\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

តើវោហាសាស្ត្រប្រឆាំងនឹងជនអន្តោប្រវេសន៍របស់លោក ត្រាំ នឹងធ្វើឲ្យនិស្សិតអន្តរជាតិរារែកមករៀនអាមេរិកឬទេ?


លោក ដូណាល់ ត្រាំ​ ថ្លែង​ទៅកាន់​អ្នក​សារព័ត៌មាន​នៅ​ Mar-a-Lago កាល​ពី​ថ្ងៃ​២៨​ ធ្នូ។

លោក ដូណាល់ ត្រាំ​ ថ្លែង​ទៅកាន់​អ្នក​សារព័ត៌មាន​នៅ​ Mar-a-Lago កាល​ពី​ថ្ងៃ​២៨​ ធ្នូ។

នេះ​ជា​លើក​ទីមួយ​ហើយ​ដែល​ចំនួន​សិស្ស​អន្តរជាតិ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​បាន​កើនឡើង​លើស​ឆ្នាំ​មុន​មួយ​លាន​នាក់​ នេះ​បើ​យោង​តាម​របាយការណ៍​មួយ​របស់​វិទ្យាស្ថាន​សម្រាប់​ការ​អប់រំ​អន្តរជាតិ​ឬ​ Institute for International Education។

ប៉ុន្តែ​ក្រុម​គ្រូបង្រៀន​និង​និស្សិត​មួយ​ចំនួន​បាន​ថ្លែង​ថា អត្ថាធិប្បាយ​រិះគន់​ទៅ​លើ​ប្រទេស​ចិន​និង​ប្រទេស​ដទៃ​ទៀត​របស់​លោក​ប្រធានាធិបតី​ជាប់​ឆ្នោត ដូណាល់ ត្រាំ អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ចំនួន​សិស្ស​និសិ្សត​អន្តរជាតិ​ដែល​ចុះ​ឈ្មោះ​នៅ​ក្នុង​សាកល​វិទ្យាល័យ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

អាត្ថាធិប្បាយ​របស់​លោក​ ត្រាំ នៅ​ក្នុង​សុន្ទរកថា​នៃ​យុទ្ធនាការ​បោះឆ្នោត​របស់​លោក​ទៅ​លើ​បញ្ហា​អន្តោរប្រវេសន៍​នោះ​ លោក​បាន​លើក​ឡើង​ថា៖«យើង​នឹង​សង់​ជញ្ជាំង​ យើង​នឹង​សង់​ជញ្ជាំង​ដ៏​ពិត​ប្រាកដ​មួយ» ហើយ​ទាក់​ទិន​នឹង​ការ​ផ្តល់​ទិដ្ឋាការ​លោក​ ត្រាំ បាន​អំពាវ​នាវ​ឲ្យ​បញ្ចប់​ការ​ផ្តល់​ទិដ្ឋាការ​ដល់​អ្នក​កាន់​សាសនា​ឥស្លាម។ អតា្ថធិប្បាយ​ទាំង​នោះ​បាន​ធ្វើ​ឲ្យ​និស្សិត​បរទេស​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ​និង​និស្សិត​អន្តរជាតិ​មាន​ការ​ផ្តោត​អារម្មណ៍​យ៉ាង​ខ្លាំង។

កញ្ញា ​Erica Wang គឺ​ជា​និស្សិត​មួយ​រូប​ក្នុង​ចំណោម​និស្សិត​អាស៊ី​ចំនួន​៦ពាន់​នាក់​នៅ​ក្នុង​សកលវិទ្យាល័យ ​State University of New York នៅ​ក្នុង​ទីក្រុង​ Buffalo ​ហើយ​នាង​ក៏​ជា​និស្សិត​សិក្សា​ថ្នាក់​អនុបណ្ឌិត​ឆ្នាំ​ទី២​ផ្នែក​ពាណិជ្ជកម្ម​អន្តរជាតិ​ផង​ដែរ។ នាង​បាន​ថ្លែង​ថា ដោយ​សារ​តែ​សេរីភាព​ទើប​ទាក់​ទាញ​នាង​មក​កាន់​សហរដ្ឋ​អាមេរិក ហើយ​ប្រព័ន្ធ​អប់​រំ​នៅ​សហរដ្ឋ​អាមេរិក​មាន​ការ​បើក​ចំហ មាន​ការ​លើក​ទឹកចិត្ត​និង​ជួយ​ដល់​និស្សិត​ឲ្យ​ជ្រើសរើស​ផ្លូវ​ដើរ​ដោយ​ខ្លួន​ឯង។

ប៉ុន្តែ​ឥឡូវ​នេះ​ នាង​មាន​ការ​ព្រួយ​បារម្ភ។ កញ្ញា Wang បានប្រាប់​ VOAថា៖«ខ្ញុំ​បាន​ឮ​លោក ដូណាល់ ត្រាំ​ លើក​ឡើង​អំពី​រឿង​នេះ​ជា​ច្រើន​ដង​នៅ​ពេល​ដែល​លោក​ឈរ​ឈ្មោះ​ដណ្តើម​តំណែង​ប្រធានាធិបតី។ ប៉ុន្តែ​ខ្ញុំ​នៅ​ចាំ​មើល​ថា​តើ​លោក​នឹង​ធ្វើ​ទៅ​តាម​អ្វី​ដែល​លោក​សន្យា​ដែរ​ឬ​យ៉ាង​ណា? ថា​តើ​ការ​ផ្លាស់​ប្តូរ​គោល​នយោបាយ​របស់​លោក​នឹង​ប៉ះពាល់​ដល់​ពួក​យើង​ដែរ​ឬ​ទេ? ពី​ព្រោះ​ថា​មិត្ត​ភ័ក្ត្រ​របស់​ខ្ញុំ​ជា​ច្រើន​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​លើក​ឡើង​នោះ»។

ក្នុង​អំឡុង​យុទ្ធនាការ​របស់​លោក ត្រាំ​ លោក​បាន​សន្យា​ថា​នឹង​កាត់​បន្ថយ​ឬ​បញ្ចប់​កម្មវិធី​ផ្តល់​ទិដ្ឋាការ​ប្រភេទ H-1B ដែល​អនុញ្ញាត​ឲ្យ​ជន​បរទេស​ដែល​មាន​ជំនាញ​ខ្ពស់​ធ្វើ​ការ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ដែល​ការ​លើក​ឡើង​នេះ​បាន​ធ្វើ​ឲ្យ​និស្សិត​អន្តរជាតិ​រារែក​ក្នុង​ការ​ចុះ​ឈ្មោះ​ចូល​រៀន​នៅ​សហរដ្ឋ​អាមេរិក ពីព្រោះ​ថា ពួក​គេ​នឹង​ពិបាក​ក្នុង​ការ​ស្វែង​រក​ការងារ​ធ្វើ​នៅ​ក្នុង​សហរដ្ឋ​អាមេរិកក្រោយ​ពេល​ដែល​ពួក​គេ​រៀន​ចប់៕

XS
SM
MD
LG