ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​អូបាម៉ា​ដាក់​ទណ្ឌកម្ម​ថ្មី​លើ​រុស្ស៊ី​ចំពោះ​ការ​លួច​ចូល​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​បោះឆ្នោត​


លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​សេតវិមាន នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦។
លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​សេតវិមាន នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦។

លោក​ប្រធានាធិបតី​អាមេរិក ​បារ៉ាក់ អូបាម៉ា​ បាន​ដាក់​ទណ្ឌកម្ម​ថ្មី​លើ​ប្រទេស​រុស្ស៊ី​ចំពោះ​ការ​ចោទ​ប្រកាន់​រដ្ឋាភិបាល​ក្រុង​មូស្គូ​ថា ​បាន​លួច​ចូល​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​របស់​អាមេរិក និង​ការ​ជ្រៀតជ្រែក​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​កាល​ពី​ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ។

លោក​ប្រធានាធិបតី​អូបាម៉ា​បាន​ហៅ​វិធានការ​នោះ​ថា​ជា​ «ការ​ឆ្លើយតប​ដ៏​ចាំបាច់​ និង​សក្តិសម​ទៅ​នឹង​កិច្ចខិតខំ​ប្រឹងប្រែង​ដែល​ផ្តល់​ផល​អាក្រក់​ដល់​សហរដ្ឋអាមេរិក នៅ​ក្នុង​ការ​បំពាន​បទបញ្ញត្តិ​អន្តរជាតិ​ដែល​បាន​បង្កើត​ឡើង​រួច​ហើយ»។​

រដ្ឋបាល​របស់​លោក​អូបាម៉ា​ចង់​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​រុស្ស៊ី មុន​ពេល​ដែល​លោក​ប្រធានាធិបតី​នឹង​បញ្ចប់​អាណត្តិ​នៅ​ថ្ងៃ​ទី​២០ ខែ​មករា​ខាង​មុខ​នេះ។

ទណ្ឌកម្ម​នេះ​រួម​មាន​ទាំង​បទបញ្ជា​របស់​ប្រធានាធិបតី​ក្នុង​ការឲ្យ​ប្រតិបត្តិការ​ស៊ើបការ​សម្ងាត់​របស់​រុស្ស៊ី​ទាំង​៣៥ ចាក​ចេញ​ពី​សហរដ្ឋអាមេរិក​ក្នុង​រយៈពេល​៧២​ម៉ោង និង​ដាក់​ពិន័យ​ទៅ​លើ​សកម្មភាព​ស៊ើបការ​សម្ងាត់​នាំ​មុខ​គេ​២​របស់​រុស្ស៊ី​ផង​ដែរ។
ក្រសួង​ការបរទេស​រុស្ស៊ី​ថ្កោលទោស​ទៅ​លើ​ទណ្ឌកម្ម​នេះ។

យោង​តាម​សេចក្តីថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​ពុធ ដោយ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស លោក​ស្រី Maria Zakharova បាន​ឲ្យ​ដឹង​ថា «និយាយ​ឲ្យ​ស្មោះ​ត្រង់​ទៅ យើង​នឿយ​ហត់​នឹង​ការកុហក​អំពី​ការ​ចោទ​ប្រកាន់​ថា ​រុស្ស៊ី​ជា​អ្នក​លួច​ចូល​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​អាមេរិក​ដែល​នៅ​តែ​បន្ត​ឮ​ពី​មេដឹកនាំ​កំពូល​របស់​រដ្ឋាភិបាល​អាមេរិក។ រដ្ឋបាល​លោក អូបាម៉ា បាន​បញ្ចេញ​ព័ត៌មាន​មិន​ពិត​នេះ​អស់​រយៈពេល​កន្លះ​ឆ្នាំ​មក​ហើយ ក្នុង​បំណង​ជួយ​ដល់​បេក្ខជន​ដែល​លោក​ចូលចិត្ត​នៅ​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​កាល​ពី​ខែ​វិច្ឆិកា ហើយ​ដោយសារ​តែ​មិន​បាន​ទទួល​លទ្ធផល​ដូច​បំណង ក៏​រក​លេស​បិទបាំង​បរាជ័យ​នោះ ដូច្នេះ​ជះ​កំហឹង​ទៅ​លើ​ទំនាក់ទំនង​រវាង​រុស្ស៊ី​និង​អាមេរិក»។

ទោះ​បី​ជា​ទណ្ឌកម្ម​ថ្មី​នោះ​នឹង​ដាក់​ដោយ​ជោគជ័យ​ក៏​ដោយ ក៏​គេ​នៅ​មិន​ទាន់​ច្បាស់​ទេ ថា​តើ​រដ្ឋបាល​របស់​លោក Donald Trump នឹង​នៅ​រក្សា​ទណ្ឌកម្ម​នោះ​ក្រោយ​លោក​ចូល​កាន់​តំណែង​នៅ​ខែ​ក្រោយ​នេះ​ឬ​យ៉ាង​ណា​នោះ៕

XS
SM
MD
LG