ទៅ​លើ​ការ​សន្និដ្ឋាន​របស់​ទីភ្នាក់ងារ​ស៊ើប​ការណ៍​សម្ងាត់​របស់​អាមេរិក​ដែល​ថា ​រុស្ស៊ី​បាន​ជ្រៀត​ជ្រែក​ចូល​ទៅ​ក្នុង​ការ​បោះឆ្នោត​របស់​អាមេរិក​ តាម​រយៈ​ការ​លួច​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ ​ដែល​ការ​រក​ឃើញ​នេះ​បាន​ធ្វើ​ឲ្យ​លោក​ប្រធានាធិបតី​ ប៉ារ៉ាក់ អូបាម៉ា ដាក់​ទណ្ឌកម្ម​ទៅ​លើ​ទីភ្នាក់ងារ​ស៊ើប​ការណ៍​សម្ងាត់​របស់​រុស្ស៊ី​កាលពី​សប្តាហ៍​មុន ហើយ​បាន​បណ្តេញ​មន្ត្រី​កាទូត​រុស្ស៊ី​ចំនួន​៣៥​នាក់​ ដែល​លោក​ថា​ជា​អ្នក​លួច​យក​ការណ៍។

លោក ត្រាំ ដែល​កំពុង​ចូល​រួម​ក្នុង​ពិធី​ជប់លៀង​អបអរ​ឆ្នាំ​ថ្មី​នៅ​ឯ​វិមាន​របស់​លោក​នៅ​ក្នុង​រដ្ឋ​ Florida ​បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា ​លោក​ចង់​ឲ្យ​ប្រភព​ព័ត៌មាន​របស់​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក​មាន​ភាព​ច្បាស់លាស់ ពី​ព្រោះ​ថា​ នេះ​គឺ​ជា​បទ​ចោទ​ប្រកាន់​ធ្ងន់​ធ្ងរ ហើយ​លោក​ចង់​ឲ្យ​មាន​ភាព​ប្រាកដ​ប្រជា​អំពី​រឿង​នេះ។

លោក​បាន​ថ្លែង​ថា៖ «វា​មិន​យុត្តិធម៌​នោះ​ទេ​ ដែល​ធ្វើ​ការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​មូស្គូ ​ប្រសិន​បើ​មាន​ភាព​មិន​ច្បាស់​លាស់​នោះ»។
លោក​ប្រធានាធិបតី​ជាប់ឆ្នោត ​ដែល​សល់​ពេល​ត្រឹម ១៨​ថ្ងៃ​មុន​នឹង​ដល់​ថ្ងៃ​ដែល​លោក​ត្រូវ​ស្បថ​ចូល​កាន់​តំណែង​ធ្វើ​ជា​ប្រធានាធិបតី​ទី៤៥ ​របស់​អាមេរិក​នោះ​ បាន​ថ្លែង​ថា លោក​ដឹង​ថា​ការ​អះអាង​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​គឺ​ដើម្បី​ប្រឆាំង​នឹង​រុស្ស៊ី​ជាង​អ្វី​ដែល​ត្រូវ​បាន​លាត​ត្រដាង​ជា​សាធារណៈ ​ហើយថា៖ «អ្នក​នឹង​ដឹង​អំពី​រឿង​នេះ​នៅ​ថ្ងៃ​អង្គារ​ឬ​ថ្ងៃ​ពុធ​នេះ​ហើយ»។

លោក​បាន​ថ្លែង​ទៀត​ថា៖ «ខ្ញុំ​ដឹង​ច្រើន​អំពី​ការ​លួច​ចូល​ប្រព័ន្ធ​កុំព្យូទ័រ​នេះ។ ហើយ​ការ​លួច​ចូល​នេះ​គឺ​ជា​រឿង​មួយ​ដែល​ពិបាក​នឹង​រក​ភស្តុតាង​បង្ហាញ។ ដូច្នេះ​វា​អាច​ជា​អ្នក​ណា​គេ​ផ្សេង​ទៀត។ ហើយ​ខ្ញុំ​ក៏​បាន​ដឹង​អំពី​អ្វី​ដែល​មនុស្ស​ដទៃ​ទៀត​មិន​បាន​ដឹង​ផង​ដែរ ដូច្នេះ​ហើយ​ពួក​គេ​មិន​អាច​យល់​ច្បាស់​ពី​ស្ថានការណ៍​នេះ​នោះ​ទេ»៕

លោក ​Adam Schiff ​សមាជិក​កំពូល​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៃ​គណកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​របស់​សភា បាន​ប្រាប់​សារព័ត៌មាន​ ABC​ កាលពី​ថ្ងៃ​អាទិត្យ​ថា លោក​ ត្រាំ គឺ​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​មាន​មន្ទិល​សង្ស័យ​ទៅ​លើ​ទីភ្នាក់​ងារ​ស៊ើប​ការណ៍​សម្ងាត់​របស់​អាមេរិក​ទាក់​ទិន​នឹង​ការ​ដែល​រុស្ស៊ី​លួច​ចូល​ប្រព័ន្ធ​កុំព្យូទ័រ​របស់​អាមេរិក។

លោក​ Schiff បាន​ថ្លែង​ថា៖ «ក្នុង​នាម​ជា​ប្រធានាធិបតី​ លោក​គួរ​តែ​ឈប់​និយាយ​បែប​នេះ។ នេះ​គឺ​ជា​ការ​វិនិច្ឆ័យ​ដែល​លើស​លប់​ ទៅ​លើ​សហគមន៍​ស៊ើប​ការណ៍​សម្ងាត់ ហើយ​និយាយ​ឲ្យ​ស្មោះត្រង់​ទៅ​ សមាជិក​គណកម្មាធិការ​ស៊ើប​អង្កេត​ទាំង​អស់​នៅ​ក្នុង​សភា ទាំង​គណបក្ស​សាធារណរដ្ឋ​និង​គណបក្ស​ប្រជាធិបតេយ្យ​ គ្មាន​នរណា​ម្នាក់​មាន​មន្ទិល​សង្ស័យ​អំពី​រឿង​នេះ​នោះ​ទេ គឺ​មាន​តែ​ម្នាក់​ប៉ុណ្ណោះ ហើយ​ម្នាក់​នោះ​គឺ​លោក ដូណាល់ ត្រាំ»។

លោក ត្រាំ ដែល​កម្រ​ប្រើប្រាស់​អ៊ីម៉ែល​ឬ​កុំព្យូទ័រ​បើ​ទោះ​បី​ជា​លោក​ជា​ញឹកញាប់​តែង​បង្ហោះ​សារឬ​អាត្ថាធិប្បាយ​ចំអក​ឡក​ឡឺយនៅ​លើ​បណ្តាញ​សង្គម​ Twitter នោះ​ បាន​ថ្លែង​ថា​មិន​មាន​កុំព្យូទ័រ​ណា​មួយ​អាច​ផ្ទុក​ព័ត៌មាន​សម្ងាត់​ដោយ​សុវត្ថិភាព​នោះ​ទេ។

លោក​បាន​ថ្លែង​ថា៖ «ប្រសិន​បើ​អ្នក​មាន​អ្វី​សំខាន់​ខ្លាំង អ្នក​គួរ​សេរសេរ​វាហើយ​ផ្ញើរ​វា​តាម​អ្នក​នាំ​សំបុត្រ​ គឺ​ប្រើប្រាស់​វិធី​បុរាណ ពី​ព្រោះ​ថា ដូច​ខ្ញុំ​និយាយ​អ៊ីចឹង​ មិន​មាន​កុំព្យូទ័រ​ណា​មាន​សុវត្ថិភាព​នោះ​ទេ»៕

XS
SM
MD
LG